Wednesday, October 29, 2014

តើ​មាន​អ្វី​កើតឡើង​គួរឲ្យ​ចាប់អារម្មណ៍​​​​នៅ​លើ​​ពិភពលោក​​នា​​ឆ្នាំ​២០៥០?


រថយន្ត​​ទំនើប​បំផុត​​​​នឹង​​ចរាចរណ៍​លើ​ដងផ្លូវ​​ដោយ​​គ្មាន​​មនុស្ស​បើកប្រភព៖​ businessinsider
តើ​នឹង​​មាន​អ្វី​កើតឡើង​គូរ​ឲ្យ​ចាប់អារម្មណ៍​សម្រាប់​ប្រិយមិត្ត​​ ក៏ដូចជា​ប្រជាជន​នៅ​ទូទាំង​​សាកលលោក​នា​ឆ្នាំ២០៥០ ​ខាងមុខ? ប្រិយមិត្ត​ពិត​ជា​អន្ទះសា​ណាស់​មែន​ទេ? ​ចម្លើយ​នេះ​​អាច​រក​ឃើញ​បាន ​ប្រសិន​​បើ​លោក​អ្នក​​សាកល្បង​​សម្លឹង​មើល៍​ពី​ភាព​រីកចម្រើន​ខាង​បច្ចេកវិទ្យា​​​នៅ​ពេល​បច្ចុប្បន្ន​​​ប្រៀបធៀប​​​ទៅ​នឹង​ឆ្នាំ​២០៥០។ ពិត​មែន​ហើយ អ្វី​ដែល​នឹង​កើត​ឡើង​​នៅ​ពេល​​នោះ​ គឺ​ជា​ក្តី​ប្រាថ្នា​របស់​មិត្ត​អ្នក​​ដែល​ចង់​បាន​ជា​ទីបំផុត​។ តើ​ទាំង​នោះ​គឺ​ជា​អ្វី​ទៅ? ​​

១) អត្រា​មរណភាព​កុមារ​នៅ​លើ​ពិភពលោក​នឹង​ធ្លាក់​ចុះ​ទាប​បំផុត
នៅ​ក្នុង​សតវត្ស​ទី​២០ អត្រា​មរណភាព​​របស់​កុមារ​​អាយុ​ក្រោម ​៥​ឆ្នាំ​បាន​​កើនឡើង​​ ពោល​មាន​កុមារ​ចំនួន​ ៩០​នាក់​​ក្នុង​ចំណោម​កុមារ​ ១ ០០០​នាក់​បាន​ស្លាប់។ ប៉ុន្តែ ស្រប​ជា​មួយ​បច្ចេកទេស​ជឿនលឿន​នៅ​ក្នុង​ឆ្នាំ​២០៥០​ ខាង​មុខ​ចំនួន​នេះ​នឹង​ធ្លាក់​ចុះ​មក​ត្រឹមតែ​ ៣១​នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​កុមារ​ ១.០០០​នាក់​នេះ។

២)យើង​នឹង​មាន​ថ្នាំ​វ៉ាក់សាំង​ពិសេស​​អាច​ការពារ​ជំងឺ​​​អេដស៍​
គេ​មិនអាច​ព្យាករ​បាន​ទេ​ថា នឹង​មាន​ជំងឺ​សាហាវ​អ្វី​ខ្លះ​ទៀត​​នឹង​កើតឡើង​នៅ​ក្នុង​រយៈ​ពេល​​​ពីរ ឬ បី​ទសវត្ស​ខាង​មុខ។ ទោះបីជា​បែប​នេះ​ក្តី​ អ្នក​វិទ្យាសាស្ត្រ​បាន​អះអាង​ថា យ៉ាងហោចណាស់​​ ២០​ឆ្នាំ​ទៅ​មុខ​ទៀត ពួកគេ​នឹង​អាច​ផលិត​វ៉ាក់សាំង​​ពិសេស​មួយ​ប្រភេទ​អាច​ការពារ​ជំងឺ​បាន​ច្រើន​មុខ ​រួម​ទាំង​ជំងឺអេដស៍​ផង​ដែរ​ ដែល​បាន​សម្លាប់​មនុស្ស​ពី​១,៥​ទៅ​២​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​។​​

៣)មនុស្ស​​​អាច​រស់​នៅ​បាន​​ជា​រៀង​រហូត​ដោយ​ប្រើ​ខួរក្បាល​កុំព្យូទ័រ

ស្តាប់​ទៅ​ដូច​ជា​អច្ឆរិយ​ណាស់​មែនទេ? តែ​សម្រាប់​​អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​បាន​សង្ឃឹម​ថា ពួកគេ​នឹង​អាច​​ដាក់​ខួរក្បាល​មនុស្ស​រស់​ដែល​មាន​វ័យ​ចំណាស់​​​ចូល​ទៅ​ក្នុង​​រាងកាយ​មនុស្ស​សិប្បនិមិត្ត​ ឬ រ៉ូបូត ប្រើ​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ​ ដើម្បី​រក្សា​ជីវិត​របស់​​ពួកគេ​ឲ្យ​​រស់​នៅ​យូរ​អង្វែង​​បាន។ តាម​​ការ​អះអាង​របស់​អ្នក​វិទ្យាសាស្ត្រ​​ខាង​ប្រព័ន្ធ​ខួរក្បាល​របស់​​មនុស្ស​​​លោក​ Randal Koene ជនជាតិ​ហុឡង់ដ៍ បាន​មាន​ប្រសាសន៍​ថា កិច្ចការ​នេះ​នឹង​អាច​ជោគជ័យ​​នៅ​មុន​ឆ្នាំ​២០៤៥។

៤)​ប្រទេស​ក្រីក្រ​លែង​មាន​វត្តមាន​នៅ​លើ​ពិភពលោក

តាម​ប្រសាសន៍​របស់​មហាសេដ្ឋី​អាមេរិក​លោក ប៊ីល ហ្គេត​ ​បាន​​​អះអាង​ថា យ៉ាងហោចណាស់​នៅ​មុន​ឆ្នាំ​២០៣៥​ ខាងមុខ ប្រទេស​ក្រីក្រ​នៅ​ជុំវិញ​ពិភពលោក​​នឹង​លែង​​មាន​វត្តមាន​នៅ​លើ​ភព​ផែនដី​យើង​នេះ។ ផ្អែក​​លើ​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​វិញ ក៏​បាន​ឲ្យដឹង​ដែរ​ថា ​អត្រា​ភាព​ក្រីក្រ​នឹង​ធ្លាក់ចុះ​ពី​២១​% ​​នៅ​ឆ្នាំ​២០០៥ មក​ត្រឹមតែ​​២,៥% នៅ​ជុំវិញ​ពិភពលោក​នា​ឆ្នាំ​២០៥០​ខាង​មុខ។

៥)​មនុស្ស​យន្ត​នឹង​អាច​ជំនួស​​​​កម្លាំង​មនុស្ស​​ទាំងស្រុង​

ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ជំនួស​ឲ្យ​កម្លាំង​មនុស្ស​នៅ​ពេល​បច្ចុប្បន្ន​ជា​បណ្តើរៗ​ គឺ​ជា​សក្ខី​ភាព​មួយ​បញ្ជាក់​ថា ​​មនុស្ស​យន្ត នឹង​អាច​ជំនួស​កម្លាំង​មនុស្ស​បាន​ទាំងស្រុង​នៅ​ក្នុង​ឆ្នាំ​២០៥០​ខាងមុខ។ តាម​ប្រសាសន៍​របស់​លោក​សាស្ត្រាចារ្យ​ Hans Moraves មក​ពី​សាកលវិទ្យាល័យ​ Mellon របស់​អាមេរិក​បាន​​ព្យាករ​ថា មនុស្ស​យន្ត ឬ រ៉ូបូត​នឹង​អាច​ផ្លាស់​ទី​ដោយសេរី មាន​​បញ្ញា​ស្មារតី​​ភាព​វ័យ​ឆ្លាត​ ព្រម​ទាំង​មាន​ភាព​រហ័ស​រហូត​អាច​បំពេញ​ការងារ​ទូទៅ​​ដូច​មនុស្ស​ដែរ។

៦)ពិភពលោក​នឹង​មាន​លទ្ធភាព​​ប្រើប្រាស់​ថាមពល​កែច្នៃ​​ឡើង​វិញ​​ស្ទើរតែ​ទាំងស្រុង
​​​​​ប្រសិន​បើ​ការ​វិនិយោគ​លើ​ថាមពល​កកើត​ឡើង​វិញ​​កាន់តែ​​ច្រើន​ឡើង នៅ​មុន​ឆ្នាំ​២០៥០​ខាងមុខ ពិភពលោក​អាច​នឹង​អាច​ទាញ​យក​ថាមពល​ប្រើប្រាស់​​​ពី​ពន្លឺ​ព្រះអាទិត្យ ថាមពល​ខ្យល់ ​កម្លាំង​​ទឹកហូរ កាកសំណល់​ប្រើប្រាស់ ដែល​នេះ​នឹង​កាត់បន្ថយ​ការ​បំពុល​បរិស្ថាន​​នៅ​ពេល​បច្ចុប្បន្ន​រហូត​ដល់ ៨០%​។

៧​)រថយន្ត​​ទំនើប​បំផុត​​​​នឹង​​ចរាចរណ៍​លើ​ដងផ្លូវ​​ដោយ​​គ្មាន​​មនុស្ស​បើក
​​តាម​ការ​អះអាង​របស់​វិទ្យាស្ថាន​បច្ចេកវិទ្យា​អាមេរិក Milken របស់​អាមេរិក​បាន​​ព្យាករ​ថា រថយន្ត​ដ៏​ទំនើប​បំផុត​​​ទាំង​​សុវត្ថិភាព ឆ្លាត និង​​ប្រកប​ដោយ​ផាសុកភាព​ខ្ពស់​នឹង​​ចរាចរណ៍​ជា​ទូទៅ​ដូច​រថយន្ត​សព្វ​ថ្ងៃ​នៅ​លើ​ដង​ផ្លូវ​​ដោយ​​​គ្មាន​វត្តមាន​​មនុស្ស​បើក​។ ​វា​អាច​ការ​ពារ​អាយុជីវិត​អ្នក​ដំណើរ​បាន​កម្រិត​ខ្ពស់ និង ប៉ះពាល់​តិចតួច​បំផុត​ដល់​បរិស្ថាន។ រថយន្ត​ប្រភេទ​នេះ នឹង​ត្រូវ​បាន​ដាក់​ឲ្យ​ចរាចរណ៍ ៧​លាន​គ្រឿង​នៅ​ក្នុង​ឆ្នាំ ២០២០ និង ១០០​លាន​គ្រឿង​នៅ​ក្នុង​ឆ្នាំ​២០៥០។​​​​

៨)សមភាព​រវាង​បុរស​និង​ស្ត្រី នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច និង សង្គម​មាន​ការ​អភិវឌ្ឍ
​អវត្តមាន​ចលនា​ស្ត្រី​នៅ​ពេល​កន្លង​មក​នៅ​ក្នុង​ឆាក​នយោបាយ សេដ្ឋកិច្ច និង វប្បធម៌​​បាន​​រុញ​ច្រាន​ឲ្យ​ពិភពលោក​បាត់បង់​ប្រាក់ចំណូល​១៧%។ ចំនួន​នេះ​នឹង​ធ្លាក់​ចុះ​មក​ត្រឹមតែ ៤% នៅ​ពេល​​ដែល​​គម្លាត​​នៃ​វិសមភាព​​រវាង​បុរស​និង​ស្ត្រី កាន់តែ​ខិត​ជិត​មក​រក​គ្នា ដែល​នោះ​គឺ​ជា​ការ​ពាំនាំ​មក​នូវ​ការ​អភិវឌ្ឍ​ដល់​ពិភពលោក​ទាំងមូល។

៩)អត្រា​អនក្ខរភាព​យុវជន​​ស្ទើរតែ​ទាំងអស់​នៅ​លើ​ពិភពលោក​ធ្លាក់​ចុះ​មក​​​ទាប​បំផុត
យោង​​តាម​របាយការណ៍​​ស្រាវជ្រាវ​ពី​មជ្ឈមណ្ឌល Copenhagen Consensus Center បាន​ឲ្យដឹង​ថា នៅ​លើ​ពិភពលោក​បច្ចុប្បន្ន​មាន​​ប្រជាជន​២៣,៦% មិន​អាច​អាន ឬ សរសេរ​​​បាន។ ​គេ​ព្យាករ​ថា នៅ​មុន​ឆ្នាំ​២០៥០ ចំនួន​នេះ​នឹង​ធ្លាក់​ចុះ​​មក​ត្រឹមតែ​១២% ប៉ុណ្ណោះ។ ​

១០)សង្គ្រាម​នៅ​លើ​ពិភពលោក​នឹង​ធ្លាក់​ចុះ
ចាប់តាំង​ពី​ឆ្នាំ​២០០៩ នឹង​រហូត​ដល់​ឆ្នាំ​២០៥០ខាងមុខ​ ជម្លោះ​រវាង​ប្រទេស​ជា​ច្រើន​ដែល​ពាក់ព័ន្ធ​​ទៅ​នឹង​ជម្លោះ​​ប្រដាប់​អាវុធ​អន្តរជាតិ នឹង​​ថយ​ចុះ​៥០%។ នេះ​បើ​យោង​តាម​​ការ​អះអាង​របស់​សាស្ត្រាចារ្យ​ Håvard Hegre​មក​ពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​នយោបាយ​ Oslo របស់​ប្រទេស​ន័រវែស​។ 

១១)អ៊ីនធឺណិត​នឹង​មាន​វត្តមាន​គ្រប់​ទីកន្លែង​ទាំងអស់

តាម​ការ​អះអាង​របស់​ លោក Jonathon Porritt អ្នក​បរិស្ថាន​និយម​​របស់​​អង់គ្លេស និង ជា​ស្ថាបនិក​វេទិកា​ "The World We Made” បាន​ព្យាករ​ថា មនុស្ស​​៨​ពាន់​លាន​នាក់​ ឬ ស្មើ​នឹង​៩៧,៥% នៃ​​ប្រជាជន​​នៅ​ទូទាំង​ពិភពលោក​​នៅ​មុន​ឆ្នាំ​២០៥០​ខាង​មុខ នឹង​​មាន​អ៊ីនធឺណិត​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់។ ៣២ % នៅ​ប្រទេស​កំពុង​អភិវឌ្ឍ និង ៤០% នៅ​ប្រទេស​​អភិវឌ្ឍ។ 

១២)មនុស្ស​អាច​​វះកាត់​ផ្លាស់ប្ដូរ​​សរីរាង្គ​បាន​

​គេ​បាន​រក​ឃើញ​ថា ប្រជាជន​អាមេរិក​គិត​ជា​មធ្យម​ ១៨​នាក់​ក្នុង​មួយ​ថ្ងៃ​​បាន​ស្លាប់​ដោយ​សារ​ពុំ​មាន​សរីរាង្គ​សិប្បនិម្មិត​ណា​មួយ​​មក​ជំនួស​បាន។ តែ​​នៅ​៣៥​ខាងមុខ​ទៀត បញ្ហា​នេះ​នឹង​ត្រូវ​លុប​បំបាត់​ទាំងស្រុង ​ហើយ​សរីរាង្គ​សិប្បនិមិត្ត​ដែល​ចិញ្ចឹម​នៅ​ក្នុង​កែវ​វិទ្យាសាស្ត្រ​ដូច​ជា ថ្លើម បេះដូង សួត ​នឹង​អាច​វះកាត់​មក​ភ្ជាប់​​ក្នុង​រាងកាយ​​របស់​មនុស្ស​បាន​​។

១៣)អ្នក​ដែល​ចង់​បាន​កូន​ឆ្លាត​ សុភាព​ល្អ នឹង​បាន​​​​ដូច​​បំណង
ជា​ក្តី​សង្ឃឹម​មួយ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស្រាវជ្រាវ ក្រុម​វិស្វករ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​របស់​អាមេរិក​បាន​អះអាង​ថា ជំងឺ​តពូជ​ដែល​មាន​តាំង​ពី​កំណើត​នឹង​អាច​កម្ចាត់​​​បាន​នៅ​ក្នុង​ឆ្នាំ​២០៥០​ខាងមុខ។ រឹត​កាន់តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត ទារក ឬ ក្មេងៗ​ដែល​មាន​សុខភាព​​ទ្រុឌទ្រោម មិន​រឹងមាំ ខ្សោយ​បញ្ញា ក៏​នឹង​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​បាន​ដែរ ពោល​គឺ​មាន​សុភាព​ល្អ និង​ឆ្លាត​ក្នុង​កម្រិត​ IQ ខ្ពស់​ទៀត​ផង។

១៤)ពិភពលោក​នឹង​មាន​កម្មវិធី​បកប្រែ​ភាសា​​​ជា​ស្វ័យប្រវត្តិ

​​នៅ​ពេល​បច្ចុប្បន្ន​នេះ បើ​ប្រិយមិត្ត​មិន​​ចេះ​ភាសា​អង់គ្លេស​ទេ នោះ​លោក​អ្នក​ច្បាស់​ជា​ជួប​បញ្ហា​ទំនាក់ទំនង​ជា​មួយ​ជន​បរទេស។ តែ​កុំ​បារម្ភ បញ្ហា​នេះ​អាច​លុប​បំបាត់​បាន​ ព្រោះ​ថា​នៅ​មុន​ឆ្នាំ​២០៥០​ខាងមុខ​នេះ អ្នក​នឹង​អាច​​ស្តាប់ និង​សន្ទនា​ជា​មួយ​​មនុស្ស​មក​ពី​គ្រប់​ជាតិសាសន៍​ទាំងអស់​នៅ​លើ​ពិភពលោក​ដោយ​ប្រើ​ភាសា​ដើម​របស់​អ្នក​ផ្ទាល់ ដោយ​គ្រាន់តែ​ភ្ជាប់​វ៉ែនតា ឬ ទូរស័ព្ទ​iPhone ទំនើបៗ​ប៉ុណ្នោះ នោះ​វា​នឹង​បកប្រែ​ឲ្យ​អ្នក​ស្រាប់​តែ​ម្តង។

ទោះ​​យ៉ាងណា​ក៏ដោយ ​ទន្ទឹម​នឹង​​សុទិដ្ឋិនិយម​របស់​អ្នក​វិទ្យាសាស្ត្រ​ក្នុង​​ការ​ពាំនាំ​សមិទ្ធផល​នេះ​ជូន​មនុស្ស​ជាតិ​នៅ​ពេល​ខាងមុខ គេ​បានព្យាករ​ទុក​ជា​មុន​ផងដែរ​ថា ពិភពលោក​ក៏​នឹង​ជួបប្រទះ​បញ្ហា​ជា​ច្រើន​ទៀតដូច​ជា ការ​កើនឡើង​កម្តៅ​ផែនដី បម្រែបម្រួល​អាកាសធាតុ គ្រោះ​ធម្មជាតិ កា​បំពុល​បរិស្ថាន និង​ជំងឺ​កាចសាហាវៗ​ជា​ច្រើន​ទៀត​ដែល​មិន​អាច​កំណត់​បាន៕

No comments:

Post a Comment