Friday, October 31, 2014

យុទ្ធសាស្ត្រ​អភិវឌ្ឍ​សេដ្ឋកិច្ច​កូរ៉េខាងត្បូងត្រឹម​តែ​ប៉ុន្មាន​ឆ្នាំ​ក្លាយ​ជា​ខ្លា​អាស៊ី!


ក្រុមហ៊ុន​ Samsung
​នៅ​ពេល​ដែល​គេ​និយាយ​អំពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ គេ​នឹក​ឃើញ​ដល់​ម៉ាក​យីហោ​ផលិត​ផល​ល្បីៗ ដូច​ជា​ម៉ាក Hyndai , Daewoo , Samsung , LG , Hitachi ។ល។ ដែល​សុទ្ធសឹង​ជា​ក្រុមហ៊ុន​ធំៗ​ខ្នាត​យក្ស​ និង​ល្បី​ជា​អន្តរជាតិ។ កូរ៉េខាងត្បូង​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ឆាប់​រហ័ស​ខ្លាំង ពោល​គឺ​ក្នុង​រយៈ​ពេល​ត្រឹម​ពី​ដើម​ទសវត្ស​ទី៦០ មក​ទល់​នឹង​ទសវត្ស​ទី៩០ កូរ៉េខាងត្បូង​បាន​អភិវឌ្ឍ​ខ្លួន​ពី​ប្រទេស​ក្រីក្រ​បំផុត (កាលណោះ​ប្រហាក់ប្រហែល​​នឹង​ប្រទេស​នៅ​​ទ្វីប​អាហ្វ្រិក) មក​ជា​ប្រទេស​ដែល​មាន​ខឿន​សេដ្ឋកិច្ច​រឹងមាំ និង​រីក​ចម្រើន​លើ​ច្រើន​វិស័យ​ រហូត​ដល់​ជាប់​ឈ្មោះ​ជា​ «កូន​នាគ​អាស៊ី -little dragon» ឬ «ខ្លា​អាស៊ី -Asian Tiger» និង​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​១២ ក្នុង​លោក។ 

TheBNEWS សូម​នាំ​ប្រិយមិត្ត​អ្នក​អាន មក​ស្វែង​យល់​អំពី​ប្រវត្តិ​សម័យ​ទំនើប​របស់​ប្រទេស​កូរ៉េខាងត្បូង ដោយ​ផ្ដោត​លើ​ស្ថានភាព​អតីតកាល​ក្រោយ​សង្គ្រាម​កូរ៉េ (Korean War) ទៅ​ទល់​នឹង​ដំណាក់​កាល​ស្ដារ​សេដ្ឋកិច្ច រហូត​ក្លាយ​ជា​ប្រទេស​រីក​ចម្រើន​លើ​ច្រើន​វិស័យ​ដូច​សព្វថ្ងៃ។​

ទិន្នន័យ​សង្ខេប​អំពី​ប្រទេស​កូរ៉េខាងត្បូង
ឈ្មោះ​ជា​ផ្លូវ​ការ សាធារណរដ្ឋ​កូរ៉េ (Republic of Korea)
ប្រជាពលរដ្ឋ​សរុប ជាង ៥០ លាន​នាក់
របប​នយោបាយ របប​ប្រជាធិបតេយ្យ ​បែប​សាធារណរដ្ឋ​និយម (ប្រធានាធិបតី​ជា​ប្រមុខ​រដ្ឋ​)
ទំហំ​សេដ្ឋកិច្ច ​១៣០៥ ពាន់​លាន​ដុល្លារ (​​មួយ​ពាន់​បី​រយ​ប្រាំ​ពាន់​លាន​ដុល្លារ)
ចំណូល​សម្រាប់​ប្រជាពលរដ្ឋ​ម្នាក់ៗ ២៥ ៩៧៧ ដុល្លារ​ក្នុង​មួយ​ឆ្នាំ
ផ្ទៃ​ដី​សរុប ១០០ ២១០ គីឡូម៉ែត្រ​ការ៉េ (ជាង​ដប់​ម៉ឺន)
រដ្ឋ​ធានី សេអ៊ូល
ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​អង្គការ​សហប្រជាជាតិ ១៧ កញ្ញា ១៩៩១
ស្ថិត​ក្រោម​អាណានិគម​ជប៉ុន ពី​ឆ្នាំ១៩១០ - ១៩៣៥

ស្ថានភាព​សេដ្ឋកិច្ច​កូរ៉េខាងត្បូង​ក្រោយ​សង្គ្រាម​កូរ៉េ
ប្រទេស​កូរ៉េខាងត្បូង​ធ្លាប់​ហែល​ឆ្លង​ស្ថាន​ភាព​ពិបាក​វេទនា​ខ្លាំង ទម្រាំ​មាន​ថ្ងៃ​នេះ ពោល​គឺ​ធ្លាប់​ស្ថិត​ក្រោម​អាណានិគម​ជប៉ុន ពីឆ្នាំ​១៩១០ -១៩៤៥ និង​ឆ្លងកាត់​សង្គ្រាម​កូរ៉េ ពី​ឆ្នាំ១៩៥០ - ១៩៥៣។ ក្រោយ​សង្គ្រាម​កូរ៉េ ប្រទេស​កូរ៉េខាងត្បូង​ស្ថិត​ក្នុង​ស្ថាន​ភាព​តោក​យ៉ាក និង​ខ្វះ​ខាត​សព្វគ្រប់ ម៉្យាង​ធនធាន​មនុស្ស​ក៏​គ្មាន (ប្រជាពលរដ្ឋ​កាលណោះ ៧៨% មិន​បាន​រៀន​សូត្រ​ចេះ​ដឹង ព្រោះ​ជប៉ុន​បង្ខំ​ឲ្យ​រៀន​ភាសា​ជប៉ុន ម៉្លោះហើយ អ្នក​ដែល​អាច​ចេះ​ភាសា​កូរ៉េ គឺ​រៀន​ដោយ​លួច​លាក់) និង​ម៉្យាង​ទៀត ទោះ​ខ្វះខាត​ ក៏​ត្រូវ​ចំណាយ​ច្រើន​លើ​វិស័យ​ការពារ​ជាតិ​ថែម​ទៀត។ ​

ក្រោយ​មក ប្រទេស​នេះ​បាន​អភិវឌ្ឍ​ខ្លាំង​លើ​វិស័យ​អប់​រំ និង​វិស័យ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ដោយ​រដ្ឋាភិបាល​បាន​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​លើ​វិស័យ​អប់​រំ និង​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស (ក្រោយ​សង្គ្រាម​កូរ៉េ រដ្ឋ​បាន​ប្រើប្រាស់​ថវិកា យ៉ាង​ច្រើន​លើស​លប់ នៃ​ថវិកា​ជាតិ ដើម្បី​វិនិយោគ​លើ​វិស័យ​អប់​រំ ដោយ​បញ្ជូន​យុវជន​ក្មេងៗ ទៅ​សិក្សា​នៅ​ប្រទេស​ដែល​មាន​វិស័យ​អប់រំ​ខ្ពស់ ដើម្បី​ពេល​គេ​រៀន​ចប់ ត្រូវ​វិល​ត្រឡប់​ទៅ​ជួយ​អភិវឌ្ឍ និង​ស្ដារ​សេដ្ឋកិច្ច​ជាតិ​ឡើង​វិញ)

អ្វី​ដែល​កូរ៉េខាងត្បូង​ត្រូវការ​បំផុត​ដើម្បី​យក​ទៅ​ដោះស្រាយ​បញ្ហា គឺ​ជំនួយ​ថវិកា​ពី​ក្រៅ​ប្រទេស​សម្រាប់​ផ្គត់ផ្គង់​វិស័យ​ការពារ​ជាតិ និង​រ៉ាប់រង​ថ្លៃ​ចំណាយ​ផ្សេងៗ។ ជំនួយ​ពី​ក្រៅ​ប្រទេស​មាន​ចំណែក​៣០% នៃ​ខ្ទង់​ថវិកា​ជាតិ​សរុប​ក្នុង​មួយ​ឆ្នាំៗ ហើយ​នៅ​ឆ្នាំ១៩៥៦ ជំនួយ​បរទេស​មាន​ចំណែក ជាង ៥៨% នៃ​ថវិកា​ជាតិ​សរុប និង​ធ្លាក់​មក​នៅ​៣៨% នៃ​ខ្ទង់​ថវិកា​ជាតិ​សរុប​នៅ​ក្នុង​ឆ្នាំ១៩៦០។ 

អាស្រ័យ​ដោយ​សារ​កូរ៉េខាងត្បូង​ខ្សត់​ធនធាន​ធម្មជាតិ ហើយ​ត្រូវ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​យ៉ាង​ច្រើន​ក្រាស់ក្រែល​ផង​នោះ ធ្វើ​ឲ្យ​អតិផរណា ហក់​ឡើង​ខ្ពស់​ (តម្លៃ​សាច់​ប្រាក់​ចុះ​ថោក ធៀប​នឹង​ទំនិញ​នៅ​លើ​ទីផ្សារ)។ ​រដ្ឋាភិបាល​ព្យាយាម​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ ដោយ​បង្កើន​ការ​ផលិត​ថាមពល​អគ្គិសនី និង​វិស័យ​វាយនភ័ណ្ឌ និង​ស៊ីម៉ង់។ ដើម្បី​កាត់​បន្ថយ​វត្ថុធាតុ​សម្រាប់​នាំ​ចូល​ពី​ក្រៅ​ស្រុក វត្ថុធាតុ​សំខាន់ៗ​ដូច​ជា ជី​កសិកម្ម និង​ដែកថែប​អាច​ផលិត​ខ្លួន​ឯង​បាន។ ចាប់ពី​ឆ្នាំ១៩៥៨ វិស័យ​ឧស្សាហកម្ម​រីក​លូតលាស់ ១៤% ប្រចាំឆ្នាំ​។

ដំណាក់​កាល​រីក​លូតលាស់​សេដ្ឋកិច្ច​ពី​ឆ្នាំ១៩៦០ ដល់​ឆ្នាំ១៩៨៥
កូរ៉េខាងត្បូង​ចាប់​ផ្ដើម​រីក​ចម្រើន​ខ្លាំង ​នៅ​សម័យ​ដែល​លោក​ Park Chung Hee កាន់​តំណែង​ជា​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ពី​ឆ្នាំ ១៩៦២ ដល់​ឆ្នាំ១៩៧៩។ កត្តា​ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កូរ៉េខាងត្បូង​រីក​លូតលាស់​រដ្ឋាភិបាល​វិនិយោគ​ប្រាក់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​លើ​វិស័យ​អប់​រំ និង​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​។ ដូចនេះ កូរ៉េខាងត្បូង បាន​ត្រៀម​ធនធាន​មនុស្ស​ប្រកបដោយ​ជំនាញ​ខ្ពស់​រួច​ជាស្រេច ដើម្បី​រង់ចាំ​ស្វាគមន៍​វិនិយោគិន​ពីក្រៅ​ស្រុក ចូល​ទៅ​បណ្ដាក់​ទុន​រក​ស៊ី។

រដ្ឋាភិបាល​ដើរ​កៀងគរ​វិនិយោគិន​ពី​ក្រៅ​ប្រទេស​ ឲ្យ​ទៅ​បណ្ដាក់​ទុន​នៅ​កូរ៉េខាងត្បូង ហើយ​បញ្ចូល​អ្នក​បច្ចេកទេស​កូរ៉េខាងត្បូង​ឲ្យ​ទទួល​បាន​បទ​ពិសោធន៍​ ខាង​វិស័យ​ឧស្សាហកម្ម និង​បច្ចេកវិទ្យា បន្ថែម​ពី​លើ​ចំណេះ​ដឹង​ដែល​គេ​បាន​រៀន​ចេះ​ពី​សាលា។ លុះ​វិនិយោគិន​ត្រឡប់​ទៅ​ស្រុក​គេ​វិញ ​កូរ៉េខាងត្បូង​ទទួល​បាន​បទពិសោធន៍​ច្រើន​គ្រប់គ្រាន់ អាច​បើក​រោងចក្រ​សហគ្រាស​តូច​ធំ ដោយ​ខ្លួន​ឯង​ជា​បណ្ដើរៗ និង​បន្ត​ដំណើរ​ការ​រោងចក្រ​ឧស្សាហកម្ម​ដោយ​ខ្លួន​ឯង។ 

កំណើន​សេដ្ឋកិច្ច​កូរ៉េខាងត្បូង បាន​ជា​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស អាស្រ័យ​មួយ​ផ្នែក​ដោយ​សារ ​
១-នយោបាយ​ជំរុញ​សម្ទុះ​កំណើន «​ឧស្សាហកម្ម​ដោយ​ផ្ដោត​លើ​ការ​នាំ​ចេញ -export-oriented industries» ២-និង​មួយ​ផ្នែក​ទៀត ដោយ​សារ​កូរ៉េខាងត្បូង​បាន​វិនិយោគ​យ៉ាង​សម្បើម​លើសលប់​លើ​វិស័យ​អប់រំ និង​ធនធាន​មនុស្ស (រដ្ឋ​ចំណាយ ១៥% នៃ​ខ្ទង់​ថវិកា​ជាតិ​សម្រាប់​វិស័យ​អប់​រំ - គឺ​ច្រើន​ជាង​ប្រទេស​ណា​ទាំង​អស់​ក្នុង​ពិភពលោក) ៣-កូរ៉េខាងត្បូង​សម្បូរ​កម្លាំង​ពលកម្ម និង​ជា​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​ខ្ពស់​យក​តែ​មែនទែន (ដូចនេះ អ្នក​វិនិយោគ ដែល​ទៅ​បើក​រោងចក្រ ឬ​ក្រុមហ៊ុន​នៅ​កូរ៉េខាងត្បូង មិន​ចាំបាច់​ជួល​មនុស្ស​ពី​ក្រៅ​ទៅ​ធ្វើការ​ទេ គឺ​កូរ៉េ​មាន​មួយ​គ្រប់​គ្រឿង​មិន​ឲ្យ​ខ្វះ) ៤-រដ្ឋាភិបាល​អនុវត្ត​នយោបាយ​សេដ្ឋកិច្ច​មួយ​បែប គឺ​រដ្ឋ​និង​ឯកជន ធ្វើ​ការ​ជាមួយ​គ្នា ដើម្បី​រដ្ឋាភិបាល​ជួយ​សម្រួល​ដល់​វិស័យ​ឯកជន ក្នុង​ករណី​លើសលស់ ឬ​ខ្វះខាត​ត្រង់​ចំណុច​ណា (នយោបាយ​រដ្ឋ​ធ្វើ​អន្តរាគមន៍​ក្នុង​វិស័យ​ឯកជន -state intervention economy)។ រដ្ឋាភិបាល​បាន​ត្រួត​ពិនិត្យ​យ៉ាង​ដិត​ដល់​ក្នុង​វិស័យ​ឧស្សាហកម្ម និង​ត្រៀម​ខ្លួន​ជួយ​ក្នុង​វិស័យ​ឧស្សាហកម្ម​ខ្នាត​យក្ស​ (corporate conglomerate)

ឧស្សាហកម្ម​ដែល​រដ្ឋាភិបាល​អភិវឌ្ឍ​ ចែក​ចេញ​ជា​បី​ដំណាក់​កាល​
១-ដំណាក់​កាល​អភិវឌ្ឍ​លើ​ឧស្សាហកម្ម​ធុន​ស្រាល ក្នុង​វិស័យ​វាយនភ័ណ្ឌ និង​ឧស្សាហកម្ម​ធុន​ស្រាល ២-ហើយ​បន្ទាប់​មក នៅ​ក្នុង​ទសវត្ស​ទី៧០ បាន​អភិវឌ្ឍ​មួយ​កម្រិត​ទៀត ដល់​ឧស្សាហកម្ម​ធុន​ធ្ងន់​ដូច​ជា ការ​ផលិត​ដែក​សរសៃ ដែក​ថែប និង​សារធាតុ​គីមី សម្រាប់​បម្រើ​ក្នុង​វិស័យ​ឧស្សាហកម្ម និង ​៣-ដំណាក់​កាល​ទី​បី គឺ​អភិវឌ្ឍ​លើ​វិស័យ​ឧស្សាហកម្ម​ដែល​ប្រើ​បច្ចេកវិទ្យា​ជាន់​ខ្ពស់ (high-tech industry) ដូច​ជា​រោងចក្រ​គ្រឿង​រថយន្ត និង​ដំឡើង​រថយន្ត រោងចក្រ​ផលិត​គ្រឿង​អេឡិចត្រូនិក និង​គ្រឿង​បរិក្ខារ​អគ្គិសនី និង​បច្ចេកវិទ្យា​ព័ត៌មាន៕

No comments:

Post a Comment