Wednesday, October 29, 2014

ត្បូង​ដ៏​មាន​តម្លៃ​ ​និង​កម្រ​បំផុត​ទាំង​ ​១០​ប្រភេទ​នៅ​ក្នុង​ពិភព​លោក​



​​ដូច​​​​​​​​​​មិត្ត​អ្នក​អាន​ធ្លាប់​​​​បាន​ដឹង​រួច​ទៅ​ហើយ​ថា​​ ​ត្បូង​​ជា​វត្ថុ​មាន​តម្លៃ​ជាង​គេ។ ​​​ត្បូង​ពេជ្រ​​​មាន​តម្លៃ​មិន​ដូច​គ្នា​ទេ។ ​តម្លៃ​របស់​វា​ខុស​គ្នា​​​អាស្រ័យ​លើ​កត្តា​ជា​ច្រើន​រួម​មាន​​ភាព​កម្រ​​​ ​គុណ​ភាព​ ​និង​សោភណភាព​របស់​វា។ ​​ខាង​ក្រោម​នេះ ​​គឺ​ជា​ត្បូង​ពេជ្រ​មាន​តម្លៃ​ទាំង​ ១០​ក្នុង​លោក។ ​​​

​ត្បូង​​​​ Tanzanite 

ប្រភេទ​ត្បូង​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ជើង​ភ្នំ​ Kilimanjaro នៅ​ភាគ​ខាង​​ជើង​ប្រទេស​តង់ហ្សានី​។ ត្បូង​នេះ​មាន​ពន្លឺ​ពណ៌​ស្វាយ​ខៀវ​ចាំង​ផ្លេក​មាន​តម្លៃ​ខ្ពស់​បំផុត​​ហើយ​ត្រូវ​បាន​គេ​​​​រក​ឃើញ​ក្នុង​រយៈ​​ចន្លោះ​ពេល​​ពី​ ​២០​ទៅ​៣០​ឆ្នាំ​​មុន។ ​រហូត​មក​ដល់​ពេល​នេះ​ ​​ត្បូង​នេះ​នៅ​តែ​មាន​តម្លៃ​ ​និង​ជា​ទី​ប្រាថ្នា​របស់​​មនុស្ស​មួយ​ចំនួន​ដែល​​ធ្លាប់​​ស្គាល់​សោភណភាព​របស់​វា​។

​​​

​ត្បូង​ Taaffeite (អាន​ថា Tar-fite)

ត្បូង​នេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​តាម​ត្បូង​វិទូ​ជាតិ​អូស្ត្រាលី​​​លោក Richard Taaffe ដែល​ជា​អ្នក​រក​ឃើញ​បំណែក​ថ្ម​ដែល​គេ​កាត់ ​​និង​ដុស​ខាត់​រួច​ជា​ស្រេច​កាល​ពី​ឆ្នាំ​១៩៤៥​។​ ​​ត្បូង​ប្រភេទ​នេះ​មាន​​មិន​សូវ​ច្រើន​ទេ ​​ដូច្នេះ​ហើយ​បាន​ជា​ធ្វើ​ឲ្យ​ត្បូង​នេះ​ក្លាយ​ជា​ត្បូង​ដែល​គេ​ប្រាថ្នា​ចង់​ទិញ​​។ ត្បូង​នេះ​មាន​ប្រភព​ចេញ​ពី​ប្រទេស​ស្រីលង្កា​ និង​តង់ហ្សានី​។ ​រហូត​មក​ពេល​នោះ​ ត្បូង​ Taaffeite នៅ​តែ​ជា​ប្រភេទ​ត្បូង​ដ៏​កម្រ ​​និង​មាន​តម្លៃ​បំផុត​នៅ​ក្នុង​ពិភព​លោក​។

ត្បូង​ Black Opal

​ប្រភេទ​ Opal ដ៏​កម្រ​នេះ​ជា​ត្បូង​​របស់​ប្រទេស​​អូស្ត្រាលី​។ ត្បូង​ Black Opal ក៏​ជា​ប្រភេទ​ត្បូង​ដ៏​មាន​តម្លៃ​បំផុត​មួយ​ប្រភេទ​ដែរ​។ត្បូង​ Black Opal ស្ទើរ​តែ​ទាំង​អស់​មាន​ប្រភព​ចេញ​មក​ពី​អណ្ដូង​រ៉ែ​ Lightning Ridge នៅ​រដ្ឋ​ញូវសៅវែល​។ ដោយ​ហេតុ​តែ​ត្បូង​មាន​ពន្លឺ​ខ្មៅ​ចែង​ចាំង​ ​និងភាព​កម្រ​របស់​វា​​ទើប​ធ្វើ​ឲ្យ​ត្បូង​នេះ​មាន​តម្លៃ​រហូត​ដល់ ​​២ ៣០០​ដុល្លារ​ក្នុង​មួយ​ការ៉ាត់​​។​

ត្បូង Benitoite

ត្បូង​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​ជិត​ទន្លេ​ San Benito នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ ហើយ​មាន​ពណ៌​ខៀវ​លាយ​ស្វាយ​ជា​ប្រភេទ​ត្បូង​ទី​មួយ​ដែល​គេ​រក​ឃើញ​កាល​ពី​ឆ្នាំ​១៩០៧​។ ប្រភេទ​ត្បូង​ស្រដៀង​គ្នា​នេះ​​​ក៏​មាន​នៅ​រដ្ឋ​អាកាន់​សាស់​ និង​ប្រទេស​ជប៉ុន​ដែរ​​ ប៉ុន្តែ​​រហូត​មក​ដល់​​ពេល​នេះ​​មាន​តែ​អណ្ដូង​រ៉ែ​ពាណិជ្ជ​កម្ម​មួយ​ប៉ុណ្ណោះ​ស្ថិត​នៅ​ក្នុង​ស្រុក​ San Benito រដ្ឋ​កាលី​ហ្វ័រ​ញ៉ា​។ ត្បូង​នេះ​​​ជា​ត្បូង​ដែល​មាន​ការ​ចង់​បាន​ពី​ឈ្មួញ​ខ្លាំង​បំផុត។ ត្បូង​ San Benito ត្រូវ​បាន​គេ​​​ទិញ​យក​ទៅ​ធ្វើ​​ជា​គ្រឿង​អលង្ការ។​​

ត្បូង​ Red Beryl

ត្បូង​ Red Beryl នេះ​គេ​អាច​ហៅ​​ម្យ៉ាង​ទៀត​ថា​ ត្បូង​ Scarlet ឬក៏ Bixbite ក៏​បាន​ដែរ​។ ត្បូង Red Beryl ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​តំបន់​ Utah និង​រដ្ឋ​ញូវ​ម៉ិក​ស៊ីកូ​ ហើយ​មាន​តែ​អណ្ដូង​រ៉ែ​ពាណិជ្ជ​កម្ម​តែ​មួយ​គត់​ត្រូវ​បាន​រក​ឃើញ​នៅ​​​តំបន់​ភ្នំ​ Wah Wah ​នៃ​រដ្ឋ​ Utah។

ត្បូង​ Red Beryl នេះ​ត្រូវ​គេ​ចាត់​ទុក​ថា ​​ជា​​ត្បូង​មាន​តម្លៃ​ថ្លៃ​ជាង​មាស​ ​១០០០​ដង​ទៅ​ទៀត​ដាក់​លក់​ក្នុង​តម្លៃ​ជាង​ ​២ ០០០​ដុល្លារ​ក្នុង​មួយ​ការ៉ាត់​ ហើយ​អាច​មាន​តម្លៃ​រហូត​ដល់​ ​១ម៉ឺន​ដុល្លារ​ក្នុង​មួយ​ការ៉ាត់​ក៏​មាន​ដែរ​​អា​ស្រ័យ​ទៅ​តាម​​គុណភាព​របស់​វា​។

​ត្បូង​ Alexandrite

​ត្បូង​ដ៏​កម្រ​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​បុរស​ជាតិ​រុស្ស៊ី​​ម្នាក់​គឺ​លោក Tsar Alexander II ហើយ​គេ​គិត​ថា​ ត្បូង​នេះ​ត្រូវ​បាន​គេ​ជីក​រក​ឃើញ​បន្ទាប់​ពី​ស្រទាប់​រ៉ែ​ដំបូង​នៅ​ឆ្នាំ​១៨៣០​នៅ​តំបន់​ភ្នំ​ Ural ប្រទេស​រុស្ស៊ី​។ ​រ៉ែ​​ដ៏​កម្រ​ និង​មាន​តម្លៃ​នេះ​ស្ទើរ​តែ​រីង​ស្ងួត​អស់​ហើយ​។​​ ការ​រក​ឃើញ​ប្រភព​​រ៉ែ​ត្បូង​នា​ពេល​ថ្មីៗ​នេះ​នៅ​ប្រទេស​ប្រេស៊ីល​ អាហ្វ្រិក​ខាង​កើត និង​ស្រីលង្កា​​ ​​បាន​ធ្វើ​ឲ្យ​ត្បូង​នេះ​វិល​ទៅ​រក​ទី​ផ្សារ​វិញ​ ប៉ុន្តែ​វា​នៅ​តែ​ជា​ប្រភេទ​ត្បូង​ដ៏​មាន​តម្លៃ​បំផុត​មួយ​នៅ​ក្នុង​ពិភព​លោក​​ទេ។



ត្បូង​ Jadeite

ត្បូង​ Jadeite នេះ​ស្ដាប់​ទៅ​ដូច​ជា​ពពួក​ត្បូង​មាន​តម្លៃ​មធ្យម​ផ្សេង​ទៀត​ដែល​គេ​ស្គាល់​មិន​ច្បាស់​ថា​ «ត្បូង Jade» អ៊ីចឹង​ដែរ​ ប៉ុន្តែ​​ត្បូង​ដ៏​កម្រ​មាន​នេះ​ ​មាន​តម្លៃ​ជាង​ត្បូង​ប្រភេទ​​មធ្យម​​ជា​ច្រើន​ដង​ទៅ​ទៀត​។ វា​កាន់​តែ​មាន​តម្លៃ​ថ្លៃ​ ​នៅ​ពេល​វា​មាន​ពន្លឺ​ពណ៌​បៃ​តង​ខ្លាំង។ ត្បូង​នេះ​ត្រូវ​រក​ឃើញ​កាល​ពី​ឆ្នាំ​១៩៩៧​ ​នៅ​ប្រទេស​មីយ៉ាន់ម៉ា។ ត្បូង​ Jadeite នេះ​អាច​លក់​បាន​តម្លៃ​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ការ៉ាត់​នៅ​ពេល​គេ​ច្នៃ​រួច​ហើយ។



ត្បូង Musgravite

ត្បូង​នេះ​ស្ថិត​នៅ​ក្នុង​ពពួក​ត្បូង​ Taaffeite ដែល​មាន​ពន្លៃ​ពណ៌​ប្រផេះ​លាយ​បៃ​តង​ និង​ពណ៌​ស្វាយ​។ ត្បូង​ Musgravite ត្រូវ​បាន​រក​ឃើញ​នៅ​ឆ្នាំ​១៩៦៧​នៅ​ដង​ភ្នំ Musgrave នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អូស្ត្រាលី​ ហើយ​ថ្មី​ៗ​នេះ​ ចំនួន​ត្បូង​ Musgravite​ ត្រូវ​គេ​​​​រក​ឃើញ​ថា​មាន​ចំនួន​តិច​តួច​​នៅ​តំបន់​គ្រីន​ឡេន ​តំបន់​អង់​តាក់​ទិក ​ប្រទេស​ស្រី​លង្កា ​ម៉ាដាហ្គាស្កា និង​តង់ហ្សានី​។ ​​វា​ជា​​ប្រភេទ​ត្បូង​កម្រ​ និង​មាន​តម្លៃ ​​៣៥ ០០០​ដុល្លារ​ ឬក៏​ខ្ពស់​ជាង​នេះ​ក្នុង​មួយ​ការ៉ាត់។

ត្បូង​ Painite

ត្បូង​នេះ​ត្រូវ​បាន​រក​ឃើញ​ដោយ​អ្នក​​ជីវវិទ្យា​គឺ​លោក Arthur C.D. Paine ជា​ត្បូង​មាន​ពណ៌​ត្នោត​ខុស​ពី​ធម្ម​តា​នៅ​ប្រទេស​មីយ៉ាន់ម៉ា។ ​ត្បូង​ប្រភេទ​នេះ​​​ ​ជា​ត្បូង​​កម្រ​មាន​​នៅ​ក្នុង​ពិភព​លោក​។​​​ ​​​ត្បូង​ប្រភេទ​នេះ​ ​​មាន​តម្លៃ​ពី​ ៥​ ម៉ឺន​ដុល្លារ​ទៅ​ ​៦​ម៉ឺន​ដុល្លារ​សម្រាប់​ត្បូង​ពណ៌​ទឹក​ក្រូច​លាយ​ពណ៌​ក្រហម​ត្នោត​។

​ត្បូង​ Pink Star Diamond​

​ត្បូង​ពេជ្រ Pink Star Diamond នេះ​ត្រូវ​បាន​ជីក​រក​ឃើញ​នៅ​ឆ្នាំ​១៩៩៩ ​​នៅ​អាហ្វ្រិក​ខាង​ត្បូង​។​ ត្បូង​ពេជ្រ​នេះ ​មាន​ទម្ងន់ ​​៥៩,៦​ការ៉ាត់​ ហើយ​ត្រូវ​ក្រុម​ហ៊ុន​ដេញ​ថ្លៃ​​ Sotheby ដាក់​លក់​​ដេញ​ថ្លៃ​ក្នុង​តម្លៃ​ខ្ពស់​បំផុត​ ​​រហូត​ដល់​ ​៨៣​លាន​ដុល្លារ​​អាមេរិក​គឺ​ថ្លៃ​ជាង​ត្បូង​ពេជ្រ​ដទៃ​ទៀត៕

No comments:

Post a Comment