Saturday, November 1, 2014

សង្គ្រាម​លោក​លើក​ទី​បីអាច​នឹង​​ផ្ទុះ​​ឡើង​នៅ​តំបន់​៥ នេះ​!


រូប​ភាព​ស្រមៃ​នៃ​សង្គ្រាម​លោក​លើក​ទីបីប្រភព៖​ redpillviews
ខាង​ក្រោម​នេះ ជា​បទ​វិភាគ​ ដែល​ចុះ​ផ្សាយ​នៅ​លើ​ទស្សនាវដ្ដី​របស់​អាមេរិក​មួយ​ឈ្មោះ The National Interest(nationalinterest.org/feature/5-places-where-world-war-three-could-break-out-11487?page=show) ស្ដីពី​តំបន់​ចំនួន​ប្រាំ ​ដែល​​ជា​ចំណុច​​ចាប់​ផ្ដើម​នៃ​សង្គ្រាម​លោក​លើក​ទីបី។

១-សង្គ្រាម​រវាង​ប្រទេស​កូរ៉េ​ខាង​ជើង ទល់​នឹង​មជ្ឈដ្ឋាន​អន្តរជាតិ
សង្គ្រាម​កូរ៉េ​ដែល​បាន​ប្រព្រឹត្ត​​ទៅ​កាល​ពី​ឆ្នាំ ១៩៥០-១៩៥៣ បាន​បញ្ចប់​ទៅ​ មិន​មែន​ដោយ​សន្ធិសញ្ញា​សន្តិភាព​ (Peace Treaty) នោះ​ទេ តែ​គឺ​ដោយ​កិច្ចព្រមព្រៀង​ផ្អាក​សង្គ្រាម (armistice) ដែល​មាន​ន័យ​ថា​កិច្ច​ព្រមព្រៀង​នេះ​មិន​អាច​ធានា​ថា​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​​​កើត​មាន​ជា​និច្ច​និរន្ត​នោះ​ទេ គឺ​សង្គ្រាម​អាច​នឹង​កើត​មាន​ឡើង​គ្រប់​ពេល​វេលា​នា​ពេល​ខាង​មុខ។

យុទ្ធសាស្ត្រ​ប្រើ​សង្គ្រាម​វោហារសាស្ត្រ​ (provocation theory) អាច​ប្រព្រឹត្តិ​ទៅ​បាន​ ល្គឹកណា​គេ​នៅ​តែជឿជាក់​ថា​កូរ៉េខាងជើង នៅ​តែ​បន្ត​កម្មវិធី​បរមាណូ​ជា​បន្ត​ទៀត ហើយ​និង​ចល័ត​ជើង​ទម្រ ដើម្បី​អាច​បាញ់​មីស៊ីល​ដែល​បំពាក់​ដោយ​ក្បាល​គ្រាប់​បរមាណូ។ ចំណែក​កូរ៉េខាងត្បូង ព្យាយាម​អភិវឌ្ឍ​កម្មវិធី​សម្រាប់​ចាប់​គ្រាប់​មីស៊ីល។

បច្ចុប្បន្ន​​នេះ ប្រទេស​ចិន​មិន​សូវ​មាន​ទឹក​មាត់​ប្រៃ​ចំពោះ​កូរ៉េខាងជើង​ទេ​។ គេ​អាច​និយាយ​បែប​នេះ បន្ទាប់​ពី​មេដឹកនាំ​កូរ៉េខាង​ជើង លោក​គីមជុងអ៊ុន បាន​បើក​យុទ្ធនាការ​បោសសម្អាត​ផ្ទៃ​ក្នុង​បក្ស (purge) ដោយ​បាន​ប្រហារជីវិត​ឪពុក​មា​ថ្លៃ​របស់​លោក គឺ​លោក​ចាងសុងតិច (Jang Song Thaek) ។ កត្តា​នេះ​ធ្វើ​ឲ្យ​វាសនា​នៃ​តំបន់​ឧបទ្វីប​កូរ៉េ​ អនាគត​មិន​​ប្រាកដ​ប្រជា មើល​មិនឃើញ​ស្មាន​មិន​ត្រូវ។

២-បញ្ហា​ចិន ជា​មួយ​ឥណ្ឌា / ឥណ្ឌា ជា​មួយ​ប៉ាគីស្ថាន
ការ​ប្រឈម​មុខ​ដាក់​គ្នា​តាម​ព្រំដែន​ឥណ្ឌា-ចិន ដែល​បាន​ធូរ​ស្បើយ​វិញ​កាល​ពី​ថ្ងៃ​ទី២៧ ខែកញ្ញា ជា​សញ្ញាណ​បង្ហាញ​អំពី​ទំនាក់​ទំនង​មិន​ល្អ​រវាង​ប្រទេស​មហាយក្ស​អាស៊ី​ទាំង​ពីរ​នេះ។

ឥណ្ឌា​ និង​ចិន​មាន​ប្រវត្តិសាស្ត្រ​ផ្សេង​គ្នា និង​ផ្នត់​គំនិត​ផ្សេង​គ្នា ប៉ុន្តែ​ក្រៅ​ពី​ចំណុច​នេះ គេ​មិន​ឃើញ​មាន​ហេតុ​ផល​អ្វី​ជា​ដុំ​កំភួន​ដែល​ប្រទេស​ទាំង​ពីរ​ត្រូវ​ធ្វើ​សង្គ្រាម​នឹង​គ្នា​នា​ពេល​ខាង​មុខ​នោះ​ទេ។ ស្ថានភាព​ភូមិសាស្ត្រ​ល្អ​ប្រសើរ ដែល​ខ័ណ្ឌ​ចិន​និង​ឥណ្ឌា​ដោយ​ជួរ​ភ្នំ​ហេមពាន្ត (Himalayas) ជា​ចំណុច​សំខាន់​ ដែល​ប្រទេស​ទាំង​ពីរ​ទោះ​ជា​យ៉ាងណា ក៏​អាច​រស់​នៅ​គ្មាន​បារម្ភ។

កត្តា​ដែល​អាច​ធ្វើ​ឲ្យ​អនុត្តរភាព​របស់​ឥណ្ឌា​ត្រូវ​រង្គោះរង្គើ គឺ​ប្រទេស​ចិន​បាន​ដាក់​ជើង​ចូល​តំបន់​មហាសមុទ្រ​ឥណ្ឌា(អនុត្តរភាព គឺ​ភាព​ជា​បងធំ ដែល​មាន​កម្លាំង​ខ្លាំង​នៅ​ក្នុង​តំបន់​ណាមួយ) បាន​ដោយ​ជោគជ័យ ចំណែក​នយោបាយ​របស់​ឥណ្ឌា​ «ដាក់​ជើង​ទៅ​តំបន់​បូព៌ា -Look East» ប្រហែល​ជា​ចិន​មិន​បណ្ដោយ​ឲ្យ​ឥណ្ឌា​អនុវត្ត​នយោបាយ​នេះ​ដោយ​គ្មាន​ការ​ប៉ែង​ជើង​នោះ​ឡើយ។ នយោបាយ​នេះ​ព្យាយាម​ចង​សម្ព័ន្ធ​ជា​មួយ​បណ្ដា​ប្រទេស​ដែល​ជា​​គូ​ទំនាស់​របស់​ចិន ដូច​ជា​ប្រទេស​ជប៉ុន និង​ប្រទេស​វៀតណាម។ (សូម​អស់​លោក​អ្នក​អាន​ព័ត៌មាន​ស្ដីពី​វៀតណាម​ចង់​ទិញ​កាំជ្រួច​ពី​ឥណ្ឌាhttp://thebnews.com/news/4445/)

៣-តំបន់​មជ្ឈិមបូព៌ា
ស្ថានភាព​នយោបាយ​នៅ​តំបន់​មជ្ឈិមបូព៌ា ​ឧស្សាហ៍​ប្រែប្រួល​មិន​ទៀង​រហូត​ដល់​ធ្វើ​ឲ្យ​គេ​ច្រឡំបល់ (confusing) និង​ពោរពេញ​ដោយ​ទិដ្ឋភាព​ព្រៃផ្សៃ (horrific)។ 

ប្រសិនបើ​អ៊ីរ៉ង់​អាច​ផលិត​គ្រាប់​បែក​បរមាណូ​បាន អ៊ីស្រាអែល​ក៏​មិន​នៅ​ស្ងៀម​ដែរ ហ្នឹង​ជា​ចំណុច​មួយ រីឯ​ចំណុច​មួយ​ទៀត គឺ​​ថា​តើ​អារ៉ាប៊ីសាអ៊ូឌីត​ អាច​នឹង​អភិវឌ្ឍ​ឈាន​ឡើង (upgrade) នូវ​កាំជ្រួច​ផ្លោង​ចម្ងាយ​មធ្យម​ម៉ាក DF-3 និង DF-21s ឬ​យ៉ាង​ណា? ហើយ​បង្វែរ​ទិស​កាំជ្រួច​ដាក់​ប្រទេស​អ៊ីរ៉ង់ ឬ​អ៊ីស្រាអែល?

សហរដ្ឋ​អាមេរិក​រិះរក​វិធី​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​អ៊ីរ៉ង់​អាច​ផលិត​គ្រាប់បែក​បរមាណូ​បាន វា​ជា​ការ​សម​ហេតុផល។ ហេតុ​ដូច​ម្ដេច​ក៏​ក៏​មិន​ធ្វើ​បែប​នេះ​ចំពោះ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដែរ?

៤-បញ្ហា​ប្រឈម​រវាង​ប្រទេស​រុស្ស៊ី និង​អង្គការ​ណាតូ (NATO)
ព្រឹត្តិការណ៍​សំខាន់ៗ​ដែល​កើត​ឡើង​កន្លង​មក​នៅ​ប្រទេស​អ៊ុយក្រែន គឺ​ ១-យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី Malaysia Airlines ត្រូវ​បាន​កាំជ្រួច​បាញ់​ឆេះ​ ២-កងទ័ព​រុស្ស៊ី​ឆ្លង​ព្រំដែន​ម្ដង​ជា​ពីរ​ដង​ចូល​ទឹក​ដី​អ៊ុយក្រែន ៣-រុស្ស៊ី​ដាក់​បញ្ចូល​តំបន់​គ្រីមៀ​ ដែល​ជា​ដែន​អធិបតេយ្យ​របស់​អ៊ុយក្រែន ទៅ​ជា​ដែន​អធិបតេយ្យ​របស់​រុស្ស៊ី​វិញ​ម្ដង។

អង្គការ​ណាតូ បាន​ពិនិត្យ​មើល​លទ្ធភាព​ពង្រឹង​សមត្ថភាព​នៅ​តំបន់​អឺរ៉ុប​ខាង​កើត និង​បាន​ដាក់​ចេញ​ផែនការណ៍​ជា​យុទ្ធសាស្ត្រ Readiness Action Plan ដែល​តម្រូវ​ឲ្យ​កងទ័ព​ណាតូ​រៀប​ជើង​ព្រួល​រួច​ជា​ស្រេច​ក្នុង​ករណី​ចាំ​បាច់​ត្រូវ​បើក​ប្រតិបត្តិការ​យោធា​ភ្លាម។ សូម​អាន​ព័ត៌មាន​ស្ដីពី អាមេរិក​ត្រៀម​បញ្ជូន​កម្លាំង​ទៅ​តំបន់​បាល់ទិក 

៥-បញ្ហា​ប្រឈម​រវាង​ចិន​និង​អាមេរិក​ ជុំ​វិញ​វិបត្តិ​រវាង​តៃ​វ៉ាន់​និង​ចិន​ប្រជាមានិត និង​រវាង​ចិន​និង​ជប៉ុន
ប្រទេស​ចិន​កំពុង​រីក​ចម្រើន​ខាង​សេដ្ឋកិច្ច និង​កំពុង​ពង្រីក​កម្លាំង​យោធា​កាន់តែ​ធំ​ជាង​មុន​។ ប្រការ​នេះ​ធ្វើ​ឲ្យ «តុល្យភាព​អំណាច -Balance of Power» ប្រែ​ប្រួល និង​ជា​គ្រោះ​គម្រាម​កំហែង​សម្រាប់​តំបន់​អាស៊ី​ភាគ​ឦសាន​។ វិវាទ​នៅ​ក្នុង​តំបន់​នេះ​មិន​មែន​កើត​ឡើង​រវាង​ភាគី​តែ​ពីរ​តតួ​គ្នា​ទេ តែ​មាន​ភាគី​ទី​បី​ចូល​មក​ឡូកឡំ​ដែរ ដូច​ជា​វិវាទ​ចិន-ជប៉ុន , វិវាទ​តៃវ៉ាន់-ចិន , និង​វិវាទ​កូរ៉េខាងត្បូង -កូរ៉េខាងជើង គឺ​មាន​សហរដ្ឋ​អាមេរិក​ចូល​ទៅ​ឡូកឡំ​ដែរ៕

កំណត់​សម្គាល់ៈ ​ត្រង់​ចំណុច​ទី​១ ហេតុ​ដែល​ចិន​មាន​ទឹកមាត់​ប្រៃ ឬ​មិន​មាន​ទឹក​មាត​ប្រៃ​ចំពោះ​មេដឹកនាំ​កូរ៉េ​ខាង​ជើង គឺ​ជា​ចំណុច​សំខាន់ ព្រោះ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ថ្នាក់​ដឹក​នាំ​ចិន តាំង​ពីណា​ពី​ណីមក តែង​មិន​ចង់​ឲ្យ​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ​ក្លាយ​ជា​សង្គ្រាម​ទេ។ កុំភ្លេច​ថា កូរ៉េ​ខាង​ជើង​ កាល​សម័យ​សង្គ្រាម​កូរ៉េ​ឆ្នាំ១៩៥០-៥៣ កុំតែ​បាន​កងទ័ព​ចិន​ជួយ​ទេ កុំ​អី​ត្រូវ​អាមេរិក​វាយ​ខ្ចប់ ហើយ​កាលណោះ កងទ័ព​ចិន​ស្លាប់​អស់​ច្រើន​ណាស់ ទម្រាំ​អាច​រក្សា​សន្តិភាព​បាន​ប៉ុណ្ណេះ។ កន្លង​ទៅ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក៏​តែ​ងតែ​ទទូច​ឲ្យ​ថ្នាក់​ដឹកនាំ​ចិន ប្រើ​ឥទ្ធិពល​ដើម្បី​បន្ទន់​ចិត្ត​ក្រុង​ព្យុងយ៉ាង ប៉ុន្តែ​មិន​សូវ​មាន​ប្រសិទ្ធភាព។ មិន​សូវ​មាន​ប្រសិទ្ធភាព​នេះ​ហើយ ដែល​អ្នក​វិភាគ​យល់​ថា​ក្រុង​ប៉េកាំង​មិន​សូវ​មាន​ទឹក​មាត់​ប្រៃ​ចំពោះ​ក្រុងព្យុងយ៉ាង។

No comments:

Post a Comment