Wednesday, October 29, 2014

មេ​ដឹក​នាំ​ G7 ព្រមាន​ដាក់​ទណ្ឌកម្ម​ថ្មីៗ​ លើ​​រុស្ស៊ី​ជុំវិញ​វិបត្តិ​នៅ​អ៊ុយក្រែន


មេដឹក​នាំ​ជG7 ជួប​ប្រជុំ​នៅ​ទី​ក្រុុងឡាអេ​ប្រទេស​ហូឡង់ប្រភព៖​ AFP
ក្រុម​មេ​ដឹក​នាំ​ប្រទេស​ខាង​ឧស្សាហកម្ម​ទាំង​៧​(G7)​ដែល​ជួប​ជុំ​គ្នា​នៅ​ទី​ក្រុង​ប្រ៊ុចសែល​បាន​និយាយ​ថា ពួកគេ​ត្រៀម​នឹង​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ទៅ​លើ​ប្រទេស​រុស្ស៊ី​​ជុំ​វិញ​វិបត្តិ​នៅ​អ៊ុយក្រែន​។ 

​សេចក្ដី​ថ្លែង​ការណ៍​រួម​គ្នា​មួយ ​បាន​រិះ​គន់​ទី​ក្រុង​មូស្គូ​ចំពោះ​ការ​បំពាន​ជា​បន្ត​បន្ទាប់​របស់​ខ្លួន​ទៅ​លើ​ដែន​អធិបតេយ្យ​របស់​អ៊ុយក្រែន​។ ​កិច្ច​ប្រជុំ​កំពូល​នេះ​គឺ​ជា​កិច្ច​ប្រជុំ​ដំបូង​តាំង​ពី​រុស្ស៊ី​ត្រូវ​បាន​ដក​ចេញ​ពី​សមាជិក​ក្រុម​ប្រទេស ​G7​ ក្រោយ​ពី​មាន​ការ​ដណ្ដើម​គ្រប់​គ្រង​តំបន់​គ្រីមា​កាល​ពី​ខែ​មីនា​។

​មុន​នេះ​នៅ​ប្រទេស​ប៉ូឡូញ ប្រធានាធិបតី​អាមេរិក​លោក បារ៉ាក់ អូបាម៉ា​ បាន​ព្រមាន​ក្រុង​មូស្គូ​ប្រឆាំង​នឹង​អ្វី​ដែល​លោក​បាន​ហៅ​ថា​ជា​តាក់​ទិច​ខ្មៅ​ងងឹត​នៅ​អ៊ុយក្រែន។

លោក អូបាម៉ា​ កំពុង​តែ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ចំនួន​បី​នៅ​អឺរ៉ុប​ ហើយ​ដំណើរ​ទស្សន​កិច្ច​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​ចូល​រួម​ពិធី​រំឭក​ខួប​ទី​៧០​នៃ​ទិវា D-Day នៅ​ប្រទេស​បារាំង​នៅ​ថ្ងៃ​សុក្រ​នេះ។​

​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ាឌីមៀរ ពូទីន ក៏​នឹង​ត្រូវ​ចូល​រួម​នៅ​ក្នុង​ពិធី​រំឭក​ខួប​នៃ​ទិវា​នេះ​ផង​ដែរ​។ ទោះ​ជា​លោក ពូទីន នឹង​មិន​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៅ​ទី​ក្រុង​ប្រ៊ុចសែល​ឡើយ​ តែ​លោក​នឹង​ជួប​ពិភាក្សា​ផ្ទាល់​ជា​មួយ​ក្រុម​មេ​ដឹក​នាំ​ ជី៧​ នៅ​ទី​ក្រុង​ប៉ារីស​នៅ​ពេល​ខាង​ក្រោយ​ ប៉ុន្តែ​នឹង​មិន​ជួប​ជា​មួយ​លោក​ អូបាម៉ា ​នោះ​ទេ​។

លោក Chris Morris ជា​ភ្នាក់​ងារ​យក​ព័ត៌មាន​ឲ្យ​វិទ្យុ BBC ប្រចាំ​ការ​នៅ​ទី​ក្រុង​ប្រ៊ុចសែល​បាន​រាយ​ការណ៍​ថា ការទូត​ត្រូវ​បាន​បង្កើន​ឡើង​ដើម្បី​ប្រឹង​​​ប្រែង​ដោះ​ស្រាយ​វិបត្តិ​ដ៏​ធំ​បំផុត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​រវាង​រុស្ស៊ី​និង​បស្ចិម​លោក​។

ក្រុម​មេ​ដឹក​នាំ​ជី៧​បាន​ជួប​​ប្រជុំ​គ្នា​នៅ​ទី​ក្រុង​ប្រ៊ុចសែល​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​នៅ​ក្នុង​ពិធី​ទទួល​ទាន​អាហារ​ពេល​ល្ងាច​បើក​កិច្ច​ប្រជុំ​កំពូល​នេះ​។
ក្រុម​មេ​ដឹក​នាំ​ក្រុម​ប្រទេស​ទាំង​នេះ​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​គ្នា​មួយ​ថា ពួក​គេ​នឹង​រួម​គ្នា​ថ្កោល​ទោស​ចំពោះ​ការ​បំពាន​ជា​បន្ត​បន្ទាប់​របស់​សហព័ន្ធ​រុស្ស៊ី​ទៅ​លើ​ដែន​អធិបតេយ្យ​និង​បូរណភាព​ដែន​ដី​របស់​អ៊ុយក្រែន៕

No comments:

Post a Comment