Wednesday, October 29, 2014

​​រោង​ម៉ាស៊ីន​​​​ស្រូវ ​​អង្ករ​ចំហុយ​កម្លាំង​​៦​តោន​ក្នុង​១ម៉ោង នឹង​ដំណើរ​ការ​​នៅ​កម្ពុជាដើម​​​ឆ្នាំ​​ក្រោយ​


រូប​តំណាង​ប្រភព៖​ familychoice
ក្រុមហ៊ុន Signature of Asia ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ហុឡង់ដ៍ Alesie Food ​​បង្កើត​ក្រុមហ៊ុន​ថ្មី​​មួយ​ឈ្មោះ Asia Parboiled Rice Producers ​​នឹង​ដំឡើង​រោង​ម៉ាស៊ីន​កិន​ស្រូវ​ផលិត​អង្ករ​ចំហុយ​គ្រាប់​វែង ( parboiled rice) គ្រោង​​​​ដំណើរ​ការ​ នា​ដើម​ឆ្នាំ២០១៥ ​ខាងមុខ​នេះ។ ​​រោងម៉ាស៊ីន​​កិន​ស្រូវ​នេះ​ ​​នឹង​មាន​កម្លាំង​ផលិត ៦​តោន​ក្នុង​ ១ម៉ោង។

លោក ចាន់ ពេជ្រ ប្រធាន​គ្រប់​គ្រង​​​នាំចេញ​របស់​ក្រុមហ៊ុន Signature of Asia ប្រាប់ The BNEWS ថា រោង​ម៉ាស៊ីន​នេះ​នឹង​ស្រូប​យក​កម្លាំង​ពលកម្ម​ក្នុង​បរិមាណ​ពី ៣០​នាក់​ ទៅ​ ៥០នាក់ ហើយ​ផលិត​ផល​អង្ករ​នេះ​នឹង​ត្រូវ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប និង​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក។

លោក​បន្ត​ថា លក្ខណៈ​ពិសេស​អង្ករ​ចំហុយ​នេះ វា​មាន​សារធាតុ​រ៉ែ​ច្រើន (Mineral) ជាង​អង្ករ​ធម្មតា សារធាតុ​ប្រេង​កន្ទក់​ជួយ​ដល់​សុខភាព​មនុស្ស។ ជា​ទូទៅ​ អង្ករ​ធម្មតា​ត្រូវ​បាន​បក​កន្ទក់​អស់ ចំណែក​អង្ករ​ចំហុយ​ក៏​ត្រូវ​បក​កន្ទក់​អស់​ដែរ ប៉ុន្តែ​សារធាតុ​ក្នុង​កន្ទក់​ទាំង​ប៉ុន្មាន​នោះ​នឹង​ត្រូវ​ស្រូប​យក​ទៅ​ក្នុង​អង្ករ​វិញ នៅ​ពេល​វា​ត្រូវ​ឆ្លង​កាត់​ដំណាក់​កាល​ចំហុយ។

ទាក់​ទង​លំនាំ​នៃ​ការ​ផលិត លោក​បាន​បង្ហើប​ថា ដំណើរ​ការ​នៃ​ការ​ផលិត​អង្ករ​ចំហុយ​​មាន​​​​​ ៣​ដំណាក់​កាល​សំខាន់ៗ រួមមាន ការ​ត្រាំ ការ​ចំហុយ និង​សម្ងួត។​ លោក ឲ្យ​ដឹង​​បន្ថែម​ទៀត​ថា ស្រូវ​ត្រូវ​បាន​ដាក់​ចូល​ក្នុង​ម៉ាស៊ីន​ត្រាំ (តៅ​ត្រាំ) បន្ទាប់​មក​ឆ្លង​ចូល​ម៉ាស៊ីន​ចំហុយ (តៅ​ចំហុយ) ក្រោយ​មក​ទើប​ស្រូវ​នោះ​ត្រូវ​បាន​យក​ទៅ​សម្ងួត​ដោយ​ម៉ាស៊ីន ហើយ​ចុង​ក្រោយ ស្រូវ​នោះ​ត្រូវ​បាន​យក​ទៅ​ផលិត​ជា​អង្ករ​តាម​លក្ខណៈ​ធម្មតា។

លោក​បាន​សម្ដែង​ការ​រីក​រាយ​ថា​ រោងម៉ាស៊ីន​ថ្មី​នេះ​នឹង​ជួយ​រួម​ចំណែក ក្នុង​ការ​កំណត់​ផែនការ​នាំ​អង្ករ​ចេញ​ចំនួន ១លាន​តោន​ក្នុង​ឆ្នាំ២០១៥ ដូច​តាម​ផែនការ​ដាក់​ចេញ​របស់​រាជរដ្ឋាភិបាល​ព្រះ​រាជាណាចក្រ​កម្ពុជា។

គួរ​បញ្ជាក់​ថា នៅ​លើ​ទីផ្សារ​អង្ករ​ពិភពលោក​ ប្រទេស​ឥណ្ឌា​ជា​អ្នក​ឈាន​មុខ​គេ ក្នុង​ការ​ផលិត​អង្ករ​ ចំហុយ ព្រោះ​តែ​ការ​កែច្នៃ​អង្ករ​ប្រភេទ​នេះ​មាន​ការ​រីក​ចម្រើន និង​បំពាក់​បច្ចេកវិទ្យា​ទំនើបៗ៕

No comments:

Post a Comment