Wednesday, October 29, 2014

បាតុកម្ម​​​វៀតណាម​ប្រឆាំង​ចិន​កំពុង​​ផ្ទុះ​ឡើង​កាន់តែ​​ខ្លាំង​​​ដល់​២២​ខេត្ត

អណ្តាតភ្លើង​ឆេះ​ចេ​ញ​ពី​អាគារ​រោងចក្រ​ Maxim របស់​ចិន​ក្នុង​​ខេត្ត​ Binh Duong ​ប្រភព៖​ japantimes
គិត​មក​ដល់​​ថ្ងៃ​សុក្រ​នេះ​ ស្ថានភាព​​នៃ​ការ​ធ្វើ​បាតុកម្ម​ឈាន​ដល់​មាន​អំពើ​​ហិង្សា​​នៅ​តាម​បណ្តា​​ខេត្ត​​នៅ​ប្រទេស​វៀតណាម​​​ ត្រូវ​បាន​គេ​រាយការណ៍​​មក​ថា ​​​កើន​ឡើង​ដល់​ ២២​​ខេត្ត​​ហើយ​។

ប្រភព​​ចុងក្រោយ​​ពី​​អាជ្ញាធរ​ទីក្រុង​ហាណូយ​​បាន​ឲ្យដឹង​ថា ​បាតុកម្ម​ហិង្សា​​បាន​ផ្ទុះ​​ឡើង​​រីក​កាន់តែ​ខ្លាំង​​លើ​​បណ្តា​ខេត្ត​ក្រុង​​ចំនួន​២២ ក្នុង​​ចំណោម​ខេត្ត​សរុប​របស់​ខ្លួន​ទូទាំង​ប្រទេស​​ចំនួន ​៦៣​ខេត្ត សំដៅ​​ទៅ​រោងចក្រ​ធំៗ​របស់​ចិន​ដែល​មាន​វត្តមាន​នៅ​​ក្នុង​ប្រទេស​នេះ ជុំវិញ​ជម្លោះ​កាន់កាប់​ដែន​កោះ​ខាងលើ។ 

មកទល់​នឹង​ពេល​នេះ ​គេ​​បាន​រាយការណ៍​ថា ​មាន​កម្មករ​ចិន​ម្នាក់​​បាន​ស្លាប់ និង​​ប្រមាណ​ជា ​១៥០​នាក់ ទៀត​បាន​រង​របួស​ បន្ទាប់​ពី​ក្រុម​បាតុករ​វៀតណាម​ចូល​អុកឡុក​រោងចក្រ​​​ចិន ​៤ កន្លែង​នៅ​ក្នុង​ខេត្ត​ Ha Tinh ​ភាគ​កណ្ដាល​វៀតណាម ខណៈ​ដែល​ប្រជាជន​ចិន​​ជា​ច្រើន​រយ​នាក់​ផ្សេង​ទៀត​​កំពុង​ចាកចេញ​ជា​បណ្តើរៗ​​ពី​ប្រទេស​នេះ​តាម​ច្រកព្រំដែន​ចូល​មក​កាន់​ទឹកដី​កម្ពុជា។​​​​​​​​

ជុំវិញ​​​ការ​ផ្ទុះ​អំពើ​ហិង្សា​ខាងលើ​​​អ្នកនាំពាក្យ​រដ្ឋមន្ត្រី​ក្រសួង​​ការបរទេស​​​​ទីក្រុង​ប៉េកាំង​លោក Hua Chunying​ ​បាន​ចោទ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​ថា នេះ​គឺ​ជា​​ចេតនា​ពិតប្រាកដ​របស់​​​វៀតណាម​ដែល​​បាន​ឃុបឃិត​ជា​មួយ​ក្រុម​បាតុករ​អនុញ្ញាត​ឲ្យ​មាន​បាតុកម្ម​នេះ​ឡើង​ប្រឆាំង​​ទៅ​នឹង​កម្មករ​ជនជាតិ​ចិន​​ដែល​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​នេះ​។ ​

ពី​ក្រសួង​ការបរទេស​ចិន​ក៏​បាន​​បង្គាប់​​ផង​ដែរ​ឲ្យ​អាជ្ញាធរ​វៀតណាម​ត្រូវ​​មាន​ដំណោះស្រាយ​ និង​ចាត់វិធានការ​ជា​បន្ទាន់​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​នៅ​ពេល​នេះ ព្រមទាំង​ត្រូវ​ធានា​សុវត្ថិភាព​ដល់​អាយុជីវិត​ជនជាតិ​ចិន និង​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​ដែល​មាន​នៅ​លើ​ទឹកដី​វៀតណាម​ទាំងអស់។ ​

ក្រៅ​ពី​នេះ​ក៏​មាន​ដែរ​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​ចិន​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ទាំងអស់​​ផ្អាក​កាល​ធ្វើ​ដំណើរ​ជា​បណ្ដោះអាសន្ន​ទៅ​ទីក្រុង​ហាណូយ ដោយ​រង់ចាំ​មើល​ស្ថានភាព​​ស្ងប់ស្ងាត់​ឡើង​វិញ​សិន ខណៈ​ដែល​បាតុកម្ម​ផ្ទុះ​​ទៅ​ជា​អំពើ​ហិង្សា​កំពុង​កើន​កម្តៅ​កាន់តែ​ធំ​ឡើង​​ពី​សំណាក់​ប្រជាជន​វៀតណាម​មក​លើ​ប្រជាពលរដ្ឋ​របស់​ខ្លួន៕

No comments:

Post a Comment