Tuesday, October 28, 2014

អច្ឆរិយវត្ថុ​ពិភពលោក​​ទាំង​៧ មុន​គ្រិស្តសករាជ!


ប្រាសាទពីរ៉ាមីត​ប្រភព៖​ odeion
អច្ឆរិយវត្ថុ (wonder) មាន​ន័យ​ជា​ភាសា​សាមញ្ញ​ថា​វត្ថុ​អស្ចារ្យ​។ ខាង​ក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​ «អច្ឆរិយវត្ថុ​ទាំង​៧ មុន​គ្រិស្តសករាជ នៃ​អាណាចក្រ​បុរាណ (the Seven Wonders of Ancient World)»។ អច្ឆរិយវត្ថុ​ទាំង​៧​នេះ​ត្រូវ​អ្នក​សិក្សា​ស្រាវជ្រាវ​វាយ​តម្លៃ​ថា​កកើត​ឡើង​ពី​ស្នាដៃ​មនុស្ស​សុទ្ធសាធ ហើយ​មូលហេតុ​ដែល​​គេ​ចាត់​ទុក​ជា​អច្ឆរិយវត្ថុ ​ព្រោះ​មាន​លក្ខណៈ​ពិសេស​​ត្រង់​គូសវាស​រចនាបថ​បាន​​យ៉ាង​ល្អ​វិចិត្រ និង​មាន​រូបមន្ត​គន់គូរ​យ៉ាង​ល្អិតល្អន់​បំផុត មិន​មែន​ធ្វើ​ឲ្យ​តែ​រួច​ពី​ដៃ​ទេ។ មួយ​វិញ​ទៀត លក្ខណៈពិសេស​ត្រង់​ពេល​វេលា​សាងសង់ តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ។ 

អច្ឆរិយវត្ថុ​ទាំង​៧​ មុន​គ្រិស្តសករាជ​ ត្រូវ​បាន​សាងសង់​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ ខណៈ​ដែល​មនុស្ស​រស់​នៅ​ជា​កុលសម្ព័ន្ធ និ​ងមិន​ទាន់​បង្កើត​រដ្ឋ​បែប​ទំនើប​​នៅ​ឡើយ។ ដូច្នេះ​ សមត្ថភាព​កសាង​បាន​ប៉ុណ្ណេះ ចាត់​ទុក​ថា​​ជា​ស្ថាបត្យកម្ម​កំពូល​ក្នុង​លោក។ ចំណោម​អច្ឆរិយវត្ថុ​ទាំង​៧​សម័យ​មុន​គ្រិស្តសករាជ គឺ​មាន​តែ​ពីរ៉ាមីត​មួយ​ទេ ដែល​នៅ​រក្សា​ទ្រង់ទ្រាយ​ដើម​បាន​ល្អ​ជាង​គេ ហើយ​ក្រៅ​ពី​នោះ បាក់​បែក​អស់​ហើយ ខ្លះ​នៅ​សល់​តែ​ជើង​សសរ ឬ​បាត​គ្រឹះ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ភស្តុតាង​គ្រប់គ្រាន់​ ដែល​បញ្ជាក់​ថា​អច្ឆរិយ​ទាំង​នោះ​ គឺ​ពិត​ជា​មាន​មែន​នៅ​លើ​ផែនដី​នេះ។ ទោះ​ជា​បាក់​បែក​យ៉ាង​ណា​ក៏​ដោយ ក៏​គេ​នៅ​តែ​ដាក់​ចូល​ក្នុង​បញ្ជី ដើម្បី​រំឭក​អំពី​ស្នាដៃ​បុព្វបុរស​កាល​ជំនាន់​នោះ ដែល​មាន​សមត្ថភាព​ខ្ពស់ អាច​សាងសង់​ស្ថាបត្យកម្ម​កំពូល​ក្នុង​លោក​បែប​នេះ។

សួរ​ថា​បើ​ប្រៀបផ្ទឹម​​នឹង​សំណង់​​​បច្ចុប្បន្ន តើ​មនុស្ស​អាច​សង់​ឲ្យ​បាន​ល្អ​ជាង​នោះ​ដែរ ឬ​ទេ ហើយ​យក​ទៅ​ប្រកួត​គ្នា​បាន​ទេ? ប្រការ​សំខាន់​គឺ​ស្ថាបត្យកម្ម​បច្ចុប្បន្ន​ មាន​លក្ខណៈ​ទំនើប​ខ្លាំង អាច​សង់​បាន​ល្អ​ជាង​អច្ឆរិយវត្ថុ​ទាំង​នោះ​ទៅ​ទៀត ប៉ុន្តែ​មជ្ឈដ្ឋាន​អ្នក​សិក្សា​គេ​មិន​ឲ្យ​តម្លៃ​ស្មើ​នឹង​អច្ឆរិយវត្ថុ​ទាំង​៧​បាន​ទេ ព្រោះ​ដូច​បាន​ជម្រាប​ជូន​ពី​ខាង​ដើម​ស្រាប់ ពេល​វេលា​ជា​ប្រការ​សំខាន់។ អ្វី​ដែល​អស្ចារ្យគឺ​សំណង់​ទាំងនោះ​មិន​ប្រើ​សសៃ​ដែក​ធ្វើ​ជា​គ្រឹះ ឬ​ធ្វើ​គ្រោង​ឆ្អឹង​ឲ្យ​មាំ​ ហើយ​នៅ​តែ​អាច​រក្សា​ទ្រង់ទ្រាយ​ដើម​នៅ​ល្អ​ ទោះ​បី​កន្លង​ផុត​ទៅ​រាប់​ពាន់​ឆ្នាំ​ហើយ តួយ៉ាង​ដូច​ប្រាសាទ​ពីរ៉ាមីត​ជាដើម។


១-ប្រាសាទ​ត្រី​កោណ ពីរ៉ាមីត នៅប្រទេស​អេហ្ស៊ីប៖
ពីរ៉ាមីត ត្រូវ​បាន​សាងសង់​ក្នុង​រាជ្យ​ព្រះរាជា​បី​ជំនាន់ ប្រហែល​ជា​ជាង​២៥០០ ឆ្នាំ​មុន​គ្រិស្តសករាជ (បូក​ជាមួយ​២០១៤ ឆ្នាំ​ទៀត​ស្មើ​នឹង​ជាង​៤៥០០ ឆ្នាំ​មក​ហើយ)។

អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​របស់​ពីរ៉ាមីត​ត្រង់​ថា នៅ​ពេល​មនុស្ស​ទៅ​ទស្សនា​ដោយ​ផ្ទាល់​តែ​ម្ដង​ទើប​ដឹង​ថា​ពោរពេញ​ទៅ​ដោយ​​មន្តអាគម​ និង​អាថ៌កំបាំង ដែល​មិន​ទាន់​មាន​អ្នក​​ខ្លាំង​ណា​ម្នាក់​ អាច​ផ្ដល់​ចម្លើយ​ប្រាកដ​ប្រជា​បាន​នៅ​ឡើយ​ទេ(ចម្លើយ​មាន​ដែរ ដោយ​អ្នក​ខ្លះ​បក​ស្រាយ​ផ្សំផ្គុំ​ចុះ​ឡើង បាន​ត្រឹម​សម​ទំនង ប៉ុន្តែ​មិន​ត្រូវ​បាន​មជ្ឈដ្ឋាន​អ្នក​ចេះ​ដឹង គេ​ទទួល​ស្គាល់)។ 

ពី​រ៉ាមីត ត្រូវ​បាន​សាងសង់​ឡើង​ពី​ដុំ​ថ្ម​ធំៗ​ចំនួន​ជាង​ពីរ​លាន​ដុំ​ដាក់​បន្តុប​លើ​គ្នា ដោយ​គ្មាន​ផ្សំ​អំពី​ដែក​សូម្បី​តែ​មួយ​សរសៃ។ អ្វី​ដែល​សំខាន់ គឺ​ តើ​គេ​បាន​ថ្ម​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ​មក​ពីណា បើ​សុទ្ធ​តែ​វាល​ខ្សាច់​ល្ហល្ហេវ​យ៉ាង​នេះ? អ្នក​បុរាណ​វិទ្យា​បាន​វាយ​តម្លៃ​ថា​វត្ថុធាតុ​សម្រាប់​ផ្គុំ​បាន​ជា​ពីរ៉ាមីត គឺ​មាន​ទម្ងន់​សរុប ជាង ៥លាន ៧សែន​តោន។


២-ឧទ្យាន​រំយោល​ ឬ​ឧទ្យាន​អណ្ដែត​បាប៊ីឡូន (the Hanging Garden of Babylon)
អ្នក​សិក្សា​វាយ​តម្លៃ​ថា​ឧទ្យាន​នេះ​ត្រូវ​បាន​សាងសង់​ជាប់​នឹង​ជញ្ជាំង​ព្រះបរមរាជវាំង​នៃ​ចក្រភព​បាប៊ីឡូន កាល​សម័យ​នោះ (បច្ចុប្បន្ន​នៅ​ប្រទេស​អ៊ីរ៉ាក់​ភាគ​ខាង​ត្បូង)។ តាម​ពិត ឧទ្យាន​នេះ​មិន​មែន​ចង​ខ្សែ​យោល​ចុះ​នោះ​ទេ តែ​គឺ​វា​មាន​លក្ខណៈ​អណ្ដែត​នៅ​ក្នុង​លំហ​អាកាស។ 

ឧទ្យាន​នេះ​ត្រូវ​គេ​សង់​ដំបូល​ប្រក់​ពី​លើ និង​ដង​ទឹក​ពី​ទន្លេ​អឺប្រាត (Euphrates) យក​ទៅ​ស្រោចស្រព​។ មាន​រឿង​តំណាល​ថា​បាន​ជា​ព្រះរាជា​សម័យ​នោះ​ បញ្ជា​ឲ្យ​សាងសង់​ឧទ្យាន​នេះ​ឡើង​ ទៅ​តាម​សេចក្ដី​ស្នើ​របស់​អគ្គមហេសី​ព្រះអង្គ ដែល​ព្រះ​នាង​នឹក​ស្រុក​កំណើត​ ហើយ​ឧទ្យាន​នេះ​សង់​ទៅ​តាម​លំនាំ​ដើម​នៃ​ទេសភាព​ដែល​ជា​ស្រុក​កំណើត​ព្រះនាង។

ឧទ្យាន​នេះ​ត្រូវ​បាន​សាងសង់​ប្រហែល ៦០០​ឆ្នាំ​មុន​គ្រិស្តសករាជ (បូក​ជាមួយ​២០១៤ ឆ្នាំ ត្រូវ​ជា​ជាង ២៦០០ ឆ្នាំ​មក​ហើយ​)។ អ្នក​បុរាណ​វិទ្យា​វាយ​តម្លៃ​ថា​កាល​ពី​សតវត្ស​ទី១​នៃ​គ្រិស្តសករាជ មាន​គ្រោះ​រញ្ជួយ​ដី​មួយ​ ហើយ​បណ្ដាល​ឲ្យ​ឧទ្យាន​នេះ​បាក់​ខ្ទេចខ្ទី​អស់ ហើយ​​សព្វថ្ងៃ​នៅ​សល់​តែ​ជើង​សសរ​ប៉ុណ្ណោះ ប៉ុន្តែ​​ត្រូវ​អង្គការ​យូណេស្កូ​​ដាក់​​បញ្ចូល​ទៅ​ក្នុង​«បញ្ជី​អច្ឆរិយវត្ថុ​មុន​គ្រិស្តសករាជ»


៣-ប្រាសាទ​អាតេមីស (Temple of Artemis) នៅ​ប្រទេស​ទួរគី
ជា​ប្រាសាទ​ដែល​សាងសង់​តាម​រចនាបថ​នៃ​ប្រទេស​ក្រិក ដើម្បី​ឧទ្ទិស​ថ្វាយ​ទេពធីតា​មួយ​អង្គ​ព្រះ​នាម​អាតេមីស (the Goddess Artemis)។ កាល​ពី​សតវត្ស​ទី៥ ប្រាសាទ​នេះ​នេះ​ត្រូវ​បាន​បំផ្លាញ​ខ្ទេចខ្ទី​អស់​ដោយ​កងទ័ព​ឈ្លានពាន​មក​ពី​អាណាចក្រ​ផ្សែង។ ប្រាសាទ​អាតេមីស សព្វថ្ងៃ​នៅ​សល់​តែ​ជើង​សសរ​ និង​បាត​គ្រឹះ​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​សាងសង់​ឡើង​ប្រហែល​ជា​ជាង ​៥០០ឆ្នាំ​មុន​គ្រិស្តសករាជ និង​រហូត​មក​ដល់​ពេល​នេះ​មាន​អាយុ​ជាង​ ២៥០០ឆ្នាំ​មក​ហើយ។ 

៤-មហាបដិមា​ហ៊្សូស​នៅ​អូឡាំ​ផ្ចា (Statue of Zeus at Olympia)
បដិមា​នេះ​ត្រូវ​បាន​សាងសង់​កាល​ពី​ជាង​៤០០ឆ្នាំ​មុន​គ្រិស្តសករាជ។ បដិមា​នេះ​​មាន​កម្ពស់​ជិត១៣ម៉ែត្រ។ គេ​វាយ​តម្លៃ​ថា​កាល​ពីសតវត្ស​ទី៥ ឬ​ទី៦ មាន​អគ្គិភ័យ​មួយ​បាន​កើត​ឡើង​ហើយ​បាន​ឆាបឆេះ​រូប​បដិមា​នេះ​ខ្ទេចខ្ទី​អស់។

៥-វិមាន​តម្កល់​សព​បុរាណ ឬ​មតចេតិយ (Mausoleum at Halicarnassus) នៅ​ប្រទេស​ក្រិក
ចេតិយ​បុរាណ​​​នេះ​ត្រូវ​បាន​សាងសង់​ប្រហែល​ជាង​៣០០ឆ្នាំ​មុន​គ្រិស្តសករាជ ដើម្បី​បញ្ចុះ​សព​ព្រះរាជា​សម័យ​នោះ​ព្រះ​នាម Mausolus។ ចេតិយ​​​នេះ​ត្រូវ​បាន​ប្អូន​ស្រី​របស់​ព្រះអង្គ និង​មហេសី​ព្រះអង្គ​ បញ្ជា​ឲ្យ​គេ​សាងសង់​ដើម្បី​បញ្ចុះ​សព​ព្រះ​អង្គ។ ចន្លោះ​ពី​សតវត្ស​ទី១២ ដល់​ទី១៥ មាន​ព្រឹត្តិការណ៍​រញ្ជួយ​ដី​ ហើយ​បណ្ដាល​ឲ្យ​ចេតិយ​នេះ​ខូច​ខ្ទេចខ្ទី​អស់។



៦-រូប​សំណាក​កូលីហ្សេ​នៅ​កោះ​រ៉ូត ​ប្រទេស​ក្រិក (Colossus of Rhodes )
រូប​សំណាក​នេះ​ធ្វើ​អំពី​លង្ហិន​លាយ​ដែក​ កម្ពស់ ៣២ម៉ែត្រ ប្រហែល​ជាង ២០០ឆ្នាំ​មុន​គ្រិស្តសករាជ។ កាលពី​ជាង​២០០ឆ្នាំ​មុន​គ្រិស្តសករាជ មាន​ព្រឹត្តិការណ៍​រញ្ជួយ​ដី ហើយ​បណ្ដាល​ឲ្យ​រូប​សំណាក​នេះ​ខូច​ខ្ទេចខ្ទី​អស់ ហើយ​ធ្លាក់​ចូល​ទៅ​ក្នុុង​ទឹក​​សមុទ្រ​។

៧-សើន ឬ​បង្គោល​ប៉ម​សម្រាប់​បំភ្លឺ​ទូក ឬ​សំពៅ​ពេល​យប់​នៅ​អាឡិកសានឌ្រា ប្រទេស​ក្រិក (Lighthouse of Alexandria )
(ពាក្យ «​សើន» ​មាន​នៅ​ក្នុង​វចនានុក្រម​សម្ដេច​ជួនណាត)
សើន​នេះ​ជា​ប្រភេទ​បង្គោល​ប៉ម ឬ​បង្គោល​ភ្លើង​សម្រាប់​ទូក ឬ​សំពៅ​ជំនាន់​ដើម​ ស្គាល់​ទិស​បើក​បរ ពេល​ចេញ​ដំណើរ ឬ​ចូល​ចត​កំពង់។ ចន្លោះ​ពី​ឆ្នាំ១៣០០ ជាង ទៅ​ទល់​នឹង​ឆ្នាំ១៤០០ ជាង មាន​ព្រឹត្តិការណ៍​រញ្ជួយ​ដី​នៅ​លើ​កោះ​ក្រែត ហើយ​បណ្ដាល​ឲ្យ​សើន​នេះ​ខូច​ខ្ទេចខ្ទី​អស់៕

No comments:

Post a Comment