នៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃច័ន្ទ លោក Joko Widodo អតីតសហគ្រិនគ្រឿងសង្ហារឹម ដែលបានក្លាយជាអ្នកនយោបាយដ៏មានប្រជាប្រីយ៍ភាពយ៉ាងខ្លាំង បានស្បថចូលកាន់តំណែងជាប្រធានាធិបតីលើកទី៧របស់ប្រទេសនោះ។ មានការរំពឹងនិងការប្រឈមយ៉ាងខ្លាំងសម្បើមនៅពេលខាងមុខសម្រាប់ប្រធានាធិបតីថ្មីនៃប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំទី៣របស់ពិភពលោកនេះ។
ពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានធ្វើឡើងនៅសភាជាតិកាលពីថ្ងៃច័ន្ទ ហើយបានចូលរួមដោយប្រមុខរដ្ឋមកពីប្រទេសអូស្រ្តាលីសឹង្ហបូរីនិងម៉ាឡេស៊ី និងលោក John Kerry រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក។
ពិធីនេះ រួមមានការដង្ហែក្បួននៅតាមផ្លូវ ដន្ត្រី Rock នៅពេលរសៀលហើយនឹងការបង្ហោះគោមក្រដាសរាប់ពាន់។ នៅពេលថ្ងៃត្រង់ ពួកអ្នកគាំទ្ររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅផ្លូវសំខាន់ៗក្នុងរដ្ឋធានីហ្សាកាតាដើម្បីស្វាគមន៍ប្រធានាធិបតីរបស់ខ្លួន។
លោក Widodo បានដឹកនាំប្រទេសឥណ្ឌូនេស៊ីដោយមានការគាំទ្រពីមូលដ្ឋានយ៉ាងខ្លាំង។ ដោយគ្មានចំណងទាក់ទងទៅនឹងស្ថាប័ននយោបាយ និងវរៈជនក្នុងសម័យប្រធានាធិបតី Suharto នោះ ការបោះឆ្នោតរបស់អ្នកនយោបាយដ៏មានប្រជាប្រីយ៍ភាព ត្រូវបានចាត់ទុកថាជាចំណុចរបត់ដ៏សំខាន់មួយក្នុងលទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចីរបស់ប្រទេសឥណ្ឌូនេស៊ី។
ការបោះឆ្នោតរបស់លោក បានបញ្ជាក់យ៉ាងច្បាស់ពីក្តីសង្ឃឹមនិងការផ្លាស់ប្តូរក្នុងប្រទេសឥណ្ឌូនេស៊ី ក៏ប៉ុន្តែ លោក Aleksius Jemadu ជាអ្នកវិភាគនយោបាយពីសាកលវិទ្យាល័យ Pelita Harapan និយាយថា ប្រធានាធិបតីថ្មី ប្រឈមបញ្ហាយ៉ាងខ្លាំង។
«ខ្ញុំ គិតថា បញ្ហាដ៏ធំបំផុត គឺថាតើលោក ការពារគោលនយោបាយរបស់លោកយ៉ាងដូចម្តេច ហើយថាតើធ្វើយ៉ាងដូចម្តេចដើម្បីទទួលបានការគាំទ្រពីសមាជិកសភា ជាពិសេសអ្នកដែលស្ថិតនៅម្ខាងទៀតនៃវិសាលគមនយោបាយ»។
លោក Widodo ដែលបានឈ្នះការបោះឆ្នោតប្រធានាធិបតីដោយបានទទួលសន្លឹកឆ្នោតទូទាំងប្រទេសចំនួន៥៣ភាគរយ មិនបានទទួលសំឡេងភាគច្រើននៅក្នុងសភារបស់ឥណ្ឌូនេស៊ីទេ។
ចំណាត់ការកាលពីពេលថ្មីៗនេះរបស់សភាដើម្បីលប់ចោលការធ្វើកំណែទម្រង់ក្រោយរបបប្រធានាធិបតីស៊ូហាតូហើយនឹងបញ្ចប់ការបោះឆ្នោតដោយផ្ទាល់សម្រាប់មេដឹកនាំមួលដ្ឋាន បានធ្វើឲ្យមានការភ័យខ្លាចថា គណបក្សប្រឆាំងដែលចងគំនុំ អាចរារាំងរបៀបវារៈនៃការធ្វើកំណែទម្រង់របស់ប្រធានាធិបតី ហើយនឹងប្រកែកមិនអនុម័តថវិការដើម្បីអនុវត្តិការធ្វើកំណែទម្រង់នោះ។
ដោយសារសេដ្ឋកិច្ចឥណ្ឌូនេស៊ី កំពុងមានការយឺតយ៉ាវដល់កម្រិតទាបក្នុងរយៈពេល៥ឆ្នាំនៅពេលដែលការលក់របស់ប្រើប្រាស់ បានធ្លាក់ចុះ ប្រធានាធិបតីថ្មី កំពុងផ្តោតលើការរីកលូតលាស់សេដ្ឋកិច្ច៧ភាគរយ ហើយបានសន្យាធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយការិយាធិបតេយ្យហើយនឹងអនុវត្តការធ្វើកំណែទម្រង់រចនាសម្ព័ន្ធដែលបានអូសបន្លាយ។
ប្រធានាធិបតី Widodo ក៏បានសន្យាធ្វើការសម្រេចខាងនយោបាយដែលគ្មានប្រជាប្រីយ៍ភាពដើម្បីបង្កើនតម្លៃឥន្ធនៈដែលផ្តល់ប្រាក់ដោយរដ្ឋចំនួន៥០ភាគរយ ជាចំណាត់ការមួយដែលត្រូវគេរំពឹងថា នឹងជួយសន្សំប្រាក់រដ្ឋាភិបាលជិត១៣ពាន់លានដុល្លារក្នុងមួយឆ្នាំ។
អតីតពាណិជ្ជករ ដែលក្លាយជាអភិបាលក្រុងតូចមួយហើយក្រោយមកបានក្លាយជាអភិបាលរដ្ឋធានីហ្សាកាតាមុនពេលលោកបានជាប់ឆ្នោតជាប្រធានាធិបតីនោះ លោកប្រធានាធិបតី Widodo បានបង្ហាញខ្លួនថា ជាជនស្អាតស្អំ គ្មានជម្លោះ ជាអ្នកចាត់ចែងល្អិតល្អន់។
លោក Yohanes Sulaiman ជាអ្នកវិភាគនយោបាយនៅសាកលវិទ្យាល័យការពារជាតិរបស់ឥណ្ឌូនេស៊ី និយាយថា ការសង្កត់របស់លោក WIdodo លើការកែទម្រង់ក្នុងប្រទេស ដូចជាទុកចន្លោះតូចបំផុតដល់ការព្រួយកង្វល់ពីគោលនយោបាយការបរទេស។
«ជាទូទៅ លោកចាំបាច់ធ្វើកិច្ចការទាំងនោះឲ្យបានជោគជ័យ ដែលធ្វើឲ្យខ្ញុំគិតឬនិយាយស្មានៗថា គោលនយោបាយការបរទេសនឹងដូចកាលពីមុនដែរ ខ្ញុំចង់និយាយថា វាជាអាទិភាពចុងក្រោយរបស់លោក។ លោកប្រាកដនឹងមិនធ្វើបានច្រើនទេ។ ការណ៍នេះហាក់ដូចជាអ្វីដែលលោកកំពុងផ្តោតការយកចិត្តទុកដាក់នៅត្រង់ចំណុចនេះគឺការរីកលូតលាស់សេដ្ឋកិច្ច ក៏ប៉ុន្តែមានជោគជ័យតិចតួចលើគោលនយោបាយការបរទេស»។
ប្រធានាធិបតី Widodo ត្រូវគេរំពឹងយ៉ាងខ្លាំងថា លោកជាអ្នកនិយមអន្តរជាតិតិចជាងលោក Susilo Bambang Yudhoyono អ្នកកាន់តំណែងមុនលោក។
ទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតីបាននិយាយម្តងហើយម្តងទៀតពីការតាំងចិត្តរបស់លោកដល់គោលនយោបាយការបរទេសឯករាជ្យ និងសកម្មហើយនឹងធ្វើកំណែទម្រង់ឲ្យឥណ្ឌូនេស៊ីដែលជាប្រទេសមានជាតិសាសន៍ចម្រុះហើយដែលកើតឡើងដោយសារកោះជាង១ម៉ឺន៧ពាន់នេះ បានក្លាយជាអ័ក្សផ្លូវនាវាចរណ៍សាកលលោក។
នៅក្នុងសុន្ទរកថាក្នុងពិធីស្បថចូលកាន់តំណែងរបស់លោកកាលពីថ្ងៃច័ន្ទ លោក វិលត្រឡប់ទៅកាន់គំនិតរបស់សុភាសិតថា «ក្នុងឋានៈជាកាពីតេនកប៉ាល់ ខ្ញុំ អញ្ជើញជនជាតិឥណ្ឌូនេស៊ីទាំងអស់ឡើងជិះកប៉ាល់ដើម្បីធ្វើដំណើរជាមួយគ្នាឆ្ពោះទៅកាន់ប្រទេសឥណ្ឌូនេស៊ីដ៏រុងរឿងមួយ»។
ដោយតាំងនៅចន្លោះឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិកហើយនឹងមានព្រំដែនជាមួយសមុទ្រចិនខាងត្បូងនោះ ប្រទេសឥណ្ឌូនេស៊ីមានឱកាសបានយកផលប្រយោជន៍ផ្លូវនាវាចរណ៍។ ក៏ប៉ុន្តែ អ្នកវិភាគនយោបាយ Jemadu និយាយថា គោលដៅនិងសមត្ថភាពជាលក្ខណៈ២ខុសគ្នានៃសមីការ។
«ដើម្បីសម្រេចគោលដៅទាំងអស់របស់លោក ដែលទាក់ទិនទៅនឹងគំនិតនេះ វា ត្រូវការសមត្ថភាព សមត្ថភាពខាងការទូត សេដ្ឋកិច្ច បច្ចេកវិទ្យាដើម្បីគាំទ្រផែនការឬគំនិតរបស់លោកដើម្បីក្លាយជាមជ្ឈមណ្ឌលនាវាចរណ៍នៅក្នុងពេលប្រកួតប្រជែងដ៏ស្វិតស្វាញក្នុងចំណោមមហាអំណាចធំៗនៅជុំវិញប្រទេសឥណ្ឌូនេស៊ីនេះ»។
ពិធីស្បថចូលកាន់តំណែងកាលពីថ្ងៃច័ន្ទនេះកត់សម្គាល់ជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌូនេស៊ីថា អំណាចបានត្រូវប្រគល់ដោយផ្ទាល់ពីមេដឹកនាំជាប់ឆ្នោតមួយទៅឲ្យមេដឹកនាំជាប់ឆ្នោតមួយទៀត។
ប្រធានាធិបតី Widodo បានសន្យាខំធ្វើការងារដើម្បីប្រជាពលរដ្ឋឥណ្ឌូនេស៊ីទាំងអស់ ចាប់តាំងពីអ្នកមានអាជីពដល់កសិករ អ្នកនេសាទហើយនឹងអ្នកលក់ដូរនៅតាមផ្លូវ ដោយអំពាវនាវដល់ប្រជាពលរដ្ឋឥណ្ឌូនេស៊ីទាំងអស់កាលពីថ្ងៃច័ន្ទ នៅក្នុងឱកាសជាប្រវត្តិសាស្រ្តនេះ ធ្វើការជាមួយគ្នាដើម្បីធ្វើឲ្យប្រទេសរុងរឿង និងមានសន្តិភាព៕