Wednesday, October 29, 2014

រុស្ស៊ី​គ្រោង​ចំណាយ​ប្រាក់ ២០ពាន់​លាន​ដុល្លា​សម្រាប់ World Cup ២០១៨


រុស្ស៊ី​គ្រោង​ចំណាយ​ប្រាក់ ២០ ពាន់​លាន​ដុល្លា​សម្រាប់ World Cup ២០១៨ប្រភព៖​ FIFA
ប្រទេស​រុស្ស៊ី បាន​ប្រកាស​ថា​ខ្លួន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ នៃ​ការប្រកួត​បាល់ទាត់ ពិភពលោក នៅ​ឆ្នាំ ២០១៨​ខាងមុខ ហើយ​ទឹកប្រាក់​ប្រមាណ ២០ពាន់​លាន​ដុល្លា ​នឹង​ត្រូវ​ចំណាយ​សម្រាប់​ព្រឹត្តិការណ៍​នេះ។ 

ការ​ប្រកាស​នេះ គឺ​ធ្វើ​ឡើង​ខណៈ​ដែល​ការ​ប្រកួត​បាល់ទាត់​ពិភពលោក នៅ​ឆ្នាំ២០១៤​ បាន​បញ្ចប់​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល ដោយ​អាល្លឺម៉ង់​ជា​ម្ចាស់​ជើងឯក។ ប្រធានាធិបតី​របស់​រុស្ស៊ី គឺ លោក Vladimir Putin ក៏​បាន​ចូលរួម​ទស្សនា​ការ​ប្រកួត​បាល់ទាត់​វគ្គ​ផ្តាច់​ព្រ័ត្រ​រវាង​ក្រុម ជម្រើសជាតិ អាហ្សង់ទីន និង ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ នៅ​ក្នុង​ទឹកដី​ប្រេស៊ីល​ ដោយ​ផ្ទាល់​ផង​ដែរ។

បើ​តាម​គម្រោង​របស់​រុស្ស៊ី​ គឺ​មាន​ពហុកីឡាដ្ឋាន​ចំនួន ១២ ក្នុង​ទីក្រុង​សំខាន់ៗ ចំនួន ១១ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​ទីក្រុង​មូស្គូ​ផង​ នឹង​ត្រូវ​រៀប​ចំការ​ប្រកួត​បាល់ទាត់​ពិភពលោក​នៅ​ពេល​ខាងមុខ។ នៅ​ពេល​នេះ អ្នកជំនាញ​កំពុង​ចាប់​ផ្តើម​សាងសង់ ពហុកីឡាដ្ឋាន​មួយ​ចំនួន​ផង​ដែរ។


ការ​ចំណាយ​រហូតដល់ ២០ ពាន់​លាន​ដុល្លា​អាមេរិក សម្រាប់​រៀបចំ​ការ​ប្រកួត​បាល់ទាត់​នៅ​ឆ្នាំ២០១៤​ ខាងមុខនោះ នឹង​ក្លាយ​ទៅ​ ជា​ការ​ចំណាយ​ដ៏​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។ សូម​បញ្ជាក់​ថា ការប្រកួតWorld Cup ក្នុង​ប្រទេស​ប្រេស៊ីល​កន្លងទៅ បាន​ចំណាយ​ទឹកប្រាក់​អស់ ១៤ ពាន់​លាន​ដុល្លា។

ទាក់​ទង​នឹង​ការ​ចំណាយ​ថវិកា​ដ៏​ច្រើន​នេះ ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល​រុស្ស៊ី​មួយ​ចំនួន​លើក​ឡើង​ថា វា​ជា​បញ្ហា​ធំ​បំផុត​សម្រាប់​រុស្ស៊ី​នៅ​ពេល​មាន​ការ​ចំណាយ​ដ៏​ច្រើន​បែប​នោះ៕

No comments:

Post a Comment