Friday, November 14, 2014

ថៃ​អាច​​ក្លាយ​​ជា​មជ្ឈមណ្ឌល​​ហិរញ្ញវត្ថុ​​​សំខាន់​មួយ ​ប្រជែង​ជា​មួយ​សិង្ហបុរី​ និង​ម៉ាឡេស៊ី​​​​


ទិដ្ឋភាព​នៅ​ទីក្រុង​បាងកក​ប្រភព៖​ www.soginews.com
ប្រទេស​ថៃ​អាច​ក្លាយ​ជា​មជ្ឈមណ្ឌល​​ហិរញ្ញវត្ថុ​​ដ៏​សំខាន់​មួយ​​នៅ​តំបន់​អាស៊ាន​ ជា​ពិសេស​សម្រាប់ ​ប្រទេស​កម្ពុជា​​ ឡាវ​ និង​មីយ៉ាន់ម៉ា​ ដែល​ត្រូវ​ការ​​​​​​ហិរញ្ញវត្ថុ​​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​​លោក​ ​Adisorn Singhsacha ​នាយក​គ្រប់​គ្រង​នៃ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​​ Twin Pine ​ថ្លែង​ប្រាប់​​សារព័ត៌មាន​​របស់​ថៃ​មួយ។

​​តាម​ការ​ចុះ​ផ្សាយ​របស់​ The Nation ​ ​ដែល​ស្រង់​សម្ដី​លោក ​Adisorn Singhsacha ​​​បាន​​ឱ្យ​ដឹង​​ថា​ ​​ក្រុមហ៊ុន​របស់​លោក​បាន​​ផ្ដល់​ការ​ប្រឹក្សា​​យោបល់​​ដល់​រដ្ឋាភិបាល​​ឡាវ​​ក្នុង​ការ​បោះ​ផ្សាយ​សញ្ញាប័ណ្ណ​​​ដែល​មាន​ទំហំ​ ៩,៥៩​ពាន់​លាន​បាត​នៅ​ក្នុង​ទីផ្សារ​​​ហិរញ្ញវត្ថុ​ថៃ​ចាប់​ពី​ឆ្នាំ​២០១៣​ រហូត​ដល់​បច្ចុប្បន្ន។ ​​ក្រៅ​ពី​រដ្ឋាភិបាល​ឡាវ​ ក្រុមហ៊ុន​លោក​ក៏​​ធ្លាប់​បាន​ផ្ដល់​ប្រឹក្សា​យោបល់​ដល់​ក្រុមហ៊ុន​ឡាវ​មួយ​ឈ្មោះ​ EDL-Generation ​ឱ្យ​បោះ​ផ្សាយ​​សញ្ញាប័ណ្ណ​​ទំហំ​ ៦,៥​ពាន់​លាន​​បាត​នៅ​ទីផ្សារ​ហិរញ្ញវត្ថុ​ថៃ​​ផង​ដែរ។​

​ក្រុមហ៊ុន​ដដែល​នេះ​ ​ក៏​កំពុង​តែ​ផ្ដល់​​ការ​ប្រឹក្សា​យោបល់​​ដល់​​រដ្ឋាភិបាល​ប្រទេស ​មីយ៉ាន់ម៉ា​ និង​កម្ពុជា​​ ដើម្បីឱ្យ​ប្រទេស​ទាំង​ពីរ​អាច​​​កៀរគរ​ប្រមូល​ប្រភព​ធនធាន​​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​​។

ជា​ទស្សនៈ​របស់​អ្នក​​ជំនាញ​រូប​នេះ​ ​​លោក​​ថា​ ​​ប្រទេស​ថៃ​​នឹង​អាច​​ប្រជែង​​ប្រទេស​សិង្ហបុរី​ និង​ម៉ាឡេស៊ី​​ ​ក្នុង​ការ​ដើរ​តួនាទី​ជា​​ប្រភព​ហិរញ្ញប្បទាន​​នៅ​​ប្រទេស​ក្នុង​តំបន់​អាស៊ាន។

​​លោក​ ​Adisorn Singhsacha ​​ថ្លែង​បន្ត​ថា​ ​៖«​យើង​សម្លឹង​​ឃើញ​ពី​តម្រូវ​ការ​​​​ថវិកា​យ៉ាង​​រឹង​មាំ​​​​ពី​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ាន​​ជា​ពិសេស​គឺ​ឡាវ​ មីយ៉ាន់ម៉ា​ កម្ពុជា​ ឥណ្ឌូណេស៊ី​ និង​វៀតណាម ​​​ដែល​ត្រូវ​ការ​ធនធាន​​យក​មក​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ។ ​យើង​​មើល​ឃើញ​ពី​​​ឱកាស​ធ្វើ​ពាណិជ្ជកម្ម​​​សម្រាប់​ទីផ្សារ​ហិរញ្ញវត្ថុ​​​ថៃ​ ដើម្បី​​ដើរ​តួ​ជា​​​ប្រភព​ហិរញ្ញប្បទាន​​សម្រាប់​ប្រទេស​ទាំង​នេះ»។ ​

​​​ជា​ការ​យល់​ឃើញ​របស់​ ​​លោក​ ​Adisorn Singhsacha ​​​ ​​លោក​ចង់​ផ្ដល់​​ការ​ប្រឹក្សា​ដល់​ប្រទេស​ឡាវ​ កម្ពុជា​ និង​មីយ៉ាន់ម៉ា​ ទាំង​ផ្នែក​​រដ្ឋាភិបាល​ និង​វិស័យ​​ឯកជន​​​​ ឱ្យ​បោះផ្សាយ​​សញ្ញាបណ្ណ​​នៅ​ក្នុង​ទីផ្សារ​ប្រទេស​ថៃ​​ក្នុង​ទំហំ​ចន្លោះ​ពី​ ១២​ពាន់​លាន​បាត​ ​​ទៅ​ ២០​ពាន់​លាន​បាត​ក្នុង​មួយ​ឆ្នាំ​ចាប់​ពី​ឆ្នាំ​២០១៥​តទៅ៕

No comments:

Post a Comment