Sunday, October 26, 2014

ភូមិសាស្ត្រនយោបាយ ហ្វីលីពីន

របបនយោបាយហ្វីលីពីន
លទ្ធិប្រជាធិបតេយ្យហ្វីលីពីន បានលេចចេញជាពន្លកឡើង នៅខែកុម្ភៈឆ្នាំ១៩៨៦។ កាលនោះ សហរដ្ឋអាមេរិក ក្រោមអាណត្តិប្រធានាធិបតីរបស់រីហ្កាន(Reagan) បានបង្ខំឲ្យ ម៉ារកូសដែលជាអ្នកកាន់អំណាចផ្តាច់ការដុះស្លែ រៀបចំបោះឆ្នោតដោយសេរី។ ជោគជ័យស្រាប់តែបានទៅលោកស្រីកូរី អាគីណូ(Cory Aquino) ភរិយាមេម៉ាយរបស់មេដឹកនាំគណបក្សប្រឆាំង លោកបេនីញ៉ូ អាគីណូ(Benigno Aquino) លោក បេនីញ៉ូ អាគីណូដែលត្រូវបានគេធ្វើឃាត នៅឆ្នាំ១៩៨៣។

ក៏ប៉ុន្តែ ម៉ារកូសមិនព្រមចុះចេញពីអំណាច ជាហេតុបាន បង្កឲ្យមានមហាបាតុកម្មដែលគេប្រសិទ្ធនាមឲ្យថា បដិវត្តន៍សីលធម៌។ នៅទីបំផុត ម៉ារកូស បានបង្ខំចិត្តនិរទេសទៅស្រុកក្រៅ ក្រោយពីត្រូវបានវិហារកាតូលិក កងទ័ព សហរដ្ឋអាមេរិកឈប់គាំទ្រនិងបោះបង់ចោល។
តាំងពីពេលនោះមក លទ្ធិប្រជាធិបតេយ្យបានក្លាយជាការពិតនៅហ្វីល្លីពីន ស្តែងចេញតាមរយៈការអនុម័តរដ្ឋធម្មនុញ្ញមួយនៅឆ្នាំ១៩៨៧ និងតាមរយៈការផ្លាស់ប្តូរប្រធានាធិបតីបន្តបន្ទាប់គ្នា៖ មានលោកស្រីកូរី អាគីណូ ពីឆ្នាំ១៩៨៦ដល់ឆ្នាំ១៩៩២ លោក ហ្វីឌែល រ៉ាមូស (Fidel Ramos) ពីឆ្នាំ១៩៩២ដល់ឆ្នាំ១៩៩៨ លោកអេស្រ្តាដា(Estrada) ពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០០១ លោកស្រី អារ៉ូយ៉ូ(Aroyo) និងលោកបេនីញ៉ូ ណូយណូយ អាគីណូ(Benigno Noynoy Aquino) ពីឆ្នាំ២០១០ មកទល់សព្វថ្ងៃ។
យ៉ាងណាមិញ លទ្ធិប្រជាធិបតេយ្យហ្វីល្លីពីនផុយស្រួយមែនទែន។ មូលហេតុមានច្រើនយ៉ាង។ មូលហេតុទីមួយ គឺបណ្តាលមកពីអំណាចមួយភាគធំបានធ្លាក់ទៅក្នុងកណ្តាប់ដៃរ របស់ពួកអ្នកមានជាងគេបង្អស់មួយក្រុមនិងរបស់ក្រុមគ្រួសារពួកគេ ជាភាសាបារាំង គេហៅថា Oligarchie។ បានន័យថា ត្រកូលគ្រួសារអស់ទាំងនេះមិនធ្លាក់ខ្លួនក្រ និងនៅតែបន្ត មានអំណាចធំ តរហូតមកទល់សព្វថ្ងៃ ទោះបីជាម៉ារកូសនិងបក្សពួករបស់ម៉ារកូស ឈប់គ្រប់គ្រងប្រទេសហ្វីល្លីពីន ជាងម្ភៃប្លាយឆ្នាំកន្លងមកហើយក៏ដោយ។ ត្រកូលគ្រួសារអស់ទាំងនេះ បន្តមានទំនាក់ទំនងជាមួយថ្នាក់ដឹកនាំនយោបាយ បន្តគាបសង្កត់ និងអូសទាញរដ្ឋាភិបាលហ្វីល្លីពីនបន្តបន្ទាប់គ្នា ឲ្យអនុវត្តនយោបាយណា ដែលអាចជួយបង្កើនផលប្រយោជន៍របស់ពួកគេតទៅទៀត។
មូលហេតុទីពីរនៃលទ្ធិប្រជាធិតេយ្យផុយស្រួយនៅហ្វីល្លីពីន គឺបណ្តាលមកពីថ្នាក់ដឹកនាំនៃប្រទេសនិងក្រុមគ្រួសាររបស់ថ្នាក់ដឹកនាំ ចាត់ទុកសម្បត្តិសាធារណៈខ្លះ ថាជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគេ ជាភាសាបារាំង គេហៅថា Patrimonialisme។
វត្តមាននៃបាតុភាព Oligarchie និងបាតុភាពPatrimonialisme នៅក្នុងប្រព័ន្ធនយោបាយហ្វីល្លីពីន បង្កឲ្យមានអំពើពុករលួយ និងជួនកាលអស្ថិរភាពនយោបាយទៀតផង។ ពីព្រោះវាធ្វើឲ្យរដ្ឋអំណាចទន់ជ្រាយ និងជម្រុញឲ្យមន្រ្តីរដ្ឋការដែលមិនអព្យាក្រឹតទាល់តែសោះ អត់គោរពច្បាប់ ហើយមិនអនុវត្តច្បាប់ ពេលត្រូវប្រឈមមុខនឹងអ្នកមានឬអ្នកមានអំណាចម្តងៗ។
*
គឺបាតុភាពOligarchie និងបាតុភាពPatrimonialismeនេះហើយ ដែលបានបង្កឲ្យមានអំពើពុករលួយ និងនៅទីបំផុតបានបណ្តាលឲ្យលោកអេស្រ្តាដាដួលរលំពីតំណែងប្រធានាធិបតី នៅឆ្នាំ២០០១។
អេស្រ្តាដាជាតួឯកកុនម្នាក់ ដែលបានជាប់ឆ្នោតជាប្រធានាធិបតី នៅឆ្នាំ១៩៩៨ ដោយសារតែល្បីឈ្មោះខ្លាំង។ ក៏ប៉ុន្តែ បន្តិចម្តងៗ អេស្រ្តាដាដែលត្រូវរ៉ូវគ្នាជាមួយត្រកូលគ្រួសារអ្នក មានស្តុកស្តម្ភខ្លះតាំងពីជំនាន់ម៉ារកូសមក បានទទួលប្រាក់សំណូកពីពួកអ្នកទាំងនោះ ហើយដើម្បីសងគុណពួកគេវិញ បានប្រើអំណាចជួយពួកគេឲ្យរកស៊ីកាន់តែមានបាន។
នៅក្នុងចំណោមពួកអ្នកមានដែលបានស៊ុមគ្រលំជាមួយរដ្ឋអំណាចអេស្រ្តាដា រួមមានជាអាទិ៍ Lucio TAN។ តាមរយៈអភិក្រមនៃឯកជនភាវូបនីយកម្មមិនស្របច្បាប់មួយ Lucio TAN បានទិញភាគហ៊ុននៃធនាគារPhilippine National Bank បានរហូតដល់ទៅ៤៦% ហើយដោយសារតែអន្តរាគមន៍របស់ប្រធានាធិបតីអេស្រ្តាដា Lucio TAN បានពង្រឹងយ៉ាង មាំល្អ ឥទ្ធិពលរបស់ខ្លួននៅក្នុងក្រុមប្រឹក្សាភិបាលនៃធនាគារទៀតផង។
អ៊ីចឹងហើយ បានជាបន្តិចម្តងៗ អ្នកនយោបាយឆ្វេងនិយមដែលជាចន្ទល់មួយដ៏សំខាន់របស់អេស្រ្តាដា បានបែរខ្នងដាក់គាត់ ឈប់គាំទ្រគាត់ ជាពិសេសក្រោយពីសភាហ្វីល្លីពីន បានចាប់ផ្តើមតុបតែងនីតិក្រមដើម្បីទំលាក់គាត់ចេញពីតំណែងប្រធានាធិបតី។ នៅឆ្នាំ២០០១ អេស្រ្តាដាបានបង្ខំចិត្តលាលែងចេញពីតំណែង និងប្រគល់អំណាចទៅឲ្យលោកស្រី
អារ៉ូយ៉ូដែលជាអនុប្រធានាធិបតី កាន់កាប់វិញម្តង។
ចំណុចខ្សោយមួយទៀតនៃលទ្ធិប្រជាធិបតេយ្យហ្វីល្លីពីន គឺការប៉ុនប៉ងធ្វើរដ្ឋប្រហារមិន ស្វាងពីសំណាក់កងទ័ព។ ឧទាហរណ៍ជាក់ស្តែង នៅក្រោមអាណត្តិប្រធានាធិបតីរបស់
កូរី អាគីណូ ពីឆ្នាំ១៩៨៦ដល់ឆ្នាំ១៩៩២ មានច្រើនណាស់ការប៉ុនប៉ងធ្វើរដ្ឋប្រហារ ក្នុងនោះមានរដ្ឋប្រហារចំនួនពីរដែលវិះតែទទួលជោគជ័យ។
ក្រោយមកទៀត ក៏ដូចគ្នាអ៊ីចឹងដែរ លោកស្រីប្រធានាធិបតីអារ៉ូយ៉ូ ក៏ត្រូវប្រឈមមុខមិនស្វាង នឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារដែរ។ នៅខែកុម្ភៈឆ្នាំ២០០៦ អារ៉ូយ៉ូបានសម្រេចចិត្តប្រកាសដាក់ប្រទេសទាំងមូលក្នុងភាពអាសន្ន ដើម្បីទប់ស្កាត់កុំឲ្យ« រដ្ឋប្រហាររបស់ពួកសកម្មជនឆ្វេងនិយមនិងរបស់ពួកយោធាផ្សងព្រេងនិយម» កើតឡើងទាន់។ ក៏ប៉ុន្តែ ពួកអ្នកប្រឆាំងបាននាំគ្នាចោទថាអារ៉ូយ៉ូ បានធ្វើដូចនេះ ក្នុងគោលដៅពង្រឹងអំណាចរបស់លោកស្រីតែប៉ុណ្ណោះ។
តាំងពីឆ្នាំ២០១០មក ណូយណូយ អាគីណូ កូនប្រុសរបស់លោកស្រីអតីតប្រធានាធិបតីកូរី អាគីណូជាអ្នកដឹកនាំប្រទេសហ្វីលីពីន។ តាមមើលទៅ ណូយណូយអាគីណូ ក៏មិនសូវខុសពីប្រធានាធិបតីមុនៗដែរ នឹងប្រហែលជាគេចមិនផុតឡើយពីបាតុភាពបក្សពួកនិយម និងគ្រួសារនិយម។ មូលហេតុ គឺមកអំពីនៅហ្វីល្លីពីន អំណាចនយោបាយ ក៏ដូចអំណាចសេដ្ឋកិច្ច សុទ្ធតែឋិតនៅក្នុងកណ្តាប់ដៃរបស់គ្រួសារអ្នកមាននិងអ្នកមានឈ្មោះល្បីល្បាញមួយក្រុមដដែលជាដដែល ទោះបីជាប្រទេសនេះបានឆ្លងចេញផុតពីសករាជអំណាចផ្តាច់ការរបស់ម៉ារកូស តាំងពីឆ្នាំ១៩៨៦ក៏ដោយ៕

No comments:

Post a Comment