Saturday, November 15, 2014

អ្វី​ទៅ​ជា​​ប្រទេស​ BRICS?


B (ប្រេស៊ីល) R(រុស្ស៊ី) I(ឥណ្ឌា) C(ចិន) ​និង​S (អាហ្វ្រិក​ខាង​ត្បូង)ប្រភព៖​ http://russiancouncil.ru
BRICS ​គឺ​ជា​ពាក្យ​កាត់​ដែល​សំដៅ​លើ​ប្រទេស​ប្រាំ​កំពុង​មាន​កំណើន​សេដ្ឋកិច្ច​​ខ្លាំងក្លា​​​ និង​មាន​ទំហំ​សេដ្ឋកិច្ច​​ធំ​​រួម​មាន​ប្រទេស​ B(ប្រេស៊ីល) R(រុស្ស៊ី) I(ឥណ្ឌា) C(ចិន) ​និង​S (អាហ្វ្រិក​ខាង​ត្បូង)។ ​​តាម​ពិត​ទៅ ​ដំបូង​ឡើង​មាន​តែ​ប្រទេស​បួន​ប៉ុណ្ណោះ​ ហើយ​នៅ​ឆ្នាំ​២០១១​ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​បាន​ចូល​​រួម​​​​ដែរ​ ហើយ​គេ​ក៏​ហៅ​ថា​ BRICS ​រហូត​ដល់​សព្វ​ថ្ងៃ។ 


​តើ​ BRICS ​កើត​ឡើង​នៅ​ពេល​ណា? 

​​រដ្ឋ​មន្ត្រី​​ក្រសួង​ការបរទេស​​​នៃ​ប្រទេស​​ដំបូង​បួន​គឺ ​ប្រេស៊ីល​ រុស្ស៊ី​ ឥណ្ឌា​ និង​​ចិន​ បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ New York ​នៅ​ខែ​​កញ្ញា​ ឆ្នាំ​២០០៦​។ នោះ​ហើយ ​គឺ​ការ​ប្រជុំ​ថ្នាក់​មន្ត្រី​កំពូល​ដំបូង។ ​ក្រោយ​មក​​ ​​​កិច្ច​ប្រជុំ​​ការទូត​ថ្នាក់​កំពូល​បាន​ធ្វើ​ឡើង​​​នៅ​ទីក្រុង​ Yekaterinburg ​នៅ​ប្រទេស​រុស្ស៊ី​ឆ្នាំ​២០០៩។ ​​កិច្ច​ប្រជុំ​នៅ​ប្រទេស​រុស្ស៊ី​​ក្នុង​ឆ្នាំ​នេះ​ហើយ​​ ​​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​កិច្ច​ប្រជុំ​កំពូល​ផ្លូវ​ការ​លើក​ដំបូង​នៃ​ប្រទេស​ BRIC។ 

​គោល​​បំណង​នៃ​កិច្ច​ប្រជុំ​កំពូល​នា​ពេល​នោះ​គឺ​​ផ្ដោត​ទៅ​លើ​​​ការ​​កែ​លម្អ​​ស្ថានភាព​សេដ្ឋកិច្ច​​​​សកល​ ​​ការ​​ធ្វើ​កំណែ​ទម្រង់​​ស្ថាប័ន​ហិរញ្ញវត្ថុ​ ​និង​​ពិភាក្សា​​ពី​​មធ្យោបាយ​ដែល​នាំ​ឱ្យ​ប្រទេស​​ជា​សមាជិក​ BRIC ទាំង​អស់​អាច​​​​ធ្វើ​កិច្ច​​សហប្រតិបត្តិការ​គ្នា​នៅ​ពេល​អនាគត។ 

​តួនាទី​របស់​ BRICS 

​​សមាជិក​​ទាំង​អស់​មិន​មែន​មាន​កិច្ច​សហប្រតិបត្តិការ​ត្រឹម​តែ​វិស័យ​សេដ្ឋកិច្ច​នោះ​ទេ​ ​​ប្រទេស​ទាំង​ប្រាំ​មាន​កិច្ច​សហប្រតិបត្តិការ​​ផ្នែក​ពាណិជ្ជកម្ម​ ​​នយោបាយ​ ​ និង​វប្បធម៌​​​ផង​ដែរ។ ​ដោយ​ឡែក​ ចំពោះ​វិស័យ​សេដ្ឋកិច្ច​វិញ​ ​ប្រទេស​ទាំង​ប្រាំ​មាន​គម្រោង​បង្កើត​ធនាគារ​អភិវឌ្ឍន៍​ថ្មី​ដែល​​​និយាយ​បា​ន​ថា​ ជា​សត្រូវ​​របស់​ IMF នៅ​ឆ្នាំ​២០១៤​ នេះ​ទៀត​ផង។ ​ក៏​ប៉ុន្តែ​ដោយ​សារ​តែ​មាន​បញ្ហា​​​ការ​ចូល​ហ៊ុន​​គ្នា​ និង​ការ​ដាក់​ទីស្នាក់ការ​កណ្ដាល​​​ រហូត​មក​ដល់​​​ពេល​នេះ​ធនាគារ​នេះ​មិន​ទាន់​មាន​លេច​ឮ​​ដំណឹង​​វិវឌ្ឍន៍​ថ្មី​នោះ​ទេ។ 

​​ទិន្នន័យ​សង្ខេប​នៃ​ប្រទេស​ BRICS 
​ ប្រទេស​ BRICS ​មាន​៖ ​

-​​ប្រជាជន​ចំនួន​ជាង​ ៣​ពាន់​លាន​នាក់​ស្មើ​នឹង​ ៤០%​នៃ​ប្រជាជន​ពិភពលោក​
-​​ផលិតផល​ក្នុង​ស្រុក​សរុប​​គិត​តាម​តម្លៃ​ទីផ្សារ​ (Nominal GDP) ​គឺ​ ​ជាង​ ១៦​ពាន់​ពាន់​​​លាន​ដុល្លារ​ (16 trillion) ​ស្មើ​នឹង​ ២០%​នៃ​ផលិតផល​ក្នុង​ស្រុក​​សរុប​ពិភពលោក​ (ចិន​ ៩​​ពាន់​ពាន់​លាន​ដុល្លារ, ​ប្រេស៊ីល​ ២,២​ពាន់​ពាន់​លាន​ដុល្លារ, ​រុស្ស៊ី​ ២,១​ពាន់​ពាន់​លាន​ដុល្លារ​, ឥណ្ឌា​ ១,៨​ពាន់​ពាន់​លាន​ដុល្លារ​​ និង​អាហ្វ្រិក​ខាង​ត្បូង​​ ជាង​ ​៣៥០​ពាន់​លាន​ដុល្លារ)​​
-​មាន​ទុន​បម្រុង​អន្តរជាតិ​ជាង​ ៤​ពាន់​ពាន់​​លាន​ដុល្លារ​
​-​​ឆ្នាំ​២០១៤​ នេះ​​​ប្រទេស​ប្រេស៊ីល​​​ធ្វើ​ជា​ប្រធាន​ 
​​​
​​ក្រៅ​ពី​ប្រទេស​ទាំង​ ៥​នេះ​ ​ក៏​មាន​ប្រទេស​​ជា​ច្រើន​ចង់​​ក្លាយ​ជា​សមាជិក​នៃ​ BRICS ​ដែរ​​មាន​ដូច​ជា​ប្រទេស​ ​ឥណ្ឌូណេស៊ី​ និង​ទួរគី​ជា​ដើម។ ​ដោយ​ឡែក​ ​​អេហ្ស៊ីប​​ អាហ្សង់ទីន​ ​អ៊ីរ៉ង់​ ​នីហ្សេរីយ៉ា​ ​ស៊ីរី​ និង​បង់ក្លាដេស​ ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចង់​ចូលរួម​ជា​មួយ​ BRICS ​ដែរ៕ 

No comments:

Post a Comment