Monday, November 10, 2014

កម្ពុជា​​គ្រោង​​បើក​ឲ្យ​មានការ​ដេញថ្លៃ​សម្បទាន​​​ប្លុក​ប្រេង​ចំនួន​ ​១៩​​​កន្លែង​​​​


គម្រោង​ជីកប្រេង​របស់​ក្រុមហ៊ុន KrisEnergy Ltd (រូបតំណាង)ប្រភព៖​ krisenergy
មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា​ ​​បាន​ថ្លែង​​ប្រាប់​​អ្នក​យក​ព័ត៌មាន​នៅ​ទីក្រុង​បាងកក​​ដែល​ស្រង់​សម្ដី​ដោយ​ Reuters ​ថា​ ​​​ ​​កម្ពុជា​គ្រោង​​បើក​ការ​ដេញ​ថ្លៃ​​​សម្បទាន​​​​​ប្លុក​ប្រេង​ និង​ឧស្ម័ន​​​ចំនួន ១៩ ​កន្លែង​​ដើម្បី​ជំរុញ​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​នេះ​។ ​​

​អគ្គនាយករង​នៃ​ក្រសួង​រ៉ែ និង​ថាមពល និង​​​​​ទទួលបន្ទុក​លើ​កិច្ចការ​ប្រេង​អន្តរជាតិ លោក ឌៀប សារី​វិសិដ្ឋ ឲ្យ​ដឹង​ថា ​​កម្ពុជា​​មាន​បំណង​ពិភាក្សា​​​ជាមួយ​អ្នក​វិនិយោគ​អន្តរជាតិ ​អំពី​ការទិញ​ភាគហ៊ុន​នៅ​ក្នុង​ប្លុក​ប្រេង​​​ចំនួន​ប្រាំមួយ​។​ ​​​

​ប្លុក A នៅ​ពេល​នេះ គឺ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​ក្រុមហ៊ុន KrisEnergy Ltd បន្ទាប់ពី​ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​​ខាងលើ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី​​​ ​ បាន​យល់​ព្រម​ចុះ​​កិច្ចព្រមព្រៀង​​ក្នុង​រង្វង់​​ទឹក​ប្រាក់ ​៦៥ ​លាន​ដុល្លារ ដើម្បី​ទិញ​​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ Chevron Corp ។​

​​ទោះ​ជា​យ៉ាង​ណា​ ​លោក​​​អគ្គនាយក​រង​ ​​​​មិន​បាន​បញ្ជាក់​ពី​​កាលបរិច្ឆេទ​ជាក់លាក់​នៃ​ការ​​ដាក់​ដេញ​ថ្លៃ ​​​នៅ​ឡើយ​ទេ​៕​​​

No comments:

Post a Comment