Sunday, October 26, 2014

ភូមិសាស្ត្រនយោបាយ ម៉ាឡេសុី

ម៉ាឡេស៊ី៖ ពីអំណាចគណបក្សតែមួយ ទៅរកប្រព័ន្ធនយោបាយពហុបក្ស?
តាំងពីបានទទួលឯករាជ្យនៅឆ្នាំ១៩៥៧មក ម៉ាឡេស៊ីបានបង្កើតប្រព័ន្ធនយោបាយនិងសេដ្ឋកិច្ចមួយដែលថ្នាក់ដឹកនាំជាបន្តបន្ទាប់នៃប្រទេសអះអាងថា មានមូលដ្ឋាននៅលើកុងសង់សីុស (Consensus)។ មានន័យថា ជាការបង្រួបបង្រួមគ្នានៅក្រោមដំបូលនៃចលនានយោបាយចម្រុះតែមួយ ពោលគឺចលនាBarisan Nasional រវាងសហគមន៍នានាទាំងអស់ ជាពិសេសសហគមន៍សំខាន់ៗទាំងបីនៃប្រទេស នោះគឺសហគមន៍ម៉ាឡេ៥៥%នៃចំនួនប្រជាជនទាំងស្រុង សហគមន៍ចិន២៦% និងសហគមន៍ឥណ្ឌា៨%។
នៅក្នុងចលនានយោបាយចម្រុះBarisan Nasional គណបក្សអង្គការឯកភាពជាតិម៉ាឡេ(UMNO) មានកម្លាំងខ្លាំងជាងគេ ពីព្រោះគណបក្សនេះពឹងពាក់លើសហគមន៍ម៉ាឡេអ្នកកាន់សាសនាអ៊ីស្លាមដែលមានចំនួនច្រើនលើសលុបនៅក្នុងប្រទេស។ ម្ល៉ោះហើយ គេអាចនិយាយថា តាំងពីឆ្នាំ១៩៥៧មក ប្រទេសម៉ាឡេស៊ីឋិតនៅក្រោមការគ្រប់គ្រងផ្តាច់មុខរបស់គណបក្សអង្គការឯកភាពជាតិម៉ាឡេUMNOនេះតែម្តង។
ប៉ុន្តែ តាមការពិតនិងនៅលើសាច់ការជាក់ស្តែង គ្មានឡើយការបង្រួបបង្រួមគ្នារវាងសហគមន៍នានា មានតែការដើរខ្សែលើជាដរាបពីសំណាក់សហគមន៍ម៉ាឡេដែលមានចំនួនច្រើនលើសលប់ទៅលើសហគមន៍នានាដទៃ។ ការរើសអើងនិងនយោបាយលើកស្ទួយតែជនជាតិម៉ាឡេបែបនេះ ថែមទាំងបានបង្កឲ្យមានការប្រយុទ្ធគ្នា ជាច្រើនលើកច្រើនសា រវាងសហគមន៍ចិននិងសហគមន៍ម៉ាឡេ និងបាតុកម្មពីសំណាក់ជនជាតិចិនប្រឆាំងនឹងរដ្ឋាភិបាល នៅដើមទសវត្សរ៍ទី៧០ទៀតផង។
ការមានប្រៀបផ្តាច់មុខតែឯងអស់រយៈពេលជាងកន្លះសតវត្សរ៍នៃគណបក្សអង្គការឯកភាពជាតិនៅលើឆាកនយោបាយម៉ាឡេស៊ី បានធ្វើឲ្យរដ្ឋាភិបាលជាបន្តបន្ទាប់គ្នា រេខ្លួនបន្តិចម្តងៗទៅរកអំណាចផ្តាច់ការ។ ជាក់ស្តែងជាងគេ គឺរដ្ឋាភិបាលរបស់ម៉ាហាធីរ(Mahathir) ដែលបានគ្រប់គ្រងប្រទេសពីឆ្នាំ១៩៨១ដល់ឆ្នាំ២០០៣។
នៅក្នុងទសវត្សរ៍ទី៩០ ម៉ាហាធីរបានទាំងតាំងខ្លួនជាអ្នកការពារគោលការណ៍អាស៊ី ឬអ្វីដែលគេហៅថាតម្លៃនៃអាស៊ីនិយម និយាយបែបផ្សេងម៉ាហាធីរបានចេញមុខការពារអំណាចផ្តាច់ការភ្លឺស្វាង ដើម្បីប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យបែបបស្ចិមលោក។ នៅក្នុងន័យនេះ ម៉ាហាធីរបានប្រើប្រាស់កងទ័ពនិងកងនគរបាល ដើម្បីក្តាប់និងត្រួតត្រាប្រជារាស្រ្ត ដើម្បីពង្រឹងអំណាចរបស់ខ្លួន និងដើម្បីវាយបង្ក្រាបពួកប្រឆាំង។ ឧទាហរណ៍ជាក់ស្តែង គឺការវាយបង្ក្រាបទៅលើបាតុកម្មរបស់ពួកមេធាវី ដែលបានទាមទារឲ្យមានការគោរពសិទ្ធិមនុស្សនៅឆ្នាំ១៩៨៦។ ឧទាហរណ៍ជាក់ស្តែងមួយទៀត គឺការចាប់ខ្លួនអន់វ៉ារ អ៊ីប្រាហ៊ីម(Anwar Ibrahim) នៅឆ្នាំ១៩៩៨ អន់វ៉ារដែលជាបុរសខ្លាំងទី២ ជាឧបនាយករដ្ឋមន្ត្រី និងដែលតាមនិយាយ នឹងត្រូវឡើងស្នងតំណែងនាយករដ្ឋមន្ត្រីពីម៉ាហាធីរទៀតផង។
ពិតមែនតែជាអ្នកកាន់អំណាចផ្តាច់ការ តែម៉ាហាធីរបានកាត់បន្ថយមិនតិចទេភាពក្រីក្រ បានលើកកំពស់ជីវភាពរបស់ប្រជាជនដោយសារតែការលក់ទំនិញចេញទៅក្រៅប្រទេស និងដោយសារតែឧស្សាហកម្មខ្លាំងក្លា ដែលបានធ្វើឲ្យកំណើនសេដ្ឋកិច្ចនៃប្រទេសម៉ាឡេស៊ី ឡើងទៅដល់៨ឬ៩% ពីឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩៧។
មុននឹងចាកចេញពីអំណាចនៅខែតុលាឆ្នាំ២០០៣ ម៉ាហាធីរបានជំរុញអាប់ឌូឡា អាម៉ាដ បាដាវី(Abdullah Ahmad Badawi) ឲ្យក្លាយជាអ្នកដឹកនាំនៃបក្សអង្គការឯកភាពជាតិម៉ាឡេUMNO ដែលជាឈ្នាន់ជាន់ឡើងទៅធ្វើជានាយករដ្ឋមន្រ្តី។ មួយឆ្នាំក្រោយមក គឺនៅថ្ងៃទី២១មីនាឆ្នាំ២០០៤ ការបោះឆ្នោតបានអនុញ្ញាតឲ្យបាដាវី បន្តជាផ្លូវការ តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី។
*
ក៏ប៉ុន្តែ តាំងពីឆ្នាំ២០០៧មក លក្ខណៈផ្តាច់ការនៃរបបនយោបាយម៉ាឡេ បាននិងកំពុងបន្តស្បើយទៅវិញបន្តិចម្តងៗ។ មានមូលហេតុច្រើនយ៉ាង ដែលអាចពន្យល់ការផ្លាស់ប្តូរបែបនេះ។ ម្យ៉ាង គឺការដោះលែងអន់វ៉ារ អ៊ីប្រាហ៊ីម ឲ្យចេញពីពន្ធនាគារ នៅខែកញ្ញាឆ្នាំ២០០៤ ការដោះលែងដែលបានបើកលទ្ធភាពឲ្យអតីតឧបនាយករដ្ឋមន្ត្រីរូបនេះ ចាប់ផ្តើមចេញមុខធ្វើជាមេដឹកនាំនៃគណបក្សប្រឆាំង។ ម្យ៉ាងទៀត គឺអសមត្ថភាពរបស់បាដាវី ក្នុងការដឹកនាំគណបក្សអង្គការឯកភាពជាតិម៉ាឡេ និងក្នុងការដឹកនាំរដ្ឋាភិបាល។ អ៊ីចឹងហើយ បានជានៅខែវិច្ឆិកាឆ្នាំ២០០៧ បណ្តាជនជាង៣០០០០០នាក់បានចុះធ្វើបាតុកម្ម នៅតាមដងផ្លូវនៃទីក្រុងKuala Lumpour។ គឺជាចលនាបាតុកម្មធំជាងគេមួយមិនដែលមានឡើយ នៅប្រទេសម៉ាឡេស៊ី នារយៈពេលជិត២០ឆ្នាំចុងក្រោយនេះ។ នៅខែឧសភាឆ្នាំ២០០៨ មានមហាបាតុកម្មមួយទៀតកើតឡើង នៅក្នុងរដ្ឋធានី។ បណ្តាបាតុករប្រឆាំងនឹងប្រេងសាំងឡើងថ្លៃ ប្រឆាំងនឹងអសមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធទប់ទល់នឹងអំពើពុករលួយ និងក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត។ គឺនៅក្នុងបរិបទបែបនេះហើយ ដែលបក្សជំទាស់បានរួបរួមគ្នាជាធ្លុងមួយ ដើម្បីតទល់នឹងគណបក្សអង្គការឯកភាពជាតិម៉ាឡេUMNO នៅពេលបោះឆ្នោតខែមីនាឆ្នាំ២០០៨ ការបោះឆ្នោតដែលបានធ្វើឲ្យអាសនៈ នៅក្នុងរដ្ឋសភារបស់បក្សប្រឆាំងកើនចំនួនពី១៨ ទៅ៨២។
ការបោះឆ្នោតខែមីនាឆ្នាំ២០០៨នៅម៉ាឡេស៊ី គឺជារលកយក្សស៊ូណាមីនយោបាយមួយ សម្រាប់គណបក្សអង្គការឯកភាពជាតិម៉ាឡេ ពីព្រោះជាលើកទីមួយបង្អស់គណបក្សមួយនេះដែលកាន់អំណាចផ្តាច់មុខតែឯកឯងនៅក្នុងប្រទេសតាំងពីឆ្នាំ១៩៥៧មក ទទួលមិនបានអាសនៈចំនួន២ភាគ៣នៅក្នុងរដ្ឋសភានិងអស់មានអំណាចកែប្រែរដ្ឋធម្មនុញ្ញបាន ស្រេច តែអំពើចិត្តទៀតហើយ។
គឺការផ្លាស់ប្តូរស៊ីជម្រៅនៅលើឆាកនយោបាយម៉ាឡេស៊ីបែបនេះហើយ ដែលបានជំរុញឲ្យលោកបាដាវីលះបង់ចោលតំណែងប្រធានបក្សអង្គការឯកភាពជាតិម៉ាឡេនៅខែមីនាឆ្នាំ២០០៨។ នៅថ្ងៃទី២៦មីនាឆ្នាំ២០០៨ បណ្តាប្រតិភូទាំង២ ៥០០នាក់របស់បក្សក៏បានបោះឆ្នោតតែងតាំងណាហ្ស៊ីប ទុន រ៉ាហ្សាក(Najib Tun Razak)ជាប្រធាន។ ហើយនៅថ្ងៃទី៣មេសាឆ្នាំ២០០៨ដដែលនោះ ណាហ្ស៊ីប ទុន រ៉ាហ្សាក បានក្លាយជាស្វ័យប្រវត្តិ ទៅជានាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី។
តាំងពីពេលនោះមក ណាហ្ស៊ីប ទុន រ៉ាហ្សាក ត្រូវប្រឈមមុខនឹងមេដឹកនាំគណបក្សប្រឆាំងអន់វ៉ារ អ៊ីប្រាហ៊ីម។ ប្រមុខបក្សប្រឆាំងប្រកបដោយប្រជាប្រិយភាពខ្លាំងឡើងជាលំដាប់រូបនេះ បាននិងកំពុងបន្តខិតខំទាក់ទាញសហគមន៍ចិននិងឥណ្ឌា ព្រមទាំងស្វែងរកការគាំទ្រពីពួកម៉ាឡេណា ដែលលែងទុកចិត្តគណបក្សកាន់អំណាច ដើម្បីដណ្តើមយកជ័យជំនះ នៅពេលបោះឆ្នោតលើកក្រោយ៕

No comments:

Post a Comment