Wednesday, October 29, 2014

បើ​ផ្អែក​​លើ​ហេតុផល​ទាំង៥​នេះ ចិន​នឹងមិន​អាច​គំរាម​​មហា​អំណាច​អាមេរិក​​បាន​ឡើយ នៅថ្ងៃអនាគត


កងទ័ពរបស់ចិនប្រភព៖​ totallycoolpix
នៅ​ពេល​បច្ចុប្បន្ន ចិន​កំពុង​រីក​ចម្រើន​​យ៉ាង​ខ្លាំង​ទាំង​វិស័យ សេដ្ឋកិច្ច ​យោធា​​ និង​​វិស័យ​ផ្សេងៗ​ទៀត​ ហើយ​បច្ចុប្បន្ន​​ចិន​​ក៏​ជា​មហាអំណាច​ប្រចាំ​តំបន់​អាស៊ី​មួយ​ផង​ដែរ ក្រៅ​ពី​តំណែង​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ​នៅ​លើ​លោក។ ដោយសារ​តែ​មាន​ការ​រីក​ចម្រើន​យ៉ាង​រហ័ស​បែប​នេះ មាន​ក្រុម​អ្នក​វិភាគ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ចិន​នឹង​ក្លាយ​ជា​មហាអំណាច​ពិភពលោក ដែល​ប្រការ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សហរដ្ឋអាមេរិក ដែល​គេ​ស្គាល់​ថា ជា​មហាអំណាច​លើ​ពិភពលោក​​ជា​យូរ​ណាស់​មក​ហើយ។

ប៉ុន្តែ​យ៉ាងណាក៏ដោយ ក្រុម​អ្នក​វិភាគ​ខ្លះ​ទៀត បាន​សន្និដ្ឋាន​បែប​ផ្សេង​ថា បើ​ទោះបីជា​មាន​ការ​រីកចម្រើន​ឆាប់រហ័ស​ក៏​ដោយ តែ​ចិន​ពិត​ជា​មិន​អាច​គំរាម​ដល់​អំណាច​របស់​អាមេរិក​ឡើយ ដោយ​ផ្នែក​លើ​ហេតុផល​ចំនួន ៥យ៉ាង៖

១) ភូមិសាស្ត្រ​ដ៏​តានតឹង (Geographical constraints) 
ថ្វីត្បិត​តែ​ប្រទេស​ចិន ជា​ប្រទេស​មាន​ទឹកដី​ធំ​ទូលាយ​ក៏​ពិត​មែន ប៉ុន្តែ​បើ​និយាយ​អំពី​កត្តា​ភូមិសាស្ត្រ​វិញ គឺ​ពោរពេញ​ទៅ​ដោយ​ភាព​ស្មុគស្មាញ និង ​ជម្លោះ​មិន​ចេះ​ចប់​​មិន​​ចេះ​ហើយ​។ នៅ​ភាគ​ខាង​លិច​​ប្រទេស​ចិន គឺជា​ខ្ពង់រាប​ទីបេ និង វាលខ្សាច់ Gobi ។ នៅ​ភាគ​ខាង​ត្បូង​ចិន គឺ ជា​ជួរភ្នំ​ហិមាល័យ ដែល​ញយ​ដង​មាន​ជម្លោះ​ជា​មួយ​ឥណ្ឌា។ នៅ​ភាគ​ខាង​ជើង គឺ​ជា​តំបន់​វាលស្មៅ​ដ៏​ធំ​ជាប់​ជា​មួយ​រុស្ស៊ី។ វៀតណាម​ក៏​ជា​ប្រទេស​ជិត​ខាង​របស់​ចិន តែ​មិន​ត្រូវ​គ្នា​នោះ​ទេ ដោយ​ឡែក​តៃវ៉ាន់​វិញ ក៏​មិន​ព្រម​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ចិន​ដែរ​។ លើស​ពី​នេះ​ទៀត ចិន​កំពុង​មាន​បញ្ហា​ជម្លោះ​ជាច្រើន​ជាមួយ​នឹង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ដែល​ប្រការ​ទាំងនេះ ពិត​ជា​ផ្តល់​ការ​លំបាក​ដល់​ចិន។


២)និន្នាការ​ប្រជាសាស្ត្រ(Demographic trends ) 
ចិន​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​នៅ​លើ​ពិភពលោក (១,៣ ពាន់​លាន​នាក់)។ ប៉ុន្តែ​ យ៉ាងណាក៏ដោយ ដោយសារ​តែ​គោល​នយោបាយ គ្រួសារ​មួយ​​​កូន​ម្នាក់ របស់​ចិន​បាន​ធ្វើ​ឲ្យ​កំណើន​មនុស្ស​វ័យក្មេង​មាន​ការ​ថយ​ចុះ ខណៈ​មនុស្ស​ចាស់​មាន​ចំនួន​ច្រើន ដែល​ប្រការ​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កម្លាំង​ពលកម្ម​នៅ​ពេល​អនាគត​ផង​ដែរ។


៣)វប្បធម៌​នយោបាយ(Political culture )
បើ​ទោះ​បី​ជា សេដ្ឋកិច្ច​មាន​ការ​កែ​ទំរង់​ក្តី ប៉ុន្តែ​បើ​និយាយ​អំពី​វិស័យ​នយោបាយ​វិញ គឺ​នៅ​តែ​ដូច​មុន​ដដែល ពោល​គឺ​អ្វីៗ​គ្រប់យ៉ាង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​របស់​បក្សកុម្មុយនិស្ដ​ចិន។ នា​ពេល​បច្ចុប្បន្ន ប្រជាជន​គ្មាន​សិទ្ធ​សេរីភាព​គ្រប់គ្រាន់​ក្នុង​ការ​បញ្ចេញមតិ​ឡើយ ហើយ​អំពើ​ពុក​រលួយ​កំពុង​តែ​ក្លាយ​ជា ប្រធានបទ​ដ៏​សំខាន់​មួយ​ដែរ នៅ​ក្នុង​ប្រទេស​ចិន។

៤) បញ្ហា​សេដ្ឋកិច្ច(Economic problems) ​
បច្ចុប្បន្ន​នេះ សេដ្ឋកិច្ច​របស់​ចិន មាន​ការ​កើន​ឡើង​ជា​លំដាប់ ដោយសារ​តែ​ការ​នាំ​ចេញ​បាន​ច្រើន ហើយ​ម្យ៉ាង​វិញ​ទៀត​កម្លាំង​ពលកម្ម​ក៏​មាន​តម្លៃ​ថោក​បើ​ប្រៀបធៀប​នឹង​ប្រទេស​ផ្សេងៗ។ ប៉ុន្តែ សេដ្ឋកិច្ច​របស់​ចិន ភាគ​ច្រើន​ពឹង​ផ្អែក​ទៅលើ ការ​វិនិយោគទុន​ពី​បរទេស ទីផ្សារ​បរទេស និង ធនធាន​ខាង​ក្រៅ​។


៥) ភាព​ទន់ខ្សោយ​ខាង​វិស័យ​យោធា(Military weakness )

ថ្វីត្បិតតែ ចិន​ជា​ប្រទេស​ធំ​ក៏​ពិត​មែន ប៉ុន្តែ​បើ​និយាយ​អំពី​វិស័យ​យោធា​វិញ គឺ​នៅ​មាន​ភាព​ទន់ខ្សោយ​នៅ​ឡើយ បើ​ប្រៀបធៀប​នឹង​បណ្តា​ប្រទេស​នៅ​លោកខាងលិច ហើយ​បើ​ប្រៀបធៀប​ជា​មួយ​អាមេរិក ហាក់​ដូច​មាន​គំលាត​ឆ្ងាយ​ពី​គ្នា។ ចិន​ក៏​មាន​អាវុធ​នុយក្លេអ៊ែរ​ផង​ដែរ ប៉ុន្តែ រហូត​មក​ទល់​នឹង​ពេល​នេះ ក្បាល​គ្រាប់​ត្រឹមតែ ២៥០ ប៉ុណ្ណោះ ហើយ​គ្មាន​លទ្ធភាព​​បាញ​ដល់​ទឹកដី​អាមេរិក​នោះ​ដែរ៕ ចំណែក​អាមេរិក​វិញ មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ប្រមាណ ៤ ៦០០ ដែល​អាច​មាន​លទ្ធភាព​បាញ់បាន​​សឹង​គ្រប់​ទិសទី​លើ​ពិភពលោក៕

No comments:

Post a Comment