Wednesday, October 29, 2014

ក្រៅ​ពី​​មហា​អំណាច​​បរមាណូ​​ទាំង​៥ ​តើ​​​មាន​​ប្រទេស​ប៉ុន្មាន​ទៀត​ ជា​មហាអំណាច​​​​បរមាណូ​​ជំនាន់ថ្មី?


ប្រទេស​៥ ដែល​ផលិត​អាវុធ​បរមាណូ​ដោយ​លួចលាក់ (គ្រាប់បែក​បរមាណូហ្សា (Tsar Bomb) ពេល​ផ្ទុះ​កាលពីឆ្នាំ១៩៦១)ប្រភព៖​ infos
អាវុធ​បរមាណូ​ត្រូវ​បាន​អភិវឌ្ឍ​ដំបូង​គេ​បង្អស់​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​អាមេរិក​ និង​អង់គ្លេស​ នៅ​ប្រទេស​អាមេរិក ហើយ​ក្នុង​ចំណោម​អ្នក​វិទ្យាសាស្ត្រ​ទាំង​នោះ មាន​ភ្នាក់ងារ​បង្កប់​ ដើម្បី​ស្រង់​ទិន្នន័យ​ផលិត​ ហើយបញ្ជូន​ទៅ​សហភាព​សូវៀត (​អ្នក​លួច​យក​ការណ៍​ទៅ​ឲ្យ​លោក​ស្តាលីន គឺ​​ក្លូសហ៊្វូក (Klaus Fuchs))។ ក្រោយមក ពេល​ដឹង​អំពី​អានុភាព​គ្រាប់​បែក​បរមាណូ​វា​ខ្លាំង​កម្រិត​ណា លោក​ស្តាលីន​ក៏​បាន​បញ្ជា​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​សូវៀត​អភិវឌ្ឍ​គ្រាប់​បែក​បរមាណូ ហើយ​សាកល្បង​ដោយ​​ជោគ​ជ័យ​កាល​​ពី​​ឆ្នាំ​១៩៤៩។ ប្រទេស​​ចិន​​បាន​​សាក​ល្បង​​គ្រាប់​បែក​បរមាណូ​ដំបូង​ កាល​ពីឆ្នាំ១៩៦៤ ហើយ​ចាប់​ពី​ពេល​នោះមក បច្ចេកវិទ្យា​ផលិត​គ្រាប់​បែក​បរមាណូ​ក៏​រីក​សាយភាយ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ អាស្រ័យ​ដោយ​សារ​ការចែក​រំលែក ឬ​ការ​លួច​ព័ត៌មាន​គ្នា។

ប្រទេស​ដែល​មាន​សិទ្ធិ​ផលិត​និង​ស្តុកទុក​អាវុធ​បរមាណូ​ក្រោម​សន្ធិសញ្ញាអន្តរជាតិ មាន​តែ​ប្រទេស​មហាអំណាច​៥ប៉ុណ្ណោះ គឺ​សហរដ្ឋ​អាមេរិក ប្រទេស​រុស្ស៊ី អង់គ្លេស បារាំង និង​ចិន។ ក្រៅ​ពី​នោះ ប្រទេស​ណា​ដែល​ផលិត​អាវុធ​បរមាណូ ត្រូវ​បាន​ចាត់​ទុក​ថា​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​។ ខាង​ក្រោម​នេះ ជា​បញ្ជី​ឈ្មោះ​ប្រទេស​ចំនួន ៥ ដែល​បាន​អភិវឌ្ឍ​អាវុធ​បរមាណូ​ដោយ​លួច​លាក់ រហូត​ដល់​ផលិត​បាន​សម្រេច​និង​សាកល្បង​ជា​ចំហ​ទៀត​ផង ហើយ​ប្រទេស​ខ្លះ​កំពុង​ជាប់​សង្ស័យ​ថា​បាន​និង​កំពុង​ផលិត​អាវុធ​នេះ ប៉ុន្តែ​មិន​ហ៊ាន​បញ្ចេញ​មុខ​មាត់​ពិត។

...ប្រទេស​ ៦ មាន​អាវុធ​បរមាណូ​ស្តុក​ទុក​ក្នុង​ឃ្លាំង​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក...

១-ប្រទេស​ឥណ្ឌា​
ឥណ្ឌា​​លួច​ស្ថាបនា​អាវុធ​បរមាណូ​ជា​បណ្ដើរៗដោយ​ស្ងាត់ៗ បន្ទាប់​ពី​ដឹង​ថា​​ប្រទេស​ចិន​បាន​ផលិត ​និង​សាកល្បង​គ្រាប់​បែក​នេះ​ដោយ​ជោគជ័យ កាល​ពី​ពាក់កណ្ដាល​ទសវត្ស​ទី ៦០ (១៩៦៤)។ ឥណ្ឌា​បាន​សាកល្បង​អាវុធ​បរមាណូ​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ១៩៧៤។ ឆ្នាំ​១៩៩៨ ឥណ្ឌា​បាន​សាក​ល្បង​អាវុធ​បរមាណូ​ចំនួន ៣ លើក (សាកល្បង​ក្រោម​ដី)។

ឥណ្ឌា​មាន​គ្រាប់​មីស៊ីល​ដែល​បំពាក់​ក្បាល​គ្រាប់​បរមាណូ (nuclear warhead) អាច​បាញ់​ចេញ​ពី​យន្តហោះ និង​បាញ់​ចេញ​ពី​ជើង​ទម្រ​នៅ​លើ​ដី។ បច្ចុប្បន្ន​ ឥណ្ឌា​កំពុង​វិះ​រក​វិធី​ផលិត​អាវុធ​បរមាណូ​ ដែល​អាច​បាញ់​ចេញ​ពី​នាវា​មុជ​ទឹក​ថែមទៀត។ ឥណ្ឌា និង​ប៉ាគីស្ថាន ជា​គូវិវាទ​នឹង​គ្នា ហើយ​កំពុង​តែ​ខំ​ខ្នះខ្នែង​ផលិត​គ្រាប់​បរមាណូ​បន្ថែម​ទៀត ដែល​អាច​បំពាក់​លើ​កាំជ្រួច។

អាវុធ​បរមាណូក្នុង​ឃ្លាំង ពី ៨០ ទៅ ១០០ គ្រាប់

២-ប្រទេស​ប៉ាគីស្ថាន
កាល​ពី​ឆ្នាំ១៩៧២ បន្ទាប់​ពី​បញ្ចប់​សង្គ្រាម​ជា​មួយ​ឥណ្ឌា​បាន​បន្ថិច ប្រទេស​ប៉ាគីស្ថាន​បាន​លួច​អភិវឌ្ឍ​អាវុធ​បរមាណូដោយ​ស្ងាតៗ ដើម្បី​តាមប្រជែង​ជាមួយ​ឥណ្ឌា​ដែរ កុំ​ឲ្យ​ឥណ្ឌា​មាន​អាវុធ​នេះតែឯង។ បន្ទាប់​ពី​ឥណ្ឌា​សាកល្បងគ្រាប់បែក​បរមាណូ​ក្រោម​ដី​ កាល​ពី​ឆ្នាំ១៩៩៨ ប៉ាគីស្ថាន​ក៏​មិន​នៅ​ស្ងៀម​ដែរ បាន​សាក​ល្បង​គ្រាប់​បែក​បរមាណូ​ចំនួន ៦គ្រាប់​តែ​ម្ដង​​ដោយ​ចុច​បំផ្ទុះ​ក្រោម​ដី ដើម្បី​បង្ហាញ​ថា​មិន​មែន​តែ​ឥណ្ឌា​ទេ​ដែល​អាច​ផលិត​គ្រាប់​បែក​បរមាណូ ប៉ាគីស្ថានក៏​អាច​ផលិត​បាន​ដែរ។ ប៉ាគីស្ថាន​អាច​បាញ់​គ្រាប់​កាំជ្រួច​បំពាក់​ក្បាល​គ្រាប់​បរមាណូ​នៅ​លើ​យន្តហោះ និង​ជើង​ទម្រ រីឯ​គ្រាប់​បាញ់​ពី​នាវា​មុជ​ទឹក ប៉ាគីស្ថាន​មិន​ទាន់​មាន​លទ្ធភាព​ផលិត​បាន​ទេ។

អាវុធ​បរមាណូក្នុង​ឃ្លាំង ពី ៩០ ទៅ ១១០ គ្រាប់

៣-ប្រទេស​កូរ៉េខាងជើង
កូរ៉េខាងជើង មក​ទល់​នឹង​ពេល​នេះ បាន​សាកល្បង​គ្រាប់​បែក​បរមាណូ​ក្រោម​ដី​ចំនួន ៣​លើក​រួច​មក​ហើយ​ ហើយ​លើក​ចុងក្រោយ ធ្វើឡើង​​កាល​ពី​ខែកុម្ភៈ។ កូរ៉េខាងជើង​ក៏​ធ្លាប់​បាញ់​សាកល្បង​គ្រាប់​បរមាណូ​ដែល​បំពាក់​នៅ​លើ​ក្បាល​កាំជ្រួច​ផ្លោង​ រយៈ​ចម្ងាយ​មធ្យម​ផង​ដែរ។ ប៉ុន្តែ អាស្រ័យ​ដោយ​សារ​ចំណេះ​ដឹង​នៅ​ស្ទើរ កូរ៉េខាងជើង​ពុំ​ទាន់​មាន​លទ្ធភាព​ផលិត​អាវុធ​បរមាណូ​ប្រភេទ​បំពាក់​លើ​ក្បាល​កាំជ្រួច​ផ្លោង ​ឲ្យ​ជោគជ័យ​នៅ​ឡើយ​ទេ។

ក្រុម​អ្នក​ជំនាញ​ព្យាករណ៍​ថា កូរ៉េខាងជើង​បាន​ចម្រាញ់​សារធាតុ​ព្លុយតូនីញ៉ូម (plutonium) ដែល​អាច​ផលិត​ក្បាល​កាំជ្រួច​បរមាណូ ១០គ្រាប់។ ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ មិន​ទាន់​មាន​ចំណេះ​ដឹង​ខាង​បំពាក់​របៀប​ម៉េច​​នៅ​ឡើយ​ទេ។ អំពី​ដំណើរដើមទង​នៃ​ការ​កកើត​អាវុធ​បរមាណូ​របស់​កូរ៉េខាង​ជើង​នេះ កកើត​ឡើង​ពី​ការ​ដំឡើង​ម៉ាស៊ីន​ប្រតិករ​បរមាណូ​ (nuclear reactor) របស់​អតីតសហភាព​សូវៀត​នៅ​តំបន់​យ៉ុងប៊ីយ៉ុន (Yongbyon)។ យោងតាម​កិច្ច​ព្រមព្រៀង​ដែល​កូរ៉េខាងជើង​បាន​ចុះ​ហត្ថលេខា​ជាមួយ​សហរដ្ឋ​អាមេរិក កូរ៉េខាងជើង​សន្យា​បញ្ឈប់​រាល់​សកម្មភាព​ផ្សេងៗ​នៃ​ការ​ផលិត​អាវុធ​បរមាណូ ហើយ​ជា​ថ្នូរ​មកវិញ​ សហរដ្ឋ​អាមេរិក​នឹង​សាងសង់​ម៉ាស៊ីន​ប្រតិករ​បរមាណូ​ ដើម្បី​ផលិត​ថាមពល​អគ្គិសនី​ឲ្យ​កូរ៉េខាងជើង ប៉ុន្តែ​កូរ៉េខាងជើង​មិន​បាន​អនុវត្តតាម​កិច្ច​ព្រមព្រៀង​នេះ​ទេ ហើយ​បាន​និយាយ​បង្វែងដាន​ចុះឡើងៗ ធ្វើ​ឲ្យ​គេ​វិលក្បុង។ លុះ​ ៨ឆ្នាំ​ក្រោយមក ទើប​កូរ៉េខាងជើង​ឆ្លើយ​តាម​ត្រង់​ថា​ ខ្លួន​ពិត​ជា​បាន​អភិវឌ្ឍ​អាវុធ​បរមាណូ​ប្រាកដ​មែន។ កូរ៉េខាងជើង​បាន​បណ្ដេញ មិន​ឲ្យ​អ្នក​អង្កេត​ការ​របស់​ស្ថាប័ន​ត្រួតពិនិត្យ និង​អធិការកិច្ច​អាវុធ​បរមាណូ​ចូល​មើល​ទីតាំង​សម្ងាត់​ដែល​គេ​សង្ស័យ​ថា​លួច​ផលិត​អាវុធ​បរមាណូ​ដោយ​លួច​លាក់​នោះ​ទេ។ ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែម​ទៀត​លើ​កូរ៉េខាងជើង។

អាវុធ​បរមាណូក្នុង​ឃ្លាំង ប្រហែល ១០ គ្រាប់ ឬ​ក្រោម​នេះ
សាកល្បង​ដំបូង ឆ្នាំ ២០០៦ – សាកល្បង​ចុងក្រោយ​បង្អស់ ២០១៣


៤-ប្រទេស​អ៊ីស្រាអែល 
អ៊ីស្រាអែល​តែង​តែ​បដិសេធ​ថា​ខ្លួន​មិន​បាន ​និង​គ្មាន​គម្រោង​ផលិត​អាវុធ​បរមាណូ​ទេ។ ការអះអាង​នេះផ្ទុយ​ពី​អ្វី​ដែល​មជ្ឈដ្ឋាន​ទូទៅ​បាន​គិត ហើយ​បាន​ព្យាករណ៍​ថា​អ៊ីស្រាអែល​មាន​គ្រាប់​បែក​បរមាណូ​ប្រហែល ៨០គ្រាប់ ហើយ​បាន​ចម្រាញ់​សារធាតុ​ព្លុយតូនីញ៉ូមរួច​ជា​ស្រេច ​អាច​ផលិត​បាន​គ្រាប់​បែក​បរមាណូ ២០០ គ្រាប់។

អតីត​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល លោក​ស៊ីម៉ុងប៉េរ៉េ (Shimon Peres) បាន​ពន្យល់​អំពីមូលហេតុ​ដែល​អ៊ីស្រាអែល​​អភិវឌ្ឍ​កម្មវិធី​បរមាណូ​កាល​ពីក្នុង​ទសវត្ស​ទី៥០​នោះ គឺ​ដើម្បី​បង្ការ​ក្រែង​កើត​មាន​សង្គ្រាម​តែ​ប៉ុណ្ណោះ។ 

នា​ប៉ុន្មាន​ឆ្នាំ​នេះ ប្រទេស​អ៊ីស្រាអែល​បាន​ទិញ​នាវាមុជទឹក និង​យន្តហោះ​ចម្បាំង​មួយ​ចំនួន ដែល​មាន​សមត្ថភាព​បាញ់​កាំជ្រួច​បំពាក់​ក្បាល​គ្រាប់​បរមាណូ តែ​អ៊ីស្រាអែល​មិន​បាន​អះអាង​ថា​គ្រឿង​សព្វាវុធ​ទាំង​នេះ​សម្រាប់​បាញ់​គ្រាប់​បរមាណូ​ឬ​យ៉ាងណានោះ​ទេ។ គេ​ព្យាករណ៍​ថា​ប្រព័ន្ធ​មីស៊ីល Jericho បាញ់​ពី​ដី​ ទំនង​មាន​លទ្ធភាព​បាញ់​ក្បាល​គ្រាប់​បរមាណូ។ 

អាវុធ​បរមាណូ​ក្នុង​ឃ្លាំង ប្រហែល ៨០ គ្រាប់ 

៥-ប្រទេស​អ៊ីរ៉ង់
នា​ប៉ុន្មាន​ទសវត្ស​ចុងក្រោយ​នេះ មជ្ឈដ្ឋាន​អន្តរជាតិ​បារម្ភ​មិន​តិច​ទេ ថា​ប្រទេស​អ៊ីរ៉ង់​កំពុង​លួច​អភិវឌ្ឍ​កម្មវិធី​បរមាណូ​ដោយ​ស្ងាត់ៗ។ កាល​ពី ខែ​វិច្ឆិកា ឆ្នាំ២០១១ ភ្នាក់​ងារ​អន្តរជាតិ​ត្រួតពិនិត្យ​ថាមពល​បរមាណូ​បង្ហាញ​របាយការណ៍​ច្បាស់ការណ៍​ថា​អ៊ីរ៉ង់​កំពុង​រិះរក​វិធី​អភិវឌ្ឍ​អាវុធ​បរមាណូ។

អ៊ីរ៉ង់​ទទួល​ស្គាល់​ថា​ខ្លួន​បាន​ចម្រាញ់​សារធាតុ​អ៊ុយរ៉ានីញ៉ូម (uranium)មែន ប៉ុន្តែ​សម្រាប់​បង្កើត​រោងចក្រ​អគ្គិសនី ដើរ​ដោយ​ថាមពល​បរមាណូ (nuclear plant) តែ​ប៉ុណ្ណោះ មិន​មែន​សម្រាប់​ផលិត​អាវុធ​បរមាណូ​ទេ។ លុះ​ពេល​មន្ត្រី​នៃ​ទីភ្នាក់ងារ​អន្តរជាតិ​ត្រួតពិនិត្យ​អាវុធ​បរមាណូ​ទៅ​ត្រួត​ពិនិត្យ​និង​ឆែកឆេរ បែរ​ជា​អ៊ីរ៉ង់​មិន​ស្វាគមន៍​ឲ្យ​ចូល​មើល​កន្លែង​សម្ងាត់​របស់​ខ្លួន។ ដោយ​សារ​មិន​ឲ្យ​គេ​ចូល​ពិនិត្យ​នេះ​ហើយ ទើប​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និងហាម​ប្រាម​ប្រទេស​អ៊ីរ៉ង់ មិន​ឲ្យ​ទិញ​អាវុធ​ពី​ក្រៅ​ប្រទេស។

ប្រទេស​អ៊ីរ៉ង់បាន​​ផលិត​កាំជ្រួច​មីស៊ីល​ជា​បណ្ដើរៗ ​តាំងពី​ទសវត្ស​ទី ៨០ មក​ម្ល៉េះ ហើយ​នៅ​តំបន់​មជ្ឈិមបូព៌ា អ៊ីរ៉ង់​ដាក់​ពង្រាយ​ជើង​ទម្រ​បាញ់​កាំជ្រួច​មីស៊ីល​ច្រើន​ជាង​គេ។ ប៉ុន្តែ អ្នក​វិភាគ​យល់​ថា​ប្រព័ន្ធ​មីស៊ីល​ទាំងនោះ មិន​អាច​បាញ់​គ្រាប់​បរមាណូ​បាន​ទេ ហើយ​អ៊ីរ៉ង់​ត្រូវ​ការ​ពេល​យូរ​អង្វែង​ទៅ​មុខ​ទៀត ទើប​អាច​មានលទ្ធភាព ផលិត​ប្រព័ន្ធ​មីស៊ីល​បំពាក់​ក្បាល​គ្រាប់​បរមាណូ។

No comments:

Post a Comment