Wednesday, October 29, 2014

នាយក​រដ្ឋ​មន្ត្រី​អ៊ុយ​ក្រែន​៖ រុស្ស៊ី​ចង់​កាន់​កាប់​​អ៊ុយ​ក្រែន​ និង​បង្កើត​សហ​ភាពសូវៀត​ជា​ថ្មី​


នាយក​រដ្ឋ​មន្ត្រី​​អ៊ុយ​ក្រែន​លោក Arseniy Yatsenyukប្រភព៖​ shrinew
នាយក​រដ្ឋ​មន្ត្រី​​អ៊ុយ​ក្រែន​លោក អាសេនី យ៉ាត​សេនយូក (Arseniy Yatsenyuk) បាន​ថ្លែង​ពី​ថ្ងៃ​សៅរ៍​ថា ប្រធានា​ធិបតី​​រុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន ​ចង់​បំផ្លាញ​អ៊ុយ​ក្រែន​ដែល​ជា​ប្រទេស​ឯក​រាជ​ មួយ​ និង​បង្កើត​សហ​ភាព​សូវៀត​ឡើង​វិញ​។

លោក Yatsenyuk បានថ្លែង​យ៉ាង​ដូច្នេះ​នៅ​ឯ​សន្និសីទ​ព័ត៌​មាន​មួយ​នៅ​ក្នុង​ទី​​ក្រុងកៀវ​ដែល​មាន​ការ​ចូល​រួម​ពី​តំណាង​រាស្ត្រ​អឺរ៉ុប​និង​អ៊ុយ​ក្រែន​ និង​ក្រោយ​ពី​​ក្រុម​មេ​ដឹក​នាំ​អឺរ៉ុប​បាន​សម្រេច​ចិត្ត​​អនុ​វត្ត​ទណ្ឌ​កម្ម​ថ្មី​ៗ​ថែម​ទៀត​ទៅ​លើ​​រុស្ស៊ី​កាល​ពី​ថ្ងៃ​សុក្រ​ដែល​​ទទួល​បាន​ការ​​សរ​សើរ​​ពី​លោក Yatsenyuk ផង​ដែរ​។ 


​​មេ​ដឹក​នាំ​អាមេរិក ​អឺរ៉ុប និង​អ៊ុយ​ក្រែន​តែង​តែ​បាន​ចោទ​រុស្ស៊ី​ជារឿយៗ​ថា​​ជា​អ្នក​បង្ក​អស្ថិរ​ភាព​នៅ​ផ្នែក​ខាង​កើត​ប្រទេស​អ៊ុយក្រែន​ដោយ​សារ​តែ​ការ​ផ្គត់​ផ្គង់​អាវុធ​ទៅ​ឲ្យ​ក្រុម​ឧទ្ទាម​គាំ​ទ្រ​រុស្ស៊ី​ និង​បាន​បញ្ជូន​កង​ទ័ព​ចូលទៅ​​ក្នុង​តំបន់​នេះ​ដើម្បី​​​ធ្វើ​ជា​ជន​​ផ្ដាច់​ទឹក​ដី។​ ប៉ុន្តែ​រុស្ស៊ី​​បាន​បដិ​សេធ​​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ចំពេល​មាន​​បទ​ឈប់​បាញ់​រង្គោះ​រង្គើ​រវាង​ប្រទេស​ទាំង​ពីរ​នេះ​។

យោង​តាម​ទី​ភ្នាក់​ងារ​រ៉យ​ទ័រ​បាន​ឲ្យ​ដឹង​ថា លោក Yatsenyuk ​បាន​ថ្លែង​នៅ​សន្និ​សីទ​នោះ​ថា៖«​យើង​​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​សង្គ្រាម​​ និង​អ្នក​ឈ្លាន​ពាន​ដ៏​ធំ​បំផុត​គឺ​សហ​​ព័ន្ធ​រុស្ស៊ី​។ លោក ពូទីន ​ចង់​ឲ្យ​មាន​​ជម្លោះ​​នៅ​ភាគ​ខាង​កើត​អ៊ុយ​ក្រែន​នេះ។ គោ​ល​បំណង​របស់​លោក​គឺ​ត្រូវ​ក្ដោប​ក្ដាប់​អ៊ុយ​ក្រែន​ទាំង​មូល​។ រុស្ស៊ី​គឺ​ជា​​អ្នក​បង្ក​​ការ​គំរាម​​កំហែង​ដល់​សណ្ដាប់​ធ្នាប់​ពិភព​លោក​ និង​សន្តិ​សុខ​នៅ​អឺរ៉ុប​ទាំង​មូល​ផង​ដែរ​»៕

No comments:

Post a Comment