ការធ្វើមោឃៈភាពគម្រោងដីសម្បទានសេដ្ឋកិច្ចចំនួន១៩នាពេលថ្មីៗនេះគឺជាសញ្ញាវិជ្ជមានមួយដែលបញ្ជាក់ថារដ្ឋាភិបាលកំពុងតែធ្វើតាមការសន្យាក្នុងពេលដើមអាណត្តិរបស់ខ្លួនក្នុងការកែទម្រង់ស៊ីជម្រៅតាមរយៈការគ្រប់គ្រងដីធ្លីនិងធនធានព្រៃឈើ។ នេះបើតាមការសង្កេតរបស់អ្នកជំនាញ។
ប៉ុន្តែអ្នកជំនាញបានព្រមានថានៅមានកិច្ចការជាច្រើនទៀតដែលរដ្ឋាភិបាលត្រូវធ្វើមុននឹងអាចសម្រេចការកែទម្រង់នេះបានជោគជ័យ។
លោកឱក សេរីសុភ័ក្រអ្នកឯកទេសខាងផ្នែកអភិបាលកិច្ចបានបញ្ជាក់នៅក្នុងកម្មវិធីហេឡូVOA ថាតម្លាភាពជាកត្តាគន្លឹះមួយដែលរដ្ឋាភិបាលត្រូវគិតគូនៅក្នុងការផ្តល់ដីសម្បទានសេដ្ឋកិច្ចព្រោះប្រជាពលរដ្ឋមូលដ្ឋានដែលរងផលប៉ះពាល់និងមន្ត្រីថ្នាក់ជាតិនិងក្រោមជាតិខ្លះក៏មិនត្រូវបានគេធ្វើការពិភាក្សាជាមួយមុននឹងគម្រោងអភិវឌ្ឍន៍បានចេញជាផ្លូវការ។
លោកសុភ័ក្របានបញ្ជាក់ថា៖ «នេះគឺជាការបាត់បង់នូវតម្លាភាពដែលជាគន្លឹះមួយនៃអភិបាលកិច្ចល្អ»។
រដ្ឋាភិបាលកម្ពុជាបានប្រកាសនិរាករណ៍អាជ្ញាបណ្ណគម្រោងអភិវឌ្ឍន៍ចំនួន១៩ដែលក្រុមហ៊ុនឯកជនទទួលសិទ្ធិវិនិយោគលើដីសម្បទានសេដ្ឋកិច្ចហើយបង្កការប៉ះពាល់ដល់ប្រជាពលរដ្ឋហើយក្រុមហ៊ុនខ្លះមិនបានធ្វើសកម្មភាពអភិវឌ្ឍន៍អ្វីទេ។ ប៉ុន្តែរដ្ឋាភិបាលមិនបានបញ្ជាក់ពីចំណាត់ការណាមួយដើម្បីដាក់ទោសក្រុមហ៊ុនដែលបានទទួលយកដីទៅរាប់ឆ្នាំហើយដោយមិនអភិវឌ្ឍន៍នោះឡើយ។
លោកសុភ័ក្របានបន្ថែមទៀតថាការចូលរួមរបស់មជ្ឈដ្ឋាននានាគឺជាការសំខាន់ណាស់៖
«មុននឹងដាក់ដីជាសម្បទានសេដ្ឋកិច្ចនេះគឺយើងគិតថាដីទាំងអស់ហ្នឹងថ្វីត្បិតរាជរដ្ឋាភិបាលជាអ្នកគ្រប់គ្រងប៉ុន្តែដីទាំងអស់ហ្នឹងជារបស់ប្រជាពលរដ្ឋ របស់កូនចៅយើងដែលកើតហើយ ហើយកំពុងរស់នៅ ហើយទាំងទៅថ្ងៃក្រោយទៀតរាប់លាននាក់ដែលមិនទាន់កើតក៏ជារបស់គេដែរ។ អីចឹងការចាត់ចែងត្រូវតែប្រយ័ត្នហើយត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ។ ហើយលក្ខណៈតែពីរនៃអភិបាលកិច្ចគឺតម្លាភាពនិងការចូលរួមគឺមានការខ្វះចន្លោះច្រើនណាស់»។
នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថានបានថ្លែងការពារនីតិវិធីរបស់រដ្ឋាភិបាលក្នុងការផ្តល់ដីសម្បទានថា៖
«តាមពិតជាក់ស្តែងទៅយើងបានចុះទៅមើលដែរហើយតំបន់យើងភាគច្រើនមិនមានប្រជាជនទេពីមុនមកតែបន្ទាប់ពីបានគោលការណ៍បន្ទាប់ពីក្រុមហ៊ុនទៅឈូសឆាយកន្លែងដាំជួនកាលក៏យើញមានបងប្អូនមកពី តំបន់ផ្សេងគាត់ទៅ ទន្ទានយកដីនេះតែ ម្តងក៏ប៉ុន្តែខ្ញុំក៏ទទួលស្គាល់ដែរថាការគូសរបស់យើងនេះតាមពិតទៅ យើងក៏បានដឹងថាមានភូមិនៅក្បែរៗនោះ ហើយយើងក៏បានធ្វើការម៉ត់ចត់ដែរជាមួយក្រុមហ៊ុនឱ្យគាត់អនុវត្តនូវគោលនយោបាយស្បែកខ្លាបើប៉ះនៅភូមិគឺយើងឃ្វៀលចោលកន្លែងនោះតែម្តង»។
គណបក្សគ្រប់គ្រងអំណាចបានបាត់បង់អាសនៈអស់ចំនួន២២ក្រោយពីការបោះឆ្នោតជាតិខែកក្កដាឆ្នាំ២០១៣បើទោះបីជាខិតខំប្រឹងប្រែងដោះស្រាយវិបត្តិដីធ្លីដែលបានរួតរឹតតាំងពីទីក្រុងរហូតដល់ជនបទក៏ដោយ។
លោករដ្ឋមន្ត្រីសាយ សំអាល់ ក៏បានបញ្ជាក់បន្ថែមពីការប្តេជ្ញារបស់លោកក្នុងការដោះស្រាយទំនាស់ដីធ្លី នេះថា៖
«រឿងនេះតាំងពីមុនបោះឆ្នោតមកម្ល៉េះតាមរយៈចលនាយុវជនយើងក្នុងគោលនយោបាយចាស់សកម្មភាពថ្មី របស់យើងគឺយើងបានអនុវត្តតាំងពីមុនបោះឆ្នោតមកម្ល៉េះហើយនេះគឺជាការធ្វើជាបន្តបន្ទាប់ទៀតព្រោះរឿងនោះទោះបីយើងបានដោះស្រាយមួយចំនួនធំក៏ដោយក៏ប៉ុន្តែនៅបញ្ហាសេសសល់យើងត្រូវប្តេជ្ញាចិត្តតស៊ូដោះស្រាយបញ្ហានេះសង្ឃឹមថាបានចប់ចុះ»។
លោកសុភ័ក្រយល់ថាការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចឱ្យបានល្អគឺនឹងផ្តល់ផលប្រយោជន៍ទាំងសម្រាប់រដ្ឋនិងប្រជាពលរដ្ឋ។
យ៉ាងណាក៏ដោយ លោក សុភ័ក្រយល់ឃើញថាការផ្តល់ដីសម្បទានសេដ្ឋកិច្ចរយៈពេលដល់ទៅ៩៩ឆ្នាំគឺមានរយៈពេលយូរពេកដូច្នេះទាមទារឱ្យមានការសើរើពិនិត្យឡើងវិញលើគោលនយោបាយនេះ។ លោកយល់ថារយៈពេលដែលយូរបំផុតគឺមិនត្រូវលើសពី៤០ឆ្នាំទេជាពិសេសដីដែលនៅតាមបណ្តោយព្រំដែនជាមួយនឹងប្រទេសជិតខាង។
«ដីនៅតាមព្រំដែនផងក៏ បញ្ហាហ្នឹងគឺយើងឯកភាពទាំងអស់គ្នាហើយថាគួរតែសើរើពិនិត្យមើលឡើងវិញនៅក្នុងរឿងហ្នឹងបើមិនអញ្ចឹងទេទៅថ្ងៃក្រោយទៅអាចទៅ ជារឿងនយោបាយធ្ងន់ធ្ងរមិនមែនតែនៅ ក្នុងស្រុកទេសយើងទេអាចនឹងប៉ះពាល់ដល់ទំនាក់ទំនងអន្តរជាតិរវាងយើងនិងប្រទេសជិតខាង»។
លោកក៏បានបញ្ជាក់ដែរថារដ្ឋាភិបាលត្រូវតែពិនិត្យមើលក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចដែលបានទទួលដីព្រៃយកទៅអភិវឌ្ឍន៍ប៉ុន្តែមិនបានធ្វើសកម្មភាពត្រូវពិនិត្យថាក្នុងពេលនោះមានធ្វើឱ្យបាត់ដើមឈើប្រណិតឬយ៉ាងណាមុននឹងទទួលយកតំបន់ទាំងនោះ មកវិញហើយបើឃើញមានការបាត់បង់ឈើគឺត្រូវបង់សងមករដ្ឋាភិបាលវិញ៕
No comments:
Post a Comment