Wednesday, October 29, 2014

តើ​ច្បាប់​អាជ្ញាសឹក​​មានន័យ​ដូចម្តេច?


កងទ័ព​ថៃ​ហ្វឹកហាត់​​ក្នុង​​​ទីក្រុង​បាងកក​ប្រភព៖​ china.org
ច្បាប់​អាជ្ញាសឹក​និយាយ​ឲ្យ​ទូលំទូលាយ​​ត្រូវ​បាន​អនុវត្ត​ជា​ផ្លូវការ​​ក្នុង​ស្ថានភាព​​ដែល​ប្រទេស​មួយ​​ស្ថិត​នៅ​​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន នៅ​ក្រោយ​ពេល​​រដ្ឋាភិបាល​​ជាប់​គាំង​គ្មាន​ប្រសិទ្ធភាព​អាច​បញ្ចប់​​អំពើ​ហិង្សា​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស។

ដូច​អ្វី​ដែល​បាន​ឃើញ​ស្រាប់​នៅ​​ក្នុង​វិបត្តិនយោបាយ​នា​ទីក្រុង​បាងកក ​​មុន​ពេល​ធ្វើ​រដ្ឋប្រហារ​យោធា​កាល​ពី​ថ្ងៃ​ទី​២២​ ឧសភា​កន្លង​ទៅ​នេះ ​ប្រមុខ​យោធា​ថៃ​បាន​ប្រកាស​​​ដាក់​ច្បាប់​អាជ្ញាសឹក​នៅ​​​ទូទាំង​ប្រទេស​ ក្នុង​​គោល​ដៅ​​ស្ដារ​សន្តិភាព និង​សន្តិសុខ​ជាតិ​ឡើង​វិញ។ 

ក្នុង​ស្ថានភាព​នេះ ​ក្រុម​យោធា​បាន​​អនុវត្ត​ច្បាប់​អាជ្ញាសឹក​​ដោយ​កំណត់​ថា​៖
​​​​-រាល់​សកម្មជន​ដែល​ប្រមូល​ផ្តុំ​នៅ​ក្នុង​ទីក្រុង​បាងកក មិន​​អនុញ្ញាត​ឲ្យ​ហែ​ក្បូន​​ធ្វើ​បាតុកម្ម​ក្រៅ​​ទីតាំង​ដែល​​បាន​កំណត់​នោះ​ឡើយ​ ដើម្បី​ការពារ​មិន​ឲ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​​ ណា​មួយ​ជា​មួយ​ក្រុម​​បាតុករ​ប្រឆាំង​មួយ​ក្រុម​ផ្សេង​​ទៀត។

- បើ​​គ្មាន​សេចក្តី​ជួន​ដំណឹង​​ជា​មុន​ពី​ក្រុម​យោធា​ទេ​នោះ ស្ថានីយ​ទូរទស្សន៍​ខ្សែកាប និង ផ្កាយរណប​ឧបត្ថម្ភ​ដោយ​​អ្នក​គាំទ្រ​រដ្ឋាភិបាល​ និង ក្រុម​ប្រឆាំង​​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​​​ផ្សព្វផ្សាយ​ឃោសនា​បាន​ឡើយ​។

​- រាល់​ស្ថានីយ​ទូរទស្សន៍ និង វិទ្យុ​ទាំងអស់​ ត្រូវ​​ផ្អាក​កម្មវិធី​ផ្សាយ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ជា​បណ្តោះអាសន្ន ដើម្បី​ផ្សព្វផ្សាយ​ពី​ស្ថានភាព​​ទូទៅ​របស់​កងទ័ព​នៅ​ក្នុង​ប្រទេស​​​។​

-ការ​ផ្សព្វផ្សាយ ឬ ​​ការ​ចេញ​អត្ថបទ​ណា​មួយ​​មាន​លក្ខណៈ​ញុះញង់​នាំ​ឲ្យ​មាន​ការ​បះបោរ​​កើត​មាន​ឡើង​ ត្រូវ​បាន​ហាមឃាត់​។​

-ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ចេញ​ផ្សាយ​ណា​មួយ​​ញុះញង់​នាំ​ឲ្យ​មាន​អំពើ​ហិង្សា ឬ ការ​ប្រឆាំង​ទៅ​នឹង​យោធា​​បាន​ឡើយ ហើយ​​​បើ​មិន​គោរព​ទៅ​តាម​បំរាម​នេះ​នឹង​ត្រូវ​​មាន​ទោស។​

-ប៉ូលិស​ត្រូវ​ប្រគល់​​ភារកិច្ច​​របស់​ខ្លួន​ទៅ​ឲ្យ​​​ក្រុម​កងទ័ព ​ក្នុង​ករណី​​ការ​ស្នើសុំ​ណា​មួយ​​ត្រូវ​បាន​ធ្វើ​ឡើង។

នៅ​តាម​ប្រទេស​មួយ​ចំនួន​ ច្បាប់​​អាជ្ញាសឹក​អាច​​ផ្តល់​​កំណត់​ឡើង​​ទូលំទូលាយ​ ឬ មាន​លក្ខណៈ​តឹងតែង​ជាង​នេះ រហូត​មាន​ការ​ផ្តល់​​អំណាច​អនុញ្ញាត​ឲ្យ​​កងទ័ព​ធ្វើ​​ការ​ឆែកឆេរ​​គ្រប់​ពេល​វេលា​​​នៅ​ក្នុង​លំនៅឋាន​ឯកជន កំណត់​ចំនួន​មនុស្ស​​មិន​ឲ្យ​ជួបជុំ​គ្នា​ចាប់​ពី​៣​នាក់​ឡើង​ទៅ និង ចាប់​ខ្លួន​​​ជន​ណា​ម្នាក់​ដែល​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កើត​មាន​ឡើង។ 

ជា​ទូទៅ​រដ្ឋាភិបាល​មួយ​កម្រ​អនុវត្ត​ច្បាប់​អាជ្ញាសឹក​ណាស់​ព្រោះ​ថា វា​ប៉ះពាល់​ខ្លាំង​ដល់​​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​​ លុះត្រា​តែ​ស្ថានភាព​​សន្តិសុខ និង សន្តិភាព​ក្នុង​ប្រទេស​នោះ​មាន​លក្ខណៈ​ដុនដាប​ខ្លាំង​ទើប​គេ​អនុវត្ត​ច្បាប់​នេះ​ឡើង៕

No comments:

Post a Comment