Wednesday, October 29, 2014

សហភាព​អឺរ៉ុប និងសហរដ្ឋអាមេរិក គ្រោង​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​រុស្ស៊ី ជុំវិញ​វិបត្តិ​អ៊ុយក្រែន


លោក ប្រធានាធិបតី​រុស្ស៊ី Vladimir Putinប្រភព៖​ BBC
សហភាព​អឺរ៉ុប និង សហរដ្ឋអាមេរិក គ្រោង​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បន្ថែម​ទៀត ទៅ​លើ​រុស្ស៊ី​ជុំវិញ​បញ្ហា​នៅ​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​បញ្ជាក់​ថា របស់​មន្ត្រី​អាមេរិក និងអង់គ្លេស។

ទណ្ឌកម្ម​ថ្មីដែល​គ្រោង​ដាក់​លើ​រុស្ស៊ី​នោះ មាន​ដូចជា ឧស្សាហកម្ម​សព្វាវុធ ធនាគារជាតិ និង សហការី​ជាច្រើន​របស់ លោក ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ជាដើម​។ គម្រោង​ដាក់ទណ្ឌកម្ម​នេះ គឺ​ត្រូវ​បាន​ប្រកាស ក្រោយ​ពេល​រុស្ស៊ី បាន​បញ្ជូន​កងទ័ព​របស់​ខ្លួន​ចូល​ទៅ​ក្នុង​ទឹកដី​អ៊ុយក្រែន ដែល​ប្រការ​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អំពើ​ឈ្លានពាន​សុទ្ធសាធ។


មន្ត្រី​របស់​អាមេរិក និងអង់គ្លេស​ បាន​ប្រកាស​រួមគ្នា​ថា សហភាព​អឺរ៉ុប និង​អាមេរិក នឹង​ព្យាយាម​ដាក់​សម្ពាធ​លើ​លោក Putin ឲ្យ​កាន់​តែ​ខ្លាំង ដើម្បី​ជំរុញ​ឲ្យ​រូប​លោក គិតគូរ​ពី​រឿង​ចរចា​ដោយសន្តិភាព និង បញ្ចៀស​សង្គ្រាម​នៅ​អ៊ុយក្រែន។

នេះ​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ ចំពោះ​ការ​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី។ តែ​កន្លងមក​រុស្ស៊ី ធ្លាប់​បាន​ប្រកាស​ហើយ​ថា ខ្លួន​មិន​ខ្លាច​ការ​ដាក់​ទណ្ឌកម្ម​ពី​អាមេរិក និង សហភាព​អឺរ៉ុប​នោះ​ឡើយ ព្រោះ ប្រទេស​ទាំង​នោះ​ក៏​រង​ផល​ប៉ះពាល់​ដូចគ្នា​ដែរ។

កាល​ពី​ពេល​ថ្មីៗ​នេះ អង្គការសហប្រជាជាតិ បាន​ប្រកាស​ថា មាន​មនុស្ស​ប្រមាណ ជាង ១ លាន​នាក់ បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​លំនៅ​ដ្ឋាន ដោយសារ​ការ​ប្រយុទ្ធ​គ្នា រវាង​កងកម្លាំង​រដ្ឋាភិបាល​អ៊ុយក្រែន​ និង ក្រុម​ឧទ្ទាម​។ ម្យ៉ាងវិញទៀត បញ្ហា​នេះ​បាន​បង្ក​ឲ្យ​មនុស្ស​ប្រមាណ ២,៦០០ នាក់​បាន​ស្លាប់ និង រាប់ពាន់​នាក់​ទៀត​រង​របួស។

សូម​បញ្ជាក់​ថា មូលហេតុ​សំខាន់ ដែល​នាំ​ឲ្យ​វិបត្តិ​នៅ​អ៊ុយក្រែន​មិនអាច​ដោះស្រាយ​បាន គឺ​បណ្តាល​មក​ពី រដ្ឋាភិបាល​រុស្ស៊ី​គាំទ្រ​សកម្មភាព​របស់​ក្រុម​ឧទ្ទាម​ផ្តាច់​ទឹកដី​នៅ​អ៊ុយក្រែន៕

No comments:

Post a Comment