Wednesday, October 29, 2014

វិបត្តិ​នយោបាយ​ ៤​ កំពុង​គំរាម​កំហែង​សេដ្ឋកិច្ច​ពិភពលោក​មិន​ឲ្យ​ងើប​មុខ​រួច


វិបត្តិ​នយោបាយ​ ៤​ កំពុង​គំរាម​កំហែង​សេដ្ឋកិច្ច​ពិភពលោក​មិន​ឲ្យ​ងើប​មុខ​រួច
សេដ្ឋកិច្ច​និង​នយោបាយ​មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ​ប្រៀប​បាន​បបូរមាត់ ​​និង​ធ្មេញ​។ ​​គេ​យល់​ថា​ ​កត្តា​នយោបាយ​ជា​អ្នក​ជំរុញ​ឲ្យ​កើត​វិបត្តិ​សេដ្ឋកិច្ច ពោល​គឺ​មិន​មែន​កត្តា​សេដ្ឋកិច្ច​ជះឥទ្ធិពល​លើ​កត្តា​នយោបាយ​នោះ​ទេ។ នេះ​ជា​ការ​យល់​ច្រឡំ​សុទ្ធសាធ។ តាមពិត គឺ​កត្តា​សេដ្ឋកិច្ច​ទេតើ ដែល​ជះឥទ្ធិពល​លើ​កត្តា​នយោបាយ ពោល​គឺ​វិបត្តិ​នយោបាយ ជា​បច្ច័យ​នៃ​វិបត្តិ​សេដ្ឋកិច្ច។

បច្ចុប្បន្ន វិបត្តិ​នយោបាយ​កើត​មាន​នៅ​តាម​តំបន់​មួយ​ចំនួន​ដូច​ជា​នៅ​អ៊ុយក្រែន នៅ​អ៊ីរ៉ាក់​ ស៊ីរី នៅ​មជ្ឈិមបូព៌ា។ល។ ក្រៅ​ពី​នោះ ដំណើរ​ធាក់​ថយ​នៃ​​ផ្នែក​សេដ្ឋកិច្ច ​​ក៏​កើត​មាន​នៅ​តំបន់​ប៉ូល​សេដ្ឋកិច្ច​សំខាន់ៗ​ដូច​ជា​នៅ​តំបន់​ចាយ​ប្រាក់​អឺរ៉ូ ​(សហភាព​អឺរ៉ុប) នៅ​ប្រទេស​ចិន ជប៉ុន។ ​

​​​តើ​នៅ​ក្នុង​ពិភពលោក កំពុង​កើត​មាន​វិបត្តិ​នយោបាយ​អ្វី​ខ្លះ​ដែល​ជា​ព្រឹត្តិការណ៍​សំខាន់ៗ​ត្រូវ​មជ្ឈដ្ឋាន​អន្តរជាតិ​យក​ចិត្ត​ទុក​ដាក់ ព្រោះ​តិច​ឬ​ច្រើន វា​ពាក់ព័ន្ធ​និង​ប៉ះពាល់​ចំពោះ​ផល​ប្រយោជន៍​សេដ្ឋកិច្ច។

១-វិបត្តិ​នៅ​អ៊ីរ៉ាក់ និង​ស៊ីរី (វិបត្តិ​ទាំង​ពីរ​នេះ​ជាប់​ពាក់ព័ន្ធ​គ្នា​​ ក្លាយ​ជា​បញ្ហា​តែ​ ១)
ក្រុម​ប្រដាប់​អាវុធ​អាយស៊ីល (ISIL) បាន​វាយ​តំបន់​មួយ​ផ្នែក​នៅ​អ៊ីរ៉ាក់ ដោយ​វាយ​យក​បាន​ទីក្រុង​មូស៊ូល (Mosul) និង​ទីក្រុង​មួយ​ចំនួន​ទៀត​ ហើយ​កំពុង​បន្ត​ដំណើរ​ទៅ​ទីក្រុង​បាដាដ (Baghdad)។ ក្រុម​នេះ​មាន​គោលដៅ​បង្កើត​រដ្ឋ​ឥស្លាម​​មួយ​តែ​ម្ដង​​។ ​

វិបត្តិ​នៅ​អ៊ីរ៉ាក់​មិន​ត្រឹម​តែ​ជះឥទ្ធិពល​អាក្រក់​ចំពោះ​វិស័យ​សេដ្ឋកិច្ច​​​នៅ​តំបន់​មជ្ឈិមបូព៌ា​ប៉ុណ្ណោះ​ទេ តែ​ឥទ្ធិពល​របស់​វាបាចសាច​ពាសពេញ​ពិភពលោក។ ប្រេងឆៅ​ឡើង​ថ្លៃ​កាលពី​ថ្ងៃសុក្រ​ជា​បច្ច័យ​នៃ​វិបត្តិ​នេះ។ អស្ថិរភាព​នយោបាយ (political instability) នាំ​ឲ្យ​វិនិយោគិន ក៏​ដូច​ជា​បុគ្គលិក​ជាន់ខ្ពស់​ក្នុង​ក្រុមហ៊ុន (business executives) និង​អ្នក​ដែល​មាន​ផល​ប្រយោជន៍​ក្នុង​មុខ​ជំនួញ​ហើយ​ដែល​រង​ឥទ្ធិពល​ពី​វិបត្តិ​នេះ​បារម្ភ​ខ្លាំង​ជាង​គេ។​

២-វិវាទ​រវាង​ប្រទេស​ចិន​និង​ប្រទេស​ជប៉ុន
វិបត្តិ​នា​បច្ចុប្បន្ន​សម័យ ពុំ​មែន​កើត​ឡើង​ផ្ដាច់មុខ​តែ​នៅ​តំបន់​មជ្ឈិមបូព៌ា​នោះ​ឡើយ សូម្បី​នៅ​អាស៊ី​ក៏​កើត​វិវាទ​រវាង​មហាអំណាច​សេដ្ឋកិច្ច​ធំ​ជាង​គេ​នៅ​ទ្វីប​អាស៊ី ពោលគឺ​ប្រទេស​ចិន ​​និង​ប្រទេស​ជប៉ុន​ក៏​កំពុង​មាន​វិវាទ​នឹង​គ្នា​ដែរ ​ពាក់ព័ន្ធ​នឹង​ដែន​កោះ​នៅ​សមុទ្រ​ចិន​ខាង​កើត (East China Sea)។ បើ​ប្រៀបធៀប​គ្នា​រវាង​ចិន​និង​ជប៉ុន ឃើញ​ថា​ ​ជប៉ុន​បាន​ទិញ​ចូល​យន្តហោះ​ចម្បាំង​ច្រើន​លើស​ចិន​ទិញ​ចូល ដល់​ទៅ ៤១៥ ដង​ឯណោះ​ កាល​ពី​ឆ្នាំ២០១៣។ 

៣-ចលនា​ស្ដាំនិយម​ជ្រុល ចាប់​ផ្ដើម​កម្រើក​រំពើក​នៅ​អឺរ៉ុប
សិស្ស/និស្សិត​ដែល​ធ្លាប់​សិក្សា​រៀន​សូត្រ​អំពី​ប្រវត្តិសាស្ត្រ​សតវត្ស​ទី២០ បាន​ជ្រាប​ស្រាប់​ហើយ​ថា​ទ្វីប​អឺរ៉ុប​មិន​មែន​ជា​តំបន់​ដែល​តែង​តែ​ស្គាល់​ភាព​រុងរឿង​ ​និង​ភ្លឺ​ចិញ្ចែងចិញ្ចាច​គ្រប់​ពេល​នោះ​ទេ។ ​​កាលណា​មាន​វិបត្តិ​សេដ្ឋកិច្ច​ហើយ ទ្វីប​អឺរ៉ុប​ត្រូវ​អ័ព្ទ​រស្មី​ដូច​សុរិយា​រៀប​អស្ដង្គត ដូច​ដែល​យើង​ឃើញ​វាសនា​របស់​ទ្វីប​អឺរ៉ុប (ខាង​លិច​) សព្វ​ថ្ងៃ​នេះ។ 

​គេ​នៅ​ចាំ​បាន​ថា​ ទន្ទឹម​នឹង​ពេល​ដែល​អឺរ៉ុប​ខាងលិច​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ក៏​ស្រាប់​តែ​ចាប់​កំណើត​នូវ​ចលនា​មួយ​ចំនួន​ដូច​ជា: ចលនា​ជាតិនិយម(Nationalism) ចលនា​ប្រឆាំង​នឹង​ជន​អន្តោប្រវេសន៍ ចលនា​តាម​ព្យាបាទ ​​និង​បោស​សម្អាត​ជនជាតិ​ជ្វីប (persecution) និង​អម្បូរ​ជនជាតិ​ភាគ​តិច ​និង​ក្រុម​ដែល​ប្រកាន់​ជំនឿសាសនា​ផ្សេងៗ​គ្នា។

ប្រសិនបើ​គេ​និយាយ​តាម​ត្រង់ គ្មាន​នរណា​ម្នាក់​ប្រាថ្នា​ចង់​ឲ្យ​របប​អ៊ីទ្លែ​និយម ឬ​មូសូលីនី​និយម វិល​ត្រឡប់​ទៅ​ឡើង​កាន់​អំណាច​នៅ​អឺរ៉ុប​សា​ជាថ្មី​ទៀត​នោះ​ទេ​។ 

គេ​កត់​សម្គាល់​ថា​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​តំបន់​ចាយ​ប្រាក់​អឺរ៉ូ (Eurozone) នាំ​ឲ្យ​ចលនា​សើរើ​និយម​ (Radicalism) ឧប្បត្តិក​សាជាថ្មី ឬ​កំពុងរើប​ឡើង​វិញ​នៅ​អឺរ៉ុប​ខាង​លិច។

៤-វិបត្តិ​នយោបាយ​រវាង​ប្រទេស​រុស្ស៊ី​និង​អ៊ុយក្រែន និង​តំបន់​ដទៃ​ទៀត​នៅ​អឺរ៉ុប
វិបត្តិ​អ៊ុយក្រែន​មិន​ត្រឹមតែ​ប៉ះពាល់​អ៊ុយក្រែន​និង​ប្រទេស​រុស្ស៊ី​ប៉ុណ្ណឹង​ទេ តែ​បាន​រាលដាល​ដល់​ប្រទេស​ប៉ូឡូញ សាធារណរដ្ឋ​ឆែក ប្រទេស​បេឡារូស ប្រទេស​ម៉ុលដូវ៉ា ប្រទេស​អេស្តូនី ប្រទេស​ឡាតវី ប្រទេស​លីទុយអានី​ដែល​ស្ថិត​នៅ​ប៉ែក​អឺរ៉ុប​ខាងកើត។ល។ តើ​វិបត្តិ​នេះ​ប៉ះពាល់​យ៉ាង​ដូចម្ដេច​ខ្លះ​ចំពោះ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​ពី​ប្រទេស​រុស្ស៊ី​ទៅឲ្យ​អ៊ុយក្រែន​ និង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ខាងលិច ក៏​ដូច​ជា​ប៉ះពាល់​យ៉ាង​ដូចម្ដេច​ចំពោះ​វិស័យ​សេដ្ឋកិច្ច​នៅ​អឺរ៉ុបទាំងមូល? នេះ​ជា​សំណួរ​ដ៏ធំដែល​គេ​ត្រូវ​ដោះស្រាយ៕

កំណត់​សម្គាល់: លោកអ៊ីទ្លែ ជា​មេដឹកនាំ​ផ្ដាច់​ការ​ ស្ដាំ​និយម​ជ្រុល​ (far-right) ដែល​ធ្លាប់​កាន់​អំណាច​ជា​អធិការបតី​អាល្លឺម៉ង់​មុន និង​អំឡុង​សង្គ្រាម​លោក​លើក​ទី២។ លោក​មូសូលីនី ជា​មេដឹកនាំ​ផ្ដាច់ការ​ ស្ដាំនិយម​ជ្រុល​នៅ​អ៊ីតាលី​ មួយ​ស្របាល​​គ្នា​នឹង​លោក​អ៊ីទ្លែ​ដែរ។
សើរើ​និយម (ឬ​មូល​វិវត្តន៍​និយម) (radicalism) ជា​ចលនា​គំនិត​ដែល​ដើរ​លើ​ផ្លូវ​ជា​មួយ​គ្នា​ដល់​ណា​ដល់​ណី​ហើយ ឬសង្គមវិវត្ត​ដល់ណាដល់ណីហើយ ឯងទើប​តែ​នឹក​ឃើញ​ចង់​វិលត្រឡប់​ថយ​ក្រោយ​វិញ ឬ​ចង់​សើរើ​ឡើង​វិញ។ ទស្សនៈសើរើ​និយម​ យល់​ថា​គំនិត​ខ្លួន​គ្រាន់​បើ​ជាងគេ ឬ​សុទ្ធ​តែ​គេ​មិនកើត គេ​មិន​​ដល់​ខ្លួន ព្រោះ​ខ្លួនមាន​គំនិត​ភ្លឺ​ស្វាង​ជាង​អ្នក​ដទៃ។ នេះ​គ្រាន់​តែ​ជា​អ្វី​ដែល​គេគិត​ទេ ត្រង់ភ្លឺស្វាង​ឬយ៉ាងណា មាន​តែ​ការពិត​ទេ​ទើប​អា​ច​វិនិច្ឆ័យ​បាន។

No comments:

Post a Comment