Sunday, November 16, 2014

ភាសា​៥ ដែលមាន​ចំនួន​អ្នក​​​​​​​ប្រើប្រាស់​ច្រើន​ជាងគេ​នៅ​លើ​ពិភពលោក

 

រូបភាព​បង្ហាញ​ពី​ភាសា​នីមួយៗ​ត្រូវ​បាន​ប្រើប្រាស់​នៅ​ជុំវិញ​ពិភពលោក​ប្រភព៖​ trustedtranslations
ប្រិយមិត្ត​អាច​​​ទទួលស្គាល់​ថា ភាសា​អង់គ្លេស​គឺ​ជា​ភាសា​មួយ​​ដែល​គេ​យក​មក​ប្រើប្រាស់​ជា​ផ្លូវការ​ច្រើន​ជាងគេ​នៅ​លើ​ពិភពលោក​​ជា​ពិសេស​នៅ​ក្នុង​ការ​ទំនាក់ទំនង​ពី​​ប្រជាជន​របស់​ជាតិ​សាសន៍​មួយ​ទៅ​​កាន់​​ប្រជាជន​របស់​ជាតិសាសន៍​មួយ​ទៀត​។ នេះ​ពិត​ជា​ត្រឹមត្រូវ តែ​បើ​និយាយ​ពី​ចំនួន​អ្នក​​ប្រើប្រាស់​ភាសា​ច្រើន​ជាងគេ​​វិញ​​នោះ​គឺ​មិនមែន​​ភាសា​អង់គ្លេស​​នោះ​ទេ។

តួលេខ​អ្នក​ប្រើប្រាស់​ភាសា​នេះ​មាន​ភាព​​ខុសគ្នា​ទៅ​តាម​របាយការណ៍​មួយ​ចំនួន តែ​បើ​​​ផ្អែក​តាម​របាយការណ៍​វាយតម្លៃ​របស់​ស្វីស(Swedish Nationalencyklopedin) កាល​ពី​ឆ្នាំ ២០១២០ បាន​រក​ឃើញ​​​​​ថា មាន​ភាសា​​ ៥ ដែល​មាន​អ្នក​ប្រើប្រាស់​ច្រើន​ជាងគេ​នៅ​លើ​ពិភពលោក​​ក្នុង​នោះ​រួម​មាន៖

១) ភាសា Mandarin
ភាសា Mandarin គឺ​ជា​ភាសា​ដែល​​ត្រូវ​បាន​គេ​ប្រើប្រាស់​ច្រើន​ជាងគេ​ ​ដែល​មាន​ប្រមាណ ៩៥៥ លាន​នាក់ ឬ ស្មើ​នឹង ១៤,៤% នៃ​ប្រជាជន​នៅ​ជុំវិញ​សាកលលោក។ ប្រទេស​ដែល​​​និយម​​ប្រើប្រាស់​ភាសា​នេះ​គឺ​រួម​មាន​ ​ប្រទេស​ចិន តៃវ៉ាន់ សិង្ហបុរី និង ម៉ាឡេស៊ី​ជា​ដើម។

២) ភាសា ​អេស្ប៉ាញ
ភាសា​អេស្ប៉ាញ​​ជាប់​ចំណាត់ថ្នាក់​ទី​២ ជា​ភាសា​ដែល​​ត្រូវ​បាន​គេ​ប្រើប្រាស់​ច្រើន​ជាងគេ​នៅ​​ពេល​បច្ចុប្បន្ន។ គេ​បាន​រក​ឃើញ​ថា មាន​មនុស្ស ៤៧០ លាន​​នាក់ ៦,១៥% ​នៅ​ជុំវិញ​ពិភព​លោក​បាន​​និយាយ​ភាសា​នេះ​ ដែល​មាន​ជាអាទិ៍​​ប្រជាជន​អេស្ប៉ាញ តំបន់​អាហ្វ្រិក​ខាងជើង មិកស៊ិក នៅ​រដ្ឋ​មួយ​ចំនួន​នៅ​អាមេរិក ជា​ពិសេស​នៅ​ក្នុង​តំបន់​ខារ៉ាប៊ីន និង ទ្វីប​អាមេរិក​ខាងត្បូង​ដែល​មិន​ក្រោម​១០​ប្រទេស​នោះ​ឡើយ។

៣) ភាសា​ អង់គ្លេស
ភាសា អង់គ្លេស​បាន​ជាប់​ចំណាត់ថ្នាក់​ទី៣ ដែល​មាន​គេ​និយម​ប្រើប្រាស់​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ពោល​គឺ​មាន​​មនុស្ស​ប្រមាណ ៣៦០ លាន​នាក់​ ៥,៤៣%នៃ​ប្រជាជន​នៅ​ជុំវិញ​សាកលលោក​ប្រើប្រាស់​ភាសា​នេះ។ ​ប្រទេស​ទាំង​នោះ​មាន​ដូច​ជា អង់គ្លេស សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អៀរឡង់ នូវែលហ្សេឡង់ និង ប្រទេស​ជា​ច្រើន​ទៀត​ដែល​ជា​អតីត​ដែនដី​របស់​អង់គ្លេស។

៤) ភាសា ហិណ្ឌូ
ភាសា ហិណ្ឌូ បាន​ជាប់​ចំណាត់​ថ្នាក់​ទី​៤ នី​ទី​នេះ​លើ​ភាសា​ដែល​មាន​អ្នក​និយាយ​ច្រើន​ជាងគេ​បំផុត។ គេ​បាន​រក​ឃើញ​ថា មាន​មនុស្ស​ប្រមាណ ៣១០​ លាន​នាក់​ ឬ ស្មើ​នឹង ៤,៧% នៃ​ប្រជាជន​នៅ​​ជុំវិញ​ពិភពលោក​​ទាំង​មូល​បាន​ប្រើប្រាស់​ភាសា​នេះ។ ឥណ្ឌា និង នេប៉ាល់​ជា​ប្រទេស​ចំនួន​ពីរ​ដែល​ប្រើប្រាស់​ភាសា​នេះ​ច្រើន​ជាងគេ។

៥) ភាសា អារ៉ាប់
ងាក​មក​មើល​​ភាសា​ចុងក្រោយ​គេ​ដែល​មាន​អ្នក​និយម​ប្រើប្រាស់​ជាងគេ​​លំដាប់​ទី៥ នៅ​លើ​ពិភពលោក​​នោះ គឺ​បាន​ធ្លាក់​ទៅ​លើ​ភាសា​អារ៉ាប់។ មាន​​មនុស្ស​ប្រមាណ ២៩៥ លាន​នាក់​ ៤,៤៣% បាន​ប្រើប្រាស់​ភាសា​នេះ​ ដែល​ក្នុង​នោះ​រួមមាន អារ៉ាប៊ីសាអ៊ូឌីត អេហ្ស៊ីប អាល់ហ្សេរី​ ឆាដ កាមេរ៉ូន អ៊ីរ៉ាក់ ប៉ាឡេស្ទីន​ គុយវ៉ែត លីប៊ី កាតារ សូម៉ាលី ស៊ីរី ទុយណេស៊ី អារ៉ាប់រួម យេមែន និង បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត​នៅ​តំបន់​មជ្ឈិមបូព៌ា និង តំបន់​អាហ្វ្រិក​ខាងកើត៕

No comments:

Post a Comment