Saturday, November 1, 2014
ឥណ្ឌា និង អាស៊ីអាគ្នេយ៍
ទំនាក់ទំនងរវាងឥណ្ឌានិងអាស៊ីអាគ្នេយ៍បានរីកលូតលាស់ខ្លាំង ចាប់ពីដើមទសវត្សរ៍ទី៩០មកតែប៉ុណ្ណោះ ហើយវាប្រព្រឹត្តទៅជាពិសេសនៅក្នុងក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន។
គំនិតផ្តួចផ្តើមនៃការខិតចូលជិតគ្នារវាងភាគីទាំងពីរ ពោលគឺរវាងឥណ្ឌានិងអាស៊ាន ចេញមកជាបឋមពីខាងឥណ្ឌា។
ក្រោយពីសង្គ្រាមត្រជាក់បានរលត់រលាយបាត់ទៅ និងនៅពេលដែលចិនកំពុងលាតសន្ធឹងឥទ្ធិពលរបស់ខ្លួនចូលមកក្នុងតំបន់សមុទ្រឥណ្ឌា ស្រាប់តែឥណ្ឌាមានគំនិតចង់ពង្រឹងវត្តមានរបស់ខ្លួននៅភូមិភាគអាស៊ីអាគ្នេយ៍។ នៅក្នុងន័យនេះ ចាប់ពីដើមទសវត្សរ៍ទី៩០មក ទីក្រុងញូវដែលី(New Delhi) បាននិងកំពុងបន្តអនុវត្តនូវអ្វីដែលគេប្រសិទ្ធនាមឱ្យថា Look East Policy ឬនយោបាយសំដៅទៅទិសខាងកើត។
មែនទែនទៅ នយោបាយសំដៅទៅទិសខាងកើតនេះ វាឆ្លើយតបទៅនឹងមហិច្ឆតារបស់ឥណ្ឌាតាំងពីប្រទេសមួយនេះដណ្តើមឯករាជ្យបានពីអង់គ្លេសមកវិញនៅឆ្នាំ១៩៤៧ម្ល៉េះ។ មហិច្ឆតានោះ គឺការចង់ក្លាយជាមហាអំណាចមួយ ពីព្រោះនៅសម័យបូរាណកាល ឥណ្ឌាមិនមែនក្តាប់បានត្រឹមតែតំបន់អាស៊ីខាងត្បូងប៉ុណ្ណោះទេ តែបានទាំងលាតសន្ធឹងដោយសន្តិវិធី ឥទ្ធិពលរបស់ខ្លួនចូលទៅដល់ភូមិភាគអាស៊ីអាគ្នេយ៍ទៀតផង ដូចមាននៅសល់វប្បធម៌ឥណ្ឌាតរហូតមកទល់សព្វថ្ងៃនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន ជាឧទាហរណ៍ជាក់ស្តែងស្រាប់។
នៅក្នុងក្របខ័ណ្ឌនៃនយោបាយសំដៅទៅទិសខាងកើតនេះ ឥណ្ឌាចែចូវអាស៊ាន ក្លាយជាដៃគូរបស់អាស៊ាននៅឆ្នាំ១៩៩៥ ចូលរួមក្នុងForumតំបន់របស់អាស៊ាន(ARF) តាំងពីឆ្នាំ២០០៦ មានវត្តមាននៅក្នុងជំនួបកំពូលអាស៊ាននិងបណ្តាប្រទេសពាក់ព័ន្ធ តាំងពីឆ្នាំ២០០២ និងមានវត្តមាននៅក្នុងជំនួបកំពូលអាស៊ីបូព៌ាតាំងពីឆ្នាំ២០០៥។ មិនតែប៉ុណ្ណោះ នាវានៃកងទ័ពជើងទឹករបស់ឥណ្ឌាធ្វើចរាចរណ៍និងល្បាតនៅក្នុងសមុទ្រចិនខាងត្បូងទៀតផង។
ដូចគ្នាអ៊ីចឹងដែរ ឥណ្ឌាពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយអាស៊ាន ជាហេតុធ្វើឱ្យទំហំនៃការផ្តោះប្តូរពាណិជ្ជកម្មរវាងភាគីទាំងពីរកើនឡើងលឿន៖ ១៣ពាន់លានដុល្លារនៅឆ្នាំ២០០៥ ៥៤ពាន់លានដុល្លារនៅឆ្នាំ២០១០ និងជាង៧០ពាន់លានដុល្លារនៅឆ្នាំ២០១២។ មិនតែប៉ុណ្ណោះ នៅឆ្នាំ២០០៩ ឥណ្ឌានិងអាស៊ានបានចុះកិច្ចព្រមព្រៀងបង្កើតតំបន់ផ្តោះប្តូរពាណិជ្ជកម្មដោយសេរីមួយ ហើយតាមការគ្រោងទុក ការផ្តោះប្តូរជាក់ស្តែងដោយសេរីបែបនេះរវាងឥណ្ឌានិងអាស៊ានទាំងមូល នឹងត្រូវប្រព្រឹត្តទៅ នៅឆ្នាំ២០១៦។
*
គឺនៅក្នុងក្របខ័ណ្ឌនៃនយោបាយសំដៅទៅទិសខាងកើតនេះដូចគ្នា ដែលនៅក្រោយគ្រោះរលកយក្សស៊ូណាមី(Tsunami) ឆ្នាំ២០០៤ ឥណ្ឌាបានផ្តល់ប្រាក់៥០ម៉ឺនដុល្លារទៅឱ្យថៃ និងបានបញ្ជូននាវាមួយគ្រឿងប្រដាប់ទៅដោយមន្ទីពេទ្យទៅកាន់តំបន់អាឆេ(Aceh) នៃប្រទេសឥណ្ឌូណេស៊ី។ ជំនួយទាំងនេះ ពិតមែនតែមានទំហំតិចតួចស្តួចស្តើង តែវាជាសញ្ញាបង្ហាញនូវមហិច្ឆតារបស់ឥណ្ឌាក្នុងការលាតសន្ធឹងឥទ្ធិពលរបស់ខ្លួនចូលមកក្នុងភូមិភាគអាស៊ីអាគ្នេយ៍។
ទន្ទឹមគ្នានឹងការខិតជិតទៅរកអាស៊ានទាំងមូល ឥណ្ឌាក៏មានទំនាក់ទំនងដាច់ដោយឡែក ជាមួយសមាជិកអាស៊ានមួយក្រុមដែរ នៅក្នុងក្របខ័ណ្ឌនៃអ្វីដែលគេហៅថា កិច្ចសហប្រតិបត្តិការMekong-Gange។ គឺជាគំនិតផ្តួចផ្តើមមួយដែលបានកកើតឡើងនៅឆ្នាំ២០០០ និងដែលប្រមូលផ្តុំដាក់នៅជុំវិញឥណ្ឌា បណ្តាប្រទេសអាស៊ីអាគ្នេយ៍ចំនួន៥ គឺភូមា ថៃ កម្ពុជា ឡាវ និងវៀតណាម ដើម្បីធ្វើសហប្រតិបត្តិការរវាងគ្នានៅលើវិស័យ
វប្បធម៌ អប់រំ ទេសចរណ៍ និងដឹកជញ្ជូន។
ជាទូទៅនយោបាយសំដៅទៅទិសខាងកើតរបស់ឥណ្ឌាត្រូវបានអាស៊ានទទួល
ស្វាគមន៍។ អាស៊ានយល់ថា ខ្លួនមិនអាចមើលរំលងឥណ្ឌាបានទេ ពីព្រោះឥណ្ឌាជាមហាអំណាចអាស៊ីខាងត្បូងដែលមានអាវុធនុយក្លេអ៊ែរ និងជាមហាទីផ្សារមួយដែលមានប្រជាជនរហូតដល់ទៅជាង១ ២០០លាននាក់។ និយាយរួម ឥណ្ឌាជាមហាយក្សអាស៊ីមួយសមល្មមនឹងដើរតួនាទីជានគរបាលរក្សាសន្តិសុខនៅក្នុងតំបន់និងមានមាឌធំសមល្មមនឹងអាចធ្វើឱ្យមហាយក្សចិនកោតខ្លាច។ អ៊ីចឹងហើយ បានជាថ្នាក់ដឹកនាំអាស៊ីអាគ្នេយ៍ភាគច្រើនមើលឃើញថា ការពង្រឹងទំនាក់ទំនងជាមួយឥណ្ឌាអាចជួយកាត់បន្ថយឥទ្ធិពលរបស់ចិន អាចជួយរក្សាលំនឹងភូមិសាស្រ្តនយោបាយនៅក្នុងតំបន់និងនៅទីបំផុត អាចជួយអាស៊ានកុំឱ្យពឹងពាក់ចិនខ្លាំងជ្រុលពេក នៅលើវិស័យ
ពាណិជ្ជកម្ម សេដ្ឋកិច្ច ទូតនិងនយោបាយ។
គឺនៅក្នុងបរិបទនេះហើយ ដែលនៅឆ្នាំ២០០៤ អាស៊ាននិងឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពី«ភាពជាដៃគូ ដើម្បីសន្តិភាពនិងវឌ្ឍនភាពរួម»។ បើយោងទៅតាមក្រុមអ្នកសង្កេតការណ៍ កិច្ចព្រមព្រៀងជាមួយឥណ្ឌាមួយនេះ មានលក្ខណៈស្រដៀងគ្នាទៅនឹងកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូយុទ្ធសាស្រ្តដែលអាស៊ាននិងចិនបានចុះហត្ថលេខានៅឆ្នាំ២០០៣។ ម្ល៉ោះហើយវាជាសញ្ញាបង្ហាញថាថ្នាក់ដឹកនាំអាស៊ានយកឥណ្ឌាមកទប់កុំឱ្យជញ្ជីងភូមិសាស្រ្តនយោបាយរបស់អាស៊ីអាគ្នេយ៍ផ្អៀងទៅខាងចិនខ្លាំងពេក។
ដោយឡែក គួរកត់សម្គាល់ថា តាំងពីដើមទសវត្សរ៍ទី៩០មក អាស៊ានឱបរឹតឥណ្ឌាដោយគ្មានការភិតភ័យ ដ្បិតជាទូទៅថ្នាក់ដឹកនាំអាស៊ីអាគ្នេយ៍សឹងទាំងស្រុងចាត់ទុកឥណ្ឌាថាជាមហាអំណាចដ៏ស្លូតមួយដែលកាន់លទ្ធិប្រជាធិបតេយ្យនិងដែលអនុវត្តអំណាចស្រទន់ Soft Power។
នៅក្នុងបរិបទប្រកបដោយអំណោយផលល្អបែបនេះ និងដោយសារមានការជួយជំរុញពីសហរដ្ឋអាមេរិកទៀតផង ឥណ្ឌាច្បាស់ជានឹងបន្តពង្រឹងទំនាក់ទំនងជាមួយអាស៊ាននៅគ្រប់វិស័យ តទៅថ្ងៃមុខ។ ប៉ុន្តែ នយោបាយសំដៅទៅអាស៊ីអាគ្នេយ៍ របស់ឥណ្ឌានឹងច្បាស់ជាមានកម្រិតនិងខ្វះសន្ទុះក្លៀវក្លា ដោយហេតុតែនៅក្នុងភូមិភាគនេះ មានឥទ្ធិពលខ្លាំងជ្រុលពេកទៅហើយរបស់មហាយក្សចិន ជាអាទិ៍នៅភូមា កម្ពុជា និងឡាវ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment