Monday, November 10, 2014

តើ​ទីក្រុង​ណាខ្លះ​ត្រូវ​បាន​កម្ទេច​ក្លាយ​ជា​ផេះ​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទីពីរ?



ថ្នាក់​ដឹក​នាំ​អង់គ្លេស - អាមេរិក និង​សូវៀត ដែល​បាន​ពួត​ដៃ​គ្នា​ផ្ដួល​រំលំ​របប​ណាហ្ស៊ី​ក្នុង​សង្គ្រាម​លោក​លើក​ទីពីរប្រភព៖​ vox.com
សង្គ្រាម​លោក​លើក​ទីពីរ​ជា​មហាវិនាស​កម្ម​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​មនុស្ស​ជាតិ។ សង្គ្រាម​ឆាបឆេះ​ដោយ​មិន​ប្រកាន់​ទីកន្លែង សូម្បី​នៅ​កណ្ដាល​ទីក្រុង​ក៏​កងទ័ព​ប្រយុទ្ធ​គ្នា រហូត​ដល់​ទីក្រុង​មួយ​ចំនួន​ត្រូវ​បាន​បំផ្លាញ​ស្ទើរ​តែ​ទាំង​ស្រុង និង​មួយ​ចំនួន​ទៀត​ត្រូវ​បាន​កម្ទេច​ក្លាយ​ជា​ផេះ​តែ​ម្ដង។ កងទ័ព​នៃ​ភាគី​ជម្លោះ​ទាំង​សងខាង ស្លាប់​ប្រហែល ២០ លាន​នាក់ ចំណែក​ប្រជាពលរដ្ឋ​ទូទាំង​ពិភពលោក​ស្លាប់​ហុកសិប​លាន​នាក់ (កងទ័ព​សូវៀត​ស្លាប់​ច្រើន​ជាង​គេ​គឺ ៨,៧ លាន​នាក់ តាម​តួលេខ​ជា​ផ្លូវ​ការ​របស់​សហភាព​សូវៀត)។ (ប្រភព : ទូរទស្សន៍ BBC របស់​អង់គ្លេស http://www.bbc.co.uk/schools/primaryhistory/world_war2/world_at_war/)

ខាង​ក្រោម​នេះ​ជា​ឈ្មោះ​ទីក្រុង​ចំនួន​បួន​ដែល​ត្រូវ​បាន​បំផ្លាញ​ក្លាយ​ជា​ផេះ​ក្នុង​សង្គ្រាម​លោក​លើក​ទីពីរ។

ទីក្រុង​ស្តាលីនក្រាត (Stalingrad) ប្រទេស​រុស្ស៊ី (បច្ចុប្បន្ន ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ជា​ទីក្រុង​វ៉ុលហ្កោក្រាត ) : ស្តាលីន​ក្រាត​ជា​សមរភូមិ​ស៊ីសាច់​ហុតឈាម​រវាង​កងទ័ព​អាល្លឺម៉ង់ និង​កងទ័ព​សូវៀត។ សមរភូមិ​នេះ​អូស​បន្លាយ​ពេល ៩០០ ថ្ងៃ​គត់ ដោយ​ក្នុងនោះ កងទ័ព​សូវៀត ១,១ លាន​នាក់​ស្លាប់ និង​កងទ័ព​អាល្លឺម៉ង់​និង​សម្ព័ន្ធ​មិត្ត​អាល្លឺម៉ង់ (រ៉ូម៉ានី - អ៊ីតាលី និង​ហុងគ្រី) ៨០ ម៉ឺន​នាក់​ស្លាប់។ កងទ័ព​អាកាស​អាល្លឺម៉ង់​បាន​ទម្លាក់​គ្រាប់​បែក​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​លើ​ទីក្រុង​ស្តាលីនក្រាត​ ប៉ុន្តែ​មេដឹក​នាំ​សូវៀត លោក​ស្តាលីន​ចេញ​បញ្ជា​ដាច់​ខាត​មិន​ឲ្យ​កងទ័ព​សូវៀត​បោះបង់​ចោល​ទីក្រុង​ទេ។

បន្ទាប់​ពី​ទម្លាក់​គ្រាប់​បែក​ហើយ​នៅ​តែ​គ្មាន​ប្រសិទ្ធភាព អាល្លឺម៉ង់​ប្រើ​ទ័ព​ជើង​គោក​ប្រយុទ្ធ​គ្នា​ដោយ​ប្រើ​កាំភ្លើង​ដៃ​វិញ​ម្ដង។ កងទ័ព​ទាំង​សងខាង​បាញ់​គ្នា​ទាំង​យប់​ទាំង​ថ្ងៃ​ឥត​ដាច់​ស្នូរ​គ្រាប់​កាំភ្លើង។ ទីបំផុត កងទ័ព​អាល្លឺម៉ង់​ត្រូវ​បរាជ័យ​នៅ​ស្តាលីនក្រាត។ ហើយ​ត្រូវ​សូវៀត​វាយ​បក​វិញ​រហូត​ដល់​ទីក្រុង​បឺលីន​ប្រទេស​អាល្លឺម៉ង់។



ទីក្រុង​វ៉ាសូវី​ (Warsaw) របស់​ប្រទេស​ប៉ូឡូញ​ : ត្រូវ​បាន​វាយ​លុក​ពី​ខាង​កងទ័ព​អាល្លឺម៉ង់​ផង និង​ពី​ខាង​កងទ័ព​សូវៀត​ផង ហើយ​កងទ័ព​ប៉ូឡូញ​មិន​ព្រម​លើក​ដៃ​ចុះ​ចាញ់ សុខ​ចិត្ត​ក្រាញ​ននាល​រហូត​ដល់​ដង្ហើម​ចុងក្រោយ ដោយ​យក​ទីក្រុង​វ៉ាសូវី​ជា​មូលដ្ឋាន​តស៊ូ។



ទីក្រុង​រ៉ុតទែដាំ (Rotteerdam) ប្រទេស​ហូឡង់: ​ថ្ងៃ​ទី១៤ ខែឧសភា ឆ្នាំ១៩៤០ កងទ័ព​អាកាស​អាល្លឺម៉ង់ង Luwaffe បាន​បើក​យុទ្ធនាការ​ដែន​អាកាស ដោយ​ទម្លាក់​គ្រាប់​បែក​លើ​ទីក្រុង​តែម្ដង ដើម្បី​ប្រឆាំង​នឹង​កងទ័ព​ហូឡង់​ដែល​នៅ​ក្រាញ​ននាល​មិន​ព្រម​បោះ​បង់​ទីក្រុង​ចោល។ អាល្លឺម៉ង់​ទម្លាក់​គ្រាប់​បែក​រហូត​ដល់​ទីក្រុង​រ៉ុតទែដាំ​ក្លាយ​ជា​ផេះ​តែម្ដង។





ទីក្រុង​ហាមបឺក (Hamburg) ប្រទេស​អាល្លឺម៉ង់ : ទីក្រុង​ហាមបឺក​បាន​រង​ការ​វាយ​ប្រហារ​ដែន​អាកាស​ពី​កងទ័ព​អាកាស​អាមេរិក និង​អង់គ្លេស ព្រោះ​ទីក្រុង​នេះ​ជា​សម្បុក​នៃ​អាវុធ​យុទ្ធភ័ណ្ឌ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ស្តុក​ទុក​នៅ​ទីនេះ។ ប្រការ​សំខាន់​ព្រោះ​រដ្ឋាភិបាល​អាល្លឺម៉ង់​មិន​ព្រម​ចុះ​ចាញ់​សោះ ម៉្លោះ​ហើយ​អាមេរិក​និង​អង់គ្លេស​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​បន្ត​ទម្លាក់​គ្រាប់​បែក​លើ​ទីក្រុង​ហាមបឺក កាន់​តែ​ខ្លាំង​ឡើងៗ រហូត​ដល់​ទីក្រុង​ទាំង​មូល​ក្លាយ​ជា​ផេះ​តែ​ម្ដង៕


No comments:

Post a Comment