Friday, October 31, 2014

អ្នក​ស្រាវជ្រាវ​អះអាង​ថា ១០០ឆ្នាំ​ទៀត​ប្រទេស​ជប៉ុន​នឹង​រលាយ​បាត់​រូប​ពី​ផែនដី ដោយ​សារ​ផ្ទុះ​ភ្នំភ្លើង និង​រញ្ជួយ​ដី!


ប្រទេស​ជប៉ុន​​ឧស្សាហ៍​កើន​មាន​បន្ទុះ​ភ្នំភ្លើងប្រភព៖​ science.com , abduzeedo.com
នា​មួយ​រយ​ឆ្នាំ​ខាង​មុខ​នេះ ប្រទេស​ជប៉ុន​ទាំងមូល​នឹង​ត្រូវ​បាន​បំផ្លាញ​ខ្ទេច​គ្មាន​សល់​ដោយ​ភ្នំភ្លើង​ផ្ទុះ​យ៉ាង​គំហុក​បំផុត មិន​ធ្លាប់​មាន។ នេះ​មិន​មែន​ជា​ការ​និយាយ​ឲ្យ​តែ​រួច​ពី​មាត់​ទេ ប៉ុន្តែ​ជា​ការ​សន្និដ្ឋាន​បាន​មក​ពី​ការ​សិក្សា​ស្រាវជ្រាវ ដែល​ធ្វើ​ឡើង​ដោយ​សាស្ត្រាចារ្យ​ជន​ជាតិ​ជប៉ុន​តែ​ម្ដង។ ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សាកល​វិទ្យាល័យ​កូបេ (Kobe University) ប្រទេស​ជប៉ុន បាន​ឲ្យ​ដឹង​ថា នៅ​ប្រទេស​ជប៉ុន​មាន​ភ្នំភ្លើង​រស់​ដែល​មិន​ទាន់​បញ្ចេញ​សកម្មភាព​ចំនួន​មួយ​រយ​កន្លែង ដូចនេះ ប្រសិនបើ​ភ្នំភ្លើង​ទាំងនេះ​ផ្ទុះ​ឡើង នឹង​គម្រាម​កំហែង​ជីវិត​មនុស្ស ១២៧ លាន​នាក់។

សាស្ត្រាចារ្យ​ យ៉ូស៊ីយ៉ូគី​តាតស៊ូមី (Yoshiyuki Tatsumi) និង​សាស្ត្រាចារ្យ​រង កេកូ​ស៊ុយ​ហ្ស៊ុយគី (Keiko Suzuki) បាន​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​ដល់​រណ្ដៅ​ភ្នំភ្លើង​មួយ​កន្លែង​នៅ​កោះ​គ្យូស៊ូ (Kyushu Island)។ អស់​លោក​សន្និដ្ឋាន​ថា គ្រាន់តែ​ភ្នំភ្លើង​នេះ​តែ​មួយ ប្រសិនបើ​ផ្ទុះ​ឡើង នឹង​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​ប្រាំពីរ​លាន​នាក់​ឯណោះ។ មិន​ត្រឹម​ប៉ុណ្ណឹង កំអែ​ភ្នំភ្លើង​ជា​ផេះ​ដែល​បាន​ហុយ​ឡើង​ទៅ​ក្នុង​អាកាស នឹង​បង្ក​ជា​ចំហាយ​ពុល​ពេញ​ស្រទាប់​បរិយាកាស​នៅ​លើ​កោះ​ហុងស៊ូ (Hongsu) ហើយ​ធ្វើ​ឲ្យ​អ្នក​រស់​នៅ​លើ​កោះ​នោះ​ទាំង​អស់​រក​អុកស៊ីហ្សែន​ដក​ដង្ហើម​គ្មាន។

សាស្ត្រាចារ្យ​ទាំង​ពីរ​រូប​នៅ​បាន​បង្ហាញ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ស្ដីពី​ទីក្រុង​កូបេ ដែល​អាច​កើត​មាន​គ្រោះ​រញ្ជួយ​ដី​ក្នុង​ទ្រង់ទ្រាយ​ធំ​មហិមា នា​សាមសិប​ឆ្នាំ​ខាង​មុខ​។ លោក​ថា​អ្វី​ដែល​គ្រោះ​ថ្នាក់​បំផុត គឺ​ភ្នំភ្លើង​ផ្ទុះ​ដោយ​គ្មាន​ផ្ដល់​សញ្ញា​អ្វី​ទាំង​អស់ តួយ៉ាង​ដូច​ជា​ភ្នំភ្លើង​អុនតាកេ (Ontake) ដែល​បាន​ផ្ទុះ​កន្លង​មក​ហើយ​បណ្ដាល​ឲ្យ​អ្នក​ឡើង​ទៅ​លើ​ភ្នំ​ស្លាប់​ហាសិប​នាក់។ 

មាន​របាយការណ៍​បង្ហាញ​ថា​មាន​ចលនា​រលក​រញ្ជួយ​នៅ​តំបន់​ភ្នំភ្លើង​ច្រើន​កន្លែង​ទូទាំង​ប្រទេស​ជប៉ុន​នា​ពេល​បច្ចុប្បន្ន​ ហើយ​ភ្នំភ្លើង​ដែល​គ្រោះ​ថ្នាក់​គឺ​ស្ថិត​នៅ​ចម្ងាយ​តែ​៦៤គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​បរមាណូ។ ខាង​លើ​នេះ​ជា​សេចក្ដី​សន្និដ្ឋាន​បញ្ចប់​ការ​ស្រាវជ្រាវ​របស់​សាស្ត្រាចារ្យ​ផ្នែក​ផែនដី​វិទ្យា​ទាំងពីរ​រូប​ខាង​លើ ដោយ​អស់លោក​បាន​អះអាង​ថា​នេះ​មិន​មែន​ជា​ការ​និយាយ​បំផ្លើស ឬ​បំប៉ោង​សភាពការណ៍​អ្វី​នោះ​ទេ ប៉ុន្តែ​បាន​មក​ពី​ការ​សិក្សា​ស្រាវជ្រាវ។ អស់​លោក​បន្ត​ទៀត​ថា​លទ្ធភាព​ដែល​ថា​បាតុភូត​ភ្នំភ្លើង​ផ្ទុះ​និង​រញ្ជួយ​ដី​ទូទាំង​ប្រទេស​ជប៉ុន​នោះ គឺ​មាន​ភាគរយ​តិច​មែនទែន​ត្រឹម​តែ​មួយ​ភាគរយ​ប៉ុណ្ណោះ ប៉ុន្តែ​គេ​ក៏​មិន​ត្រូវ​មើល​ស្រាល​នោះ​ដែរ។ 

ខាង​លើ​នេះ​ជា​សេចក្ដី​សន្និដ្ឋាន​របស់​សាស្ត្រាចារ្យ​ទាំង​ពីរ​រូប ហើយ​ត្រូវ​បាន​សារព័ត៌មាន​ល្បីៗ​ចុះ​ផ្សាយ​ព្រោងព្រាត ប៉ុន្តែ​ថា​តើ​អំណះអំណាង​នេះ​ត្រូវ​បាន​អ្នក​សិក្សា​ដទៃ​ទៀត​អាច​ទទួល​យក​បាន ឬ​យ៉ាង​ណា វា​ជា​រឿង​ផ្សេង ព្រោះ​មាន​ពីរ​ករណី​កើត​ឡើង គឺ​ទី​មួយ តើ​បន្ទុះ​ភ្នំភ្លើង និង​រញ្ជួយ​ផែនដី​ដែល​អស់​លោក​អះអាង​នោះ កើត​មែន ឬ​ទេ? ហើយ​ប្រសិនបើ​កើត​ឡើង​មែន តើ​ទំហំ​នៃ​ការ​ខូច​ខាត​ពិត​ជា​ធំធេង​ដូច​ការ​អះអាង​ឬ​យ៉ាង​ណា? ដូចនេះ សូម​អស់​លោក​អ្នក​អាន​កុំ​មាន​ការ​ភ្ញាក់ផ្អើល​ធ្វើ​អ្វី ព្រោះ​វា​អាច​ជា​ការ​ពិត ឬ​មិន​ពិត ព្រោះ​សូម្បី​តែ​អស់​លោក​ទាំង​ពីរ​រូប ក៏​សន្និដ្ឋាន​ថា​លទ្ធភាព​ដែល​កើត​មហន្តរាយ​ដល់​ថ្នាក់​ហ្នឹង​គឺ​តិច​ណាស់ ត្រឹម​មួយ​ភាគរយ​ប៉ុណ្ណោះ៕

កំណត់​សម្គាល់ : ភ្នំភ្លើង​នៅ​ប្រទេស​ជប៉ុន​មាន​ចំនួន​ជាង ៤៥២។ ក្រៅពីនោះ ជប៉ុន​ជា​ប្រទេស​ដែល​ឧស្សាហ៍​កើត​មាន​គ្រោះ​រញ្ជួយ​ដី​ញឹក​ញាប់​បំផុត ព្រោះ​ស្ថិត​នៅ​លើ​ស្រទាប់​ផែនដី​ស្ដើង ហេតុ​នេះ​ហើយ​បាន​ជា​ប្រឈម​នឹង​គ្រោះ​រញ្ជួយ​ដី និង​ភ្នំភ្លើង​​ផ្ទុះ​។ ចំណោម​គ្រោះ​រញ្ជួយ​ដី​ទូទាំង​ពិភពលោក គឺ​៩០% កើត​មាន​នៅ​ជប៉ុន។

តាមពិត ផែនដី​នេះ​មិន​មែន​តាន់​ទេ គឺ​ប្រហោង​ក្នុង។ សម្បក​ផែនដី​មាន​កម្រាស់​ត្រឹម ៥០-៧០ គីឡូម៉ែត្រ​ប៉ុណ្ណោះហើយ​ស្នូល​ផែនដី​សុទ្ធ​តែ​ភ្លើង​ឆេះ​និង​ល្បាយ​លោហធាតុ​រាវ ដែល​កំពុង​ពុះ​ក្នុង​កម្ដៅ​រាប់​ពាន់​អង្សា។ អ្នក​វិទ្យាសាស្ត្រ​សន្និដ្ឋាន​ថា ភ្នំភ្លើង មុន​ដំបូង​ជា​ដីរាប​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​សារ​កំអែ​ភ្នំ​ភ្លើង​ដែល​ព្រួស​ចេញ​ល្បាយ​រាវ​ពី​ក្នុង​ផែនដី​ហើយ​គ​លើ​គ្នា​ច្រើន​ទៅៗ ក៏​ក្លាយ​ជា​ភ្នំ​តែ​ម្ដង៕​​


No comments:

Post a Comment