Saturday, November 1, 2014

ទសវត្សរ៍​ទី​៩០​ជា​​សម័យ​ «​មហា​អន្តរ​កាល​»​សម្រាប់​ប្រទេស​ឥណ្ឌា


លោក​Manmohan​ Singh​(​បច្ចុប្បន្ន​នាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​នៅ​ឆ្នាំ​១៩៩១​)​ ជា​បិតា​នៃ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ឥណ្ឌា​

ក្រោយពី​បានលើកឡើង​ពី​ចន្ទល់ធំៗនៃ​អានុភាព​របស់​ឥណ្ឌា ហ្ស​ង់-ហ្វ្រ​ង់​ស័​រ តាន់ សូម​ធ្វើការ​សិក្សា​ទៅលើ​ការផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ជា​បន្តបន្ទាប់របស់​ប្រទេសមួយ​នេះ ដើម្បី​បោះជំហាន​ទៅ​ក្រសោប​ចាប់​លក្ខន្តិក​ជា​មហាអំណាចតំបន់។
នាយករដ្ឋមន្ត្រី​ទីមួយ​បង្អស់​នៃ​ឥណ្ឌា​ឯករាជ្យ គឺ​Jawaharlal Nehru ដែល​ដឹកនាំ​ប្រទេស​ពី​ឆ្នាំ១៩៤៧ ដល់​ឆ្នាំ១៩៦៤។ Nehru បានជ្រើសរើស​យក​ទិសដៅ​បួនសំខាន់។ នៅលើ​វិស័យ​នយោបាយ ឥណ្ឌា​ត្រូវតែ​ជា​លិ​ទ្ធិ​ប្រជាធិបតេយ្យ។ នៅលើ​វិស័យសេដ្ឋកិច្ច ឥណ្ឌា​ត្រូវតែ​លើក​រនាំង​គយ​និង​ធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​ការពារ​ផលិតផល​ក្នុងស្រុក និង​ដើម្បី​ផ្តល់​លិទ្ធ​ភាព​ឱ្យ​រដ្ឋ​ដើរតួនាទី​សេដ្ឋកិច្ច​មួយ​សំខាន់ ទន្ទឹមគ្នា​នឹង​វិស័យ​ឯកជន។ នៅលើ​វិស័យ​ទូត ឥណ្ឌា​ត្រូវតែ​ប្រកាន់​ជំហរ​មិន​ចូលបក្ស​សម្ព័ន្ធ នៅក្នុង​សង្គ្រាមត្រជាក់​រវាង​លោកខាងលិច​និង​លោក​ខាងកើត។ ហើយ​នៅលើ​វិស័យ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ ឥណ្ឌា​ត្រូវតែ​ផ្តល់​អាទិភាព​ដល់​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា។

ទ្រឹស្តី​របស់​Nehru ដែល​បាន​គ្របដណ្តប់​ទៅលើ​ស្មារតី​របស់​អ្នកនយោបាយ​ឥណ្ឌា​ជា​បន្តបន្ទាប់​សឹង​ថា​រហូតដល់​ដើម​ទសវត្សរ៍​ទី៩០ មាន​ចំណុចខ្លាំង​និង​ចំណុចខ្សោយ​របស់​វា នៅលើ​ការអនុវត្តន៍​ជាក់ស្តែង។ ចំណុចខ្លាំង គឺ​លទ្ធិប្រជាធិបតេយ្យ​ដែល​បាន​ចាក់ឫស​យ៉ាងជ្រៅ​ទៅក្នុង​សង្គម​ឥណ្ឌា​តាំងពី​ពេលនោះ​មក និង​ដែល​បានធ្វើឱ្យ​ឥណ្ឌា​ស្គាល់​ស្ថិរភាព​​នយោបាយ​ល្អប្រសើរ បើ​ប្រៀបធៀប​ទៅនឹង​បណ្តា​ប្រទេសជិតខាង។

ចំណុចខ្លាំង​មួយទៀត គឺ​ការរីកលូតលាស់​យ៉ាង​លឿន​រហ័ស​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា។ ចូរ​កុំភ្លេចថា វិទ្យាស្ថាន​បច្ចេកវិជ្ជារ​បស់​ឥណ្ឌា​ចំនួន​ប្រាំ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​Nehru ក្នុង​ចន្លោះ​ឆ្នាំ១៩៥១-១៩៦៣ សព្វថ្ងៃ មានឈ្មោះ​ល្បីល្បាញ​ពេញ​ពិភពលោក។

រីឯ​ចំណុចខ្សោយ​នៃ​ទ្រឹស្តី​របស់​Nehruវិញ​គឺ​សេដ្ឋកិច្ច សេដ្ឋកិច្ច​ដែល​រដ្ឋ​បាន​ការពារ​ខ្លាំង​ជ្រុល​ហួសហេតុ​ពេក រហូតដល់​បាន​បណ្តាលឱ្យ​ប្រទេស​ឥណ្ឌា​ដើរ​អូស​ជើង​ជាច្រើន​ទសវត្សរ៍​និង​ស្គាល់​ភាពយឺតយ៉ាវ​នៅលើ​វិស័យ​អភិវឌ្ឍន៍ បើ​ប្រៀបធៀប​ទៅនឹង​បណ្តា​ប្រទេស​ខ្លា​សេដ្ឋកិច្ច​អាស៊ី​និង​ប្រទេស​ចិន។

ចំណុចខ្សោយ​មួយទៀត​នៃ​ទ្រឹស្តី​របស់​Nehru គឺ​ការទូត។ នយោបាយ​មិន​ចូលបក្ស​សម្ព័ន្ធ​​របស់​ឥណ្ឌា​បាន​រលាយ​សាបសូន្យ​នៅ​ទីបំផុត ដ្បិត​ឥណ្ឌា​បានជ្រើសរើស​យក សូ​វៀត​មក​ធ្វើជា​សម្ព័ន្ធមិត្ត រហូតដល់​សង្គ្រាមត្រជាក់​បាន​ចប់​នៅ​ឆ្នាំ១៩៩។

គេ​ត្រូវ​រង់ចាំ​រហូតដល់​ដើម​ទសវត្សរ៍​ទី៩០ ទើប​ឃើញ​ថ្នាក់ដឹកនាំ​ឥណ្ឌា​ផ្តើមធ្វើ​កំណែទម្រង់សេដ្ឋកិច្ច និង​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​នយោបាយ​និង​ភូមិសាស្ត្រ​នយោបាយ។
អ៊ីចឹង​ហើយ បានជា​ក្រុម​អ្នកសង្កេតការណ៍​ចាត់ទុក​ទសវត្សរ៍​ទី៩០ថា​ជា​សម័យ«មហា​អន្តរកាល»នៃ​ប្រទេស​ឥណ្ឌា។

គឺ​នៅក្នុង​ក្របខណ្ឌ​នៃ​ការផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​នេះហើយ ដែល​នៅ​ឆ្នាំ១៩៩១ Manmohan Singhកាលណោះ​ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ បានសម្រេច​ចិត្ត​ផ្តើម​អនុវត្ត​នយោបាយ​សេដ្ឋកិច្ច​ថ្មី​មួយ ដើម្បី​ផ្តល់​សន្ទុះ​ដល់​សេដ្ឋកិច្ចជាតិ​និង​អូសទាញ​ឥណ្ឌា​ចេញបណ្តើៗពី​ឥទ្ធិពល​នៃ​ទ្រឹស្តី​សេដ្ឋកិច្ច​ហួស​សម័យ​របស់​Nehru។ ជាក់ស្តែង រនាំង​គយ​មួយចំនួន​ត្រូវបាន​រំលំ​ម្តងមួយៗ រីឯ​នយោបាយ​ការពារ​ផលិតផល​ឥណ្ឌា​ត្រូវបាន​បោះបង់ចោល​បណ្តើរៗ​ ក្នុង​គោលដៅ​បើកចំហ​ទីផ្សារ​នៃ​ប្រទេស​និង​ក្នុង​គោលដៅ​ទទួល​វិនិយោគទុន​បរទេស។

ប៉ុន្តែ ឥណ្ឌា​ត្រូវ​រង់ចាំ​រហូតដល់​ដើម​ទសវត្សរ៍​ឆ្នាំ២០០០ ទើប​ទទួលបាន​លទ្ធផល​ជាក់ស្តែង​ពី​កំណែទម្រង់សេដ្ឋកិច្ច​ដ៏​យឺតយ៉ាវ​នេះ។ ជាក់ស្តែង កំណើនសេដ្ឋកិច្ច​នៃ​ប្រទេស​ដែលមាន​ប្រមាណ​តែ៥ឬ៦%ប៉ុណ្ណោះ​ពេញ​មួយ​ទសវត្សរ៍​ទី៩០ លោត​ឡើង​ខ្ពស់​រហូតដល់​ទៅ៨ឬ​ជិត១០%ពី​ឆ្នាំ២០០២ដល់​ឆ្នាំ២០០៨ ឆ្នាំ​ដែល​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​បាន​ផ្ទុះឡើង។

ទន្ទឹមគ្នា​នឹង​សេរី​កម្ម​សេដ្ឋកិច្ច​ដែល​ត្រូវបាន​ផ្តើម​អនុវត្ត​នៅ​ឆ្នាំ១៩៩១ ឥណ្ឌា​ក៏បាន​ផ្លាស់ប្តូ​រដែរ យុទ្ធសាស្ត្រ​នយោបាយ​និង​ភូមិសាស្ត្រ​នយោបាយ​ចាប់ពី​ឆ្នាំ១៩៩៨ទៅ។ នៅ​ឆ្នាំ១៩៩៨នោះ ក្រោម​ការដឹកនាំ​របស់​នាយករដ្ឋមន្ត្រី​Atal Beari Vapayee ឥណ្ឌា​បាន​បោះបង់ចោល​ឬ​គ្មាន​ជំរើស​អ្វី​ផ្សេង​ក្រៅពី​បោះបង់ចោល​មូលដ្ឋានគ្រឹះ​នៃ​ឧ​ត្ត​ម​គតិ​របស់​Nehru។ អស់​មាន​ទៀតហើយ​តម្លៃ​សកលនិយម មនុស្សនិយម និង​គោលការណ៍​អហិង្សា​នៅក្នុង​នយោបាយ​ទូត​របស់​ឥណ្ឌា។ ឃើញ​មានតែ​មនោសញ្ចេតនា​ជាតិនិយម ជួនកាល​កាច និង​ជួនកាល​ទៀត​ចង្អៀតចង្អល់។ ជាក់ស្តែង​នៅ​ឆ្នាំ១៩៩៨ដដែល​នោះ​រដ្ឋាភិបាល​របស់​Vapayee បានធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​យ៉ាង​ចំហ​ចំនួន៥ដង ខុស​ផ្ទុយ​ពី​ការ​បំផ្ទុះ​សាកល្បង​គ្រាប់បែកបរមាណូ​ដោយ​បិទបាំង​និង​លាក់លាម​ទាំង ស្រុង​នៅ​ឆ្នាំ១៩៧។

តាមរយៈ​ទង្វើ​និង​ជំហរ​ម៉ឺងម៉ាត់​បែបនេះ​នៅលើ​វិស័យ​នុយក្លេអ៊ែរ​យោធា ឥណ្ឌា​ចង់បង្ហាញ​សាច់ដុំ​ដាក់​ចិន​និង​ប៉ា​គី​ស្ថាន ដូចដែល​Vapayeeបាន​សរសេរ​លាតត្រដាង​នៅក្នុង​លិខិត​មួយ​ផ្ញើជូន​Bill Clinton ប្រធានាធិបតី​អាមេរិក​សម័យ​នោះ​ថា៖ «ប្រទេសជិតខាង​ដ៏​ធំ​របស់​យើង​ជា​មហាអំណាច​នុយក្លេអ៊ែរ ជា​ប្រទេសមួយ​ដែល​បាន​ឈ្លានពាន​យើង​នៅ​ឆ្នាំ១៩៦។ មិនតែប៉ុណ្ណោះ​ប្រទេសជិតខាង​ដ៏​ធំ​មួយ​នេះ​ក៏​ថែមទាំង​បាន​ជួយ​ប្រទេសជិតខាង​មួយទៀត​របស់​យើង​ឱ្យមាន​អាវុធ​នុយក្លេអ៊ែរ​ដែរ» ច្បាស់​ណាស់​ថា តាមរយៈ​ពាក្យ​ពីរ​ឃ្លា​នេះ នាយករដ្ឋមន្ត្រី​ឥណ្ឌា​Vapayee ចង់​និយាយ​សំដៅ​ចិន​និង​ប៉ា​គី​ស្ថាន​ដែល​មួយ​ជាស​ត្រូវ​សក្កា​នុព​ល​និង​មួយទៀត​ជាស​ត្រូវ​សួ​ពូជ៕

No comments:

Post a Comment