Tuesday, October 28, 2014

អាថ៌កំបាំង​ ៧ចំណុច​ដែល​អ្នក​មិន​ធ្លាប់​ដឹង​អំពី​កូរ៉េខាងជើង


លោក​គីមអ៊ីលស៊ុង (Kim Il Sung) អតីតអគ្គមគ្គុទ្ទេសក៍ កូរ៉េខាងជើងប្រភព៖​ globalpost
កូរ៉េខាងជើង​ជា​ប្រទេស​ស្ថិត​នៅ​លើ​ឧបទ្វីប​កូរ៉េ ភាគ​ខាងកើត​នៃ​ឆ្នេរ​សមុទ្រ​ចិន (China Sea) ជា​ប្រទេស​ដែល​មាន​ចំនួន​កងទ័ព​ច្រើន​ រហូត​ដល់​ទៅ​ជាង​មួយ​លាន​នាក់។ ទោះបី​ជា​មាន​​ទីតាំង​ភូមិសាស្ត្រ​ក្បែរ​នឹង​ប្រទេស​សេដ្ឋកិច្ច​ធំៗ​ដូច​ជា​ចិន កូរ៉េខាងត្បូង និង​ជប៉ុន​យ៉ាង​ណា​ក្ដី ក៏​​ប្រទេស​នេះ​ហាក់​មើលទៅ​នៅ​ឆ្ងាយ​ដូច​ជើង​មេឃ ដោយសារ​តែ​រដ្ឋាភិបាល​កូរ៉េខាងជើង​ប្រកាន់​យកនយោបាយការបរទេស «​ឯកោនិយម -isolationism»

​យ៉ាង​ណា​ក៏ដោយ​ កូរ៉េខាងជើង​មិន​ឯកោ​ពេក​ទេ​ ព្រោះ​មាន​ទំនាក់​ទំនង​ការទូត​ជាមួយ​បណ្ដា​ប្រទេស​ជា​មិត្ត​ និង​ជា​សមាជិក​អង្គការ​សហប្រជាជាតិ។ ខាង​ក្រោម​នេះ ជា​ព័ត៌មាន​ខ្លះៗ​ដែល​​ស្វែង​យល់​ពី​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ។

១-ប្រជាពលរដ្ឋ​ ច្រើន​រស់​នៅ​ផ្ដុំ​គ្នា​នៅ​រដ្ឋធានី​ព្យុងយ៉ាង
ប្រសិន​បើ​រដ្ឋធានី​កូរ៉េខាងជើង​ជា​ទីក្រុង​មួយ​នៅ​សហរដ្ឋអាមេរិក ទីក្រុង​នេះ​នឹង​ក្លាយ​ជា​តំបន់​មាន​កំហាប់​ប្រជាពលរដ្ឋ​(ដង់ស៊ីតេ​ប្រជាជន) ច្រើន​លំដាប់​ទី៤។ រដ្ឋធានី​ព្យុងយ៉ាង របស់​កូរ៉េខាងជើង​មាន​ប្រជាពលរដ្ឋ​រស់​នៅ ២,៨៤៣លាន​នាក់ ជា​មួយ​និង​ផ្ទៃ​ដី​៣១៩៤គីឡូម៉ែត្រ​ការ៉េ។ ដូចនេះ កំហាប់​ប្រជាពលរដ្ឋ (ដង់ស៊ីតេ​ប្រជាជន) ១០១៩នាក់​ក្នុង​មួយ​គីឡូម៉ែត្រ​ការ៉េ។

២-ពលរដ្ឋ​កូរ៉េខាងជើង ចេះ​អាន​និង​សរសេរ ១០០% (គ្មាន​អនក្ខរភាព)
ប្រជាពលរដ្ឋ​កូរ៉េខាងជើង​ចេះ​អាន​និង​សរសេរ​អក្សរ ១០០%។ ភ្នាក់ងារ CIA កំណត់​និយមន័យ​ថា​ពលរដ្ឋ​អាយុ ចាប់​ពី​១៥ឆ្នាំ ឡើង​ទៅ ប្រសិន​បើ ចេះ​អាន​និង​ចេះ​សរសេរ​អក្សរ ត្រូវ​បាន​ចាត់​ថា​ជា​អក្ខរជន។ ដូច្នេះ នៅ​កូរ៉េខាងជើង គ្មាន​អ្នក​ណា​មិន​ចេះ​អក្សរ​ទេ ព្រោះ​ចេះ​អាន​និង​សរសេរ​គ្រប់​គ្នា។



៣-រដ្ឋ​អនុញ្ញាត​ឲ្យ​តែង​ម៉ូត​សក់ និង​កាត់​សក់​បាន​២៨ម៉ូត
នារី​កូរ៉េខាងជើង ​ត្រូវ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​តុបតែង​ម៉ូត​សក់​តាម​ ១៤ របៀប។ នារី​ដែល​មាន​ប្ដី​ហើយ រដ្ឋ​តម្រូវ​ឲ្យ​កាត់​សក់​ខ្លី រីឯ​នារី​នៅ​ក្រមុំ​ រដ្ឋ​អនុញ្ញាត​ឲ្យ​ទុក​សក់​វែង ហើយ​អាច​ក្រង​សក់​បាន។ យុវជន​មិន​ត្រូវ​ទុក​សក់​វែង​លើស​ពី​៥សង់ទីម៉ែត្រ​ទេ រីឯ​បុរស​វ័យ​កណ្ដាល និង​វ័យ​ចំណាស់​អាច​ទុក​សក់​វែង​ដល់៧សង់ទីម៉ែត្រ។

៤-ក្រុម​ជម្រើស​ជាតិ​កូរ៉េខាងជើង​ មាន​ប្រវត្តិ​ទាត់​បំប៉ោង​សំណាញ់​ប្រេស៊ីល
កូរ៉េខាងជើង​ទាត់​ចូល​ប្រេស៊ីល​មួយ​គ្រាប់​ពេល​ប្រកួត​បាល់​ទាត់​ពិភពលោក World Cup ឆ្នាំ២០១០។ ថ្វី​ត្បិត​កម្រ​មាន​ឱកាស​ចូល​លេង​បាល់​នៅ ​World Cup និង​ថ្វីត្បិត​ត្រូវ​គេ​ចាត់ទុក​ក្រុម​ជម្រើស​ជាតិ​កូរ៉េខាងជើង​ ពេល​ប៉ះ​ជា​មួយ​ប្រេស៊ីល​ថា ជា​​​ក្រុម​ខ្សោយ​ប៉ះ​ក្រុម​ខ្លាំងយ៉ាង​ណាក្ដី​ ក៏​ក្រុម​ខ្សោយ​អាច​ឆ្មក់​បាន​១គ្រាប់​ដែរ។



៥-ផ្ទៃ​ដី​បង្ក​បង្កើន​ផល​មាន​កំណត់
ចំណោម​ផ្ទៃ​ដី​សរុប​របស់​កូរ៉េខាងជើង មាន​មិន​ដល់២០%​ទេ ដែល​អាច​បង្កបង្កើន​ផល​បាន​។ កូរ៉េ​ខាងជើង​មាន​វាល​ភក់​យ៉ាង​ធំធេង​ដែល​គ្រប​ដណ្ដប់​មួយ​ភាគ​ធំ​នៅ​លើ​ផ្ទៃ​ប្រទេស ហើយ​ដែល​វាល​ភក់​នេះ​បង្ក​លក្ខណៈ​ពិបាក​ មិន​អាច​ដាំ​ដំណាំ​អ្វី​បាន។ ចំណោម​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​កូរ៉េខាងជើង គឺ ២៣,៤% បាន​ពី​វិស័យ​កសិកម្ម (ដាំដុះ ចិញ្ចឹម​សត្វ និង​នេសាទ)។ កសិផល​ដែល​ប្រមូល​បាន​ជា​រៀង​រាល់​ឆ្នាំ​មាន​ដូច​ជាៈ ស្រូវ ពោត ប៉េងប៉ោះ សណ្ដែកសៀង សណ្ដែក​ក្រហម គោ ក្របី ជ្រូក ពងមាន់ និង​ពង​ទា។

៦-កូរ៉េខាងជើង​មាន​ចំនួន​កងទ័ព​ច្រើន​ជាងគេ ​​ជាប់​លំដាប់​លេខ​៤​​នៅ​លើ​ពិភព​លោក
កូរ៉េខាងជើង​មាន​កងទ័ព​រៀបរយ ១,១៩ លាន​នាក់ ធៀប​នឹង​អាមេរិក ដែល​មាន​កងទ័ព​ ១,៣៦៩ លាន​នាក់។

៧-ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត នៅ​មាន​កម្រិត
ចំណោម​ផ្លូវ​សរុប​ទាំង​ជាង ២៥០០០ គីឡូម៉ែត្រ គឺ​ផ្លូវ​ដែល​ចាក់​បេតុង និង​ក្រាល​កៅស៊ូ ៧២៤ គីឡូម៉ែត្រ (ស្មើ​នឹង ២,៨៣% នៃ​ចម្ងាយ​ផ្លូវ​សរុប)៕

No comments:

Post a Comment