Wednesday, November 5, 2014

អ្វី​ដែល​លោក​អ្នក​មិន​បាន​ដឹង​អំពី​តំបន់​គ្មាន​កងទ័ព​​ខ័ណ្ឌ​ចែក​​បងប្អូន​គូសត្រូវ​កូរ៉េ​​ទាំង​ពីរ

 

លោក​អូបាម៉ា​ (ឆ្នាំ​២០១២) ចុះ​ទៅ​ដល់​តំបន់​គ្មាន​កងទ័ព ដែល​ខ័ណ្ឌ​កូរ៉េ​ខាង​ជើង និង​ខាងត្បូងប្រភព៖​ businessinsider
កូរ៉េខាង​ជើង​និង​កូរ៉េខាង​ត្បូង​ជា​បងប្អូន​គូសត្រូវ​ដែល​ធ្លាប់​ជា​ប្រទេស​តែ​មួយ ហើយ​បាន​ប្រឡូក​ក្នុង​សង្គ្រាម​កូរ៉េ​យ៉ាង​ល្វីង​ជូរចត់​អស់​រយៈពេល​បី​ឆ្នាំ​ពី​ឆ្នាំ១៩៥០-១៩៥៣។ សង្គ្រាម​នេះ​ផ្ដើម​ដោយ​លោក​សេនាប្រមុខ​គីមអ៊ីលស៊ុង (Kim Il Sung) ដែល​បាន​វាយ​លើ​កូរ៉េខាង​ត្បូង​មុន ដោយ​មាន​ជំនួយ​ជា​សម្ភារៈ​សឹក​ពី​អតីត​សហភាព​សូវៀត និង​ជំនួយ​ជា​កងទ័ព​ពី​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន។

សង្គ្រាម​កូរ៉េ​មិន​មែន​បញ្ចប់​ទៅ​ដោយ​សន្ធិសញ្ញា​សន្តិភាព (peace treaty) ទេ ប៉ុន្តែ​ដោយ​កិច្ច​ព្រមព្រៀង​ផ្អាក​សង្គ្រាម (armistice) កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ១៩៥៣។ ​មាន​ន័យ​ថា​កិច្ចព្រមព្រៀង​នេះ​មិន​ធានា​សន្តិភាព​យូរ​អង្វែង​ទេ ពោល​គឺ​សង្គ្រាម​នេះ​អាច​ផ្ទុះ​ឡើង​គ្រប់​ពេល​វេលា នា​ពេល​ខាង​មុខ។ ម៉្លោះ​ហើយ តាំង​ពី​ក្រោយ​កិច្ចព្រមព្រៀង​រហូត​មក​ទល់​នឹង​ពេល​នេះ ភាគី​ទាំង​សងខាង កូរ៉េខាង​ជើង និង​ខាង​ត្បូង​បាន​ប្រុង​ជើងការ និង​រៀប​ជើង​ព្រួល​ជាប់​ជា​ប្រចាំ មិន​ធ្វេស​ប្រហែស​ជា​ដាច់​ខាត (ជា​ពិសេស​កូរ៉េខាង​ត្បូង​ត្រៀម​ទប់ទល់ ខ្លាច​ក្រែង​កូរ៉េខាងជើង​វាយលុក)។



យោងតាម​កិច្ច​ព្រម​ព្រៀង​ផ្អាក​សង្គ្រាម កូរ៉េខាង​ជើង​និង​ខាង​ត្បូង ឯកភាព​ដក​កងទ័ព​ឲ្យ​ឃ្លាត​ពី​បន្ទាត់​ព្រំដែន​ចម្ងាយ ពីរគីឡូម៉ែត្រ​ម្ខាងៗ (កូរ៉េខាង​ជើង​ដក​ពីរ​គីឡូ ឯ​កូរ៉េខាង​ត្បូង​ក៏​ដក​ថយ​ពីរ​គីឡូ បូក​ចូល​គ្នា​ស្មើ​នឹង​បួន​គីឡូម៉ែត្រ ទុក​ជា​តំបន់​គ្មាន​កងទ័ព – ប៉ុន្តែ​តាមពិត តំបន់​គ្មាន​កងទ័ព​នេះ សុទ្ធ​តែ​កងទ័ព​ទៅវិញ​ទេ)។

ទិន្នន័យ​សង្ខេប​អំពី​តំបន់​គ្មាន​កងទ័ព ​ដែល​ខ័ណ្ណ​ព្រំដែន​កូរ៉េ​ទាំងពីរ
កាលបរិច្ឆេទ​សាងសង់ ឆ្នាំ ១៩៥៣ (ពេល​បញ្ចប់​សង្គ្រាម​កូរ៉េ​ភ្លាម)
បណ្ដោយ​ប្រវែង ២៥០ គីឡូម៉ែត្រ
ទទឹង​ប្រវែង ៤ គីឡូម៉ែត្រ
អ្នក​សាងសង់ អង្គការ​សហប្រជាជាតិ - កូរ៉េខាងជើង – កូរ៉េខាង​ត្បូង



ព្រំប្រទល់​រវាង​កូរ៉េខាង​ជើង​និង​កូរ៉េខាង​ត្បូង​ត្រូវ​បាន​ខ័ណ្ឌ​ដោយ​ខ្សែ​ការពារ​ដ៏​រឹងមាំ​មួយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា «តំបន់​គ្មាន​កងទ័ព -de-militarized zone» ដែល​សហរដ្ឋ​អាមេរិក​ជា​អ្នក​បង្កើត​ដើម្បី​ទប់​ទល់​នឹង​ការ​វាយលុក​ផ្នែក​ទ័ព​ជើង​គោក​ពី​កូរ៉េខាង​ជើង។ តំបន់​នេះ​បង្កប់​សុទ្ធ​តែ​គ្រាប់​មីន ទាំង​មីន​ធម្មតា និង​មីន​ប្រឆាំង​រថក្រោះ។

តំបន់​គ្មាន​កងទ័ព​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ១៩៥៣ ទៅ​តាម​កិច្ចព្រមព្រៀង​ផ្អាក​សង្គ្រាម ហើយ​ជា​ខ្សែ​ខ័ណ្ឌ​ចែក​ព្រំ​សីមា​រវាង​កូរ៉េខាង​ជើង​និង​កូរ៉េខាង​ត្បូង​។ តំបន់​នេះ​មាន​ឈ្មោះ​ថា​គ្មាន​កងទ័ព ប៉ុន្តែ​តាមពិត កងទ័ព​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ត្រូវ​បាន​ដាក់​ពង្រាយ និង​ឈរ​ជើង​ជា​ប្រចាំ ដោយ​ម្ខាង​ត្រៀម​វាយ​លុក និង​ម្ខាង​ទៀត​ត្រៀម​វាយ​ទប់។ មូលហេតុ​សំខាន់​បំផុត​ដែល​សហរដ្ឋអាមេរិក​និង​កូរ៉េខាង​ត្បូង​មិន​ចុះ​ហត្ថលេខា​លើ «សន្ធិសញ្ញា​ប្រឆាំង​គ្រាប់​មីន -Mine Ban Treaty» ព្រោះ​ដើម្បី​រក្សា​ទុក​គ្រាប់​មីន​នៅ​តំបន់​គ្មាន​កងទ័ព​នេះ​ឯង៕

No comments:

Post a Comment