Wednesday, October 29, 2014

តើ​អ្នក​យល់​ដឹង​អ្វី​ខ្លះ​ ពី​ស្ថានភាព​​ក្រីក្រ​​របស់​ប្រជាជន​នៅ​​លើ​សកលលោក?


​ក្មេងៗ កំពុង​រត់​លេង​នៅ​ក្នុង​តំបន់​ក្រីក្រ​មួយ​ក្នុង​ប្រទេស​ហ្សំប៊ីប្រភព៖​ huffingtonpost
ថ្វីត្បិត​​គេ​ទទួល​ស្គាល់​ថា ​​បច្ចុប្បន្ន​​​នេះ​គឺ​ជា​យុគសម័យ​មួយ​ដែល​មាន​បច្ចេកវិទ្យា​រីក​ចម្រើន និង​​ការ​អភិវឌ្ឍ​​យ៉ាង​ជឿនលឿន​​ក៏​ពិតមែន ប៉ុន្តែ​គេ​មិន​អាច​មើល​រំលង​​​ជំងឺ​យ៉ាង​រ៉ាំរ៉ៃ​​មួយ​ដែល​កំពុង​យាយី​មនុស្ស​ម្នា​​នៅ​ជុំវិញ​ពិភពលោក​ជា​ប្រចាំ​​ទេ​ នោះ​គឺ​​ជំងឺ​​ភាព​ក្រីក្រ។ 

ប្រជាជន​ពិភពលោក​មិន​តិច​​ជាង ​១​ ពាន់​លាន​នាក់​នោះ​ទេ​ដែល​​មាន​ទាំង​កុមារ​ផង​នោះ​ ​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​​រស់​នៅ​ក្នុង​ស្ថានភាព​ក្រីក្រ​ធ្ងន់ធ្ងរ​ និង​ត្រូវ​ការ​ជំនួយ​ជា​បន្ទាន់​ពី​ស្ថាប័ន​អង្គការ​​អន្តរជាតិ​នានា។ 

The BNEWS នៅ​ថ្ងៃ​នេះ ​​បាន​យក​របាយការណ៍​របស់​​អង្គការសហប្រជាជាតិ (UN) ​មក​ចុះ​ផ្សាយ​ពី​ស្ថានភាព​ក្រីក្រ​របស់​ប្រជាជន​នៅ​ជុំវិញ​ពិភពលោក​ដូច​ខាងក្រោម​នេះ៖​​​​

១) ១ភាគ​២នៃ​ប្រជាជន​​សាកលលោក ឬ ជាង​ ៣​ពាន់​លាន​នាក់​​រក​ប្រាក់​ចំណូល​តិច​ជាង ​២,៥០ ដុល្លារ​ក្នុង​មួយ​ថ្ងៃ ខណៈ​ដែល​ប្រជាជន​ជាង ​១,៣​​​​ពាន់​លាន​នាក់​ បាន​រស់​នៅ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ក្រីក្រ​​ធ្ងន់ធ្ងរ​​​អាច​រក​ប្រាក់ចំណូល​​បាន​តិច​ជាង​១,២៥​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ។

២) កុមារ​​១​ពាន់​លាន​​នាក់​នៅ​ជុំវិញ​ពិភពលោក​រស់​នៅ​ក្នុង​ស្ថានភាព​ក្រីក្រ។ បើ​​យោង​តាម​របាយការណ៍​របស់​ UNICEF មាន​កុមារ​ ២២​០០០​នាក់​បាន​ស្លាប់​ជា​រៀងរាល់​ថ្ងៃ​ដោយ​សារ​ស្ថានភាព​ក្រីក្រ​នេះ​។

៣) មនុស្ស​ជាង​១​ពាន់​លាន​​នាក់​នៅ​ជុំវិញ​ពិភពលោក​ត្រូវ​បាន​គេ​វាយតម្លៃ​ថា ពុំ​មាន​ទឹក​ស្អាត​ប្រើប្រាស់​គ្រប់គ្រាន់​ ដែល​ក្នុង​នោះ​មាន​កុមារ ​៤០០​​លាន​នាក់​​។ នេះ​បាន​បង្ខំ​ឲ្យ​ពួកគេ​ប្រើប្រាស់​ទឹក​​កង្វក់​បង្ក​ទៅ​ជា​​ជំងឺ​ផ្សេងៗ ធ្វើ​ឲ្យ​កុមារៗ​​​ ៤៤៣​លាន​នាក់​មិន​បាន​​ចូល​រៀន​​ទៀត​ទាត់​ជា​រៀង​រាល់​ឆ្នាំ។

៤)​ កាល​ពី​ឆ្នាំ​២០១១​ គេ​បាន​រក​ឃើញ​ថា កុមារ​ ១៦៥​លាន​នាក់​​នៅ​ជុំវិញ​ពិភពលោក​មាន​អាយុ​ក្រោម ​​៥ ឆ្នាំ​បាន​កើត​ជំងឺ​ក្រិន​ដោយ​សារ​កង្វះ​អាហារូបត្ថម្ភ​​គ្រប់គ្រាន់​សម្រាប់​បរិភោគ។

៥) មនុស្ស​ ៨៧០​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក ត្រូវ​បាន​គេ​រក​ឃើញ​ថា ពុំ​មាន​អាហារ​គ្រប់គ្រាន់​ប្រចាំថ្ងៃ​សម្រាប់​បរិភោគ​នោះ​ទេ។

៦) ជំងឺ​មួយ​ចំនួន​ដែល​អាច​ការពារ​ និង​ព្យាបាល​​បាន​ដូច​ជា រាករូស រលាក​ទងសួត បាន​ឆក់​យក​អាយុ​ជីវិត​កុមារ​២​លាន​នាក់​ជា​រៀងរាល់​ឆ្នាំ។ នេះ​បណ្តាល​មក​ពី​ជីវភាព​គ្រួសារ​របស់​ពួកគេ​រស់​នៅ​ក្នុង​ស្ថានភាព​ក្រីក្រ​ពេក​មិន​អាច​​ទទួល​បាន​​សេវាកម្ម​ព្យាបាល​សមស្រប។​

៧) របាយការណ៍​កាល​ពី​ឆ្នាំ​២០១១​ បាន​បង្ហាញ​ថា កុមារ​១៩​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​មិន​បាន​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​ទូទៅ​​នោះ​ឡើយ។

៨) ១ភាគ​៤ នៃ​ប្រជាជន​នៅ​ជុំវិញ​ពិភពលោក ឬ ស្មើ​នឹង​១,៦​ពាន់​លាន​នាក់​​​បាន​រស់​នៅ​ដោយ​គ្មាន​អគ្គិសនី​ប្រើប្រាស់។

៩ តាម​របាយការណ៍​​​របស់​អង្គការសហប្រជាជាតិ​កាល​ពី​ឆ្នាំ​១៩៩៨​បាន​ឲ្យ​ដឹង​ថា គេ​ត្រូវ​ចំណាយ​ថវិកា ​៤០​ពាន់​លាន​ដុល្លារ​លើ​​ការ​អប់រំ ​ផ្តល់​ទឹក​ស្អាត និង អនាម័យ អប់រំ​សុខភាព​បន្តពូជ​ និង​អាហារូបត្ថម្ភ​ដល់​មនុស្ស​ម្នាក់ៗ​នៅ​​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ជុំវិញ​ពិភពលោក​។ ប៉ុន្តែ​នៅ​ពេល​បច្ចុប្បន្ន​ គេ​ត្រូវ​ចំណាយ​ថវិកា​៥០​ពាន់​​លាន​ដុល្លារ​លើ​ករណី​ដូច​គ្នា​នេះ។

១០ កម្មវិធី​ស្បៀងអាហារ​ពិភពលោក (World Food Programme) បាន​និយាយ​ថា ប្រជាជន​ក្រីក្រ​មាន​ភាព​អត់ឃ្លាន​ខ្លាំង ហើយ​ភាព​អត់ឃ្លាន​នេះ​​គឺ​​​ជា​ឃាតករ​ឈាម​ត្រជាក់​លេខ១ ដែល​បាន​សម្លាប់​មនុស្ស​ច្រើន​ជាង​ជំងឺអេដស៍ គ្រុនចាញ់ និង ជំងឺរបេង​បូក​បញ្ចូល​គ្នា​​ទៅ​ទៀត៕​

No comments:

Post a Comment