Sunday, October 26, 2014

ភូមិសាស្ត្រនយោបាយ​ ព្រុយណេ

ប្រ៊ុយណេ: របបរាជានិយមផ្តាច់ការ
ព្រុយណេជារាជាណាចក្រដ៏តូចមួយ នៅប៉ែកខាងជើងនៃកោះប័រនេអូ(Bornéo) បានទទួលឯករាជ្យពីប្រទេសអង់គ្លេសនៅឆ្នាំ១៩៨៤ និងឋិតនៅក្រោមការគ្រប់គ្រងជាង៤០ឆ្នាំកន្លងមកហើយ របស់ស៊ុលតង់អាស្សាណាល បូលក្ចា(Hassanal Bolkiah) ដែលជាក្សត្រផង ជានាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិផង។

ផលិតផលដុលក្នុងស្រុករបស់ប្រជាជនព្រុយណេម្នាក់ៗ កើនរហូតដល់ទៅដល់ជិត
៤០ ០០០ដុល្លារក្នុងមួយឆ្នាំ ពោលគឺមានកម្រិតខ្ពស់ជាងគេបង្អស់នៅទូទាំងភូមិភាគអាស៊ីអាគ្នេយ៍។ នេះគឺដោយសារតែព្រុយណេមានប្រជាជនតិច គឺប្រមាណជា៤០ ០០០០នាក់ប៉ុណ្ណោះ និងដោយសារតែទឹកដីព្រុយណេ សម្បូរទៅដោយប្រេងកាតនិងឧស្ម័នធម្មជាតិដែលនាំមកនូវ៩០%នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់រដ្ឋ។
ម៉្លោះហើយប្រជាជនព្រុយណេ រស់នៅក្នុងភាពរុងរឿង និងក្នុងភាពសុខដុមរមនា ពុំចាំបាច់បង់ពន្ធដារទេ ប្រើបា្រស់ឥណទានគ្មានការប្រាក់សម្រាប់ទិញឡានជិះ ចាក់សាំងដែលមានតម្លៃថោកមែនទែន ទៅរៀននិងព្យាបាលជម្ងឺដោយមិនចាំបាច់បង់ប្រាក់។
គឺនៅក្នុងបរិបទបែបនេះហើយ ដែលស៊ុលតង់អាស្សាណាល បូលក្ចាអាចគ្រប់គ្រងប្រទេសបានជាងបួនទសវត្សរ៍កន្លងមកហើយ ដោយគ្មានបក្សជំទាស់ គ្មានសេរីភាពសារព័ត៌មានហើយក៏គ្មានដែរអ្នកទោសនយោបាយ។ តាំងពីបានឯករាជ្យនៅឆ្នាំ១៩៨៤មក សមាសភាពរបស់រដ្ឋាភិបាលត្រូវបានរុះរើតែម្តងគត់ គឺនៅខែឧសភាឆ្នាំ២០០៥។ កាលណោះ បុត្ររបស់ស៊ុលតង់អាស្សាណាល បូលក្ចា បានទទួលតំណែងជា"ឧត្តមរដ្ឋមន្រ្តី"មានឋានៈលំដាប់ទី២នៅក្នុងជួររដ្ឋាភិបាល។
ក៏ប៉ុន្តែប្រជាជនព្រុយណេ មិនអាចបន្តរស់អ៊ីចឹង ក្នុងភាពសម្បូរសប្បាយយូរលង់តទៅមុខបានទេ ពីព្រោះនៅយ៉ាងយូរ២០ឆ្នាំទៀតខាងមុខនេះ អណ្តូងប្រេងកាតទាំងប៉ុន្មាននឹងត្រូវរីងស្ងួត រីឯឧស្ម័នធម្មជាតិវិញក៏នឹងត្រូវអស់រលីង នៅ៣០ឆ្នាំទៀតខាងមុខនេះដែរ។
ដើម្បីត្រៀមខ្លួនប្រឈមមុខនឹងទស្សនវិស័យនៃការអស់ប្រេងកាតនិងអស់ឧស័្មនធម្មជាតិនេះ ការិយាល័យរបស់ស៊ុលតង់ដែលជាស្ថាប័នក្តាប់អំណាចសឹងទាំងស្រុង បានផ្សព្វផ្សាយជាសាធារណៈ នៅខែមករាឆ្នាំ២០០៨ ផែនការមួយដែលគេប្រសិទ្ធិនាមឲ្យថា «ចក្ខុនិមិត្តសម្រាប់ព្រុយណេ នៅឆ្នាំ២០៣៥»។
ផែនការនេះគ្រោងបង្កើត នៅគ្រប់ទីកន្លែងក្នុងប្រទេសសកម្មភាពសេដ្ឋកិច្ចថ្មី ដែលមិនទាក់ទងសោះឡើយទៅនឹងវិស័យថាមពល រួមមានជាអាទិ៍ បច្ចេកវិជា្ជខាងព័ត៌មានវិទ្យា និងធនាគារ។ ទន្ទឹមនេះ ស៊ុលតង់អាស្សាណាល បូលក្ចា ក៏គ្រោងបង្កើនគុណភាពនៃប្រព័ន្ធអប់រំជាតិដែរ ដោយចង់ពង្រីកចំណេះដឹងរបស់អនាគតប្រជាជនសកម្ម ឲ្យចេះបង្កើតនិងដឹកនាំក្រុមហ៊ុនខ្នាតតូចនិងខ្នាតមធ្យម។ ក្រៅពីនេះ ផែនការ«ចក្ខុនិមិត្តសម្រាប់ ឆ្នាំ២០៣៥» ក៏គ្រោងថានឹងលើកស្ទួយវិស័យឧស្សាហកម្មទេសចរណ៍ ឧស្សាហកម្មផលិតAluminium និងឧស្សាហកម្មផលិតMéthanol ។ល។និង។ល។ ការិយាល័យរបស់ស៊ុលតង់ អាស្សាណាល បូលក្ចា ថែមទាំងបានទាំងអះអាងថា ផែនការនេះនឹងធ្វើឲ្យព្រុយណេ អាចចូលទៅក្នុងក្រុមបណ្តាប្រទេសអ្នកមានជាងគេទាំង១០ នៅក្នុងពិភពលោក នៅឆ្នាំ២០៣៥ទៀតផង។
យ៉ាងណាក៏ មានតែគំនិតមិនគ្រប់គ្រាន់ទេ ត្រូវចេះអនុវត្តវាថែមទៀត។ ហើយការអនុវត្តន៍ជាក់ស្តែងនឹងច្បាស់ជាប្រទះនឹងបញ្ហាមួយចំនួនសែនស្មុគស្មាញ។ បញ្ហាទីមួយ គឺរចនាសម្ព័ន្ធនៃសេដ្ឋកិច្ចព្រុយណេបច្ចុប្បន្ន រចនាសម្ព័ន្ធសេដ្ឋកិច្ចដែលស្ពឹក គ្មានថាមភាព និងគ្មានប្រសិទ្ធិភាព។
ដោយហេតុតែព្រុយណេជាប្រទេសមានស្តុកស្តម្ភ រស់ដោយកម្រៃបានមកពីប្រេងកាតនិង ឧស្ម័ន ៧៥%នៃប្រជាជនសកម្មរបស់ប្រទេសនេះ ជាមន្ត្រីរាជការមិនសូវរហ័សរហួនក្នុងការងារ។ មិនតែប៉ុណ្ណោះ រាល់សំណុំរឿងនយោបាយ សេដ្ឋកិច្ចនិងយោធា និងសូម្បីតែការចំណាយរបស់រដ្ឋដែលមានកម្រិតលើសពី២ ៥០០០ដុល្លារឡើងទៅ ត្រូវតែឆ្លងកាត់តាមស៊ុលតង់អាស្សាណាល បូលក្ចា ទាំងអស់ ជាហេតុធ្វើឲ្យអភិក្រមនៃសេចក្តីសម្រេចចិត្តប្រើពេលវែងឆ្ងាយនិងអូសបន្លាយយូរ។
ម៉្លោះហើយ ដើម្បីប្រឈមមុខនឹងអនាគតកាល ដែលមិនច្បាស់ជាមានភាពត្រចះត្រចង់ ដូចពេលនេះទេ ថ្នាក់ដឹកនាំព្រុយណេ និយាយឲ្យចំស៊ុលតង់ អាស្សាណាល បូលក្ចា ត្រូវតែចេះបណ្តុះបណ្តាលពីឥឡូវទៅឲ្យហើយគំនិតផ្តួចផ្តើមនៅក្នុងស្មារតីរបស់ប្រជាជន និងជាពិសេសចេះចែករំលែកអំណាច ពីការិយាល័យរបស់ស៊ុលតង់ទៅឲ្យស្ថាប័ននេះ ឬស្ថាប័ននោះកាន់កាប់ខ្លះ៕

No comments:

Post a Comment