Tuesday, October 28, 2014

តើ​​លោក​​អ្នក​ដឹង​អ្វី​ខ្លះ អំពី «សេតវិមាន» របស់​អាមេរិក?


តើ​អ្នក​ដឹង​អ្វី​ខ្លះ អំពី «សេតវិមាន» របស់​អាមេរិក?ប្រភព៖​ smithsonianmag.com
ទំហំ និង លក្ខណៈ​ទូទៅ​
-មាន​ ៦ ជាន់ (រាប់ទាំង ជាន់​ក្រោម​ដី​ចំនួន​២​ទៀត)
-បន្ទប់​ទូទៅ​មាន​សរុប ១៣២ ហើយ​បន្ទប់​គេង​ចំនួន ៣៥
-មាន ៤១២ បង្អួច
-មាន​ទ្វា​ប្រមាណ ១៤៧
-មាន​ជណ្ដើរយន្ត​ចំនួន ៣

ដំណើរ​ការ​សាងសង់
សេតវិមាន គឺជា ទីកន្លែង​ដែល​ប្រធានាធិបតី​របស់​អាមេរិក ស្នាក់នៅ​ក្រោយពេល​ជាប់​ឆ្នោត។ អគារ​នេះ ត្រូវ​បាន​ គេ​កសាង​ឡើង​នៅ ថ្ងៃទី ១៣ ខែ តុលា ​ឆ្នាំ ១៧៩២ នៅ​ក្នុង​ទីក្រុង វ៉ាស៊ីងតោន​របស់​អាមេរិក​ ហើយ​គិត​រហូត​មក​ទល់​នឹង​ពេល​នេះ មាន​អាយុ​កាល ២២២ ឆ្នាំ​ហើយ។ ចំពោះ​ទីតាំង​វិញ គឺ​ត្រូវ​បាន​ជ្រើសរើស​ដោយ​ផ្ទាល់ ពី​លោក George Washington ប្រធានាធិបតី​ទី១ ​របស់​អាមេរិក ហើយ លោក James Hoban ជា​ស្ថាបត្យករ។ 

ឈ្មោះ​សំណង់​
ដំបូង​ឡើយ​ អគារ​នេះ ត្រូវ​បាន​​ មនុស្ស​ភាគ​ច្រើន ហៅថា «វាំង​របស់​ប្រធានាធិបតី ( Presidential Palace) » ឬ «ប្រាសាទ​របស់​ប្រធានាធិបតី (President's Castle)» ។ ប៉ុន្តែ​រហូត​ដល់​ឆ្នាំ ១៩០១ លោក Theodore Roosevelt  បាន​ហៅ​ឈ្មោះ​អគារ​នេះ​ជា​ផ្លូវការ​ថា «សេតវិមាន (White house)»។ ចាប់តាំង​ពី​ពេល​នោះ មក​ឈ្មោះ​នេះ ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ផ្លូវការ និង មិន​មាន​ការ​ផ្លាស់​ប្តូរ​ទៀត​ទេ។

ប្រធានាធិបតី​ដំបូង​ដែល​ស្នាក់​នៅ​ក្នុង​សេតវិមាន
ថ្វីត្បិតតែ លោក George Washington ប្រធានាធិបតីទី១ របស់​អាមេរិក គឺ​ជា​អ្នក​ផ្តើម​គំនិត​សម្រេច​ឲ្យ​មាន​ការសាងសង់​សេតវិមាន​នេះ​ក៏​ដោយ ប៉ុន្តែ លោក មិនបាន​ស្នាក់​​នៅ​នោះ​ទេ ព្រោះ លោក កាន់ ​តំណែង ​ចាប់​ពី​ឆ្នាំ ១៧៨៩ ដល់ ១៧៩៧ ចំណែក សេតវិមាន​នេះ កសាង​ឡើង​ចាប់​ពី​ឆ្នាំ ១៧៩២ រហូតដល់ ឆ្នាំ ១៨០០ នៅ​មិន​ទាន់​បញ្ចប់​ការ​សាងសង់​ទៀត​​។ ក្នុង​ឆ្នាំ​ដដែល​នោះ លោក John Adams ប្រធានាធិបតី​ទី ២ របស់​សហរដ្ឋ​អាមេរិក​បាន​សម្រេចចិត្ត ចូល​ទៅ​ស្នាក់​នៅ​ក្នុង​អគារ​នោះ បើ​ទោះ​បី​ជា​ផ្នែក​ខ្លះ​មិនទាន់​បញ្ចប់​ការ​សាងសង់​ក្តី។ ដូច្នេះហើយ លោក John Adams បាន​ក្លាយ​ជា ប្រធានាធិបតី​អាមេរិក ដំបូង​បង្អស់​ដែល​បាន​ទៅ​រស់​នៅ​ក្នុង​សេតវិមាន​នេះ។ 

សេតវិមាន​ក្នុង​នៅពេល​មាន​សង្គ្រាម
នៅពេល​អាមេរិក មាន​សង្គ្រាម​ជា​មួយ​នឹង​ចក្រភពអង់គ្លេស សេតវិមាន ត្រូវ​រង​ការ​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​។ ចក្រភពអង់គ្លេស បាន​បំផ្លាញ​សេតវិមាន ពោល​គឺ នៅ​ឆ្នាំ ១៩១២ ។ ក្រោយ​សង្គ្រាម​បញ្ចប់ រដ្ឋាភិបាល​អាមេរិក បាន​ចំណាយ​ថវិកា និង ពេល​វេលា​ជា​ច្រើន​​ឆ្នាំ​ ដើម្បី​ជួសជុល​សេតវិមាន​នេះ​ឡើងវិញ។

​ភាពទ្រុឌទ្រោម និង ការ​ជួសជុល​ឡើងវិញ​​ 
ដោយសារតែ សេតវិមាន​នេះ មាន​អាយុកាល​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ សភាព​នៃ​សំណង​អគារ​ក៏​មាន​លក្ខណៈ​ទ្រុឌទ្រោម​ខ្លាំង​ណាស់​ដែរ។ នៅ​ឆ្នាំ ១៩៤៨ រដ្ឋាភិបាល​បាន​ប្រកាស​ថា សំណង​សេតវិមាន​​នេះ អាច​ប្រឈម​នឹង​ការ​ដួល​រលំ ដូច្នេះហើយ កាលនោះ លោក Harry Truman ដែល​ជា​ប្រធានាធិបតី ក៏​ចាត់​ចែង​ឲ្យ​មាន​ការ​សាងសង់ និង ជួសជុល​ឡើង​វិញ​ជា​បន្ទាន់ ដើម្បី​បញ្ចៀស​បញ្ហា​ធ្ងន់ធ្ងរ។ ចំពោះ​ការ​ចំណាយ​លើ​ការ​ជួសជុល​នោះ​ គឺ​មាន​ចំនួន​សរុប​ប្រមាណ ៥, ៧ លាន​ដុល្លារ​អាមេរិក​៕

No comments:

Post a Comment