Tuesday, October 28, 2014

តើ​ព្រះមហាក្សត្រ​ថៃ Bhumibol Adulyadej មាន​ព្រះរាជ​ជីវប្រវត្តិ​យ៉ាងណា?


ព្រះ​មហាក្សត្រ​ Bhumibol Adulyadej និង អគ្គមហេសី ព្រះនាម Sirikitប្រភព៖​ watroyal
ព្រះមហាក្សត្រ​ថៃ ហ្លួងភូមិបុលអាត់​ឌុលយ៉ាដេត (Bhumibol Adulyadej) ជា​ព្រះ​មហាក្សត្រ​ដែល​គ្រងរាជ្យ​សម្បត្តិ​​​អស់​រយៈ​ពេល​យូរ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ថៃ និង​ប្រវត្តិសាស្ត្រ​ពិភពលោក។ ព្រះ​អង្គ​ត្រូវ​បាន​​ថ្វាយ​​គោរមងារ​ជា «​ព្រះចៅ​រាមា​ទី​៩» នៃ​ព្រះរាជាណាចក្រថៃ និង​ជា​ព្រះមហាក្សត្រ​ ដែល​ប្រជារាស្ត្រ​ថៃ​គោរព​​​កោតខ្លាច​បំផុត​​ ចំពោះ​ស្នាព្រហស្ថ​​ដ៏​ធំធេង​​​ចំពោះ​ជាតិ​មាតុភូមិ​។ នៅ​ក្នុង​ទំព័​រ​នេះ TheBNEWS សូម​បង្ហាញ​ជូន​​ប្រិយមិត្ត​អ្នក​អាន នូវ​ព្រះរាជ​ជីវប្រវត្តិ​​សង្ខេប​របស់​ព្រះអង្គ​ ដែល​​ចងក្រង​ទៅ​តាម​លំដាប់លំដោយ​ពេលវេលា ដូច​ខាង​ក្រោម។ ​

កុមារភាព និង ព្រះ​ជីវប្រវត្តិ​សិក្សា ​
ព្រះបាទ ​ភូមីបុល​អាត់​ឌុលយ៉ាដេត​​​ប្រសូត​នៅ​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ១៩២៧ នៅ​ទី​​ក្រុង​ខេមប្រ៊ីជ (Cambridge)​ ​នា​​មន្ទីរពេទ្យ​រដ្ឋ​​ម៉ាសាឈូសេត (Massachusetts​) សហរដ្ឋ​អាមេរិក។ ដំណើរ​ដើម​ទង​ដែល​​ព្រះអង្គ​ប្រសូត​នៅ​ទី​នោះ​ ព្រោះបិតា​ព្រះអង្គ ព្រះនាម​មហ៊ីឌុល​អាត់ឌុលយ៉ាដេត​ (Mahidol Adulyadej) កំពុង​សិក្សា​មុខវិជ្ជា​សុខភាព​សាធារណ​​នៅ​​សាកលវិទ្យាល័យ​ហាវើត (Harvard) ចំណែក​ព្រះមាតា ព្រះនាម Srinagarindra ​សិក្សា​មុខវិជ្ជា​គិលានុបដ្ឋាក​ (ពេទ្យ​មធ្យម) នៅ​សាកលវិទ្យាល័យ​​ Simmons។

​​​​នៅ​ពេល​ដែល​​ព្រះរាជបុត្រា ភូមិបុល ចម្រើន​ព្រះជន​បាន​ ១វស្សា មាតាបិតា​បាន​យាង​និវត្ត​ទៅ​ប្រទេស​ថៃ​វិញ ដែល​បិតា​របស់​ព្រះអង្គ​មាន​ព្រះរាជ​តួនាទី​ជា គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ ឆៀងម៉ៃ។ ​នៅ​ខែ កញ្ញា​ឆ្នាំ ១៩២៩ ​បិតាព្រះអង្គ​ ព្រះនាម​មហ៊ីដុលអាត់ឌុលយ៉ាដេត (Mahidol Adulyadej) ទ្រង់​ប្រឈួន​ខ្លាំង ហើយ​ក៏​សោយ​ទិវង្គតក្នុង​គ្រា​នោះ​ទៅ (ថ្ងៃ​ទី២៤ ខែកញ្ញា ឆ្នាំ១៩២៩ ក្នុង​ជន្មាយុ ៣៧ ព្រះវស្សា ដោយ​រោគាពាធ)។



នៅ​ក្នុង​ឆ្នាំ ១៩៣២ កើត​មាន​អំពើ​រដ្ឋ​ប្រហារ​​​ដ៏​ធំ​មួយ​នៅ​​ប្រទេស​ថៃ ហើយ​បាន​ផ្ដួលរំលំ​ «ព្រះចៅ​រាមា​ទី៧» ពី​រាជ្យបល្ល័ង្ក។ របប​រាជា​និយម​ដែល​ដឹកនាំ​ដោយ​ខ្សែរាជវង្សចក្រី ត្រូវ​បាន​ផុត​រលត់​ត្រឹម​រដ្ឋ​ប្រហារ​នេះ​តែ​ម្ដង ហើយ​រាជរដ្ឋាភិបាល​ថៃ​​ក្រោយៗ​ទៀត ជា​របប​​​​​រាជាធិបតេយ្យ​​អាស្រ័យ​រដ្ឋធម្មនុញ្ញ (Constitutional Monarchy)។ ឆ្នាំ១៩៣៣ ដោយ​សារ​បារម្ភ​អំពី​សុវត្ថិភាព​ពេក ព្រះអង្គម្ចាស់ក្សត្រី Srinagarindra រួម​ជាមួយ​បុត្រា​ពីរ​អង្គ បាន​យាង​ទៅ​គង់​នៅ​ប្រទេស​ស៊្វីស និង​បណ្ដុះបណ្ដាល​បុត្រ​ទាំង​ទ្វេ ឲ្យ​រៀនសូត្រ​បាន​ជ្រៅជ្រះ។ ​​​​​​

នៅ​ឆ្នាំ​ ១៩៣៥ ព្រះ​បាទ​​រាមា​ទី៧ (Rama VII) បាន​ដាក់​រាជ្យ​​សម្បត្តិ​ថ្វាយ​​​​​ក្មួយប្រុស​របស់​ព្រះ​អង្គ ព្រះនាម​អនន្ត​មហ៊ីដុល (Ananda Mahidol) ដែល​ជា​ព្រះរាម (បងប្រុស) ព្រះអង្គម្ចាស់​ភូមិបុលអាត់ឌុលយ៉ាដេត។ កាល​នោះ​ ព្រះ​អង្គម្ចាស់​អនន្ត​មហ៊ីដុល (Ananda Mahidol) មាន​ព្រះជន្ម​ត្រឹមតែ​ ៩ ព្រះ​វស្សា​តែប៉ុណ្ណោះ ហើយ​ព្រះអង្គ​​គង់នៅ​ប្រទេស​ស្វីស​នៅ​ឡើយ។ ថ្វី​ត្បិត​មាន​ព្រះជន្ម​តិច​វស្សា​យ៉ាង​ណា​ក៏​ដោយ តាម​ផ្លូវ​ច្បាប់ គឺ​ព្រះអង្គ​ជា​​ព្រះប្រមុខរដ្ឋ និង​ជា​ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​ថៃ​យ៉ាង​ពិត​ប្រាកដ និង​យ៉ាង​ពេញ​សិទ្ធិ រហូត​ដល់​ព្រះអង្គ​យាង​​ត្រឡប់​​មក​​គ្រងរាជ្យ​ជា​ផ្លូវការ​​នៅ​លើ​ទឹកដី​ថៃ​ក្នុង​ឆ្នាំ ១៩៣៨។ 

ដោយ​ឡែក ព្រះអង្គម្ចាស់​ភូមិបុល​អាត់ឌុលយ៉ាដេត ទ្រង់​មិន​បាន​យាង​ទៅ​ប្រទេស​ថៃ​ជាមួយ​ព្រះរាម​ទេ ហើយ​បន្ត​គង់​ប្រថាប់​​ឯប្រទេស​ស្វីស​ជា​បន្ត​ទៀត ដើ់ម្បី​សិក្សា​រៀន​សូត្រ រហូត​ទៅ​ទល់​នឹង​ឆ្នាំ១៩៤៥ ទើប​ព្រះ​អង្គ​យាង​ទៅ​ប្រទេស​ថៃ​វិញ។ ពេលនោះ សង្គ្រាម​លោក​លើក​ទី២​ ក៏បាន​ចប់​ដោយ​បរិ​បូរណ៌។ ​

អាថ៌កំបាំង​នៅ​ពីក្រោយ​ការ​សុគត​ព្រះមហាក្សត្រ​អនន្ត​មហ៊ីឌុល
នៅ​ថ្ងៃ​ទី ៩ ខែមិថុនា ឆ្នាំ ១៩៤៦ ព្រះ​មហាក្សត្រ​​អនន្ត​មហ៊ីឌុល (Ananda Mahidol) បាន​សុគត​​នៅ​លើ​គ្រែផ្ទំ​ យ៉ាង​អាថ៌កំបាំង​បំផុត ក្នុង​ព្រះជន្ម ២០ ព្រះវស្សា ហើយ​ក្រោយ​ពី​អ្នក​ជំនាញ​ពិនិត្យ​សព ឃើញ​​គ្រាប់​កាំភ្លើង​បាញ់​ត្រូវ​ថ្ងាស(ប្រភព: Associated Press)។ មុន​ដំបូង ស្មាន​ថា​នេះ​ជា​ឧបទ្ទវហេតុ លុះ​ពិនិត្យ​ឲ្យ​មែនទែន​ទៅ ទើប​ដឹង​ថា​នោះ​មិន​មែន​ជា​រឿង​ចៃ​ដន្យ​ទេ ឬ​អចេតនា​ទេ តែ​ជា​ការ​ធ្វើគុត​ដោយ​គិត​ទុក​ជា​មុន។ ឯកសារ​ខ្លះ​សរសេរ​ថា មុន​ពេល​កើត​ហេតុ ២០នាទី គេ​ឃើញ​ព្រះ​អង្គម្ចាស់ ភូមិបុល​អាត់ឌុលយ៉ាដេត​ មាន​ព្រះរាជ​វត្តមាន​នៅ​ក្នុង​បន្ទប់​ក្រឡាបន្ទំ​របស់​ព្រះរាម​ព្រះ​អង្គ​​។ 

ទោះ​ជា​យ៉ាង​នេះ​ក្ដី ពុំ​មាន​ឯកសារ​ផ្លូវការ​ណា​​បញ្ជាក់​ឲ្យ​បាន​ច្បាស់​​​​ថា ព្រះ​អង្គម្ចាស់​​​អនន្តមហ៊ីឌុល (Ananda Mahidol) សោយ​ទីវង្គត ដោយ​សារ​គេ​ធ្វើ​គុត ឬ​ដោយ​ប្រការ​អ្វី​មួយ គឺ​គ្មាន​ឯក​សារ​ណា​បញ្ជាក់​ទាល់​តែ​សោះ ដូច​នេះ ការ​សោយទី​វង្គត​នេះ​នៅ​ជា​អាថ៌កំបាំង​មក​ទល់​សព្វថ្ងៃ។ ព្រះបិតុលា (ឪពុកមា​) របស់​ព្រះ​មហាក្សត្រ​អនន្ត​មហ៊ីឌុល (Ananda Mahidol) ដែល​ត្រូវ​ជា​​​ព្រះបិតុលា​របស់​ព្រះ​អង្គ​ម្ចាស់​អាត់ឌុលយ៉ាដេត​កាល​សម័យ​នោះ ក្រោយ​ពី​ព្រះមហាក្សត្រ​សុគត​ទៅ ព្រះអង្គក៏​ឡើង​គ្រងរាជ្យ​បន្ត​ទៀត ចំណែក​ព្រះអង្គម្ចាស់​អាត់ឌុលយ៉ាដេត ក៏​យាង​​ត្រឡប់​​ទៅ​បន្ត​​ការ​​សិក្សា​នៅ​ប្រទេស​ស្វីស​​វិញ ​លើ​ឯកទេស​វិទ្យាសាស្ត្រ​នយោបាយនិង ច្បាប់។​



គ្រោះថ្នាក់ និង ព្រះរាជ្យ​អភិសេក​
ក្នុង​អំឡុង​ពេល​ដែល​ព្រះ​អង្គ​ម្ចាស់​អាត់ឌុលយ៉ាដេត ​កំពុង​គង់​បន្ត​សិក្សា​​នៅ​បរទេស ព្រះអង្គ​ក៏​បាន​​ភព​ប្រសព្វ​នឹង​ព្រះអង្គម្ចាស់​ក្សត្រី​មួយ​អង្គ ដែល​ជាអគ្គមហេសី​សព្វថ្ងៃ ព្រះ​នាម Rajawongse Sirikit Kiriyakara ​​ជា​​បុត្រី​របស់​ព្រះអង្គម្ចាស់​មួយ​អង្គ មាន​តំណែង​ជា​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​​​ប្រទេស​បារាំង។ ចាប់​ពី​ពេល​ព្រះ​អង្គ​ទាំង​ពីរ​បាន​ស្គាល់​គ្នាកាលណា ទំនាក់ទំនង​នេះ ក៏​មាន​ឥតដាច់ ហើយ​ព្រះអង្គម្ចាស់ អាត់ឌុលយ៉ាដេត ឧស្សាហ៍​យាង​ទៅ​ទត​ព្រះអង្គម្ចាស់​ក្សត្រី​ទៀត​ផង។

ប៉ុន្តែ​មាន​ឧបទ្ទវហេតុ​​មួយ​​នឹក​ស្មាន​ដល់​បាន​កើត​ឡើង​ពោល​ គឺ​ព្រះអង្គ​បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​​មួយ​បាន​ធ្វើ​ឲ្យ​ព្រះអង្គ​ខូច​ព្រះនេត្រ (ពិការ​ព្រះនេត្រ​ខាងស្ដាំ) និងរង​របួស​ព្រះកាយ​​យ៉ាង​ធ្ងន់ធ្ងរ។ ព្រះអង្គម្ចាស់​ក្សត្រី​ Sirikit ទ្រង់​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​​ដើម្បី​មើលថែ​ព្រះអង្គ រហូត​ដល់​បាន​ជាសះស្បើយ។ ​​​

នៅ​​​ថ្ងៃ​ទី ២៨ ខែ​មេសា ឆ្នាំ ១៩៥០ ព្រះ​អង្គ​ម្ចាស់​ អាត់ឌុលយ៉ាដេត និង ព្រះអង្គម្ចាស់​ក្សត្រី ស៊ិរីគីត (Sirikit) បាន​រៀប​អភិសេក​ជា​ផ្លូវ​ការ​ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​ ក្នុង​ព្រះជន្ម ២២ ព្រះវស្សា រី​ឯ​ព្រះអង្គម្ចាស់​ក្សត្រី មាន​ព្រះជន្ម ១៧វស្សា​។ រៀប​អភិសេក​បាន​មួយ​សប្ដាហ៍ ព្រះអង្គម្ចាស់​អាត់​ឌុលយ៉ាដេត បាន​ឡើង​សោយរាជ្យ​ជា​ព្រះមហាក្សត្រ​ថៃ​ចាប់​ពី​ពេល​នោះ​​តរៀងមក។ 

រដ្ឋប្រហារ​យោធា និង ការ​គ្រប់គ្រង​​ប្រទេស​ដោយ​អំណាច​ផ្ដាច់ការ
ថ្វីត្បិត​ព្រះអង្គ​បាន​ឡើង​គ្រងរាជ្យ​ក្តី ក៏​ព្រះ​អង្គ​ពុំ​មាន​​អំណាច​ ឬព្រះរាជ​តួនាទី​អ្វី​ជា​ដុំ​កំភួន​ទេ ព្រោះ​ប្រទេស​ថៃ​កាល​សម័យ​នោះ ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​រាជ​រដ្ឋាភិបាល​ផ្ដាច់ការ​​​បែប​យោធា​និយម ដែល​មាន​លោក​ឧត្ដមសេនីយ៍​ ​ផ្លេកវិបុលសង្គ្រាម (Plaek Pibulsonggram) ជា​ប្រមុខ (ជា​សេនាប្រមុខ​ទ័ព​ជើង​គោក -Field Marshall)។ នៅ​ក្នុង​ឆ្នាំ​ ១៩៥៧ របប​​យោធា​ថៃ​នេះ​ បាន​ឈាន​ដល់​ថ្ងៃ​អវសាន​នៃ​ជីវិត បន្ទាប់​ពី​មាន​រដ្ឋប្រហារ​យោធា​​ បាន​កើត​ឡើង​ផ្ទួនៗ មួយលើក ជាពីរ​លើក ក្រោម​​ព្រះរាជកិច្ច​ដឹកនាំ​​របស់​ព្រះមហាក្សត្រ​ភូមិបុល​អាត់​ឌុល​យ៉ា​ដេតផ្ទាល់​ ដោយ​កាលណោះ ឧត្ដមសេនីយ៍​សារឹតថាន់ណារ័ត្ន (Sarit Dhanarajata) ដង្ហែរ​តាម​ព្រះរាជ​តម្រិះ​របស់​ព្រះអង្គ ហើយ​ក៏​បង្កើត​​បាន​រាជ​រដ្ឋាភិបាល​​​​ថ្មី។ លោក​ សារឹតថាន់ណារ័ត្ន ក៏​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​ថៃ ចាប់​ពីពេល​នោះ ទៅ​ទល់​នឹង​ពេល​លោក​ទទួល​អនិច្ច​កម្ម​នៅ​ក្នុង​ឆ្នាំ១៩៦៣។ 

ក្នុង​រយៈ​ពេល​៦ ឆ្នាំ​នេះ ព្រះអង្គ​បាន​យាង​បង្ហាញ​ព្រះវត្តមាន​យ៉ាង​សកម្ម​​​នៅ​លើ​ទឹកដី​ថៃ និង បង្ហាញ​​ព្រះភក្ត្រ​ជា​សាធារណៈ​ដែល​ទទួល​បាន​ការ​គាំទ្រ និង កោតសរសើរ​បំផុត​ពី​សំណាក់​ប្រជារាស្ត្រថៃ។ ក្រោយ​​មរណៈភាព​លោក សារឹតថាន់ណារ័ត្ន (Sarit Dhanarajata) លោក​សេនាប្រមុខ ថានុមគីតទីកាចន (Marshall Thanom Kittikachorn) ក៏​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថៃ​បន្ត។

១០ ឆ្នាំ​ក្រោយ​មក ពោល​គឺ​នៅ​ឆ្នាំ ១៩៧៣ នាយករដ្ឋមន្ត្រី​រូប​នេះ​បាន​​បញ្ចេញ​ទ័ព​ពី​បន្ទាយ​​ទៅ​បង្ក្រាប​និង បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ដែល​បាន​​ធ្វើ​​ចលនា​​ទាមទារ​​ក្រោក​ឈរ​ឡើង​ប្រឆាំង​ទៅ​នឹង​រដ្ឋាភិបាល។ ក្នុង​ស្ថានភាព​នេះ ព្រះមហាក្សត្រ ភូមីបុល​អាត់​ឌុលយ៉ាដេត ក៏​បាន​បញ្ជា​ឲ្យ​បើក​ទ្វារ​ព្រះបរមរាជ​វាំង ដើម្បី​ឲ្យ​ក្រុម​បាតុករ​បាន​ចូល​លាក់​ខ្លួន​ពួន​អាត្មា​ និង​គេច​ពី​ការ​តាម​បង្ក្រាបដ៏​ឃោរឃៅ។ ​​​​​​ក្រោយមក​ព្រះអង្គ​​ក៏​បាន​បណ្តេញ​លោក Thanom ចេញ​ពី​តំណែង និង បាន​តែងតាំង​​អ្នកដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​ថ្មី​មួយ​ជា​លើក​ដំបូង។ រាជរដ្ឋាភិបាល​ស៊ីវិល​នេះ គ្រប់គ្រង​ប្រទេស​ទៅ​ទល់នឹង​ឆ្នាំ១៩៧៦ ក៏​កើត​មាន​វិបត្តិ​ថ្មី​ទៀត។



មក​ដល់​​​ឆ្នាំ ១៩៧៦ ​បន្ទាប់​ពី​បាន​វិល​ត្រឡប់​ពី​​នាយ​សមុទ្រ​វិញ​​ក្រោយ​ការ​បណ្តេញ​​របស់​ព្រះមហាក្សត្រ​ថៃ លោក​ ថានុម (Thanom) ​បាន​ប្រើ​កង​កម្លាំង​ខុសច្បាប់​ទៅ​បង្ក្រាប​ក្រុម​បាតុករ ​ដែល​បាន​បន្សល់​ទុក​នូវ​​ការ​សម្លាប់​រង្គាល​​មួយ​នៅ​ថ្ងៃ​ទី​៦ តុលា បណ្តាល​ឲ្យ​និស្សិត ៤៦ នាក់​ស្លាប់ និង​​ជាង ១៦៧ នាក់​ផ្សេង​ទៀត​បាន​​របួស​ធ្ងន់​​នៅ​ទីលាន​សាកលវិទ្យាល័យ​ធម្មសាត (Thammasat) ។ 

​បន្ទាប់​ពី​មាន​ការ​សម្លាប់​រង្គាល​នេះ​ ​លោក​ឧត្ដមនាវី Sa-ngad Chaloryu ​ជា​មេដឹកនាំ​យោធា​ថៃ​បាន​ធ្វើ​រដ្ឋប្រហារ​យោធា​មួយ​ទៀត​ និង ចូល​កាន់កាប់​អំណាច​ទាំងស្រុង​តែម្តង​ ដើម្បី​បង្កើត​រដ្ឋាភិបាល​​យោធា​ថ្មី។ ការ​ធ្វើ​រដ្ឋប្រហារ​យោធា​ចេះ​តែ​កើត​មាន​ជា​បន្តបន្ទាប់​ពោល​គឺ​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៧៧ ១៩៨០ ១៩៨១ ១៩៨៥ និង​ឆ្នាំ​ ១៩៩១ (ថៃ​ជា​ប្រទេស​ដែល​ឧស្សាហ៍​កើ​ត​មាន​រដ្ឋ​ប្រហារ​ ប៉ុន្តែ​រដ្ឋ​ប្រហារ​នៅ​ថៃ​ ខុស​ពី​ប្រទេស​ដទៃ​ទៀត។ រដ្ឋ​ប្រហារ​នៅ​ប្រទេស​ដទៃ របប​នយោបាយ​ត្រូវ​ផ្លាស់​​ប្ដូរ​ទាំង​ស្រុង ចំណែក​នៅ​ថៃ រដ្ឋ​ប្រហារ​ដក​តែ​អំណាច​នីតិប្រតិបត្តិ​ប៉ុណ្ណោះ រីឯ​ស្ថាប័ន​ព្រះមហាក្សត្រ​នៅ​​ជា​ធរមាន​ដដែល ហ្នឹង​ហើយ​ជា​លក្ខណៈ​ពិសេស នៃ​រដ្ឋ​ប្រហារ​នៅ​ក្នុង​នយោបាយ​ថៃ)។ ទោះជាយ៉ាងនេះក្ដី ព្រះអង្គ​ហាក់​​បាន​ព្យាយាម​នៅ​ឆ្ងាយ​ក្រោយ​ឆាក​​នយោបាយ​ដ៏​តឹងតែង​នេះ​ជា​ពិសេស​ព្រះអង្គ​បាន​បដិសេធ​ទៅ​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៨១ និង ១៩៨៥។ ទោះជា​យ៉ាងណា​ក៏ដោយ​កិត្យានុភាព​ព្រះអង្គ​​បាន​ធ្លាក់​ចុះ​នៅ​អំឡុង​ពេល​នោះ។

ចលនា​ផ្លាស់ប្ដូរ​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ
រដ្ឋប្រហារ​យោធា​បាន​​ញាំង​ឲ្យ​មាន​ការ​ជ្រើសតាំង​​នាយករដ្ឋមន្ត្រី​ថ្មី​មួយ​កាល​ពី​ឆ្នាំ ១៩៩២ ​តែ​​​បាតុកម្ម​ដ៏​ធំ​មួយ​បាន​ផ្ទុះ​ឡើង​ពាសពេញ​ទីក្រុង​បាងកក​ទាំងមូល​តែម្តង។ បាតុកម្ម​នៅ​ពេល​នោះ ​បាន​​បង្ក​​ទៅ​ជា​អំពើ​ហិង្សា និង លេចឮ​ពាក្យ​ចចាមអារ៉ាម​ថា​មន្ត្រី​​យោធា​ធំៗ​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល​​​បាន​​កាន់កាប់​កងទ័ព​រៀងៗខ្លួន​​ ដែល​នេះ​នឹង​អាច​ផ្ទុះ​ឡើង​ជា​សង្គ្រាម​ស៊ីវិល​មួយ​នៅ​ទូទាំង​ប្រទេស។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ព្រះ​​មហាក្សត្រ ភូមិបុល ​ព្រួយព្រះទ័យ​ជា​ខ្លាំង ហើយ​​ព្រះអង្គ​ក៏​បាន​​កោះ​ហៅ​​​មន្ត្រី​យោធា គណបក្ស​ប្រឆាំង និង ប្រមុខរាជ​រដ្ឋាភិបាល​ ទៅ​ចូលគាល់នៅ​ព្រះ​បរមរាជវាំង​ ដើម្បី​រកច្រក​ចេញ​។
​​
ការ​សម្របសម្រួល​នេះ​បាន​បញ្ចប់​ទាំងស្រុង​នូវ​​ជម្លោះ​ផ្ទៃ​ក្នុង ​ដោយ​ក្នុង​នោះ​​ប្រមុខ​រដ្ឋប្រហារ​យោធា​ថៃ​យល់​ព្រម​​លាឈប់​ពី​តំណែង បង្កើត​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​ដើម្បី​ជ្រើសតាំង​រដ្ឋាភិបាល​ស៊ីវិល​មួយ​។ ការ​យាង​អន្តរាគមន៍​របស់​ព្រះអង្គ គឺ​ជា​ការ​ចាប់ផ្តើម​​បើក​សករាជ​ថ្មី​មួយ​របស់​​ថៃ​ពី​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​ដ៏​ជឿន​លឿន​របស់​ខ្លួន​រហូត​មក​ដល់​សព្វថ្ងៃ​​ ហើយ​នេះ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​កិត្យានុភាព​របស់​ព្រះអង្គ​ស្ថិត​នៅ​ក្នុង​​ដួងចិត្ត​​ប្រជារាស្ត្រ​ថៃ គ្មាន​ថ្ងៃ​បំភ្លេច​បាន​។ 

ឆន្ទា​នុសិទ្ធិ​ពិសេសៗ​របស់​​ព្រះមហាក្សត្រ ភូមិបុល​អាត់​ឌុលយ៉ាដេត
​ទោះបី​ជា​រដ្ឋធម្មនុញ្ញ​ថៃ​បច្ចុប្បន្ន​​​ជា​រាជាធិបតេយ្យ​អាស្រ័យ​​រដ្ឋធម្មនុញ្ញ​ (Constitutional Monarchy) យ៉ាងណា​ក៏ដោយ​គេ​បាន​មើល​ឃើញ​ជា​ទូទៅ​ថា ព្រះមាហាក្សត្រ​ ភូមិបុលអាត់​ឌុលយ៉ាដេត នៅ​តែ​មាន​​ឆន្ទានុសិទ្ធិ​​ពិសេសៗ ​ជាង​បណ្តា​ប្រមុខ​រដ្ឋ​ដទៃ​ទៀត​ នៅ​ទូទាំង​ពិភពលោក ​ដូច​ជា​ព្រះមហាក្សត្រិយានី​របស់​ចក្រភព​អង់គ្លេស​ អេលីហ្សាបែត​ទី២ (Elizabeth II) ជា​ដើម ក៏​ព្រះ​អង្គ​ពុំ​មាន​សិទ្ធ​អំណាច​ធំ​ដូច​ព្រះមហាក្សត្រ​ថៃ​ដែរ។ យោងតាមរដ្ឋធម្មនុញ្ញ​ថៃ ព្រះអង្គ​មាន​​ឆន្ទានុសិទ្ធិ​ពិសេស​ដូច​តទៅ ១- អាច​មិន​​ឡាយ​ព្រះហស្ថលេខា​ លើ​​​ច្បាប់​ដែល​សភា​ថៃ​បាន​អនុម័ត​រួច​ហើយ គឺ​ព្រះអង្គ​មាន​សិទ្ធិ​វេតូ (Veto ) ២- ទ្រង់​​មាន​ព្រះរាជ​សិទ្ធិ​លើកលែង​​​ទោស ឬ​បន្ធូរបន្ថយ​ទោស​​ដល់​ទណ្ឌិត ដោយ​មិន​ចាំ​បាច់​មាន​ការ​ដឹង​ឮ​ពី​តុលាការ ឬ​ពី​អំណាច​នីតិប្រតិបត្តិ​ ៣- ពាក់ព័ន្ធ​នឹង​សំណើ​តែងតាំង​សមាជិក​គណៈ​រដ្ឋ​មន្ត្រី​ ព្រះ​អង្គ​មាន​សិទ្ធិ​​មិន​ឡាយព្រះហស្ថលេខា លើ​​ព្រះរាជក្រឹត្យ​ប្រកាស​តែងតាំង​ក៏បាន ស្រេច​លើ​ព្រះអង្គ គ្មាន​ច្បាប់​ណា​បង្ខំ​ព្រះ​អង្គ (មានន័យ​ថា​រដ្ឋាភិបាល​ថៃ​នឹង​គាំង​ស្ដូក​ បង្កើត​អត់​ចេញ​គណៈរដ្ឋមន្ត្រី ប្រសិនបើ​ព្រះអង្គ​យល់​ថា​បេក្ខជន​ទាំងនោះ​មិន​ល្អ ឬ​មិន​ស្រប​តាម​ឆន្ទៈ​ព្រះអង្គ) និង ៥- ព្រះអង្គ​​មាន​ព្រះរាជ​សិទ្ធិ​អនុម័ត​ប្រើប្រាស់​កញ្ចប់​ថវិកា​បម្រុង​ទុក ​សម្រាប់​គម្រោង​ចិញ្ចឹមសត្វ​ផ្ទាល់​ខ្លួន​របស់​ព្រះអង្គ​ទៀត​ផង។ 



នៅ​ក្នុង​ដួងចិត្ត​ប្រជារាស្ត្រ​​ថៃ​ ទ្រង់​ជា​ព្រះមហាក្សត្រ​ដ៏​គួរ​ឲ្យ​គោរព​បំផុត ពោល​គឺ​គួរ​ឲ្យ​គោរព​រហូត​ដល់​ប្រទេស​ថៃ​បាន​អនុម័ត​ច្បាប់​ការ​ពារ​ព្រះ​មហាក្សត្រ មិន​ឲ្យ​គេ​រំលោភ​បាន និងដាក់ទោស​ជន​ណា​ ឬ​​បុគ្គលណា​ ដែលហ៊ាន​​ប្រមាថ​ព្រះចេស្តា​ព្រះអង្គ​។ តាម​ច្បាប់​ថៃ ជន​ណា​ក៏ដោយ​ដែល​ហ៊ាន​​និយាយ​ប៉ះពាល់ ឬ​ប្រមាថ​ព្រះចេស្តាព្រះ​មហាក្សត្រ ឬ ព្រះរាជវង្សានុវង្ស​ ​ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​រហូតដល់​ ១៥ឆ្នាំ។ ​​​​

រដ្ឋប្រហារ​យោធា​ឆ្នាំ ២០០៦ 
នៅ​ខែ​មេសា​ឆ្នាំ ២០០៦ អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក ថាក់ស៊ីន​ស៊ីណាវ៉ាត់ និង គណបក្ស​ថៃរ៉ាក់ថៃ របស់​លោក​ ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​​ប្រមាថ​ព្រះចេស្ដា និង ប៉ុនប៉ង​ផ្ដួលរំលំ​ព្រះមហាក្សត្រ​ភូមិបុលអាត់ឌុលយ៉ាដេត ពី​រាជ​បល្ល័ង្ក។ ការ​ចោទប្រកាន់​នេះ​គ្រាន់តែ​ជា​ពាក្យចចាម​អារ៉ាម​តែ​ប៉ុណ្ណោះ ប៉ុន្តែ​​​បញ្ហា​នេះ​បាន​បង្ក​ទៅ​ជា​វិបត្តិ​នយោបាយ​ដ៏​ស្រួចស្រាល់​​មួយ​នៅ​ក្នុង​ប្រទេស​។ ទីបំផុត នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា​ ឆ្នាំ​ ២០០៦ កើត​មាន​​រដ្ឋប្រហារ​យោធា​មួយ​​​នៅ​ប្រទេស​ថៃ ហើយ​បាន​​ទម្លាក់​លោក ថាក់ស៊ីន​ ពី​តំណែង ហើយ​ប្រទេស​ថៃ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ច្បាប់​អាជ្ញាសឹក (អាជ្ញាសឹក​មាន​ន័យ​ថា​យោធា​អនុវត្ត​ច្បាប់​ជំនួស​នគរបាល ត្រូវ​បាញ់​ គឺបាញ់ ត្រូវ​ចាប់​ដាក់គុក​ គឺ​ចាប់​ដាក់​គុក​តែ​ម្ដង)។ ព្រះអង្គ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ទទួលស្គាល់​ការ​ធ្វើ​រដ្ឋប្រហារ​នេះ ​ហើយ​លោក ថាក់ស៊ីន​ ត្រូវ​បង្ខំចិត្ត​​និរទេស​ខ្លួន​រស់​នៅ​​បរទេស​ចាប់តាំង​ពី​ពេល​នោះ​មក។ ​​​​​​​

ព្រះរាជ​ពិធី​រំឭក​ខួប​ទី៦០​ឆ្នាំ នៃ​ការ​សោយ​រាជ្យ​សម្បត្តិ
នៅ​ឆ្នាំ ២០០៦ នោះ​ដដែល ព្រះមហាក្សត្រ ​ភូមិបុលអាត់​ឌុលយ៉ាដេត និង​ព្រះជាយា​ស៊ិរីគីត (Sirikit) បាន​ប្រារព្ធ​​ព្រះរាជ​ពិធី​​​​គ្រងរាជ្យសម្បត្តិ​លើក​ទី៦០ឆ្នាំ (រហូតដល់​ពេល​នេះ ព្រះអង្គសោយរាជ្យ​សម្បត្តិ​៦៨ឆ្នាំ​ ហើយ​ជា​ព្រះមហាក្សត្រ​ដែល​សោយរាជ្យ​យូរ​ជាងព្រះ​មហាក្សត្រ​ ឬ​មហាក្សត្រិយានី​ណា​ទាំងអស់​ ក្នុង​ពិភពលោក)។ នៅក្នុង​ព្រះរាជ​ពិធី​នោះ ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​​​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក​បានឃីមូន ទៀតផង ដោយ​លោក​បាននាំ​​យក​នូវ​​​គ្រឿងឥស្សរិយយស​ថ្នាក់​មហា​សិរីវឌ្ឍន៍​ (Human Development Lifetime Achievement Award) ថ្វាយ​ព្រះ​អង្គ។ ក្នុង​ព្រះរាជពិធី​នោះ ព្រះអង្គ​បាន​ព្រះរាជទាន​ទោស​ដល់​ទណ្ឌិត ២៥ ០០០​នាក់​។ 

​​​​​​ព្រះអង្គ​​មាន​ព្រះរាជបុត្រា​ និង បុត្រី​ចំនួន​៤​អង្គ ​គឺ​ ១-ព្រះរាជបុត្រី អ៊ុបុលរតនារជ្ជកាន (Ubolratana Rajakanya) ប្រសូត​នៅ​ក្នុង​​ឆ្នាំ ១៩៥១ ២-ព្រះរាជបុត្រា មហាវេជ្ជរាឡុងកន (Maha Vajiralongkorn) ប្រសូត​នៅ​​ក្នុង​ឆ្នាំ ១៩៥២ ៣-ព្រះរាជបុត្រី មហាចក្រីសុរិនថន (Maha Chakri Sirindhorn) ប្រសូត​នៅ​​ក្នុង​ឆ្នាំ ១៩៥៥ និង ៤-ព្រះរាជបុត្រី ឈូឡាផនវឡៃលក្ខណ៍ (Chulabhorn Walailak) ប្រសូត​នៅ​ក្នុង​ឆ្នាំ​ ១៩៥៧ ។ 

ស្នាព្រះហស្ថ​ហ្លួងភូមិបុលអាត់​ឌុលយ៉ាដេត
សម្រាប់​ព្រះអង្គ​ផ្ទាល់ ទ្រង់​សព្វហឫទ័យ​សោយ​រាជ្យ​សម្បត្តិ​ជា​បន្ត​ទៀត ដោយ​មិន​ទាន់​ផ្ទេររាជ្យ​សម្បត្តិ​ទៅ​បុត្រា ឬ​បុត្រី​អង្គណា​ទេ។ ក្នុង​នាម​ជា​ព្រះប្រមុខរដ្ឋ​ដ៏​ថ្លៃថ្លា​របស់​ប្រជារាស្ត្រ​ថៃ ព្រះអង្គ​គឺ​ជា​ព្រះមហាក្សត្រ​ដ៏​គួរឲ្យ​គោរព​ និង កោតសរសើរ​បំផុត ទន្ទឹម​នឹង​ការ​​កសាង​​ស្នាព្រះហស្ត​​ជា​ច្រើន​ បន្សល់ទុក​ដល់​ប្រជារាស្ត្រ​ព្រះអង្គ។ ព្រះចេស្តា​ (អំណាច)របស់​ព្រះអង្គ​ត្រូវ​បាន​គេ​ប្រៀបប្រដូច​​បាន​ទៅ​នឹង​ព្រះចៅ​អធិរាជ​ដ៏​មាន​ឫទ្វានុភាព​បំផុត​របស់​ប្រទេស​ជប៉ុន​ គឺ​អធិរាជ​អាគីហ៊ីតូ (Akihito) ដែល​ព្រះ​មហាក្សត្រ​ទាំងពីរ​អង្គ មាន​ព្រះរាជ​ជីវប្រវត្តិ​​​ប្រហាក់ប្រហែលគ្នា។ ចំណុច​ខុសគ្នា​ត្រង់​ថា អធិរាជ​អាគីហ៊ីតូ (Akihito) ព្រះអង្គ​បាន​សោយ​ទិវង្គត ខុសពី​ព្រះមហាក្សត្រ​ភូមិបុលអាត់​ឌុលយ៉ាដេត ដែល​នៅ​មាន​ព្រះជន្ម និង​បាន​​ឆ្លងកាត់​​នយោបាយ គ្រប់រសជាតិ​ទាំងអស់។ ព្រះអង្គ​​​​​បន្ត​​បំពេញ​ព្រះរាជ​តួនាទី​ជា​និមិត្តរូប​ដ៏​ខ្ពង់ខ្ពស់​​​ក្នុង​ឆាក​នយោបាយ ឯកភាព​ជាតិ និង​ជា​ម្លប់​ដល់​ប្រជារាស្ត្រថៃ​តរៀងទៅ៕

No comments:

Post a Comment