Tuesday, October 28, 2014

ឥណ្ឌូណេស៊ី​អភិវឌ្ឍ​ខ្លួន​ពី​ប្រទេស​ក្រីក្រ​បំផុត ទៅ​ជា​មហាអំណាច​សេដ្ឋកិច្ច​ធំជាងគេនៅ​អាស៊ាន


ទិដ្ឋភាព​កោះ​បាលី ដ៏ល្បីល្បាញ​របស់​ឥណ្ឌូណេស៊ីប្រភព៖​ lagosdesertwarriors
ទិន្នន័យ​សង្ខេប​ស្ដីពី​ប្រទេស​ឥណ្ឌូណេស៊ី

ឈ្មោះ​ជា​ផ្លូវ​ការ :សាធារណរដ្ឋ​ឥណ្ឌូណេស៊ី (Republic of Indonesia)

របប​នយោបាយ :សាធារណរដ្ឋ​និយម

ប្រធានាធិបតី​ :ជា​ប្រមុខ​រដ្ឋ​ផង (Head of State) និង​ជា​ប្រមុខ​រដ្ឋាភិបាល​ផង (Head of Government)

រដ្ឋធានី :ចាកាតា ឬ​ចាការ៉ាតា (Jakarta)

ផ្ទៃ​ដី​សរុប :១ ៩០៤ ៥៦៩ គីឡូម៉ែត្រ​ការ៉េ (ផ្ទៃ​ដី​សុទ្ធ ១ ៨១១ ៥៦៩ គីឡូម៉ែត្រ​ការ៉េ - ទឹក ៩៣ ០០០ គីឡូម៉ែត្រ​ការ៉េ)

កោះ​សរុប :១ ៧៥០៨ កោះ (ជា​ប្រទេស​ដែល​មាន​កោះ​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក)

ចំនួន​ប្រជាពលរដ្ឋ :ជាង ២៥៣ លាន​នាក់ (ជាប់​ចំណាត់​ថ្នាក់​ទី៥ពិភពលោក)

ចំណូល​ជា​មធ្យម​ប្រចាំ​ឆ្នាំ​សម្រាប់​ប្រជាពលរដ្ឋ​ម្នាក់ៗ ៥២០០ ដុល្លារ

ក្រោម​អាណានិគម :ហុឡង់ដ៍ - ទទួល​បាន​ឯករាជ្យ​ពេញលេញ ១៩៤៩ (ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ១៧ សីហា ១៩៤៥ )

ប្រធានាធិបតី​បច្ចុប្បន្ន :ស៊ីស៊ីឡូបាំបាំងយូឌីយូណូ (ប្រធានាធិបតី​ជិត​ផុត​អាណត្តិ - លោក ចូកូវីដូដូ (Joko Widodo) ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី ប៉ុន្តែ​មិន​ទាន់​ស្បថ​ចូល​កាន់​តំណែង)

ឥណ្ឌូណេស៊ី​ធ្លាប់​ជា​ប្រទេស​តតិយលោក (third-world nation -បច្ចុប្បន្ន​គេ​ប្ដូរ​ទៅ​ជា​ប្រទេស​កំពុង​អភិវឌ្ឍ -developing country) កាលពី​អំឡុង​ទសវត្ស​ទី៦០ បាន​ស្គាល់​នូវ​ការ​រីក​លូតលាស់​សេដ្ឋកិច្ច​យ៉ាង​គំហុក​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ នៅ​តំបន់​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន (ASEAN) ឥណ្ឌូណេស៊ី​ជា​ប្រទេស​ដែល​មាន​ទំហំ​សេដ្ឋកិច្ច​ធំ​លេខ​១ ហើយ​មិន​ត្រឹម​តែ​មាន​សេដ្ឋកិច្ច​ខ្លាំង​នៅ​ក្នុង​តំបន់​ប៉ុណ្ណឹង​ទេ ថែម​ទាំង​ស្ថិត​ក្នុង​ចំណោម​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំៗនៅ​ក្នុង​ពិភពលោក​ទៀត​ផង។



ឥណ្ឌូណេស៊ី​ជា​សមាជិក​ប្រទេស​មាន​កំណើន​សេដ្ឋកិច្ច​ឆាប់​រហ័ស​ទាំង ២០ (ប្រទេស G-20) និង​ជា​ប្រទេស​ឧស្សាហកម្ម​ជាន់​ថ្មី (newly industrialized country)។ ប្រទេស​នេះ​អនុវត្ត​សេដ្ឋកិច្ច​ទីផ្សារ (market economy) តាម​បែប​ផែន​មួយ​ដែល​រដ្ឋាភិបាល​បោះ​ទុន​រក​ស៊ី​ប្រណាំងប្រជែង​ជាមួយ​ឯកជន​ដែរ (ក្រុមហ៊ុន​របស់​រដ្ឋ​មាន​ចំនួន ១៤១) រីឯ​តម្លៃ​លើ​ទំនិញ​សំខាន់ៗ​ដែល​ត្រូវ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ដូចជា​ស្រូវ/អង្ករ ឥន្ធនៈ និង​ថាមពល​អគ្គិសនី។ល។ ត្រូវ​បាន​រដ្ឋ​ជា​អ្នក​កំណត់​តម្លៃ។ 

កាលពី​អំឡុង​វិបត្តិ​សេដ្ឋកិច្ច​អាស៊ី​ ឆ្នាំ១៩៩៧ ឥណ្ឌូណេស៊ី​ក៏​ពុំ​អាច​គេច​ផុត​ពី​វិបត្តិ​នេះ​ដែរ។ ប៉ុន្តែ​ចាប់​ពីឆ្នាំ១៩៩៩ រៀង​មក សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី ត្រូវ​បាន​ស្ដារ​ទៅ​រក​ស្ថាន​ភាព​ល្អ​ប្រសើរ​ឡើង​ជា​បណ្ដើរៗ ឈាន​ដល់​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ ពី​៤% ទៅ ៦% នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ឆ្នាំ២០១២ ឥណ្ឌូណេស៊ី​មាន​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ លំដាប់​ទី២​ពិភពលោក បន្ទាប់​ពី​ប្រទេស​ចិន ពោល​គឺ​វ៉ា​ដាច់​ទាំង​ឥណ្ឌា​ទៅទៀត។

ប្រវត្តិសាស្ត្រ​ឥណ្ឌូណេស៊ី​សង្ខេប

កាលពី​ដើម​សតវត្ស​ទី១៧ ប្រទេស​ហុឡង់ដ៍​បាន​ដាក់​អាណានិគម​លើ​ប្រទេស​ឥណ្ឌូណេស៊ី ហើយ​បាន​ប្រែ​ឈ្មោះ​ទៅ​ជា Dutch East Indie។ កងទ័ព​ជប៉ុន​បាន​វាយ​ដណ្ដើម​ប្រទេស​ឥណ្ឌូណេស៊ី ពី​ប្រទេស​ហុឡង់ដ៍ អំឡុង​សង្គ្រាម​លោក​លើក​ទី២។ ក្រោយ​ជប៉ុន​ចាញ់​សង្គ្រាម ឥណ្ឌូណេស៊ី​ក៏​ប្រកាស​ឯករាជ្យ​ ប៉ុន្តែ​មិន​បាន​ឯករាជ្យ​ភ្លាមៗ​ទេ ព្រោះ​ហុឡង់ដ៍​មិន​ព្រម ហើយ​កកើត​ជា​សង្គ្រាម​ក្នុង​ប្រទេស​អស់​រយៈ​ពេល​៤ឆ្នាំ។ ឆ្នាំ១៩៤៥ ទើប​ហុឡង់ដ៍​ព្រម​ប្រគល់​ឯករាជ្យ​ឲ្យ​ឥណ្ឌូណេស៊ី ក្រោម​កិច្ច​សម្របសម្រួល​ពី​អង្គការ​សហប្រជាជាតិ ហើយ​បង្កើត​រដ្ឋាភិបាល​មួយ​ដែល​អនុវត្ត​តាម​របប​ប្រជាធិបតេយ្យ​សភា​និយម។ របប​នេះ​មាន​តែ​ឈ្មោះ​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​លោក​ស៊ូកាណូ រំលាយ​ចោល​នៅ​ឆ្នាំ១៩៥៧ ហើយ​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​អាជ្ញាសឹក (Martial Law)។ 

បន្ទាប់​ពី​មាន​រដ្ឋ​ប្រហារ​មិន​បាន​សម្រេច (abortive coup) កាល​ពី​ឆ្នាំ១៩៦៥ នោះ​មក អំណាច​ប្រធានាធិបតី ស៊ូកាណូ ចាប់​ផ្ដើម​សាបរលាប​បន្តិច​ម្ដងៗ រហូត​ដល់​លោក​ត្រូវ​បាន​ធ្វើ​រដ្ឋ​ប្រហារ​ផ្ដួល​រំលំ​ពី​អំណាច​ប្រធានាធិបតី ហើយ​លោក​ឧត្ដមសេនីយ៍​ស៊ូហាតូ​កាល​សម័យ​នោះ បាន​ឡើង​ធ្វើ​ជា​ប្រធានាធិបតី​ថ្មី ​មក​ទល់​នឹង​ឆ្នាំ១៩៩៨។ ក្នុង​សម័យ​លោក​ស៊ូហាតូ​កាន់​អំណាច ប្រទេស​ឥណ្ឌូណេស៊ី​ស្គាល់​ការ​រីក​ចម្រើន​ជា​បណ្ដើរៗ ពី​ប្រទេស​ដែល​ធ្លាប់​មាន​តំណែង​ជា​ប្រទេស​តតិយលោក ឬ​ប្រទេស​ក្រីក្រ​ដល់​កម្រិត​កំពូល ទៅ​រក​ប្រទេស​សេដ្ឋកិច្ច​លេខ​១នៅ​អាស៊ាន។


នៅ​ក្នុង​ទសវត្ស​ទី៦០ សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី​រង្គោះរង្គើ​ខ្លាំង​ បណ្ដាល​មក​ពី​អស្ថិរភាព​នយោបាយ (political instability)។ ជួរ​រដ្ឋាភិបាល​ត្រូវ​បាន​ដឹក​នាំ​ដោយ​អ្នក​វ័យ​ក្មេង​និង​ខ្វះ​បទពិសោធន៍​ដឹកនាំ ហើយ​ដឹកនាំ​ប្រទេស​ស្គាល់​តែ​ភាព​ក្រីក្រ និង​គ្រោះ​ទុរភិក្ស​ (famine)។ គិត​ត្រឹម​រយៈ​ ពេល​ដែល​អតីត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក​ស៊ូកាណូ (Sukarno) ត្រូវ​បាន​ទម្លាក់​ពី​តំណែង​កាល​ពី​ឆ្នាំ១៩៦៧ ឥណ្ឌូណេស៊ី កាលណោះ កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​អាសន្នអន្ធក្រ តែម្ដង ហើយ​អត្រា​អតិផរណា​ប្រចាំឆ្នាំ ឡើង​ដល់ ១ពាន់​ភាគរយ (1000%) ពោល​គឺ​លើស​ប្រាក់​ចំណូល​បាន​ពី​ការ​នាំ​ទំនិញ​ទៅ​លក់​ក្រៅ​ស្រុក​ទៅ​ទៀត ហេដ្ឋារចនាសម្ព័ន្ធ​ចុះ​អន់​ខ្សោយ រោងចក្រ​ផលិត​កម្ម​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត និង​គ្មាន​វិនិយោគិន​ណា​ហ៊ាន​ទៅ​បណ្ដាក់ទុន​ទាល់​តែ​សោះ។

ក្រោយ​ពេល​របប​លោក​ស៊ូកាណូ​ផុត​រលត់​ទៅ រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​ថ្មី​បាន​ដាក់​ចេញ​គោលការណ៍​មួយ​ចំនួន ​សំដៅ​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ ហើយ​បាន​ធ្វើ​ឲ្យ​អតិផរណា​ធ្លាក់​ចុះ​វិញ​ និង​រក្សា​តម្លៃ​រូបិយប័ណ្ណ​ជាតិ​ ឲ្យ​មាន​លំនឹង (អតិផរណា​មិន​ហក់​ខ្ពស់​ពេក) រំលោះ​បំណុល​បរទេស (foreign debt) និង​មាន​វិនិយោគិន​បរទេស​ចូល​ទៅ​បណ្ដាក់​ទុន​ជា​បណ្ដើរៗ។



អំពី​វិស័យ​សេដ្ឋកិច្ច

ទើប​តែ​នៅ​ក្នុង​ឆ្នាំ១៩៦៥ ទេ ដែល​ឥណ្ឌូណេស៊ី​អាច​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​ជា​បណ្ដើរៗ។ កាលណោះ ផលិតផល​សរុប​ក្នុង​ស្រុក ថយ​ចុះ ៨%។ ចាប់​ពី​ដើម​ទសវត្ស​ទី៧០ តមក ប្រាក់​ចំណូល​មួយ​ភាគ​ធំ បាន​មក​ពី​ការ​លក់​ប្រេងឆៅ​ទៅ​ក្រៅ​ប្រទេស ហើយ​អាច​កាត់​បន្ថយ​ភាព​ក្រីក្រ​ ដែល​ធ្លាប់​កើន​ដល់ ៦០% បន្ថយ​មក​នៅ​ត្រឹម ១៥% ប៉ុន្តែ​តាម​ការ​ព្យាករណ៍​ឆ្នាំ ២០១០ បង្ហាញ​ថា​ប្រជាពលរដ្ឋ​ឥណ្ឌូណេស៊ី ១៣,៣៣% រស់​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ (poverty line)។

ចាប់​តាំង​ពី​ដើម​ទសវត្ស​ទី៧០ រៀងមក ឥណ្ឌូណេស៊ី​តែង​តែ​នាំ​ចូល​ទំនិញ​កែច្នៃ (manufactured goods) និង​ជួល​អ្នក​បច្ចេកទេស​ជាន់​ខ្ពស់​ពីក្រៅ​ស្រុក​ដើម្បី​អភិវឌ្ឍ​ប្រទេស។ ប៉ុន្តែ វិស័យ​សេដ្ឋកិច្ច​ត្រូវ​បាន​កែ​សម្រួល​ ពី​ឧស្សាហកម្ម​ថ្នាក់​ទី១ (សហគ្រាស​ធុន​តូច ឬ​សិប្បកម្ម​ជា​លក្ខណៈ​គ្រួសារ - primary sector) ទៅ​ជា​ឧស្សាហកម្ម​ថ្នាក់​ទី២ (រោងចក្រ​ឧស្សាហកម្ម​ធុន​ធំ - secondary) និង​បច្ចុប្បន្ន អភិវឌ្ឍ​ដល់​ឧស្សាហកម្ម​ថ្នាក់​ទី៣ (សហគ្រាស​ខ្នាត​ធំ​ផុតលេខ - tertiary) ដូច​ជា​វិស័យ​ឧស្សាហកម្ម​ធុន​ធ្ងន់ វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ និង​វិស័យ​សេវាកម្ម​ធំៗ។ល។


ចាប់​ពី​ដើម​ទសវត្ស​ទី៩០ រៀងមក វិស័យ​ឧស្សាហកម្ម​នាំ​មក​នូវ​ប្រភព​ចំណូល​សម្រាប់​ផលិតផល​សរុប​ក្នុង​ស្រុក ច្រើន​លើស​វិស័យ​កសិកម្ម ហើយ​ក៏​ជា​វិស័យ​សំខាន់​បំផុត​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​របស់​ឥណ្ឌូណេស៊ី។ រដ្ឋាភិបាល​បាន​វិភាជន៍​ថវិកា​ជាតិ​ (allocate) យ៉ាង​ច្រើន​ ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​របស់​ឥណ្ឌូណេស៊ី​ ឲ្យ​ឈាន​ដល់​កម្រិត​មួយ​ធានា​នូវ​ការ​ផ្គត់ផ្គង់​ស្បៀង​ដោយ​មិន​ខ្វះ​ខាត​សម្រាប់​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុក (ឯករាជ្យ​ម្ចាស់​ការ - self-sufficient) ហើយ ចាប់​តាំង​ពី​ពាក់​កណ្ដាល​ទសវត្ស​ទី៨០ រៀងមក ឥណ្ឌូណេស៊ី​មាន​លទ្ធភាព​គ្រប់​គ្រាន់ ក្នុង​ការ​ផ្គត់ផ្គង់​តម្រូវ​ការ​ស្រូវ​អង្ករ​ដោយ​មិន​ចាំបាច់​នាំ​ចូល​ពី​ក្រៅ​ស្រុក។

ចាប់​ពី​ឆ្នាំ ១៩៦៩ ទៅ​ទល់​នឹង​ឆ្នាំ ១៩៩៨ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​ដាក់​ចេញ និង​អនុវត្ត​តាម​ផែនការ៥ឆ្នាំ​ ជា​ដំណាក់​កាលៗ ដើម្បី​ពង្រឹង​មុខ​ព្រួញ​សេដ្ឋកិច្ច​សំខាន់ៗ ហើយ​ផ្ដល់​អាទិភាព (prioritize)លើ​វិស័យ​កសិកម្ម ប្រព័ន្ធ​ស្រោចស្រព (irrigation) វិស័យ​ដឹក​ជញ្ជូន និង​គមនាគមន៍​។ កន្លែង​ណា​ដែល​វិស័យ​ឯកជន​ (private sector) មិន​សូវ​រីក​ចម្រើន រដ្ឋ​បង្វែរ​មុខ​ព្រួញ​ទៅ​កន្លែង​នោះ ស្រប​ទៅ​តាម​ជំនួយ​អភិវឌ្ឍ​ពី​ប្រទេស​ម្ចាស់​ជំនួយ។

ចាប់​ពី​ចុង​សតវត្ស​ទី២០មក វិស័យ​សាធារណៈ (public sector) បង្វែរ​មុខព្រួញ​មក​ផ្ដោត​លើ​សហគ្រាស​ស្វយ័ត និង​ឯករាជ្យ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ។

ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស (Foreign Direct Investment -FDI) រីក​ចម្រើន​ខ្លាំង​កាល​ពី​ទសវត្ស​ទី៩០ ប៉ុន្តែ​ត្រូវ​ធាក់​ថយ​វិញ​ ដោយសារ​ឥទ្ធិពល​អាក្រក់​នៃ​វិបត្តិ​សេដ្ឋកិច្ច​អាស៊ី (Asian economic crisis) ឆ្នាំ១៩៩៧ (កាលណោះ​សូម្បី​ជប៉ុន​ក៏​ជួប​វិបត្តិ​នេះ​ដែរ មាន​តែ​ចិន​មួយ​ទេ​ដែល​គេច​ផុត​ពី​វិបត្តិ​នេះ ព្រោះ​ចិន​មាន​លុយ​ច្រើន)។ រដ្ឋាភិបាល​បាន​អនុវត្ត​តាម​ផែនការ​អភិវឌ្ឍ​ជាតិ​រយៈ​ពេល​៤​ឆ្នាំ ហើយ​បាន​ស្ដារ​មុខ​មាត់​សេដ្ឋកិច្ច​ឲ្យ​រីកចម្រើន​មក​ទល់​នឹង​ពេល​សព្វថ្ងៃ។ 

ត្រឹម​ឆ្នាំ២០០៣ សេដ្ឋកិច្ច​មាន​លំនឹង (stable) ដោយ​មិន​ចាំ​បាច់​អនុវត្ត​តាម​ផែនការ​អភិវឌ្ឍ​ក្រោម​ជំនួយ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (International Monetary Fund -IMF) ត​ទៅ​ទៀត​ទេ។ ជំហាន​បន្ទាប់ រដ្ឋាភិបាល​បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​ថ្មី​មួយ​ទៀត ដើម្បី​ធ្វើ​សេរីភាវូបនីយកម្ម (បើក​ទូលាយ -liberalization) លើ​វិស័យ​មួយ​ចំនួន និង​ដាក់​ដែន​កំណត់ (limitation) កុំ​ឲ្យ​វិនិយោគិន​បរទេស​មាន​សិទ្ធិ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​ស្រេច​នឹង​ចិត្ត (បើ​មិន​ដូច្នេះ​ទេ បរទេស​ទៅ​ទិញ​ដី​ទិញ​ផ្ទះ​ជា​កម្មសិទ្ធិ មិន​វីវរ​ទៅ​ហើយ)។ នេះ​ជា​គោល​ការណ៍​ដើម្បី​ធានា​នូវ​ស្វ័យភាព​និង​ភាព​ឯករាជ្យ​ម្ចាស់ការ (មិន​ពឹង​គេ ឬ​មិន​រណប​គេ -self-sufficient) សម្រាប់​ប្រទេស​ឥណ្ឌូណេស៊ី ចាប់​ពី​សតវត្ស​ទី២១ តទៅ។ 

No comments:

Post a Comment