Tuesday, October 28, 2014

ក្រុម​​អង្គការ​ភេរវកម្ម​​ធំ​ៗ​ដ៏​គួរឲ្យ​ភ័យខ្លាច​​​បំផុត​ទាំង​១០​របស់​ពិភពលោក


រុម​​ឧទ្ទាម Boko Haramប្រទេស​នីហ្សេរីយ៉ាប្រភព៖​ Therichest
និយាយ​ពី​ក្រុម​ភេរវកម្ម ប្រិយមិត្ត​ពិត​ជា​ស្គាល់​ច្បាស់​​ថា មាន​តែ​ក្រុម ISIS ដែល​កំពុង​អុកឡុក​នៅ​ប្រទេស​អ៊ីរ៉ាក់ និង ក្រុម​​Al Qaeda ប៉ុណ្ណោះ​ដែល​ធ្វើ​ឲ្យ​ពិភពលោក​ខ្លាច​ញញើត​ជាងគេ។ ការ​យល់​ឃើញ​បែប​នេះ ពិត​ជា​រឿង​ត្រឹមត្រូវ​មួយ ​តែ​នៅ​មាន​អង្គការ​ភេរវកម្ម​ធំៗ​ជា​ច្រើន​ទៀត​ដែល​ប្រិយមិត្ត​មិន​បាន​ដឹង​ថា កំពុង​​បង្ក​ភាព​ភ័យខ្លាច និងបាន​សម្លាប់​មនុស្ស​យ៉ាង​ច្រើន​នៅ​ពេល​កន្លង​មក។ TheBNEWS សូម​លើក​យក​អង្គការ​ភេរវកម្ម​ល្បីៗ​ទាំង​១០ ដែល​មាន​ជា​បន្តបន្ទាប់​ដូច​ខាងក្រោម៖

១០) ក្រុម​​ឧទ្ទាម​ PKK ប្រទេស ទួរគី 
PPK គឺ​ជា​ក្រុម​បះបោរ​​​​​បំបែក​ទឹកដី​ជនជាតិ​ ឃឺត (Kurd) ដ៏​​ធំ​មួយ​​នៅ​លើ​ដែនដី​​ទួរគី។ ក្រុម​នេះ​​មាន​មនោគមន៍​វិជ្ជា​នយោបាយ​​​ស្មុគស្មាញ​ខ្លាំង​ណាស់​បន្ទាប់​ពី​បាន​​ធ្វើ​សកម្មភាព​ទាមទារ​ឯករាជ្យ​តាំង​ពី​ឆ្នាំ ១៩៨៤ មក។ សកម្មភាព​អំពើ​ហិង្សា និង ការ​ប្រយុទ្ធ​គ្នា​​ជា​មួយ​រដ្ឋាភិបាល​របស់​ខ្លួន​​ដែល​មាន​សមាជិក​ប្រមាណ ៧ ០០០​នាក់ ធ្វើ​ឲ្យ​អង្គការ​អូតង់​​ (NATO) ដាក់​បញ្ចូល​​ក្នុង​បញ្ជី​អង្គការ​ភេរវកម្ម​ពិភពលោក​​តែម្តង។ ​​​​​



៩) កងទ័ព​បដិវត្ត​កូឡុំប៊ី​ (Revolutionary Armed Forces of Colombia) ប្រទេស​កូឡុំប៊ី​
ទោះបី​ជា​​នៅ​ពេល​កន្លង​មក​​ពិភពលោក​ហាក់​មើល​រំលង​ក្រុម​ប្រដាប់​អាវុធ​មួយ​នេះ​ក៏​ពិត​មែន ប៉ុន្តែ​​​សកម្មភាព​បង្ក​​អំពើ​ហិង្សា ការ​ចាប់ជំរិត ​ការ​កាប់​សម្លាប់ ការ​ជួញដូរ​ថ្នាំញៀន​ បាន​ធ្វើ​ឲ្យ​ស្ថាប័ន​អន្តរជាតិ​ដាក់​បញ្ចូល​ក្រុម FARC ​ក្នុង​បញ្ជី​អង្គការ​ភេរវកម្ម​ពិភពលោក។ ជាមួយ​ការ​អនុវត្ត​មនោគមន៍​វិជ្ជា​យ៉ាង​ស្មុគស្មាញ ក្រុម​ទ័ពព្រៃ​នេះ​​​បាន​​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៤៦ មក​ម្ល៉េះ​និង​អះអាង​​ថា​មាន​សមាជិក​ប្រមាណ ២៦ ៦៤៨ នាក់​​កាល​ពី​ឆ្នាំ ២០១៣។ ​​សកម្មភាព​អំពើ​ហិង្សា​បាន​​ស្ងប់ស្ងាត់​នៅ​ពេលនេះ​ដោយសារ​តែ​រដ្ឋាភិបាល និង ក្រុម FARC បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​រួម​គ្នា​​មួយ​ជា​មួយ​រដ្ឋាភិបាល​​នៅ​ពេល​កន្លង​មក​។

៨) ក្រុម Hamas ដែនដី​ប៉ាឡេស្ទីន​
ក្រុមHamas ដែល​តែងតែ​ស្ថិត​នៅ​ក្នុង​ក្រសែភ្នែក​​ថា​ជា​សត្រូវសួពូជ​​របស់​អ៊ីស្រាអែល​​​រស់​នៅ​ច្រើន​បំផុត​នៅ​លើ​ទឹកដី​ប៉ាឡេស្ទីន។ សកម្មភាព​របស់​ក្រុម​នេះ​ជា​ពិសេស​ឧក្រិដ្ឋកម្ម​សង្គ្រាម ការ​បញ្ជូន​ក្មេង​ឲ្យ​ចូល​បម្រើ​​ក្នុង​វិស័យ​យោធា និង ការ​ដាក់​បញ្ចូល​មនោគមវិជ្ជា​​​គប់​គ្រាប់បែក​អត្តឃាត​ពី​សំណាក់​ក្មេង ​​​​​រួម​​ទាំង​​ការ​បាញ់​ផ្លោង​​ទៅ​លើ​ទឹកដី​អ៊ីស្រាអែល ​បាន​ធ្វើ​ឲ្យ​ស្ថាប័ន​អន្តរជាតិ​ដាក់​បញ្ចូល​ក្រុម Hamas ជា​អង្គការ​ភេរវកម្ម​ពិភពលោក។ ជា​មួយ​នឹង​វត្តមាន​សមាជិក​ប្រមាណ ១​០ ០០០ នាក់​ ក្រុម​នេះ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ១៩៨៧។ ​​​​​

៧) ក្រុម​ Al Shabaab ប្រទេស​សូម៉ាលី​

ហេតុផល​​ដែល​ក្រុម Al Shabaab ត្រូវ​បាន​ដាក់​​បញ្ចូល​ក្នុង​បញ្ជី​ខ្មៅ​ជា​​អង្គការ​ភេរវកម្ម​ពិភពលោក​មិនមែន​ត្រឹម​តែ​​សកម្មភាព​ចាប់​ពង្រត់​កុមារ​ចូល​បម្រើ​សកម្មភាព​របស់​ខ្លួន ឬ មាន​ទំនាក់ទំនង​ជា​មួយ​ក្រុម Al Qaeda ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ធ្វើ​សកម្មភាព​សម្លាប់​សត្វ​ដំរី​ខុស​ច្បាប់​រាប់​ពាន់​ក្បាល​ក្នុង​មួយ​ឆ្នាំៗ។ ស្ថិត​នៅ​ដែនដី​​ប្រទេស​សូម៉ាលី​នៅ​ភាគ​ខាងកើត​ទ្វីប​អាហ្រ្វិក ក្រុម​នេះ​បាន​ធ្វើ​សកម្មភាព​កាល​​ពី​ឆ្នាំ ២០០៦ ថ្មីៗ​កន្លង​ទៅ​នេះ ដោយ​មាន​សមាជិក​ប្រហែល ៦ ០០០​​នាក់។​​​


៦) ក្រុម Ku Klux Klan ប្រទេស​អាមេរិក​
ក្រុម​ភេរវជន​ Ku Klux Klan ឬ KKK គឺ​ជា​​អង្គការ​ភេរវកម្ម​​ចំណាស់​ជាងគេ​បំផុត​នៅ​ក្នុង​បញ្ជី​នេះ ពោល​គឺ​បាន​បង្កើត​ឡើង​​តាំង​ពី​ឆ្នាំ ១៨៦៥ មក​ម្ល៉េះ​នៅ​លើ​ទឹកដី​អាមេរិក​​ក្នុង​រដ្ឋ Tennessee ។ គោលដៅ​របស់​ក្រុម​​នេះ​ធ្វើ​ឡើង​ដើម្បី​ការពារ​ក្រុម​ស្បែក​ស រួម​ទាំង​ប្រព្រឹត្ត​អំពើ​កាប់​សម្លាប់​ និង ការ​បង្ក​ភាព​ភ័យខ្លាច​​ដល់​ប្រជាជន។ កាល​ពី​ឆ្នាំ ១៩២០ ក្រុម​នេះ​មាន​សមាជិក​ប្រមាណ ៤ លាន​នាក់ តែ​បាន​ថយ​ចុះ​បន្តិចម្តងៗ​រហូត​មក​នៅ​ត្រឹមតែ ៨ ០០០​នាក់​ប៉ុណ្ណោះ​នៅ​ពេល​បច្ចុប្បន្ន​នេះ។ យ៉ាងណាមិញ ​​ចំនួន​សមាជិក​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ ឥទ្ធិពល​ជា​ប្រវត្តិសាស្ត្រ រួម​ទាំង​ការ​លើក​ទឹកចិត្ត​ឲ្យ​មាន​ចលនា​រើសអើង​ពូជសាសន៍ និង ការ​កាប់​សម្លាប់​ ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​នេះ។ 
​​​​
៥) ក្រុម Jabhat al-Nusra ប្រទេស​ស៊ីរី​
ក្រុម Jabhat al-Nusra បាន​បង្កើត​ឡើង​ត្រឹម​ឆ្នាំ ២០១២ កន្លង​ទៅ​ថ្មីៗ​នេះ​ប៉ុណ្ណោះ​នៅ​ចំ​ពេល​ដែល​ប្រទេស​ស៊ីរី​កំពុង​ជួប​សង្គ្រាម​ស៊ីវិល។ ប៉ុន្តែ​ក្រុម​នេះ​បាន​រីក​ដុះដាល​យ៉ាង​ឆាប់​រហ័ស​​​ក្លាយ​ជា​​ក្រុម​ភេរវជន​ដ៏​គ្រោះថ្នាក់​បំផុត​មួយ​ក្នុង​ការ​វាយប្រហារ​ដោយ​​គ្រាប់បែក និង ការ​កាត់ទោស​យ៉ាង​ព្រៃផ្សៃ​​ដែល​កំពុង​ធ្វើ​សកម្មភាព​រហូត​មក​ដល់​សព្វថ្ងៃ​​។ ​​​គោលដៅ​របស់​ក្រុម​នេះ​គឺ​ចង់​បង្កើត​​រដ្ឋាភិបាល​​​ថ្មី​មួយ​ដឹក​នាំ​ដោយ​​ Muhammad។ តាម​ការ​អះអាង​របស់​ក្រុម​​ភេរវកម្ម​Al Qaeda ​បាន​អះអាង​ថា ខ្លួន​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និត​នៅ​ក្នុង​ក្រុម​នេះ​ ដែល​មាន​សមាជិក​​ពី ៥ ០០០​ ទៅ ៦ ០០០​នាក់។

៤) ក្រុម​តាលីបង់ (​Taliban) ប្រទេស​អាហ្វហ្គានីស្ថាន​

​ក្រុម​ភេរវជន​​តាលីបង់ (​Taliban) ​បាន​ប្រើប្រាស់​មធ្យោបាយ​បញ្ជ្រាប​​​​សកម្មជន​របស់​ខ្លួន​ក្នុង​គោលដៅ​ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់ Sharia។ បង្កើត​ឡើង​នៅ​​ឆ្នាំ ១៩៩៤ ក្រុម​នេះ​បាន​​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​បាញ់​សម្លាប់​ប្រជាជន​អាហ្វហ្គានីស្ថាន ប្រព្រឹត្ត​អំពើ​ហិង្សា​ផ្សេង ចាប់​ពង្រត់ រំលោភ​សិទ្ធមនុស្ស ។ល។ ​និង​ប្រឆាំង​ទៅ​នឹង​គោលនយោបាយ​របស់​បស្ចិមប្រទេស​ជា​ដើម។ មាន​សមាជិក​ប្រមាណ ៦០ ០០០​នាក់ គេ​បាន​រក​ឃើញ​​ថា ប្រជាជន​អាហ្វហ្គានីស្ថាន​៨០% កាល​ពី​ឆ្នាំ ២០១២ ត្រូវ​បាន​​សម្លាប់​ដោយ​ពួក​តាលីបង់ ខណៈ​ដែល​ពេល​បច្ចុប្បន្ន​ខ្លួន​បាន​​សន្យា​ថា នឹង​បង្កើន​សកម្មភាព​ប្រយុទ្ធ​នៅ​ទូទៅ​ពិភពលោក។ 



៣) ក្រុម​​ឧទ្ទាម Boko Haramប្រទេស​នីហ្សេរីយ៉ា​

ក្រុម​​ឧទ្ទាម Boko Haram គឺ​ជា​ក្រុម​ភេរវកម្ម​​​ជ្រុលនិយម​​ដ៏​សកម្ម​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​​ទ្វីបអាហ្វ្រិក​ដែល​​កំពុង​​បង្ក​ភាព​ភ័យខ្លាច​ដល់​ប្រជាជន​តាម​រយៈ​ការ​ចាប់​ជំរិត សម្លាប់​មនុស្ស និង បង្ក​សកម្មភាព​ហិង្សា​ផ្សេងៗ​ទៀត។ ចាប់ផ្តើម​ធ្វើ​សកម្មភាព​នៅ​​តាំង​ពី​ឆ្នាំ ២០០២ ក្រុម​នេះ​មាន​មនោគមន៍​វិជ្ជា​ប្រឆាំង​ទៅ​នឹង​លោក​ខាងលិច ហើយ​ខ្លួន​បាន​អះអាង​ថា មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​ក្រុម​ភេរវជន​ Al Qaeda។ តាំង​ពី​ឆ្នាំ ២០០៩ រហូត​ដល់​ឆ្នាំ ២០១៤ នេះ​​ ក្រុម Boko Haram បាន​សម្លាប់​មនុស្ស​​ប្រមាណ ៥ ០០០ នាក់ ខណៈ​ដែល​សមាជិក​របស់​ខ្លួន​មាន​​ចំនួន​ប្រហែល ៩ ០០០​នាក់។

២) ក្រុម​​Al Qaeda
ថ្ងៃ​ទី ១១ កញ្ញា ឆ្នាំ ២០០១ គឺ​ជា​ថ្ងៃ​​ដ៏​ជូរចត់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​​របស់​អាមេរិក បន្ទាប់​ពី​ក្រុម​ Al Qaeda ធ្វើ​ភេរវកម្ម​បញ្ជា​យន្តហោះ​ពីរ​គ្រឿង​បុក​កម្ទេច​អាគារ​ពាណិជ្ជកម្ម World Trade Center នៅ​ទីក្រុង​ ញីវយ៉ក។ ​ចាប់ផ្តើម​ធ្វើ​សកម្មភាព​នៅ​ក្នុង​ឆ្នាំ ១៩៨៨ ក្រុម​នេះ​មាន​សកម្មភាព ​ខ្លាំងក្លា​បំផុត​ក្រោម​ការ​ដឹកនាំ​ដោយ​ Osama bin Laden និង ថមថយ​​បន្តិច​បន្ទាប់​ពី​អាមេរិក​បាន​​​ចូល​វាយ​លុក​អាហ្វហ្គានីស្ថាន​ក្នុង​ឆ្នាំ ២០០១ ដដែល​ និង ក្រោយ​ពី​មេ​ភេរវជន​រូប​នេះ​ត្រូវ​បាន​សម្លាប់​​កាល​ពី​ឆ្នាំ​ ២០១១។ ក្រុម​នេះ​មាន​សកម្មជន​ប្រយុទ្ធ​ប្រហែល​ជាង​៣ ម៉ឺន​នាក់​នៅ​ក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​មជ្ឈិមបូព៌ា។ 

១) ក្រុម​ឥស្លាម​ជ្រុលនិយម ISIS

​ISIS គឺ​ជា​ក្រុម​ឥស្លាម​ជ្រុលនិយម​ថ្មី​មួយ​ទៀត​ដែល​កំពុង​បង្ក​ភាព​ស្មុគស្មាញ​បំផុត​ដល់​រដ្ឋាភិបាល​អាមេរិក អ៊ីរ៉ាក់ និង ​បស្ចិម​ប្រទេស។ ​ក្រុម​នេះ​ជា​ក្រុម​ភេរវកម្ម​​ក្មេង​ជាងគេ​ដែល​ទើប​នឹង​បង្កើត​ឡើង​នៅ​ដើម​​​ឆ្នាំ​២០១៤ ​នេះ​ប៉ុណ្ណោះ​ និង បាន​ប្រកាស​បង្កើត​រដ្ឋ​ឥស្លាម​មួយ​​ដោយ​ខ្លួន​ឯង​នៅ​លើ​ដែនដី​ប្រទេស​អ៊ីរ៉ាក់ និង ស៊ីរី​តាម​រយៈ​ការ​បំផុស​ឲ្យ​មាន​អំពើ​​ហិង្សា​​បង្កើត​រដ្ឋ​ឥស្លាម​ដោយ​ឯករាជ្យ​មួយ​នៅ​លើ​ទឹកដី​ប្រទេស​ទាំង​ពីរ​នេះ។ ជា​ការ​ព្រមាន​ដល់​អាមេរិក និង សម្ព័ន្ធមិត្ត​របស់​មហាអំណាច​មួយ​នេះ ក្រុម​ ISIS​ បាន​ធ្វើ​សកម្មភាព​ចាប់​ជំរិត និង កាត់​ក្បាល​អ្នក​កាសែត​អាមេរិក រួម​ទាំង​ជនជាតិ​អង់គ្លេស​ដើម្បី​ព្រមាន​មិន​ឲ្យ​លូកដៃ​ចូល​ក្នុង​កិច្ចការ​របស់​ខ្លួន។ តែ​យ៉ាងណា​ក៏ដោយ​ នៅ​ពេល​នេះ​លោក​អូបាម៉ា កំពុង​បញ្ជា​ឲ្យ​កងទ័ព​​​ជើងអាកាស​អាមេរិក​បង្កើន​សកម្មភាព​វាយកម្ទេច​សំបុក​ចុងក្រោយ​របស់​ក្រុម​នេះ​ដែល​មាន​សមាជិក​ប្រមាណ​ពី ២ ម៉ឺន ទៅ​​ជាង ៣​ម៉ឺន​នាក់៕

No comments:

Post a Comment