Tuesday, October 28, 2014

ហេតុអ្វី​ប្រទេស​ភាគច្រើន​នៅ​ទ្វីប​អាហ្រ្វិក​ក្រីក្រ​ម្ល៉េះ?


ក្មេងៗក្រីក្រនៅតំបន់អាហ្រ្វិកប្រភព៖​ poverty2011.blogspot.com
ទ្វីប​អាហ្រ្វិក គឺ​ជា​ទ្វីប​ធំទី២​ នៅ​លើ​ពិភពលោក ដោយ​មាន​ផ្ទៃ​ដី​សរុប​ប្រមាណ ​​៣០,២ លាន​គីឡូម៉ែត្រ​ការ៉េ។ ទ្វីប​នេះ ក៏​មាន​ប្រជាជន​ច្រើន​លំដាប់​ទី២ នៅ​លើ​ពិភពលោក​ផង​ដែរ ដោយ​មាន​ប្រជាជន​សរុប ១,១ ពាន​លាន​នាក់​​។ ថ្វី​បើ​ទ្វីប​នេះ មាន​ប្រជាជន​ច្រើន ហើយ​មាន​ផ្ទៃដី​ធំ​ទូលាយ​ក្តី តែ​ប្រទេស​សឹងតែ​ទាំង​អស់​ សុទ្ធតែ​ប្រឈម​បញ្ហា​ក្រីក្រ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​។ 

ដោយសារ​តែ​បញ្ហា​នេះ មាន​ប្រជាជន​ជាច្រើន​នៅ​ទ្វីប​អាហ្រ្វិក​ កំពុង​ខ្វះ​អាហារ​បរិភោគ និង មាន​មនុស្ស​ជាច្រើន​បាន​ស្លាប់ ដោយសារ​តែ​ជម្ងឺឆ្លង​ផ្សេងៗ ក៏​ដូច​ជា​គ្មាន​អាហារ​គ្រប់គ្រាន់​។ ក្នុង​នោះ ប្រទេស​ដែល​មាន​សភាព​ក្រីក្រ​ខ្លាំង​នោះ មាន​ដូចជា លីបេរីយ៉ា ម៉ាលី អ៊ូហ្គាន់ដា ហ្គីណេ សេរ៉ាឡេអូន និង ម៉ាឡាវី​ជាដើម​។

ខាង​ក្រោម​នេះ គឺជា មូលហេតុ​ដែល​ធ្វើ​ប្រទេស​ភាគច្រើន​នៅ​តំបន់​អាហ្រ្វិក​ជួប​ប្រទះនឹង​ភាព​ក្រីក្រ​ខ្លាំង៖

អាកាស​ធាតុ​ក្តៅ​ខ្លាំង 

ទ្វីប​អាហ្រ្វិក គឺ​ជា​ទ្វីប​ដែល​អាកាស​ធាតុ​ក្តៅ​បំផុត​នៅ​លើ​ពិភពលោក ហើយ​ផ្ទៃដី ៦០ ភាគរយ​នៃ​ផ្ទៃ​ដី​សរុប គឺ គ្រប់​ដណ្តប់​ដោយ វាលខ្សាច់​ និង ដីប្រេះក្រហែង។ ​ ដូច្នេះ​ អាកាសធាតុ​មិន​អំណោយ​​ផល​នោះ​ទេ​សម្រាប់​ការ​រស់​នៅ​របស់ មនុស្ស សត្វ និង រុក្ខជាតិ​ ព្រោះ មាន​លក្ខណៈ​ក្តៅ​ខ្លាំង ដែល​មិន​អាច​ឲ្យ​ប្រជា​ពល​រដ្ឋ​អាច​បង្ក​បង្កើន​ផល​ដូច​តំបន់​ផ្សេងៗ​នៅ​លើ​ពិភព​លោក​ទេ​។ ប្រជាជន​ភាគ​ច្រើន ខ្វះ​ទឹក​បរិភោគ ហើយ​ពួកគេ ត្រូវ​ចំណាយ​ពេល​ជា​ច្រើន ដើម្បី​ស្វែង​រក​ប្រភព​ទឹក ព្រោះ​នៅ​តំបន់​នោះ មិន​មាន​ភ្លៀង​គ្រប់គ្រាន់​នោះ​ឡើយ។ តំបន់​ខ្លះ មាន​សីតុណ្ហ​ភាព​ក្តៅ​ខ្លាំង រហូតដល់ ៥៧ អង្សា​​នៅ​ពេល​ថ្ងៃ ហើយ​នៅ​ពេល​យប់​វិញ សីតុណ្ហភាព​ត្រជាក់​​ខ្លាំង រហូតដល់២៤ អង្សា (ក្រោមសូន្យ)។ 

ជម្លោះ និង សង្គ្រាម

​​ទ្វីប​អាហ្រ្វិក​សម្បូរ​ទៅ​ដោយ ពួក​កុលសម្ព័ន្ធ​ផ្សេងៗគ្នា និង ជំនឿ​សាសនា​ផង​ដែរ។ បើ​តាម​របាយការណ៍​របស់​អង្គការUNESCO ឲ្យ​ដឹង​ថា នៅ​ទ្វីប​អាហ្រ្វិក​មាន ភាសា ប្រមាណ ២ពាន់ប្រភេទ​​ កំពុង​ត្រូវ​បាន​ប្រើប្រាស់។ ដោយសារ​តែ​មាន លក្ខណៈ​ខុសគ្នា​ច្រើន ទាំង​ភាសា និង ជំនឿ ធ្វើ​ឲ្យ​មាន​ជម្លោះ​ជា​ញឹកញាប់។​ ប្រទេស​មួយ​ចំនួន​ នៅ​តែ​មាន​សង្គ្រាម​ស៊ីវិល និង សង្គ្រាម​រវាង​ប្រទេស​ជិត​ខាង​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ដែល​ធ្វើ​ឲ្យ​ប្រជាជន​រង​ការ​លំបាក​យ៉ាង​ខ្លាំង ដោយ​ពួកគេ​ត្រូវ​រត់​ភៀសខ្លួន​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​ ហើយ​ក៏​នាំ​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍន៍​ផង​ដែរ​។ 

អំពើពុករលួយ

អំពើពុករលួយ គឺ​ជា​បញ្ហា​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​ក្រីក្រ ជាពិសេស​​នៅ​តំបន់​អាហ្រ្វិក​។ បើ​តាម​របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ កាល​ពី​ឆ្នាំ ២០១០ ឲ្យ​ដឹង​ថា អាហ្រ្វិក​គឺ​ជា​តំបន់​ដែល មាន​អំពើ​ពុករលួយ​ច្រើន​ជាង​គេ​​នៅ​លើ​ពិភពលោក។ អំពើពុករលួយ​នេះ ពិតជា​មាន​ការ​រាំងស្ទះ​យ៉ាង​ខ្លាំង ដល់​ការ​អភិវឌ្ឍន៍​ជាតិ ហើយ​ធ្វើ​ឲ្យ​ប្រជាជន​កាន់​តែ​ប្រឈម​បញ្ហា​ខ្លាំង​ទៅៗ សូម្បី​តែ​តម្រូវការ​អាហារ​ជា​មូលដ្ឋាន​ក៏​មិន​អាច​ទទួល​បាន​។ មន្ត្រី​សាធារណៈ​នៃ​ប្រទេស​ភាគ​ច្រើន គឺ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ជា​ច្រើន ហើយ​អ្នក​មាន​អំណាច​តែង​តែ​ទទួល​បាន​ផលប្រយោជន៍។

ជំងឺឆ្លង និង ភាព​ទន់ខ្សោយ​ខាង​វិស័យ​សុខាភិបាល
ទ្វីប​អាហ្រ្វិក គឺ​ជា​តំបន់​ដែល មាន​ជម្ងឺ​ជាច្រើន​ប្រភេទ បាន​កើត​ឡើង ដោយសារ​តែ​ប្រជាជន​ខ្វះ​ចំណេះ​ដឹង និង អនាម័យ។ ម្យ៉ាងវិញទៀត ប្រព័ន្ធ​សុខាភិបាល​របស់​ប្រទេស​ភាគច្រើន​នៅ​តំបន់​នោះ គឺ មាន​ភាព​ទន់​ខ្សោយ​នៅ​ឡើយ។

កន្លងមក ជំងឺ​​អេដស៍ គឺជាជំងឺ​​ដ៏​កាច​សាហាវ ដោយ​បាន​​សម្លាប់​ប្រជាជន​អស់​ជាច្រើន​នៅ​តំបន់​ក្រីក្រ​នេះ។ នៅ​ពេល​ថ្មីៗនេះ​ទៀត ជំងឺ​អេ​បូឡា​​បាន​ផ្ទុះ​ឡើង​នៅ​តំបន់​អាហ្រ្វិក​ខាង​លិច បណ្តា​ល​ឲ្យ​មនុស្ស​ជាង ៤០០០ នាក់​បាន​ស្លាប់ ខណៈ​អ្នក​វិទ្យាសាស្ត្រ​នៅ​មិនទាន់​រក​ឃើញ​វិធី​ដើម្បី​ព្យាបាល​នៅ​ឡើយ។ ប្រការ​នេះ បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​មួយ​ចំនួន​ ក្នុង​តំបន់​នេះ ប្រឈម​នឹង​បញ្ហា​កាន់តែ​ខ្លាំង ព្រោះ​ចំនួន​រោងចក្រ​ផ្សេងៗ ត្រូវ​បាន​ផ្អាក​ដំណើរការ ហើយ​ចំនួន​អ្នក​វិនិយោគ​ទុន​បរទេស​ក៏​ផ្អាក​សកម្មភាព​ផង​ដែរ។

ភាព​ទន់ខ្សោយ​វិស័យ​អប់រំ
វិស័យ​អប់រំ​ គឺ​ជា​បញ្ហា​ដ៏​ធំ​​នៅ​ប្រទេស​នៃ​តំបន់​អាហ្រ្វិក។ បើ​យោង​តាម អង្គការUNESCO របស់​អាមេរិក មាន​មនុស្ស​ពេញវ័យ​ប្រមាណ ៣៨ ភាគរយ គឺ​ជា​អនក្ខរជន។ មនុស្ស​ភាគច្រើន​មិនអាច​ទទួល​បាន​ការអប់រំ ក៏​ដោយសារ​តែ​ចំនួន សាលារៀន​នៅ​មាន​តិចតួច និង ជីវភាព​ប្រជាជន​នៅ​មាន​កម្រិត​ជាដើម​។ វិស័យ​អប់រំ​ទន់ខ្សោយ​បែប​នេះ ធ្វើ​ឲ្យ​ប្រទេស​ទាំង​នោះ មិនអាច​មាន​ការ​អភិវឌ្ឍន៍​ដោយ​ងាយ​នោះ​ឡើយ ព្រោះ​កង្វះ​ធនធាន​មនុស្ស៕

No comments:

Post a Comment