Sunday, October 26, 2014

ភូមិសាស្ត្រនយោបាយ វៀតណាម

វៀតណាមកុម្មុយនិស្ត៖ «លទ្ធិប្រជាធិបតេយ្យ»ដឹកនាំដោយគណបក្សតែមួយ
ក្រោយបន្ទាប់ពីទីក្រុងសៃហ្កុង(Saigon) បានធ្លាក់នៅខែមេសាឆ្នាំ១៩៧៥ វៀតណាមខាង ជើងនិងវៀតណាមខាងត្បូងត្រូវ បានបង្រួបបង្រួមគ្នាទៅជាប្រទេសតែមួយវិញដែលក្លាយជារបបកុម្មុយនិស្តផ្តាច់ការ ក្រោមឈ្មោះថាសាធារណរដ្ឋសង្គមនិយមវៀតណាម។

ឥឡូវនេះ ជិត៤០ឆ្នាំក្រោយមក ជាផ្លូវការទីក្រុងហាណូយ(Hanoi)ចាត់ទុករបបនយោបាយនៃប្រទេសខ្លួនថាជា"លទ្ធិប្រជាធិបតេយ្យ ដឹកនាំដោយគណបក្សតែមួយ" នោះ គឺគណបក្សកុម្មុយនិស្តវៀតណាម។ រដ្ឋាភិបាលពន្យល់ថា ខ្លួនកំពុងប្រឹងប្រែងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យ រីកចំរើនសន្សឹមៗទៅមុខ ដោយសន្តិវិធី។
នៅក្នុងន័យនេះ អាជ្ញាធរអះអាងថា នៅពេលបោះឆ្នោតសភាម្តងៗ តែងតែមានតំណាងរាស្រ្តមួយចំនួន ដែលមិនមែនចេញមកពីជួរគណបក្សកុម្មុយនិស្ត។ ជាក់ស្តែង វាមានអ៊ីចឹងមែនបេក្ខជនមិនមែនកុម្មុយនិស្តក្នុងពេលបោះឆ្នោតឆ្នាំ២០០៧ ក៏ដូចក្នុងពេលបោះឆ្នោតឆ្នាំ២០១១ដែរ។
ក៏ប៉ុន្តែ ការពិតទាំងស្រុង វាមិនដូចមាត់រដ្ឋាភិបាលថានោះឡើយ។ អ្នក ដែលមិនមែនកុម្មុយនិស្ត អាចឈរឈ្មោះបោះឆ្នោតបាន លុះត្រាតែអ្នកនោះជាបេក្ខជនឯកឯង គ្មានអង្គការនយោបាយ សង្គមឬសាសនា នៅពីក្រោយ។ យ៉ាប់ជាងនេះទៅទៀត បេក្ខភាពនៃបណ្តាជនឯករាជ្យទាំងអស់នោះ ត្រូវឆ្លងកាត់មុខអាជ្ញាធរមូលដ្ឋាន រួចហើយមុខអាជ្ញាធរថ្នាក់ជាតិ។
ជាទូទៅ បេក្ខភាពច្រើនសន្ធឹកសន្ធាប់ណាស់ត្រូវបានច្រានចោល ក្រោមលេសថា ជាការគំរាមកំហែងដល់សណ្តាប់ធ្នាប់សាធារណៈ។
ក្រោមលេសថាជាការគំរាមកំហែងសណ្តាប់ធ្នាប់សាធារណៈ អាជ្ញាធរវៀតណាម ចាប់សកម្មជនប្រជាធិបតេយ្យ និងសកម្មជនសិទ្ធិមនុស្សញាត់បញ្ចូលគុក ធ្វើទុក្ខបុកម្នេញទៅលើជនជាតិភាគតិច ទៅលើប្រមុខពុទ្ធសាសនា និងប្រមុខគ្រិស្តសាសនា។ មិនត្រឹមតែគ្មានសេរីភាពសាសនាប៉ុណ្ណោះទេ សូម្បីតែសេរីភាពសារពត៌មានក៏គ្មានដែរ។ ជាក់ស្តែង នៅក្នុងរបាយការណ៍ឆ្នាំ២០០៨របស់ខ្លួន អង្គការអ្នកសារពត៌មានគ្មានព្រំដែន បានសរសេរជាអាទិ៍ថា"នគរបាលនយោបាយ នៅវៀតណាម បានចាត់វិធានការប្រឆាំងនឹងការបោះពុម្ភផ្សាយផ្សេងៗរបស់ពួកអ្នកជំទាស់។ អ្នកកាសែតម្នាក់ និងពួកអ្នកសរសេរអត្ថបទប្រឆាំងនឹងរដ្ឋាភិបាល តាមអ៊ីនធ័រណែត ចំនួនជាង១០នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ហើយអ្នកកាសែតបារាំងម្នាក់ធ្វើការឲ្យវិទ្យុប្រឆាំងមួយ ត្រូវបានចាប់ខ្លួន ក្នុងបទភេរវកម្ម។"
និយាយរួម ប្រព័ន្ធនយោបាយនៃប្រទេសវៀតណាមមានមូលដ្ឋាននៅលើអំណាចនៃបក្សកុម្មុយនិស្ត។ គឺគណៈកម្មាធិការមជ្ឈិមនិងការិយាល័យនយោបាយនៃបក្សជាអ្នកអនុម័តរាល់សេចក្តីសម្រេចចិត្តសំខាន់ៗ។ បក្សកុម្មុយនិស្តវៀតណាមមានវត្តមាននៅគ្រប់ជាន់ថ្នាក់និងគ្រប់ទីកន្លែង ពីរដ្ឋបាលជាតិនិងមូលដ្ឋាន ពីកងទ័ពនិងនគរបាល រហូតទៅដល់សាលារៀននិងសហគ្រាសរដ្ឋឬឯកជន។
*
ផ្ទុយទៅវិញ នៅលើវិស័យសេដ្ឋកិច្ច វៀតណាមយកតម្រាប់តាមចិនដោយបានបោះបង់ចោលសេដ្ឋកិច្ចផែនការបែរទៅរកសេដ្ឋកិច្ចទីផ្សារនិងបើកចំហប្រទេសដើម្បីទទួលវិនិយោគបរទេស។
ថ្នាក់ដឹកនាំវៀតណាម បានផ្តើមធ្វើសេរីកម្មសេដ្ឋកិច្ចនៅឆ្នាំ១៩៨៦។ កាលនោះ ទីក្រុងហាណូយបានអនុម័តច្បាប់មួយចំនួន បានអនុញ្ញាតឲ្យមានវិនិយោគបរទេសជាលើកទីមួយបង្អស់។ គឺជាការផ្តើមឡើងនៃនយោបាយdoi moi ដែលគេអាចបកប្រែថាជា កំណែទម្រង់ ឬការផ្លាស់ប្តូរឲ្យបានប្រសើរឡើងស្រដៀងគ្នានឹងពាក្យ Perestroïka នៅសហភាពសូវៀតសម័យលោក Gorbatchev។
ក្រោយមកទៀត នៅឆ្នាំ១៩៩១ ថ្នាក់ដឹកនាំវៀតណាម បានផ្តើមធ្វើសេរីកម្មនៅលើវិស័យកសិកម្ម។ ដីធ្លីលែងជាកម្មសិទ្ធិរបស់សមូហភាព។ រដ្ឋាភិបាលទទួលស្គាល់វិស័យឯកជន និងធ្វើកំណែទម្រង់ក្រុមហ៊ុនរដ្ឋ។ នយោបាយdoi moi បាននាំមកយ៉ាងលឿនរហ័ស នូវលទ្ធផលល្អហួសការស្មាន និងគួរឲ្យភ្ញាក់ផ្អើលជាទីបំផុត។ នៅចុងទសវត្សរ៍ទី៩០ វៀតណាមដែលជាប្រទេសក្រគ្មានអង្ករច្រកឆ្នាំង បានក្លាយជាប្រទេសលក់អង្ករចេញទៅក្រៅលំដាប់ថ្នាក់លេខមួយ នៅក្នុងពិភពលោក។ នៅឆ្នាំ១៩៩៥ វៀតណាមក្លាយជាសមាជិកនៃអាស៊ាន មានទំនាក់ទំនងទូតឡើងវិញជាមួយសហរដ្ឋអាមេរិក ដែលបានសម្រេចឈប់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសអតីតសត្រូវមួយនេះរបស់ខ្លួន នៅឆ្នាំ១៩៩៤។
ជាការពិតណាស់ដែលថា សេរីកម្មសេដ្ឋកិច្ចនៅវៀតណាម មិនបាននាំមកទន្ទឹមគ្នានូវប្រជាធិបតេយ្យូបនីយកម្មនៃប្រទេស។ ក៏ប៉ុន្តែក្រុមអ្នកសង្កេតការណ៍ អះអាងថាសព្វថ្ងៃនៅផ្ទៃក្នុង គណបក្សកុម្មុយនិស្តវៀតណាម មានការតស៊ូមតិយ៉ាងផុសផុល ជុំវិញប្រធានរឿងពីរ។ ប្រធានរឿងទីមួយគឺការចាំបាច់ក្នុងការបង្កើតឲ្យមានអង្គការមួយចំនួនដែលមិនអាស្រ័យនឹងបក្សកុម្មុយនិស្ត ដូចយ៉ាងអង្គការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយជាដើម។
គោលដៅ គឺធ្វើយ៉ាងណាដើម្បីឲ្យមានបណ្តើរៗ ស្ថាប័នឯករាជ្យដែលអាចទប់កម្លាំងខ្លាំងជ្រុលរបស់គណបក្សកុម្មុយនិស្ត ពីព្រោះពិភពលោកដែលផ្លាស់ប្តូរ ទាមទារឲ្យមានការផ្លាស់ប្តូរដែរ នៅក្នុងប្រទេសវៀតណាម។
ប្រធានរឿងទីពីរនៃការតស៊ូមតិនៅក្នុងផ្ទៃក្នុងបក្សកុម្មុយនិស្តវៀតណាមសព្វថ្ងៃគឺការរៀបចំ ឲ្យមានតុល្យភាពល្អ រវាងចរន្តពួកកុម្មុយនិស្តខាងត្បូង និងចរន្តពួកកុម្មុយនិស្តខាងជើង។ គួរបញ្ជាក់ថា នៅឆ្នាំ១៩៧៥ ក្រោយពេលដែលទីក្រុងសៃហ្កុងបានធ្លាក់ ពួកកុម្មុយនិស្តដែលបានបង្កប់ខ្លួននៅវៀតណាមខាងត្បូងបាក់កម្លាំងទន់ខ្សោយខ្លាំង។ មូលហេតុទីមួយគឺបណ្តាលមកពី ក្នុងចន្លោះឆ្នាំ១៩៦៨ និងឆ្នាំ១៩៧៥ ពួកកុម្មុយនិស្តបង្កប់ខ្លួន នៅវៀតណាមខាងត្បូង បានស្លាប់អស់ច្រើន។
ឯមូលហេតុទីពីរ គឺបណ្តាលមកពី ការបង្រួបបង្រួមយ៉ាងលឿនរហ័ស វៀតណាមខាងត្បូងនិងវៀតណាមខាងជើងទៅជាប្រទេសតែមួយនិងការលាតសន្ធឹងរបៀបគ្រប់គ្រងប្រទេសតាមបែបកុម្មុយនីស្ត ពីខាងជើងមកខាងត្បូង ធ្វើឲ្យចរន្តពួកកុម្មុយនិស្តខាងជើង មានឥទ្ធិពលខ្លាំងជាង ចរន្តពួកកុម្មុយនិស្តខាងត្បូង។
ក៏ប៉ុន្តែ នៅដើមសតវត្សរ៍ទី២១នេះ សេដ្ឋកិច្ចមានតម្លៃជាងមនោគមវិជ្ជា បានន័យថាតំបន់ប៉ែកខាងត្បូង ជាពិសេសទីក្រុងសៃហ្កុងដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចកំពុងស្គាល់ការ អភិវឌ្ឍន៍លឿនជាងតំបន់ប៉ែកខាងជើង ជាហេតុធ្វើឲ្យចរន្តពួកកុម្មុយនិស្តខាងត្បូង មានទឹកមាត់ប្រៃឡើងវិញ។
លើសពីនេះទៅទៀត ប្រជាជនវៀតណាមនៅបរទេស កូនចៅរបស់ជនភៀសខ្លួនBoat people ដែលបានរៀនសូត្រនៅអាមេរិកឬនៅអឺរ៉ុប ត្រឡប់ចូលមកក្នុងមាតុប្រទេសវិញ ជាពិសេសមករស់នៅទីក្រុងសៃហ្កុង និងរកស៊ីមានបាន ក្លាយជាតួអង្គសេដ្ឋកិច្ចសំខាន់ៗ ដែលពីអំណើះតទៅ គណបក្សកុម្មុយនិស្តវៀតណាម ត្រូវតែយកចិត្តទុកដាក់៕

No comments:

Post a Comment