Sunday, November 16, 2014

ស្វែងយល់​អំពី​​​ផល​ប៉ះពាល់ និង​ទប់ស្កាត់​​​​វិទ្យុសកម្ម​ទូរស័ព្ទ​​ដែល​នាំ​ឱ្យ​គ្រោះថ្នាក់​​ដល់​សុខភាព​ធ្ងន់ធ្ងរ​

 

ផលប៉ះពាល់ និង​របៀប​ទប់ស្កាត់​វិទ្យុសកម្ម​ទូរស័ព្ទប្រភព៖​ androidvipclub
ស្មាតហ្វូន​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​ក្លាយ​ជា​វត្ថុ​សំខាន់​សម្រាប់​មនុស្ស។ ប៉ុន្តែ ទន្ទឹម​នឹង​គុណសម្បត្តិ​នៃ​ស្មាតហ្វូន ក៏​នៅ​មាន​គុណវិបត្តិ​មក​ជាមួយ​គ្នា​ផង​ដែរ។ បញ្ហា​ធំ​គឺ ស្មាតហ្វូន​មាន​នូវ​វិទ្យុសកម្ម​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​របស់​អ្នក​ប្រើ​បាន។

ទូរស័ព្ទ​ទូទៅ (Cellphone) និង​ស្មាតហ្វូន​គឺ​ប្រើ​ប្រេកង់ រលក​វិទ្យុ (Radio Frequency)/microwave ដើម្បី​ធ្វើ​ការ​បញ្ជូន និង​ទទួល​ព័ត៌មាន (information) ដែល​មាន​ទម្រង់​ជា សំឡេង, ទិន្នន័យ(data) ឬ​វីដេអូ។ ដូច្នេះ​ហើយ ទើប​ឧបករណ៍​អេឡិចត្រូនិក​ចល័ត​នេះ មាន​សមត្ថភាព​អាច​ឱ្យ​អ្នក​ភ្ជាប់​ទំនាក់ទំនង (ខល​ទូរស័ព្ទ) ជាមួយ​មិត្តភ័ក្ដិ ឬ​ក្រុម​គ្រួសារ​បាន។ ដោយសារ​តែ​បែប​នេះ​ហើយ ទើប​មនុស្ស​បាន​យក​ទូរស័ព្ទ​មក​ធ្វើ​ជា​មិត្ត​យ៉ាង​ជិតស្និទ្ធ តែងតែ​យក​តាម​ដាក់​ជាប់​នឹង​ខ្លួន​ជានិច្ច ប៉ុន្តែ​សូម​ស្វែងយល់​ឱ្យ​បាន​ដឹង​ច្បាស់​ថា សកម្មភាព​ជា​រៀងរាល់​ថ្ងៃ​របស់​អ្នក​ដូចនេះ គឺ​កំពុង​ប្រឈម​នឹង​ផល​ប៉ះពាល់​សុខភាព​ពី​វិទ្យុសកម្ម​អេឡិចត្រូនិក​ដែល​មាន​នៅ​លើ​ទូរស័ព្ទ។

លោក​ស្រី Leeann Brown អ្នក​នាំ​ពាក្យ​របស់​អង្គការ​​មិន​គិត​ផល​​​ចំណេញ​ផ្ដោត​លើ​ការ​គាំពារ​សុខភាព និង​​​បរិស្ថាន​ បាន​ឱ្យ​ដឹង​ថា៖ «ក្មេង​តូចៗ និង​ក្មេង​ជំទង់ គឺ​អាច​រង​វិទ្យុសកម្ម​ទូរស័ព្ទ​ខ្លាំង​ជាង​មនុស្ស​ពេញវ័យ​»។ នេះ​ដោយ​សារ​ដំណើរ​វិវត្តន៍​សរីរាង្គ​របស់​​កុមារ​ ចំពោះ​​ ​​​ឆ្អឹង​លលាដ៍ក្បាល​លូតលាស់​មិនសូវ​បាន​ល្អ​ ទម្ងន់​មិន​សូវ​ធ្ងន់​ និង​ប្រព័ន្ធ​គ្រប់គ្រង​ឈាម​ក្នុង​ខួរក្បាល​ទន់ខ្សោយ ធ្វើ​ឱ្យ​កុមារ​ងាយ​រង​គ្រោះ​ថ្នាក់​ខ្លាំង​ជាង​​មនុស្ស​ធំ។

ជា​ការ​ពិត​ណាស់ អ្នក​កាន់​តែ​ប្រើប្រាស់​ស្មាតហ្វូន​ច្រើន នោះ​អ្នក​ក៏​នឹង​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្ពស់​ដែរ ដែល​នឹង​ធ្វើ​ឱ្យ​មាន​បញ្ហា​សុខភាព​ក្នុង​រយៈពេល​យូរ​បាន។ ផ្អែក​តាម​របាយការណ៍​ស្ថិត​កាល​ពី​ឆ្នាំ២០១២ នៅ​លើ​គេហទំព័រ peperperspective ឱ្យ​ដឹង​ថា និស្សិត​សាកលវិទ្យាល័យ​បាន​ចំណាយ​ពេល​ប្រើ​ទូរស័ព្ទ/ថេប្លេត ក្នុង​មួយ​ថ្ងៃ​យ៉ាងហោច ១១៨នាទី ហើយ​ប្រើ​រយៈពេល ៤០នាទី​នៅ​រៀងរាល់​មុន​ចូល​គេង។ នេះ​មាន​ន័យ​ថា ក្នុង​មួយ​ឆ្នាំៗ​ពួក​គេ​បាន​ប្រើ​ទូរស័ព្ទ​ចំនួន ១៩,៧ថ្ងៃ ក្នុង​ការ​សរសេរ​សារ/និយាយ​ទូរស័ព្ទ។ តាម​ការ​សិក្សាស្រាវជ្រាវ​ឱ្យ​ដឹង​ថា វិទ្យុសកម្ម​បង្ក​ផល​ប៉ះពាល់​គឺ​ទៅ​តាម​វ័យ​របស់​មនុស្ស។ ក្មេង​តូចៗ និង​ក្មេង​ជំទង់​ឆាប់​រ​ង​គ្រោះថ្នាក់​ខ្លាំង​ជាង​មនុស្ស​​ធំ។

តាម​របាយការណ៍​របស់​គេហទំព័រ safespaceprotection.com បាន​ឱ្យ​ដឹង​ថា ២០% ទៅ ៨០% នៃ​វិទ្យុសកម្ម​ទូរស័ព្ទ​ដៃ គឺ​អាច​សាយភាយ​ជ្រៀតចូល​ទៅ​ក្នុង​ខួរក្បាល​របស់​មនុស្ស​ពេញវ័យ​ជម្រៅ ២អ៊ីញ ឬ​ប្រហែល ៥សង់ទីម៉ែត្រ។ ដូច្នេះ អ្វី​ដែល​អ្នក​គួរតែ​ធ្វើ​ដំបូង​គេ​នោះ គឺ​ព្យាយាម​កុំ​ទុក​ទូរស័ព្ទ​នៅ​កៀក​នឹង​ខ្លួន​ពេក។ ខាង​ក្រោម​នេះ​គឺ​ជា​អាការៈ និង​ផល​ប៉ះពាល់​នៃ​មនុស្ស​ដែល​បាន​រង​ឥទ្ធិពល​ពី​វិទ្យុសកម្ម​អេឡិចត្រូនិក៖ ឈឺក្បាល ក្អួត​ចង្អោ អស់​កម្លាំង ឈឺ​ក បាត់បង់​ការ​ចងចាំ ជំងឺ​មហារីក​ឈាម (ឈាម​ស ស៊ី​ឈាម​ក្រហម) មហារីក​ខួរក្បាល​ដ៏​កម្រ បម្រែបម្រួល​អង់ស៊ីម ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់ DNA ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ ធ្វើ​ឱ្យ​មាន​ជំងឺ​ពី​កំណើត មាន​បម្រែបម្រួល​ប៉ះពាល់​ដល់​ការ​រំលាយ​អាហារ​ក្នុង​រាងកាយ ប្រឈម​ហានិភ័យ​ខ្ពស់​ចំពោះ​ជំងឺ Alzheimer ប្រឈម​ហានិភ័យ​​លើ​លក្ខខណ្ឌ​បំពេញ​មុខងារ​របស់​បេះដូង បម្រែបម្រួល​ដល់​អ័រម៉ូន​ប្រសាទ ធ្វើ​ឱ្យ​ខួរ​ចុះ​ខ្សោយ​ក្នុង​ការ​បំពេញ​មុខងារ​ជា​ដើម​។ល។

តាម​ការ​ចុះផ្សាយ​អំពី​វិធីសាស្ត្រ​ទប់ស្កាត់​ពី​វិទ្យុសកម្ម​ទូរស័ព្ទ​សំខាន់ៗ​នៅ​លើ​គេហទំព័រ TheBNEWS កាល​ពី​ទំព័រ​មុន គឺ​មាន ៨ចំណុច​គួរ​អនុវត្ត៖
១) ព្យាយាម​ប្រើ​សារ​អក្សរ​ជំនួស​ការ​និយាយ​ទូរស័ព្ទ​បើ​អាច
២) ប្រើ​កាស ឬ​បើក​សំឡេង​ចេញ​ក្រៅ (Load speaker) ឬ​ប្រើ​ឧបករណ៍​បំពង​សំឡេង ពោល​គឺ​ធ្វើ​យ៉ាងណា​ពេល​សន្ទនា​ឱ្យ​នៅ​ឆ្ងាយ​ពី​ទូរស័ព្ទ
៣) ពេល​ហៅ​ទូរស័ព្ទ​ចេញ (ខល​ចេញ) កុំ​ទាន់​យក​ទូរស័ព្ទ​មក​ផ្ទប់​នឹង​ត្រចៀក គឺ​ត្រូវ​រង់ចាំ​រហូត​ដល់​ភាគី​ម្ខាង​ទទួល
៤) ជៀសវាង​ការ​យក​ទូរស័ព្ទ​ដាក់​ជាប់​នឹង​ខ្លួន
៥) កុំ​សន្ទនា​ទូរស័ព្ទ​នៅ​ពេល​កំពុង​ធ្វើ​ដំណើរ (ម៉ូតូ រថយន្ត រថយន្ត​ក្រុង រទេះភ្លើង ...)
៦) កុំ​ប្រើ​ទូរស័ព្ទ​នៅ​ចំណត​រថយន្ត
៧) កុំ​ទុក​ទូរស័ព្ទ​ជិត​ខ្លួន​នៅ​ពេល​គេង​មិន​ថា​យប់ មិន​ថា​ថ្ងៃ
៨) ជៀសវាង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​តប់ប្រមល់​ ខ្លាំង ព្រោះ​វិទ្យុសកម្ម​នឹង​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​អស់​កម្លាំង​ខ្លាំង ហើយ​សារពាង្គកាយ (សរីរាង្គ​ទាំងឡាយ​)ចុះ​ខ្សោយ

... ៨ចំណុចសំខាន់ៗ​ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ពី​វិទ្យុសកម្ម​ទូរស័ព្ទ​​ ...

គណៈកម្មការ​សហព័ន្ធ​ផ្នែក​ទំនាក់ទំនង FCC របស់​អាមេរិក​បាន​កំណត់​ហៅ​ការ​សាយភាយ​សារធាតុ​វិទ្យុសកម្ម​ទូរស័ព្ទ​ថា ជា​អត្រា​សូប​យក​ជាក់លាក់ SAR ដែល​មាន​ខ្នាត វ៉ាត់​ក្នុង​មួយ​គីឡូក្រាម (W/kg) ហើយ​មាន​កម្រិត​គ្រោះថ្នាក់​ខ្ពស់​បំផុត​នៅ​តម្លៃ 1.6W/kg។ ចំណែក​ច្បាប់​និយតកម្ម​របស់​កាណាដា និង​នៅ​អឺរ៉ុប​គឺ​បាន​កំណត់​យក 2.0W/kg។

តាម​តារាង​ចំណាត់ថ្នាក់​ទូរស័ព្ទ​ដែល​មាន​វិទ្យុសកម្ម​ខ្ពស់​បំផុត និង​ទាប​បំផុត​ចេញ​ផ្សាយ​ដោយ cellphones.procon.org បង្ហាញ​ថា Motorola Droid Maxx និង Motorola Droid Ultra ដែល​ប្រើប្រាស់​សេវា​ទូរស័ព្ទ Verizon គឺ​ជា​ស្មាតហ្វូន​ដែល​មាន​វិទ្យុសកម្ម​ខ្ពស់​បំផុត​មាន​តម្លៃ 1.54W/kg ហើយ​ទូរស័ព្ទ​ដែល​មាន​វិទ្យុសកម្ម​ទាប​ជាង​គេ​ក៏​ជា​របស់ Motorola ដែរ ចំនួន​ពីរ​ម៉ូដែល​គឺ Motorola v.101 និង Motorola V.100 មាន​តម្លៃ 0.14W/kg៕​

No comments:

Post a Comment