Sunday, October 26, 2014

ភូមិសាស្ត្រនយោបាយ មីយ៉ាន់ម៉ា

របបនយោបាយភូមា (មីយ៉ាន់ម៉ា)
ពីឆ្នាំ១៩៦២រហូតដល់ចុងឆ្នាំ២០១១ អំណាចរដ្ឋនៃប្រទេសភូមាឋិតនៅក្នុងកណ្តាប់ដៃរបស់ក្រុមនាយទាហាន។ ហើយក្នុងអំឡុងពេលជាងប្រាំទសវត្សរ៍ ភូមាដែលបានដូរឈ្មោះជាមីយ៉ាន់ម៉ា(Myanma)បានអនុវត្តអំណាចផ្តាច់ការបែបរបបសឹក បានបិទព្រំដែនសឹងជិតស្លុង និងមានទំនាក់ទំនងតិចតួចបំផុត ជាមួយពិភពលោក។
មិនមែនជារឿងមួយចៃដន្យទេ ដែលអំណាចត្រូវបានកាន់កាប់ដោយក្រុមនាយទាហាន ពីព្រោះពីឆ្នាំ១៩៤៨ ឆ្នាំដែលភូមាទទួលបានឯករាជ្យ រហូតដល់ឆ្នាំ១៩៦២ រដ្ឋាភិបាលស៊ីវិល ចេះតែទៅពឹងពាក់កងទ័ពឥតឈប់ឈរ។ ជាក់ស្តែងនៅឆ្នាំ១៩៤៨ នាយករដ្ឋមន្ត្រី អ៊ូ នូ
(U Nu) បានពឹងពាក់ឧត្តមសេនីយ៍ នេ វីន(Ne Win) ឲ្យបង្ក្រាបពួកជនជាតិភាគតិចការ៉េន (Karens) ដែលងើបបះបោរទាមទារឯករាជ្យ។ ក្រោយមកទៀត នៅឆ្នាំ១៩៥៨ អ៊ូ នូបានទៅ ពឹងពាក់ឧត្តមសេនីយ៍ នេ វីន ជាថ្មី លើកនេះ ឲ្យបង្ក្រាបពួកកុម្មុយនិស្តវិញម្តង។ នៅទីបំផុត នៅខែមីនាឆ្នាំ១៩៦២ ឧត្តមសេនីយ៍ នេ វីន បានធ្វើរដ្ឋប្រហារទម្លាក់អ៊ូ នូ ហើយបានក្រសោបយកអំណាចទាំងស្រុងមកក្តាប់។
គេត្រូវរង់ចាំរហូតដល់ឆ្នាំ១៩៨៨ ទើបឃើញប្រជាជនស៊ីវិលងើបបះបោរ ធ្វើបាតុកម្មប្រឆាំង នឹងរបបសឹករបស់នេ វីន។ កាលនោះ នៅចំពោះមុខមហាបាតុកម្មមួយរបស់គណបក្សប្រឆាំង គឺបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ដឹកនាំដោយលោកស្រីអុង សាន់ស៊ូជី (Aung San Suu Kyi) ឧត្តមសេនីយ៍នេ វីន បានបង្ខំចិត្តលាលែងចេញពីតំណែង។ ក៏ប៉ុន្តែ កងទ័ពដែលនៅតែមិនព្រមបោះបង់ចោលអំណាច បានចាប់ពួកមេដឹកនាំបក្សជំទាស់ដាក់គុក បានចាប់លោកស្រីអុង សាន់ស៊ូជី ឃុំខ្លួនក្នុងគេហដ្ឋានលោកស្រីនិងបានបង្កើតស្ថាប័ន រដ្ឋាភិបាលមួយ ដែលគេប្រសិទ្ធនាមឲ្យថា គណៈកម្មាធិការរដ្ឋដើម្បីរៀបចំច្បាប់និងសណ្តាប់ធ្នាប់ឡើងវិញ ហៅកាត់ថាSLORC។
ស្ថាប័ន SLORC នេះដែលនៅឆ្នាំ១៩៩៧ ត្រូវបានដូរឈ្មោះទៅជា ក្រុមប្រឹក្សារដ្ឋដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ (SPDC) គឺជាសសរគ្រឹះនៃរបបផ្តាច់ការភូមា។ សមាជិកនៃក្រុមប្រឹក្សារដ្ឋនេះសុទ្ធសឹងជានាយទាហាន មានមេបញ្ជាការយោធភូមិភាគ១២នាក់និងនាយទាហានជាន់ខ្ពស់៧នាក់។ គឺក្រុមនាយទាហាននេះហើយ ដែលជាអ្នកតែងតាំងនាយករដ្ឋមន្ត្រី កំណត់មនោគមវិជ្ជានិងបន្ទាត់នយាបាយធំៗនៃរបបសឹកភូមា។
នៅខែមិថុនាឆ្នាំ១៩៨៩ ក្រុមនាយទាហាន បានសម្រេចប្តូរឈ្មោះភូមា ទៅជាមីយ៉ាន់ម៉ា
(Myanmar)។ មីយ៉ាន់ម៉ា ដែលមានន័យថា «ពូជសាសន៍ដែលកើតមុនគេនៅក្នុងលោកិយ»ជាពាក្យមួយម៉ាត់ប្រកបទៅលក្ខណៈជាតិនិយម។ រហូតដល់ចុងឆ្នាំ២០១១ ក្រៅពីមូលដ្ឋានជាតិនិយម មនោគមវិជ្ជារបស់ក្រុមនាយទាហានភូមាឈរនៅលើការប្រឆាំងនឹង ប្រជាធិបតេយ្យូបនីយកម្ម និងការប្រឆាំងនឹងបស្ចិមលោក។
ការប្រឆាំងនឹងប្រជាធិបតេយ្យូបនីយកម្មបានជំរុញរបបសឹកឱ្យក្តាប់យ៉ាងតឹងរ៉ឹង មធ្យោបាយឃោសនាមហាជន ដូចជាទូរទស្សន៍ វិទ្យុ និងសារពត៌មាន និងខ្ទប់មាត់បក្សជំទាស់។ នៅក្នុងន័យនេះ បបសឹកបានបន្តចាប់អ្នកប្រឆាំងដាក់គុក និងបានវាយបង្ក្រាបក្នុងថ្លុកឈាមរាល់ចលនាបះបោរ ដូចយ៉ាង ការវាយបង្ក្រាបគ្មានត្រាប្រណី ទៅលើបាតុកម្មលោកសង្ឃនិងនិស្សិត នៅឆ្នាំ២០០៧។

ដោយឡែក មិនមែនចៃដន្យទេ ដែលរបបសឹកភូមាប្រឆាំងនឹងបស្ចិមលោក ពីព្រោះអស់រយៈពេលជាច្រើនទសវត្សរ៍ សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានដាក់សម្ពាធគ្រប់បែបយ៉ាង ទៅលើភូមា បានបង្ខំឲ្យក្រុមនាយទាហានធ្វើប្រជាធិបតេយ្យូបនីយកម្មនៅក្នុងប្រទេស និងដោះលែងអ្នកទោសនយោបាយ ជាពិសេស លោកស្រីប្រមុខបក្សជំទាស់អ៊ុងសាន់ស៊ូជីដែលនៅឆ្នាំ១៩៩១ បានក្លាយជាជ័យលាភីរង្វាន់ណូបែល(Nobel)ផ្នែកសន្តិភាព។
*
ទោះជាយ៉ាងណាក៏ដោយ រហូតមកទល់ពេលថ្មីៗនេះ ការគាបសង្កត់របស់បស្ចិមលោកទៅលើរបបសឹក គ្មានប្រសិទ្ធិភាពទាល់តែសោះ ពីព្រោះរបបផ្តាច់ការភូមាមិនដែលត្រូវការលោកខាងលិចទេ។ សូម្បីតែ នៅខែឧសភាឆ្នាំ២០០៨ ក្រោយពេលដែលខ្យល់ព្យុះកំបុតត្បូងNarguis បានសម្លាប់ប្រជាជនភូមាអស់ជាងមួយសែននាក់ ក៏របបសឹកមិនបានយល់ព្រមទទួលជំនួយពីបស្ចិមលោកដែរ បានយល់ព្រមទទួលតែជំនួយពីបណ្តាប្រទេសអាស៊ី។
ការពិត របបសឹកភូមាអាងយ៉ាង ពីព្រោះមានប្រទេសចិនជួយនិងមានប្រទេសរុស្ស៊ី ព្រមទាំងបណ្តាប្រទេសអាស៊ានរកស៊ីជាមួយ។ ជាក់ស្តែង មកទល់ពេលនេះ វិនិយោគរបស់ប្រទេសចិន រុស្ស៊ី វៀតណាម ថៃ និងសិង្ហបុរីនៅប្រទេសភូមា កើនរហូតដល់ទៅរាប់ពាន់លានដុល្លារ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការណែនាំរបស់ប្រទេសចិន និងដោយហេតុតែមានការទិតៀនកាន់តែខ្លាំងពីសំណាក់សមាជិកអាស៊ានខ្លះ របបសឹកភូមាបានផ្តើមបោះជំហានទៅរកអ្វី ដែលខ្លួនប្រសិទ្ធនាមឲ្យថា លទ្ធិប្រជាធិបតេយ្យនៅក្នុងក្របខណ្ឌនៃវិន័យ។
នៅក្នុងន័យនេះ រដ្ឋធម្មនុញ្ញថ្មីមួយ ត្រូវបានអនុម័តឡើង តាមរយៈការបោះឆ្នោតប្រជាមតិ កាលពីចុងឆ្នាំ២០០៨។ គោលដៅចុងក្រោយ តាមរយៈរដ្ឋធម្មនុញ្ញថ្មីនេះ គឺបង្កើតរបបនយោបាយប្រធានាធិបតីស៊ីវិលមួយ។
នៅខែវិច្ឆិកាឆ្នាំ២០១១ រដ្ឋអំណាចភូមាបានរៀបចំបោះឆ្នោត បានរំលាយចោលរបបសឹក បានដោះឯកសណ្ឋានយោធាចោល បានបង្កើតរដ្ឋាភិបាលស៊ីវិលមួយ និងបានដោះលែងលោកស្រីអុង សាន់ស៊ូជីឱ្យមានសេរីភាពវិញ។ លោកស្រីប្រមុខបក្សប្រឆាំងនិងឥស្សរជនជាច្រើននាក់នៃបក្សជំទាស់ថែមទាំងបានក្លាយជាអ្នកតំណាងរាស្រ្តទៀតផង តាមរយៈការបោះឆ្នោតសភាមួយភាគនៅខែមេសាឆ្នាំ២០១២។
សព្វថ្ងៃនេះ ភូមាបាននិងកំពុងបន្តកំណែទម្រង់នយោបាយតទៅទៀត។ ទន្ទឹមនេះ បស្ចិមលោកបានបន្ធូរសម្ពាធទៅលើប្រទេសភូមានិងបានបង្កើនកិច្ចចរចាជាមួយរបបថ្មីរបស់លោកប្រធានាធិបតីស៊ីវិលទីមួយ ធេន សេន(Thein Sein)។
មានមូលហេតុមួយធំដែលអាចពន្យល់ការវិវឌ្ឍន៍ទៅដ៏ល្អប្រសើរមិនធ្លាប់ដែលមានបែបនេះរបស់ប្រទេសភូមា នោះគឺនៅទីបំផុតពួកក្រុមនាយទាហានមានឆន្ទៈនយោបាយក្នុងការបើកចំហប្រទេស។ បើកចំហប្រទេសដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ដ្បិតការបិទទ្វារជិតស្លុងនិងការមិនទាក់ទងរកស៊ីជាមួយបស្ចិមលោក ធ្វើឱ្យភូមាស្គាល់ភាពយឺតយ៉ាវគ្រប់វិស័យបើប្រៀបធៀបទៅនឹងបណ្តាប្រទេសដទៃក្នុងតំបន់។
យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបនៅមិនទាន់ព្រមលើកទណ្ឌកម្មចេញទាំងស្រុងទេ តែកោតសរសើរនិងលើកទឹកចិត្តរបបថ្មីឲ្យបន្តកំណែទម្រង់នយោបាយ។ បស្ចិមលោកនៅបារម្ភ បារម្ភខ្លាចចាញ់បោករដ្ឋអំណាចភូមា ពីព្រោះគេដឹងថា នៅពីក្រោយលោកប្រធានាធិបតីស៊ីវិលធេន សេន នៅបន្តមានស្រមោលរបស់ក្រុមនាយទាហានដែលចង់រក្សាអំណាចរបស់ពួកគេឲ្យនៅឋិតថេរយូរអង្វែងតទៅទៀត៕

No comments:

Post a Comment