អ្នកធ្វើដំណើរចេញពីភ្នំពេញទៅហូជីមិញ នឹងប្រើរយៈពេលតែ ១ឬ២ម៉ោងប៉ុណ្ណោះ នាថ្ងៃអនាគត ដោយធ្វើដំណើរតាមផ្លូវល្បឿនលឿនដែលត្រូវបានកំណត់ការធ្វើដំណើរកម្រិតល្បឿនពី ៨០ទៅ១២០គីឡូម៉ែត្រក្នុងមួយម៉ោងបើសិនគម្រោងសិក្សាមួយបានទទួលជោគជ័យ។
គម្រោងកសាងផ្លូវដែលមានល្បឿនលឿនជាងគេនៅកម្ពុជាត្រូវបានផ្ដល់ការគាំទ្រដោយរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA)ក្រោមកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា(AKP)ជាភាសាអង់គ្លេស បានឱ្យដឹងថា គម្រោងសិក្សាក្នុងការកសាងផ្លូវល្បឿនលឿននេះត្រូវបានចុះកិច្ចព្រមព្រៀងរួចរាល់ហើយរវាងរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) ហើយគម្រោងនេះនឹងប្រើរយៈពេល១៥ទៅ១៦ខែដើម្បីសិក្សាពីផលប៉ះពាល់ ដោយគួរជ្រើសរើសយកការកសាងតាមបណ្ដោយផ្លូវលេខ១ឬក៏ស្ថាបនាឆ្លងកាត់តាមខេត្តព្រៃវែង ហើយការសិក្សានឹងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០១៥។
ផ្លូវល្បឿនលឿននេះ នឹងកាត់បន្ថយការចំណាយពេលវេលាច្រើននៅពេលខាងមុខ។ ផ្លូវនេះនឹងប្រើពេលតែ១ឬ២ម៉ោងប៉ុណ្ណោះបន្ទាប់ពីកសាងរួចខណៈពេលបច្ចុប្បន្ននេះ អ្នកដំណើរត្រូវចំណាយពេលចន្លោះពី៦ទៅ៧ម៉ោងចេញដំណើរពីភ្នំពេញទៅហូជីមិញ៕
No comments:
Post a Comment