Thursday, November 6, 2014

មូលដ្ឋាន​គ្រឹះ​ទាំង​៥ ដែល​លោក​អ្នក​​គួរ​មាន​​ ដើម្បី​ជោគជ័យ​ក្នុង​អាជីព​ការងារ​ក្នុង​ឆ្នាំ ២០១៥ នេះ

 

រូបតំណាងប្រភព៖​ careers
កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន A Gen-Y Research & Management Consulting Firm ​របស់​អាមេរិក​​ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​ប្រឹក្សា​យោបល់​ពី​​អាជីព​ការងារ និង បណ្ដុះបណ្ដាល​ជំនាញ​​វិជ្ជាជីវៈ​ បាន​បង្ហើប​​​សាធារណជន​​​ពី​អាជីព​ការងារ​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​ឆ្នាំ ២០១៥ ​ខាង​មុខ​នេះ។ តាម​ការ​ប្រឹក្សា​យោបល់​របស់​អ្នក​ជំនាញ​នៅ​ក្នុង​ក្រុមហ៊ុន​នេះ ​ប្រិយមិត្ត​ដែល​ចង់​ជោគជ័យ​ក្នុង​អាជីព​ការងារ​​ត្រូវ​ផ្ដោត​លើ​ចំណុច​ទាំង ៥ ​នេះ។ ​​

១) ផ្ដោត​​លើ​​​ជំនាញ​​បច្ចេកវិទ្យា និង ​អប់រំ​​
ជំនាញ​​ផ្នែក​បច្ចេកវិទ្យា​​ដែល​មាន​ដូច​ជា សរសេរ​កម្មវិធី​កុំព្យូទ័រ (Software & Hardware) ព័ត៌មានវិទ្យា វិស្វកម្ម​កុំព្យូទ័រ បច្ចេកវិទ្យា​អេឡិចត្រូនិក ​អភិវឌ្ឍ​កម្មវិធី​កុំព្យូទ័រ ​ គណិតវិទ្យា ​ការ​អប់រំ​នៅ​ថ្នាក់​មហាវិទ្យាល័យ ទាំង​នេះ​ជា​ជំនាញ​ដែល​គេ​មើល​ឃើញ​ថា មាន​សក្ដានុពល​នៅ​ឆ្នាំ ២០១៥ ​ខាងមុខ​។ ក្រៅ​ពី​នេះ​នៅ​មាន​ជំនាញ​ជា​ច្រើន​ទៀត​ដូច​ជា អភិវឌ្ឍ​ខ្លួន​ឯង ជំនាញ​ទំនាក់ទំនង ដំណោះស្រាយ និង អាជីវកម្ម​គឺ​សុទ្ធតែ​ជា​​ជំនាញ​ដែល​​លូតលាស់​ខ្លាំង​ និង កំពុង​មាន​ឥទ្ធិពល​នៅ​ពេល​បច្ចុប្បន្ន។

២) ​​ត្រូវ​ផ្លាស់ប្ដូរ​ស្វែង​រក​អ្វី​ដែល​លោក​​អ្នក​ចង់​បាន​
តាម​ការ​ស្រាវជ្រាវ​នៅ​អាមេរិក​គេ​បាន​រក​ឃើញ​ថា ក្រុមហ៊ុន​ជា​ច្រើន​បាន​បើក​ចំហ​ឲ្យ​បុគ្គលិក​នៅ​ក្នុង​ស្ថាប័ន​​ទាំង​មូល​មាន​ការ​ផ្លាស់ប្ដូរ​ ៧២% ច្នៃប្រឌិត ៦៦% និង ចេះ​សម្រប​ខ្លួន ៦៥% ​ទៅ​តាម​​ក្រុមហ៊ុន​នីមួយៗ​។ យ៉ាងណាមិញ បុគ្គលិក ឬ អ្នក​គ្រប់គ្រង​ដែល​មាន​ការ​ផ្លាស់ប្ដូរ​​ខ្លាំង​លើ​ចំណេះ​ដឹង​ផ្តោត​លើ​​ប្រព័ន្ធ​ឌីជីថល គឺ​រឹត​កាន់តែ​ប្រសើរ។ អ្នក​ដែល​សំបូរ​គំនិត​ថ្មីៗ កាន់តែ​ច្រើន​ឡើង ​អ្នក​នោះ​ហើយ​ដែល​សក្ដិសម​សម្រាប់​អនាគត​អាជីព​ការងារ​នៅ​ក្នុង​ឆ្នាំ ២០១៥​ខាងមុខ​​នេះ។


៣) ចូលចិត្ត​ធ្វើ​ការងារ​ជា​ក្រុម​

​ប្រសិន​បើ​លោក​អ្នក​ជា​យុវជន​នៃ​សម័យ​បច្ចេកវិទ្យា​នេះ លោក​អ្នក​ក៏​មិន​ត្រូវ​ភ្លេច​គិត​ ឬ អង្គុយ​សញ្ជឹងគិត​​ម្នាក់​ឯង​​គិត​តែ​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ ពោល​គឺ​ត្រូវ​​គិត​ពី​ការ​​ចូល​រួម​ធ្វើ​​​ការងារ​ជា​ក្រុម​ដែរ។ ការងារ​ជា​ក្រុម​​ទោះបី​ជា​នៅ​ក្នុង​ក្រុមហ៊ុន​ក្តី ឬ ស្ថាប័ន​ណា​ក្តី ​ហាក់​ប្រៀប​បាន​ដូច​ជា​កាតព្វកិច្ច​មួយ​រួច​ទៅ​ហើយ​នៅ​ពេល​​បច្ចុប្បន្ន​នេះ​ ហើយ​វា​រឹត​កាន់តែ​ត្រូវ​ប៉ាន់​បន្ថែម​ទៀត​នៅ​ពេល​អនាគត។ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត បើ​លោក​អ្នក​​មាន​សមត្ថភាព​ពូកែ​ដឹកនាំ​ក្រុម គឺ​រឹត​កាន់តែ​ប្រសើរ។

៤) ភាព​ស្មោះត្រង់

ទំនុកទុកចិត្ត ការ​គោរព និង ក្តី​ស្រលាញ់​ទៅ​វិញ​ទៅ​មក​រវាង​បុគ្គលិក​​និង ក្រុមហ៊ុន រវាង​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ទៀត​ជា​ពិសេស​នៅ​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ ពិត​ជា​រឿង​សំខាន់​មិន​អាច​​មើល​រំលង​បាន។ មើល​ទៅ​វា​ហាក់បីដូចជា​​រឿង​សាមញ្ញ​ ប៉ុន្តែ​ធាតុ​ពិត​របស់​វា​​គឺ​មាន​ឥទ្ធិពល​ខ្លាំង ណាស់​សម្រាប់​ជួយ​កសាង​​ទំនុកទុកចិត្ត​ដែល​នោះ​គឺ​លទ្ធផល​ការងារ​ដ៏​ល្អ​ប្រសើរ​នេះ​ឯង។ ហេតុដូច្នេះ នៅ​ក្នុង​វិស័យ​អាជីវកម្ម​ លោក​អ្នក​ត្រូវ​មាន​ភាព​ស្មោះត្រង់​នេះ​ជា​ដាច់ខាត ទើប​អាច​ជួយ​កសាង​វប្បធម៌​ការងារ​នៅ​ក្នុង​សង្គម​មួយ​​ជា​លក្ខណៈ​អាជីព​បាន​។

៥) សម្លឹង​មើល​ឱកាស​ថ្មីៗ​ដែល​ចូល​មក​ដល់
​នេះ​ជា​រឿង​មួយ​មិន​អាច​ប្រកែក​បាន ព្រោះ​ថា​លោកអ្នក​ប្រហែល​ជា​មិន ​អាច​បម្រើ​ការងារ​នៅ​ក្នុង​​ក្រុមហ៊ុន ឬ ស្ថាប័ន​មួយ​អស់​មួយ​ជីវិត​នោះ​​ទេ។ លោក​អ្នក​ត្រូវ​ការ​ជំនាញ​កាន់តែ​ខ្ពស់ ប្រាក់​ខែ​កាន់តែ​ច្រើន កន្លែង​ដែល​ល្អ​ជាង​នេះ ម្ល៉ោះហើយ​​បើ​ឱកាស​ហុច​មក​ឲ្យ​ហើយ​នោះ​ត្រូវ​ស្រវា​វា​ចាប់​ភ្លាម​ទៅ។ លោក​អ្នក​ត្រូវ​ស្វែង​យល់​ឲ្យ​បាន​ស៊ីជម្រៅ​ជាង​នេះ​បន្តិច​ គឺ​ថា​កូនសោ​ជោគជ័យ​កើត​​មាន​នៅ​ពេល​ដែល​លោក​អ្នក​ស្គាល់​មនុស្ស​ថ្មីៗ​​ និង កសាង​បណ្ដាញ​ទំនាក់ទំនង​កាន់តែ​ច្រើន​​ ជា​ពិសេស​ជា​មួយ​បុគ្គល​ជោគជ័យ​តែម្ដង។ នេះ​ហើយ​​ដែល​ជា​គន្លឹះ​ដ៏​អាថ៌កំបាំង​​មួយ​ជួយ​ទាញ​ទម្លាក់​ឱកាស​ល្អ​ៗ​ចេញ​មក​បាន​៕​​​​​​​

No comments:

Post a Comment