Tuesday, October 28, 2014

តើ​អ្នក​អវកាស​បាន​អី​ញុំា​ ​​​ពេល​​​​​បំពេញ​បេសកកម្ម​​​ក្រៅភពផែនដី​?


តើ​អ្នក​អវកាស​បាន​អី​ញុំា​ពេល​កំពុង​បំពេញ​បេសកកម្ម​​​ក្រៅភព?ប្រភព៖​ mashable.com
យើង​បាន​ត្រឹមតែ​កោត​សរសើរ​ចំពោះ​ភាព​អង់អាច​របស់​អ្នក​អវកាស​ដែល​បាន​ហោះហើរ​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ភព ប៉ុន្តែ​​អ្នក​បាន​ដឹង​ទេ​ថា តើ​​អវកាសយានិក​​ទាំង​នោះ បាន​អាហារ​ប្រភេទ​ណា​ខ្លះ​សម្រាប់​​ញុំា​ក្នុង​ពេល​បំពេញ​បេសកកម្ម?

នៅ​ពេល​អ្នក​អវកាស​ហោះហើរ​ទៅ​បំពេញ​បេសកកម្ម​ ពួក​គេ​មិន​អាច​នាំ​យក​អាហារ​ទៅ​ក្លាស់​សេ​ទុក​ញុំា​នៅ​ក្នុង​លំហអាកាស​បាន​ទេ។ ដូច្នេះ​អ្វី​ដែល​គេ​អាច​យក​តាម​ខ្លួន​បាន​គឺ​ជា​អាហារ​ដែល​មិន​ខូច ឬ​មិន​ស្អុយ​រលួយ។ អាហារ​សម្រាប់​ញុំា​ក្នុង​លំហ​អាកាស ដែល​គេ​នាំ​យក​ទៅ​ គឺ​​ជា​ប្រភេទ​អាហារ​ងាយស្រួល​ញុំា មិន​ស្មុគស្មាញ។ ដោយសារ​វា​ជា​ទីកន្លែងមាន​ទំនាញខ្សោយ​ អ្វីៗ​នឹង​​​អណ្ដែត​ ដូច្នេះ​ការ​វេចខ្ចប់​គឺ​ធ្វើ​ឡើង​បាន​ត្រឹមត្រូេវ ជៀសវាង​ហោះ​រប៉ាត់រប៉ាយ​​ ដែល​​​អាច​បង្ក​ភាព​ស្មុគស្មាញ​​ដល់​ពួក​គេ។ 


អ្នក​អវកាស​ជា​ញឹកញាប់​មាន​បេសកកម្ម​រយៈពេល​យូរ ពោល​គឺ​ត្រូវ​ចំណាយ​រយៈពេល​ច្រើន​សប្ដាហ៍ ឬ​ច្រើន​ខែ​រស់នៅ​ក្នុង​លំហអាកាស​ដោយ​ឯករាជ្យ​ ដូច្នេះ​ពួក​គេ​មិន​អាច​នាំ​យក​អាហារ​ស្រស់ៗ ដូច​ជា​ផ្លែឈើ និង​បន្លែ​ទៅ​ទុក​ក្នុង​យាន​អវកាស​បាន​ទេ។ អាហារ​ទាំងឡាយ​សម្រាប់​អ្នក​អវកាស​ញុំា គឺ​ជា​ប្រភេទ​អាហារ​ឆ្លង​កាត់​ការ​ធ្វើ​សម្ងួត និង​អាហារ​ក្លុំបេ។ នៅ​​​ពេល​​​ញុំា​ ពួកគេ​យក​អាហារ​ស្ងួត​ទាំង​នោះ​ទៅ​ផ្សើម​នឹង​ទឹក ដើម្បី​ក្លាយ​ជា​អាហារ​អាច​ញុំា​បាន។ ថ្វីបើ​ពុំ​មាន​ទូរ​​ទឹកកក​សម្រាប់​ក្លាស់សេ​អាហារ ប៉ុន្តែ​នៅ​លើ​យាន​អវកាស​មាន​ឡ (សម្រាប់​ដុត​សាច់) ដែល​អាច​ឱ្យ​ពួកគេ​កម្ដៅ ឬ​ដុត​អាហារ​​បាន។ 

ជាទូទៅ​អ្នក​អវកាស​ក៏​អាច​ប្រើ​បន្ទះ​ម្សៅ (flour tortillas) ធ្វើជា​សាំងវិច ជាជាង​ធ្វើ​នំប៉័ង ហេតុផល​គឺ​ដោយ​សារ​ ​ញុំា​នំប៉័ង​​នឹង​បន្សល់​នូវ​​កម្ទេច​ច្រើន ដែល​អាច​​អណ្ដែត​ក្នុង​លំហ ​នាំឱ្យ​មាន​​​​ភាព​ស្មុគស្មាញ​ដល់​អ្នក​អវកាស​។ ចំណែក​គ្រឿងទេស ដូច​ជា​ទឹក​ប៉េងប៉ោះ ស្ពៃ​ខៀវ និង​ទឹកគ្រឿង​ជាដើម​នោះ ត្រូវ​បាន​រៀបចំ​មួយ​កំប្លេ។ រីឯ​​​អំបិល និង​ម្រេច​ទោះ​ត្រូវ​បាន​ដាក់​ភ្ជាប់​ទៅ​ជាមួយ​ ប៉ុន្តែ​ត្រូវ​បាន​ពង្រាវ​ឱ្យ​ទៅ​ជា​វត្ថុរាវ​។ 


ដើម្បី​ងាយស្រួល​ញុំា​អាហារ​ក្នុង​លំហ អ្នក​អវកាស​បាន​ចង​ភ្ជាប់​ថាស​អាហារ និង​ធុង​​​សំរាម ជាប់​នឹង​ភ្លៅ​របស់​ខ្លួន ជៀសវាង​អណ្ដែត។ ចំណែក​សំរាម​ដែល​នៅ​សេសសល់​ក្រោយ​ញុំា​អាហារ ត្រូវ​បាន​វេចខ្ចប់​​ទៅ​ដាក់​​នៅ​ក្នុង​ធុង​សំរាម​បិទ​ជិត​បាន​ត្រឹមត្រូវ។

សព្វថ្ងៃ​អាហារ​សម្រាប់​អវកាសយានិក​​មាន​​​ច្រើន​ប្រភេទ ហើយ​ពួក​គេ​ក៏​អាច​ជ្រើសរើស សាច់​គោ stronganoff, សាច់​មាន់ teriyaki និង​អាហារ​ទួរគី tetrazzini ជាដើម។ ជា​ធម្មតា​អវកាសយានិក មាន​សិទ្ធិ​ជ្រើសរើស​អាហារ​ផ្ទាល់​ខ្លួន​ដើម្បី​យក​ទៅ​ញុំា​នៅ​ក្នុង​លំហ​អាកាស។ សព្វថ្ងៃ​ចុងភៅ​ជាច្រើន​បាន​ចាប់ផ្ដើម បង្កើត​មុខ​ម្ហូប​ផ្សេងៗ​គ្នា ដើម្បី​បំពេញ​តម្រូវការ និង​ចំណូល​ចិត្ត​របស់​អវកាសយានិក ជាក់ស្ដែង​ចុងភៅ​ល្បី​ឈ្មោះ​ពីរ​រូប​គឺ​លោក Emeril Legasse និង​កញ្ញា Rachael Ray បាន​ច្នៃប្រឌិត​អាហារ​ជាច្រើន​មុខ​ផ្សេងៗ​គ្នា​៕

No comments:

Post a Comment