Tuesday, October 28, 2014

កូរ៉េ​ខាង​ជើង​មាន​ធនធាន​មនុស្ស​ខ្លាំង អាច​ផលិត​អ្វី​ក៏បាន តែ​ហេតុដូច​ម្ដេច​ក៏​ក្រ​ដុន​ដាប​ខ្លាំង​ម៉្លេះ?


កូរ៉េ​ខាង​ជើង​មាន​ធនធាន​មនុស្ស​ខ្លាំង អាច​ផលិត​អ្វី​ក៏បាន តែ​ហេតុដូច​ម្ដេច​ក៏​ក្រ​ដុន​ដាប​ខ្លាំង​ម៉្លេះ?ប្រភព៖​ globalpost , dailyslave
ទិន្នន័យ​សង្ខេប​អំពី​ប្រទេស​កូរ៉េ​ខាង​ជើង
ឈ្មោះ​ជា​ផ្លូវការ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ
ទំហំ​ផ្ទៃដី ១២០ ៥៤០ គីឡូម៉ែត្រ​ការ៉េ
​របបនយោបាយ របប​ឯក​បក្ស (single party) និង​សន្តតិវង្ស​និយម (family dynasty)
ប្រជាពលរដ្ឋ​សរុប ជិត ២៥ លាន​នាក់
ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​អង្គការ​សហប្រជាជាតិ ១៧ ខែកញ្ញា ឆ្នាំ១៩៩១ (ចូល​ក្នុង​ថ្ងៃ​តែ​មួយ​ជា​មួយ​កូរ៉េខាងត្បូង​ដែរ)។



អំពី​របប​នយោបាយ
នយោបាយ​ក្នុង​ប្រទេស 
កូរ៉េខាងជើង​ប្រកាន់​យក​របប​នយោបាយ​យោធា​និយម និង​ឯកបក្ស ដោយ​ក្នុង​នោះ ថ្នាក់​ដឹកនាំ​កំពូល​ត្រូវ​ជ្រើស​តាម​បែបផែន «សន្តតិវង្ស​និយម -family dynasty» មាន​ន័យ​ថា​កាន់​អំណាច​តពូជ ត​អម្បូរ ផ្ទេរ​ពី​ឪពុក​ទៅ​កូន -កូន​ទៅ​ចៅ ហូរហែ​ត​រៀង​ទៅ។

នយោបាយ​ក្រៅ​ប្រទេស ឬ​នយោបាយ​ការ​បរទេស (foreign policy)
ប្រទេស​កូរ៉េខាងជើង ប្រកាន់​នយោបាយ​ការ​បរទេស «ឯកោនិយម -isolationism» ដែល​មាន​ន័យ​ថា​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​របស់​ប្រទេស​ណា​ទាំងអស់ ហើយ​ប្រសិនបើ​ដាក់​ទំនាក់​ទំនង​ការ​ទូត​នឹង​គ្នា គ្រាន់តែ​ជា​ទំនាក់​ទំនង​ធម្មតា ឬ​ពាក់ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជកម្ម​តែ​ប៉ុណ្ណោះ។


អំពី​វិស័យ​សេដ្ឋកិច្ច 
កត្តា​ដែល​នាំ​ឲ្យ​សេដ្ឋកិច្ច​កូរ៉េខាងជើង​មិន​រីក​ចម្រើន​មាន​ដូច​តទៅ៖ ១-អនុវត្ត​តាម​សេដ្ឋកិច្ច​ផែនការ ២-ផ្ដោត​លើ​វិស័យ​យោធា​ខ្លាំង​ពេក ទាំង​វិស័យ​កសិកម្ម ឧស្សាហកម្ម បែរ​មុខ​ព្រួញ​ទៅ​ផ្គត់​ផ្គង់​តែ​វិស័យ​យោធា ៣-លក្ខខណ្ឌ​ធម្មជាតិ​មិន​អំណោយ​ផល ព្រោះ​ដី​បង្កបង្កើន​ផល​មាន​ទំហំ​តូច និង​រង​ទឹក​ជំនន់ និង​ព្យុះភ្លៀង​ឥត​ឈប់ឈរ និង ៤-ដែល​សំខាន់​បំផុត​គឺ​នយោបាយ​ដើរ​មិន​ត្រូវ ដើរ​តាម​លទ្ធិ​ផ្ដាច់​ការ និង​ឯកោ​និយម ខ្វះ​ទំនាក់​ទំនង​ជា​មួយ​មជ្ឈដ្ឋាន​ខាង​ក្រៅ និង​ចូល​ចិត្ត​បង្ក​អរិភាព ​ទាំង​នៅ​ក្នុង​ប្រទេស និង​អន្តរជាតិ ម្ល៉ោះ​ហើយ​ខ្វះ​ឯកភាព​ផ្ទៃ​ក្នុង​ជាតិ និង​ខ្វះ​ការ​ជួយ​ជ្រោមជ្រែង​ពី​ខាង​ក្រៅ។

កូរ៉េខាងជើង​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​ប្រមូល​ផល​ដំណាំ និង​ផ្លែឈើ​លំដាប់​កំពូល​របស់​ពិភពលោក។ អង្គការ​ស្បៀងអាហារ និង​កសិកម្ម (Food and Agriculture Organization) វាយតម្លៃ​ថា​កូរ៉េខាងជើង​ជាប់​ចំណាត់​ថ្នាក់​ទី១០​ពិភពលោក ខាង​ប្រមូល​ផល​ផ្លែឈើ និង​ជាប់​ចំណាត់​ថ្នាក់​ទី១២ ខាង​ប្រមូល​ផល​ពី​បន្លែ។ 



ចុះ​ហេតុ​ដូចម្ដេច​ក៏​ប្រជាពលរដ្ឋ​កូរ៉េ​ខាង​ជើង​នៅ​តែ​ស្លាប់​ដោយ​ដាច់​ពោះ (starvation) ជា​រៀងរាល់​ឆ្នាំ? ព្រោះ​រដ្ឋាភិបាល​ផ្ដោត​ជា​សំខាន់​លើ​ការ​នាំ​កសិផល​ទាំង​នេះ​ទៅ​លក់​ក្រៅ​ស្រុក មិន​មែន​ដាំ​ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ការ​ក្នុង​ស្រុក​នោះ​ទេ។

កូរ៉េខាងជើង​ទទួល​​ជំនួយ​សេដ្ឋកិច្ច (economic aid) និង​​ជំនួយ​យោធា (military aid) ពី​សហភាពសូវៀត ប៉ុន្តែ​ដោយ​សារ​សូវៀត​ជាប់​ដៃ​នៅ​អាហ្វហ្គានីស្ថាន ក្នុង​សង្គ្រាម​ពេញ​មួយ​ទសវត្ស​ទី៨០ សូវៀត​ក៏​បន្ថយ​ជំនួយ​ទៅ​កូរ៉េខាងជើង ដូចនេះ កូរ៉េខាងជើង​ត្រូវ​រៀន​រស់​ដោយ​ខ្លួន​ឯង។

ត្រឹម​ចុង​ទសវត្ស​ទី​៩០ សូវៀត​កាត់បន្ថយ​ជំនួយ​ទៅ​កូរ៉េខាងជើង រហូត​ដល់​ចំណុច​សូន្យ (ឈប់​ផ្ដល់​ជំនួយ​ទាំងស្រុង)។

មុន​​ឆ្នាំ១៩៧៥ ​សេដ្ឋកិច្ច​កូរ៉េខាងជើង រីកចម្រើន​ជាង​កូរ៉េខាងត្បូង ដោយ​ផ្អែក​ទៅ​លើ​ចំណូល​សរុប​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ​ប្រចាំឆ្នាំ។ ប៉ុន្តែ​ដោយ​សារ​កូរ៉េខាងជើង​ផ្ដល់​អាទិភាព​​លើ​វិស័យ​យោធា​​ខ្ពស់​ពេក​ ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ត្រូវ​ស្រុត​ចុះ​បន្តិច​ម្ដងៗ ផ្ទុយ​ពី​កូរ៉េ​ខាង​ត្បូង ដែល​រីក​លូតលាស់​សេដ្ឋកិច្ច​ឥត​ឈប់ឈរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។


អំពី​វិស័យ​ការពារ​ជាតិ​
កូរ៉េខាងជើង ប្រកាន់​យក​របប​យោធានិយម ដែល​មាន​ន័យ​ថា​វិស័យ​យោធា​ជា​អាទិភាព​ចម្បង។ 

កូរ៉េខាងជើង​មាន​លទ្ធភាព​ផលិត​គ្រឿង​សព្វាវុធ ដោយ​ខ្លួន​ឯង ព្រោះ​មាន​រោងចក្រ​ស្លដែក និង​ផលិត​អាវុធ​នៅ​ក្នុង​ប្រទេស។ កូរ៉េខាងជើង មាន​រោងចក្រ ១៨០០ ​សម្រាប់​ផលិត​គ្រឿង​សព្វាវុធ ​និង​សម្ភារៈ​នានា​ផ្គត់ផ្គង់​វិស័យ​ការពារ​ជាតិ។ 

រោងចក្រ​ទាំងនោះ មាន​លទ្ធភាព​ផលិត​អាវុធ​គ្រប់​ប្រភេទ តាំងពី​អាវុធ​ធុន​ស្រាល រហូត​ដល់​កាំភ្លើងធំ រថពាសដែក រថក្រោះ មីស៊ីល ឧទ្ធម្ភាគចក្រ នាវាមុជទឹក យន្តហោះ​ខ្នាត​តូច និង​ទៅ​ថ្ងៃ​មុខ អាច​ផលិត​យន្តហោះ​ចម្បាំង​បាន​ទៀត​ផង។

កូរ៉េខាងជើង​ជា​ប្រទេស​ដែល​មាន​ចំនួន​កងទ័ព​ជាង​មួយ​លាន​នាក់ ជាប់​ចំណាត់ថ្នាក់​ទី៤ ខាង​ចំនួន​កងទ័ព។ រថពាសដែក ៦៦០០ គ្រឿង - រថក្រោះ ២៥០០ គ្រឿង – កាំភ្លើងធំ ៣៥០០ ដើម - ជើង​ទម្រ​បាញ់​កាំជ្រួច​ហ្វូង ៧០០ គ្រឿង រួម​ទាំង​កម្លាំង​ទ័ព​អាកាស និង​ទ័ព​ជើង​ទឹក​មួយ​ចំនួន​ទៀត៕

No comments:

Post a Comment