Wednesday, November 5, 2014

​​កម្មវិធី​សព្វាវុធ​ធំ​បំផុត​របស់​​មន្ទីរ​បញ្ចកោណ​​​​នឹង​​បើក​ទំព័រ​​ប្រវត្តិសាស្ត្រ​​​ថ្មីដល់​វិស័យ​យោធា​អាមេរិក

 

​យន្តហោះ​ប្រយុទ្ធ​ស៊េរី​ F-35ប្រភព៖​ wikipedia និង​ businessinsider
មន្ទីរ​បញ្ចកោណ​​​​​​កំពុង​សាកល្បង​​កម្មវិធី​សព្វាវុធ​របស់​ខ្លួន​ដ៏​ថ្មី​សន្លាង​ និង​ទ្រង់ទ្រាយ​ធំ​បំផុត​​​​មិន​ធ្លាប់​មាន​ពី​មុន​មក។ ​នោះ​គឺ​ការ​​សាក​ល្បង​ដាក់​ដំណើរការ​​យន្តហោះ​ប្រយុទ្ធ​​ស៊េរី​ទំនើប​ស៊េរី​ F-35 នៅ​លើ​នាវា​ដឹក​យន្តហោះ​របស់​ខ្លួន។ ​ការ​សាកល្បង​នេះ ​នឹង​មាន​រយៈ​ពេល​ពីរ​សប្ដាហ៍​ ហើយ​យន្តហោះ​ប្រភេទ​ F-35 ​នឹង​ត្រូវ​យក​ទៅ​សំចត​នៅ​លើ​នាវា​​ដឹក​យន្តហោះ​ឈ្មោះ​​ USS Nimitz។

​​​​យន្តហោះ​ប្រយុទ្ធ​​ប្រភេទ​ F-35 ​ស៊េរី​ C (C-model) ​​ចំនួន​ពីរ​គ្រឿង​​​សម្រាប់​ការ​សាក​ល្បង​នេះ​​ នឹង​​​ត្រូវ​បញ្ជូន​ទៅ​ដល់​នាវា​នៅ​​ថ្ងៃ​ចន្ទ​នេះ។ ​​​នេះ​ជា​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ដែល​​យន្តហោះ​ប្រយុទ្ធ​ស៊េរី​ថ្មី​នេះ​ ​នឹង​​ត្រូវ​​បញ្ជូន​​មក​កាន់​នាវា​ផ្ទុក​យន្តហោះ​ ខណៈ​ដែល​កាល​ពី​កន្លង​ទៅ​យន្តហោះ​ប្រភេទ​ថ្មី​សន្លាង​នេះ​​ធ្លាប់​មាន​បញ្ហា​ម្ដង។ ​

​​សូម​បញ្ជាក់​ថា​ យន្តហោះ​​ប្រយុទ្ធ​​​​ F-35 ​​ត្រូវ​បាន​​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ Lockheed ​​ហើយ​​គម្រោង​នៃ​ការ​ផលិត​ទ្រង់​ទ្រាយ​ធំ ​គឺ​នៅ​ឆ្នាំ​២០១៥​ និង​ឆ្នាំ​២០១៦។ ​​​​លោក​ Mike Rein អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​ខាង​លើ​បាន​ថ្លែង​ថា​ ​ក្រុមហ៊ុន​​របស់​​លោក​​នឹង​គាំទ្រ​ចំពោះ​ការ​ធ្វើ​តេស្ដ​របស់​កងទ័ព​​​​ជើង​ទឹក​អាមេរិក។ ​​លោក​ថ្លែង​​ដូច្នេះ​ថា​ ៖​ «​នេះ​ជា​​ការ​បើក​ទំព័រ​ថ្មី​​សម្រាប់​កម្ម​វិធី​​សព្វាវុធ​ និង​​​ផែនការ​របស់​កងទ័ព​ជើង​ទឹក​អាមេរិក​ ដើម្បី​ប្រកាស​​​អំពី​សមត្ថភាព​​ប្រតិបត្តិការ​ថ្មី»។

​​​​ក្រុមហ៊ុន​ Lockheed ​កំពុង​តែ​​ផលិតផល​យន្តហោះ​​ប្រយុទ្ធ​​​ស៊េរី​ F-35​ ចំនួន​បី​ស៊េរី​គឺ​ F-35A, F-35B, និង​ F-35C​ សម្រាប់​ផ្គត់ផ្គង់​ឱ្យ​កងទ័ព​ជើង​អាកាស​សហរដ្ឋ​អាមេរិក។ ​​​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត​អាមេរិក​ចំនួន​ ៨​​ ​ក៏​​​បាន​ជួយ​ផ្ដល់​​​គាំទ្រ​ផ្នែក​ថវិកា​ដល់​ការ​​​​ផលិត​យន្តហោះ​​​​ស៊េរី​ទំនើប​នេះ​​ក្នុង​គម្រោង​ដែល​មាន​ទឹក​ប្រាក់​សរុប​ប្រមាណ​ ​​៣៩៩​ពាន់​លាន​ដុល្លារ។ ​​ប្រភព​មួយ​បាន​ទម្លាយ​​ព័ត៌មាន​ថា​ យន្តហោះ​ប្រយុទ្ធ​ F-35A ​មួយ​គ្រឿង​តម្លៃ​ ១១៤​​លាន​ដុល្លារ F-35B ​​មួយ​គ្រឿង​តម្លៃ​ ១៤២​លាន​ដុល្លារ​ និង​ F-35C ​មួយ​គ្រឿង​តម្លៃ​ ១៣២​លាន​​ដុល្លារ៕

No comments:

Post a Comment