Monday, November 10, 2014

ប្រទេស​ណា​​ខ្លះ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​​ជាងគេ​បំផុត​របស់​អាស៊ាន?


កប៉ាល់​ដឹកទំនិញ​​​សាំងហ្គាពួរ​ចូល​ចត​នៅ​កំពង់​ផែ Rotterdam ប្រទេស​ហុឡង់ដ៍ប្រភព៖​ wikimedia
​នៅ​សល់​តែ​២ ខែ​ទៀត​ប៉ុណ្ណោះ ​សមាគមន៍​ប្រជាជាតិ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ដែល​ហៅ​កាត់​ថា អាស៊ាន (ASEAN)នឹង​ធ្វើ​សមាហរណកម្ម​ជា​ផ្លូវ​ការ។ ការ​ធ្វើ​សមាហរណកម្ម​នេះ​​ត្រូវ​គេ​រំពឹង​ថា នឹង​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​កាន់តែ​​ល្អ​ប្រសើរ​ឡើង​នៅ​ក្នុង​តំបន់ ខណៈ​ដែល​ខ្លួន​កំពុង​ពង្រឹង​​ពាណិជ្ជកម្ម​​ជា​មួយ​បណ្តា​​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ស្រាប់​នៅ​ពេល​កន្លង​ទៅ​។ ខាងក្រោម​នេះ​​ជា​ប្រទេស​ចំនួន ៥ ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​បំផុត​របស់​អាស៊ាន​ប្រចាំ​ឆ្នាំ ២០១៣ ៖

១) ប្រទេស​ចិន 
ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​បំផុត​​របស់​អាស៊ាន​​នៅ​ពេល​បច្ចុប្បន្ន​នេះ។ កាល​ពី​ឆ្នាំ ២០១៣ កន្លង​ទៅ​ ពាណិជ្ជកម្ម​​នាំ​ចេញ​​របស់​អាស៊ាន​ទៅ​កាន់​ទី​ផ្សារ​របស់​ចិន​មាន​តម្លៃ ១៥២,៥ ​ពាន់​ដុល្លារ ខណៈ​ដែល​ការ​នាំ​ចូល​វិញ ​មាន​​ចំនួន១៩៧,៩៦ ពាន់​ដុល្លារ។ ជា​សរុប​ពាណិជ្ជកម្ម​អាស៊ាន-ចិន​​មាន​ចំនួន ៣៥០,៤៨ ពាន់​លាន​ដុល្លារ

២) សហភាព​អឺរ៉ុប (EU)

សហភាព​អឺរ៉ុប​ (EU) ដែល​មាន​​សមាជិក​​សរុប​ទាំង​អស់​ចំនួន ២៨ ប្រទេស​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​បំផុត​លំដាប់​ទី២​ របស់​អាស៊ាន។ កាល​ពី​ឆ្នាំ ២០១៣ កន្លង​ទៅ​នេះ ពាណិជ្ជកម្ម​នាំចេញ​របស់​អាស៊ាន​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​មាន​ទំហំ១២៤,៤៣ពាន់​​ដុល្លារ ស្រប​ពេល​ដែល​ការ​នាំ​ចូល​វិញ​មាន​ទំហំ ១២១, ៧៨ ពាន់​​ដុល្លារ។ ជា​​សរុប ពាណិជ្ជកម្ម​អាស៊ាន​-សហភាព​អឺរ៉ុប​​មាន​តម្លៃ ២៤៦, ២១ ពាន់​លាន​ដុល្លារ

...តើ​​ GDP សេដ្ឋកិច្ច​ពិភពលោក​​ប្រែប្រួល​អ្វី​ខ្លះ​​ក្នុង​មួយ​ទសវត្ស​ចុងក្រោយ​នេះ?...

៣) ជប៉ុន 
ជប៉ុន​​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី២​របស់​អាស៊ី​​បន្ទាប់​ពី​ចិន​ដែល​​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​បំផុត​លំដាប់​ទី​៣ របស់​អាស៊ាន។ កាល​ពី​ឆ្នាំ ២០១៣ កន្លង​ទៅ​ពាណិជ្ជកម្ម​នាំ​ចេញ​របស់​អាស៊ាន​ទៅ​កាន់​ទីផ្សារ​ជប៉ុន​​មាន​ទំហំ​ ១២៣, ០៤ ពាន់​​លាន​ដុល្លារ ខណៈ​ដែល​ការ​នាំចូល​វិញ​មាន​​​ទំហំ​ ១១៧,៩០​ពាន់​លាន​​ដុល្លារ។ គិត​ជា​សរុប ពាណិជ្ជកម្ម​អាស៊ាន​-ជប៉ុន​​មាន​ទំហំ ២៤០, ៩៤ ​ពាន់​លាន​ដុល្លារ

៤) សហរដ្ឋអាមេរិក

ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​​មួយ​ទៀត​ឈរ​នៅ​លេខរៀង​លំដាប់​ទី៤ ​របស់​អាស៊ាន​នោះ គឺ​សហរដ្ឋអាមេរិក។ ពាណិជ្ជកម្ម​នាំ​ចេញ​របស់​អាស៊ាន​​ទៅ​កាន់​ទីផ្សារ​អាមេរិក​​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ទំហំ ១១៤, ៥០ ពាន់​​លាន​ដុល្លារ ទន្ទឹម​នឹង​ការ​នាំចូល​មក​វិញ​គិត​ជា​ទឹកប្រាក់​មាន​ទំហំ ៩២,៤៣ ពាន់​លាន​ដុល្លារ។ ជា​សរុប ពាណិជ្ជកម្ម​អាស៊ាន-អាមេរិក​មាន​ទំហំ ២០៦,៩៤ ពាន់​លាន​ដុល្លារ

៥) កូរ៉េខាងត្បូង
កូរ៉េខាងត្បូង​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​លំដាប់​ទី​៥​ របស់​អាស៊ាន​កាល​ពី​ឆ្នាំ ២០១៣ កន្លង​ទៅ​នេះ។ ពាណិជ្ជកម្ម​​នាំចេញ​របស់​អាស៊ាន​​ទៅ​កាន់​ទីផ្សារ​កូរ៉េ មាន​​ទំហំ​ ៥២,៨០ ពាន់​​លាន​ដុល្លារ ស្រប​ពេល​ដែល​ការ​នាំ​ចូល​វិញ​មាន​ទំហំ៨២, ១៧ពាន់​លាន​ដុល្លារ។ នេះ​បាន​ធ្វើ​ឲ្យ​​ទំហំ​ពាណិជ្ជកម្ម​អាស៊ាន​-កូរ៉េខាងត្បូង​មាន​ចំនួន​សរុប ១៣៤,៩៧ ពាន់​លាន​ដុល្លារ

រី​ឯ​ប្រទេស​ចំនួន​៥ ទៀត​ដែល​​ជា​ដៃគូ​សំខាន់​របស់​អាស៊ាន​ឈរ​នៅ​ចំណាត់​ថ្នាក់​រៀងគ្នា​នោះ​គឺ​ តៃវ៉ាន់​​មាន​​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​អាស៊ាន​​គិត​ជា​ទឹកប្រាក់​ប្រមាណ ១០១,៥ ពាន់​លាន​ដុល្លារ ហុងកុង​ មាន​ទំហំ​ពាណិជ្ជកម្ម ៩៤,២ ពាន់​លាន​ដុល្លារ អូស្ត្រាលី​មាន​ទំហំ ៦៨,០៣ ពាន់​លាន​ដុល្លារ ខណៈ​ឥណ្ឌា​ជាប់​ចំណាត់​ថ្នាក់​ទី​១០ មាន​ទំហំ​ពាណិជ្ជកម្ម​ជា​មួយ​អាស៊ាន​សរុប ៦៧,៨ ពាន់​លាន​ដុល្លារ។

គិត​ជា​សរុប​ទំហំ​ពាណិជ្ជកម្ម​របស់​អាស៊ាន​​ជា​មួយ​ប្រទេស​ទាំង​១០ នេះ​មាន​ទំហំ​ជិត​ ២, ​១២១ ពាន់​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០១៣ កន្លង​ទៅ​។ នេះ​នៅ​មិន​ទាន់​រាប់​បញ្ចូល​ពាណិជ្ជកម្ម​របស់​សមាជិក​អាស៊ាន​ជា​មួយ​បណ្តា​ប្រទេស​ផ្សេងៗ​ជា​ច្រើន​ទៀត​នៅ​ជុំវិញ​ពិភពលោក​ដែល​មាន​​ទំហំ​សរុប ៣៩០, ៧៦ ពាន់​លាន​ដុល្លារ​ទៀត​៕

No comments:

Post a Comment