Wednesday, October 29, 2014

​​​ប្រទេស​ និង​ស្ថាប័ន​​​ដែល​​មាន​មាស​​បម្រុង​ទុក​​ច្រើន​ជាង​គេ​បំផុត​ទាំង​១០

មាស​​ដុំ​ដែល​ប្រទេស​នីមួយ​ៗ​បម្រុង​ទុក​ប្រភព៖​ therealasset.co.uk
គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​ទេ​ថា​ រដ្ឋាភិបាល​ ធនាគារ​កណ្ដាល​ និង​ស្ថាប័ន​មួយ​ចំនួន​ខាង​ក្រោម​នេះ​ ​គឺ​ជា​អ្នក​មាន​​​មាស​ជា​ទុន​បម្រុង​ច្រើន​បំផុត​នៅ​ក្នុង​ពិភព​លោក​។ ​សម្រាប់​ប្រទេស ​​និង​ស្ថាប័ន​ទាំង​នេះ​​ ​មាស​គឺ​ជា​​វត្ថុ​​មាន​​តម្លៃ​​​ចុង​ក្រោយ​​​សម្រាប់​ប្រើ​ប្រាស់​ដើម្បី​ទប់ទល់​នឹង​អតិផរណា​ ​និង​​ជា​​​វត្ថុ​ដ៏​មាន​សុវត្ថិភាព​​​​នៅ​ពេល​​ដែល​សេដ្ឋកិច្ច​ ​និង​​នយោបាយ​​ជួប​រឿង​កោលាហល​។
​​​
ដើម្បី​ដឹង​ច្បាស់​ថា ​ប្រទេស​ណា​មាន​មាស​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក​​នោះ ​ TheBNEWS​ ​ថ្ងៃ​នេះ​​បាន​ស្រង់​យក​ទិន្នន័យ​ពី​របាយ​ការណ៍​ស្ថិតិ​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ​ (IMF) ​និង​បាន​ដាក់​​ចំណាត់​ថ្នាក់​ប្រទេស​ទាំង​នេះ​ទៅ​តាម​លំដាប់​លំដោយ​​​​ដូច​ខាង​ក្រោម៖

​១) សហរដ្ឋ​អាមេរិក

​អាមេរិក​​ស្តុក​ទុក​មាស​​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភព​លោក។ បើ​សរុប​ទៅ​ ​មាន​ទម្ងន់​ប្រមាណ​ ​​៨ ១៣៣,៥​ តោន​​គិត​ជា​​តម្លៃ​​គឺ​ប្រហែល ​២៦៩,៦៧ ​ពាន់​លាន​ដុល្លារ​។ ការ​ស្តុក​ទុក​មាស​ដ៏​ច្រើន​បែប​នេះ​ ​​ឧបមា​ថា​បើ​​​ចែក​ឱ្យ​​ពល​រដ្ឋ​គ្រប់​រូប​រស់​នៅ​ក្នុង​ប្រទេស​នេះ​ គឺ​ម្នាក់​ៗ​ ទទួល​បាន​ប្រហែល​ ០,៩៤៣៦​​​​អោន​ (១​អោន​ស្មើ​នឹង​ ៨,៣​ជី)។​ បើ​គិត​ជា​ទុន​បម្រុង​អន្តរជាតិ​មាស​​មាន​ប្រហែល​​ ៧៨,៣%។ 

​២) ប្រទេស​អាល្លឺម៉ង់​​
ធានា​គារ​កណ្ដាល​របស់​​ប្រទេស​អាល្លឺម៉ង់​មាន​ឈ្មោះ​ថា​​ the Deutsche Bundesbank គឺ​ជា​សមាជិក​ដ៏​មាន​ឥទ្ធិ​ពល​បំផុត​មួយ​របស់​ប្រព័ន្ធ​ធនាគារ​កណ្ដាល​នៅ​អឺរ៉ុប​។ ​ធនាគារ​នេះ​មាន​មាស​​ស្តុក​ទុក​​ប្រមាណ​ ​៣ ៤១២,៦​​ តោន​ ស្នើ​នឹង​ ១១៣,២​ពាន់​លាន​ដុល្លារ​​នៃ​តម្លៃ​មាស​ក្នុង​ឆ្នាំ​២០១១។​ មាស​របស់​អាល្លឺម៉ង់​មាន​ចំនួន​​ជិត​ស្មើ​នឹង​​ ​៧០​ភាគ​រយ​នៃ​​​ទុន​បម្រុង​អន្តរជាតិ​​របស់​ប្រទេស​នេះ។

៣) មូលនិធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ (IMF) ​
មូលនិធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ​ ​មាន​មាស​ស្តុក​ទុក​ ​៣ ២១៧,៣​តោន​។ ​អង្គការ​អន្តរជាតិ​មួយ​នេះ​ជា​អ្នក​ត្រួត​ពិនិត្យ​មើល​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិភព​លោក​ និង​ឃ្លាំ​មើល​​គោល​នយោបាយ​ម៉ាក្រូ​សេដ្ឋ​កិច្ច​នៃ​បណ្ដា​ប្រទេស​​ជាង​ ​១៨០។ ​​អង្គការ​នេះ​ត្រូវ​បង្កើត​ឡើង​ដើម្បី​ធ្វើ​ឲ្យ​អត្រា​ប្ដូរ​ប្រាក់​អន្តរ​ជាតិ​មាន​ស្ថិរ​ភាព​ និង​សម្រួល​ដល់​ការ​អភិវឌ្ឍ​និង​ផ្ដល់​កម្ចី​​​ជា​ពិសេស​ដល់​បណ្ដា​ប្រទេស​ក្រី​ក្រ។

៤) ប្រទេស​អ៊ីតាលី
ធនាគារ​ជាតិ​អ៊ីតាលី​ Banca D'ltalia ជា​កន្លែង​ស្តុក​ទុក​មាស​ច្រើន​របស់​ប្រទេស​នេះ​ដែល​មាន​ចំនួន​៦៦,៥​%​នៃ​​ទុន​បម្រុង​អន្តរជាតិ​​។ ដោយ​មាន​​​ស្តុក​មាស​ទុក​​ប្រហែល​ ​២ ៤៥១,៨​តោន​​​​ប្រហាក់​ប្រហែល​នឹង​​ប្រទេស​បារាំង​ ​ដែល​​មាន​តម្លៃ​​ ​៨១,៣ ​ពាន់​លាន​ដុល្លារ​។​ 

៥) ប្រទេស​បារាំង​ 
ធនាគារ​កណ្ដាល​បារាំង​ the Banque De France ជា​ស្ថាប័ន​រក្សា​ទុក​មាស​របស់​ប្រទេស​បារាំង​ដែល​មូលនិធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ​បាន​រាយ​ការណ៍​ថា ​​មាន​មាស​ប្រហែល​ ២ ៤៥០,៧​ តោន​ ​និង​មាន​តម្លៃ​ប្រហែល​ ​៨១,៣​ពាន់​លាន​ដុល្លារ​ស្នើ​នឹង​៧២,៦%​នៃ​​ទុន​បម្រុង​អន្តរជាតិ។

៦) ផ្សារ​ហ៊ុន​មាស​ SPDR Gold Shares ETF 
ផ្សារ​ហ៊ុន​នេះ ​​​បាន​ចុះ​បញ្ជី​នៅ​ផ្សារ​ហ៊ុន​ញូវយ៉ក​កាលពី​ឆ្នាំ​២០០៤​។ ឥឡូវ​នេះ​ផ្សារ​ហ៊ុន​មាស​ SPDR បាន​ក្លាយ​ជា​ស្ថាប័ន​ ETF មួយ​ដែល​កំពុង​តែ​លូត​លាស់​យ៉ាង​លឿន​បំផុត​នៅ​ក្នុង​ពិភព​លោក​។ ផ្សារ​ហ៊ុន​នេះ​មាន​​មាស​​ ​១ ១២០,៦​តោន​។

​៧) ប្រទេស​ចិន
ប្រទេស​ដែល​មាន​ប្រជា​ជន​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក​មួយ​​នេះ​ មាន​មាស​​ស្ដុក​ទុក​លំដាប់​ទី​ ៧​​ក្នុង​ពិភពលោក។ ដោយ​មាន​ប្រជា​ជន​ប្រមាណ​ ​១,៣៣​​ពាន់​លាន​នាក់​ ប្រទេស​នេះ​មាន​មាស​​តម្លៃ​​​៣៥​ពាន់​លាន​ដុល្លារ​ ហើយ​បើ​​ចែក​នឹង​អត្រា​​ប្រជាជន​គឺ​​ម្នាក់​មាន​​មាស​មាន​តម្លៃ​ ២៦​​​ដុល្លារ​។ បើ​​គិត​ជា​ទុន​បម្រុង​អន្តរជាតិ​ ប្រទេស​នេះ​មាន​មាស​ស្មើ​នឹង​ ១,៨។ ​

​៨) ប្រទេស​ស្វីស
​អ្នក​បង្កើត​ និង​អនុវត្តន៍​គោលនយោ​បាយ​រូបិយ​វត្ថុ​របស់​ប្រទេស​ស្វីស​គឺ​ ​ធនាគារ​ជាតិ​ស្វីស​ដែល​មាន​មាស​ទម្ងន់​ ​១ ០៤០​តោន។ ​នៅ​ប្រទេស​នេះ​​ មាស​​ត្រូវ​គេ​ជឿ​ថា ​​ត្រូវ​​បាន​​ស្តុក​ទុក​នៅ​​ជាន់​ក្រោម​ដី​ធំ​ៗ​នៅ​ជិត​អគារ​សភា​សហ​ព័ន្ធ​ ហើយ​មាន​ប្រមាណ​ ​១០៤០,១​តោន​ និង​មាន​តម្លៃ​ប្រហែល​ ៣៤,៥​ពាន់​លាន​ដុល្លារ​។ ​​ចំនួន​នេះ​​ ​គឺ​ស្មើ​នឹង​ ​​៣៧,១%​នៃ​​ទុន​បម្រុង​អន្តរជាតិ។

​៩) ប្រទេស​ជប៉ុន 
​ថ្វី​ត្បិត​តែ​ប្រទេស​នេះ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី​បី​ក្នុង​លោក​​ ​​តែ​ចំនួន​មាស​ដែល​ស្ដុក​ទុក​មិន​​មាន​​ច្រើន​ណាស់​ណា​ទេ។ ​​ជប៉ុន​ជាប់​ចំណាត់​ថ្នាក់​ទី​៩​ ​នៅ​ក្នុង​ពិភព​លោក​​​ហើយ​មាន​​មាស​ប្រមាណ​ ​​៧៦៥,២​ តោន​ គឺ​ស្នើ​នឹង​ ២,១%​នៃ​​ទុន​បម្រុង​អន្តរជាតិ​របស់​ប្រទេស​នេះ។ ​ដោយ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ធនាគារ​កណ្ដាល​ជប៉ុន​ ការ​ស្តុក​មាស​ទុក​របស់​ប្រទេស​នេះ​មាន​តម្លៃ​ប្រហែល ​២៥,៤​ពាន់​លាន​ដុល្លារ​នៅ​លើ​ទី​ផ្សារ​ទូទៅ។
​​
១០) ប្រទេស​ហុឡង់ដ៍
ធនាគារ​កណ្ដាល​របស់​ប្រទេស​ហុឡង់ដ៍​ De Nederlandsche Bank ជា​ស្ថាប័ន​ពិនិត្យ​មើល​ហិរញ្ញ​វត្ថុ​ជាតិ​របស់​ប្រទេស​នេះ​រួម​ទាំង​​ស្តុក​មាស​ទុក​ប្រមាណ​ ​៦១២,៥​តោន​។ មាស​​របស់​ប្រទេស​ហុឡង់ដ៍​សព្វ​ថ្ងៃ​នេះ​ ​មាន​តម្លៃ​ជាង ​​២០​ពាន់​លាន​ដុល្លារ​ និង​មាន​ចំនួន​ ​៦១,៤%​នៃ​ទុន​បម្រុង​អន្តរជាតិ៕

No comments:

Post a Comment