Tuesday, October 28, 2014

អ្វី​ដែល​​​អ្នក​មិន​បាន​ដឹង​អំពី​ទីស្ដីការ​ក្រសួង​ការពារ​ជាតិ​អាមេរិក ឬ​មន្ទីរ​បញ្ចកោណ


រូបភាព​មន្ទីរ​បញ្ចកោណ ថត​ពី​លើ​អាកាសប្រភព៖​ wikipedia
មន្ទីរ​បញ្ចកោណ (The Pentagon) ជា​ទីស្ដីការ​ក្រសួង​ការពារ​ជាតិ​របស់​សហរដ្ឋ​អាមេរិក មាន​ទីតាំង​នៅ​សង្កាត់​អាលីងតុន (Arlington County) ​រដ្ឋ​វីជីនៀ (Virginia)។ មន្ទីរ​បញ្ចកោណ​ត្រូវ​បាន​គូស​វាស​ប្លង់​ដោយ​វិស្វករ​ជនជាតិ​អាមេរិក លោក George Bergstrom និង​លោក David J. Witmer និង​ទទួល​ម៉ៅការ​សាងសង់​ដោយ​លោក John McShain។ 

មន្ទីរ​បញ្ចកោណ​ជា​អគារ​ដែល​មាន​វិសាលភាព​ធំ​ទូលាយ ​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី ៦០ ហិកតារ ក្នុង​នោះ ៣៤ ហិកតារ ​សម្រាប់​បុគ្គលិក​បម្រើ​ការ​ក្នុង​ការិយាល័យ។ បុគ្គលិក​ដែល​កំពុង​បម្រើ​ការ​នៅ​មន្ទីរ​បញ្ចកោណ​ទាំង​យោធា និង​ស៊ីវិល សរុប​ប្រហែល ២ ៣០០០ នាក់ និង​បុគ្គលិក​ក្រៅ​ម៉ោង​ចំនួន បី​ពាន់​នាក់។ អង្គភាព​ទ័ព​ជើង​គោក ជើង​ទឹក និង​ជើង​អាកាស មាន​ទី​បញ្ជាការ​នៅ​ក្នុង​មន្ទីរ​នេះ​តែ​មួយ។


អតីត​ប្រធានាធិបតី​អាមេរិក​ លោក​ហ្វេ្រងគ្លីន​រូស្វែល (Franklin Roosevelt) ចង់​ឲ្យ​គេ​សាងសង់​អគារ​នេះ​ដោយ​គ្មាន​បង្អួច ប៉ុន្តែ​ទី​ប្រឹក្សា​និង​វិស្វករ បាន​ពន្យល់​ទៅ​លោក​វិញ​ថា​ អគារ​មួយ​ទាំង​មូល ​មិន​អាច​គ្មាន​បង្អួច​ទេ ហើយ​លោក​ក៏​បាន​ប្ដូរ​ចិត្ត​ឲ្យ​សាងសង់​បង្អួច​វិញ។ មូល​ហេតុ​ដែល​លោក​មិន​ចង់​សង់​បង្អួច ដើម្បី​ការពារ​ខ្លួន​ក្រែង​មាន​ក្រុម​បច្ចាមិត្ត​វាយ​ប្រហារ​តាម​ជើង​អាកាស​មក​លើ​អគារ​នេះ។ 

បាន​ជា​អគារ​នេះ​ត្រូវ​គេ​ដាក់​ឈ្មោះ «The Pentagon ឬ​បញ្ចកោណ» ព្រោះ​វា​មាន​រាង​ប្រាំ​ជ្រុង ​កម្ពស់​លើ​ដី​ប្រាំ​ជាន់ និង​ជាន់​ក្រោម​ដី​ ពីរ​ជាន់។ អគារ​នេះ​មាន «អគារ​កញ្ចក់» ទំហំ ២ ហិកតារ​បួន​ជ្រុង នៅ​ចំ​កណ្ដាល។

អគារ​នេះ​ត្រូវ​បាន​សង់​នៅ​លើ​គ្រឹះ ៤,២ លាន​ម៉ែត្រ​គីប ជា​មួយ​និង​ជើង​ទម្រ​សង់​អំពី​បេតុង ៤១ ៤៩២ ដុំ​ធំៗ។ អគារ​នេះ​មិន​ត្រូវ​បាន​សង់​ខ្ពស់​ពេក​ទេ ពោល​គឺ​ត្រឹម​កម្ពស់​ ២៤ ម៉ែត្រ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​ស៊ី​សង្វាក់​គ្នា នឹង​ឧទ្យាន​ជាតិ Arlington National Cemetery  សម្រាប់​រំឭក​វិញ្ញាណក្ខន្ឋ​យុទ្ធជន​ដែល​បាន​ពលី​ជីវិត​ដើម្បី​ជាតិ​មាតុភូមិ ដែល​ជា​ទី​បញ្ចុះ​សព​យុទ្ធជន​ពលី​ក្នុង​សង្គ្រាម។ អគារ​នេះ​ត្រូវ​បាន​សាងសង់​ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​ប្រើ​កម្មករ​ជាង​១៣០០០ នាក់។
កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ មន្ទីរ​បញ្ចកោណ ​ត្រូវ​ក្រុម​ភេរវករ​ជិះ​យន្តហោះ​ដឹក​អ្នក​ដំណើរ​ធុន​ធំ Boeing ជិះ​បំបុក​ ​បណ្ដាល​ឲ្យ​ខូច​ខាត​អស់​មួយ​ជ្រុង និង​ស្លាប់​មនុស្ស ១៨៩ នាក់។

ប្រវត្តិ​នៃ​ការ​សាងសង់​មន្ទីរ​បញ្ចកោណ
ថ្ងៃ​ទី២៧ ខែឧសភា ឆ្នាំ១៩៤១ ប្រធានាធិបតី​ហ្វេ្រងគ្លីន​រូស្វែល (Franklin Roosevelt) ប្រកាស​ដាក់​ប្រទេស​ជាតិ​ក្នុង​គ្រា​អាសន្ន ពោល​គឺ ៣ សប្ដាហ៍​បន្ទាប់​ពី​កងទ័ព​អាល្លឺម៉ង់ វាយ​លុក​ចូល​សហភាព​សូវៀត។ សង្គ្រាម​លោក​លើក​ទី២ បាន​ផ្ទុះ​ពេញ​ទំហឹង ហើយ​តំបន់​អឺរ៉ុប​ភាគច្រើន​បំផុត ​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​កងទ័ព​អាល្លឺម៉ង់ (មាន​តែ​អង់គ្លេស​មួយ​ទេ ដែល​អាច​គេច​ផុត​ពី​កណ្ដាប់​ដៃ​អាល្លឺម៉ង់)។


ក្រសួង​ការពារ​ជាតិ​អាមេរិក កាលណោះ ឈ្មោះ «ក្រសួង​សង្គ្រាម -Department of War»។ អាស្រ័យ​ដោយ​សារ​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​ ដែល​បម្រើ​ការ​នៅ​ក្នុង​អគារ​ទីស្ដីការ «ក្រសួង​សង្គ្រាម» កើន​ចំនួន​ដល់​ទៅ​ ២៤ ០០០ នាក់ ហើយ​ធ្វើ​ការ​បែកខ្ញែក​គ្នា ពាសវាលពាសកាល​នៅ​ក្នុង​អគារ​ចំនួន ១៧ កន្លែង​ផ្សេង​គ្នា នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ គេ​ព្យាករណ៍​ថា បុគ្គលិក​នឹង​កើន​ចំនួន​ដល់​បី​ម៉ឺន​នាក់ (កាល​សម័យ​នោះ)។

ឧត្ដមសេនីយ៍​ចច​ម៉ាសល (George Marshall) ដែល​ជា​នាយ​សេនាធិការ​កងទ័ព​អាមេរិក បាន​ពិភាក្សា​ជា​មួយ​ឧត្ដម​សេនីយ៍​ដែល​ទទួល​បន្ទុក​ខាង​វិស្វកម្ម ហើយ​ពិនិត្យ​ឃើញ​ថា​ ទីស្ដីការ​ក្រសួង​ការពារ​ជាតិ​អាមេរិក​ត្រូវ​ការ​ទី​ធំ​ទូលាយ ដែល​អាច​ឲ្យ​បុគ្គលិក​អង្គុយ​ធ្វើការ​បាន​ បួន​ម៉ឺន​នាក់។ ដូច​នេះ​ទំហំ​អគារ​ត្រូវ​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ជាង ៣៧ ហិកតារ។ ដោយ​សារ​ នៅ​ទីក្រុង​វ៉ាស៊ីនតោន គេ​មិន​ដឹង​ទៅ​រក​ដី​ពី​កន្លែង​ណា​សម្រាប់​សង់​អគារ​ដែល​ស៊ី​ដី​ធំ​ដល់​ថ្នាក់​ហ្នឹង​បាន​ទេ គឺ​មាន​តែ​សង់​ក្រៅ​ទី​ក្រុង​វ៉ាស៊ីនតោន។


ពិធី​បញ្ចុះ​បឋមសិលា ដើម្បី​បើក​ការដ្ឋាន​សាងសង់​មន្ទីរ​បញ្ចកោណ បាន​ប្រារព្ធ​ធ្វើ​ឡើង​កាលពី​ថ្ងៃ១១ ខែកញ្ញា ឆ្នាំ១៩៤១ និង​សាងសង់​រួចរាល់​ជា​ស្ថាពរ​នៅ​ថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៤៣។ ឧត្ដមសេនីយ៍ ​ឡេះស្ល៊ីហ្គ្រោ (Leslie Groves) ទទួល​បន្ទុក​ខាង​​ត្រួត​ពិនិត្យ​មើល​ដំណើរ​ការ​សាងសង់​នេះ (លោក​រៀន​បញ្ចប់​ថ្នាក់​វិស្វកម្ម និង​ក៏​ជា​សហ​ស្ថាបនិក​គម្រោង​បង្កើត​កម្មវិធី​បរមាណូ​ដំបូង​បំផុត The Manhattan Project ទៀត​ផង)។

No comments:

Post a Comment