Monday, November 10, 2014

​​​ប្រទេស​ដែល​​​​​មាន​​វិសមភាព​​​​រវាង​អ្នក​មាន​ និង​អ្នក​ក្រ​ខ្លាំង​ជាង​គេ​​ទាំង​ ១០​ក្នុង​លោក!


​​​ប្រទេស​ដែល​​​​​មាន​​វិសមភាព​​​​រវាង​អ្នក​មាន​ និង​អ្នក​ក្រ​ខ្លាំង​ជាង​គេ​​ទាំង​ ១០​ក្នុង​លោក!ប្រភព៖​ businessinsider
ធនាគារ​ពិភពលោក​គឺ​ជា​ស្ថាប័ន​អន្តរជាតិ​ដ៏​ធំ​មួយ​ដែល​បាន​​រៀប​ចំ​ទិន្នន័យ​ស្ដី​ពី​​វិសមភាព​នៃ​ប្រាក់​ចំណូល​​នៃ​បណ្ដា​ប្រទេស​ភាគ​ច្រើន​ក្នុង​ពិភពលោក។ ​ជា​ទ្រឹស្ដី​ និង​បទដ្ឋាន​នៃ​ការ​វាយ​តម្លៃ​វិសមភាព​នៃ​ប្រាក់​ចំណូល​ ធនាគារ​ពិភពលោក​បាន​ប្រើ​ប្រាស់​សន្ទស្សន៍​មួយ​ដែល​គេ​ហៅ​ថា​ Gini Index។ 

​សន្ទស្សន៍​ Gini ​គឺ​ជា​​​វិធាន​សម្រាប់​​ពិពណ៌នា​ពី​​​គម្លាត​នៃ​ការ​បែង​ចែក​​​ប្រាក់​ចំណូល​របស់​ប្រទេស​មួយ​ ​ធៀប​នឹង​​ចំណុច​នៃ​សមភាព​ទាំង​ស្រុង​ (complete equality)។ ​ប្រទេស​ដែល​មាន​​កម្រិត​នៃ​វិសមភាព​​ទាប​បំផុត​ គឺ​​មាន​សន្ទស្សន៍​ ០ (ឧបមា​ថា​ ប្រជាជន​​​នៃ​ប្រទេស​នោះ​ទទួល​​ប្រាក់​ចំណូល​ស្មើ​ៗ​គ្នា​ទាំង​អស់)​ ​និង​ប្រទេស​ដែល​មាន​កម្រិត​​នៃ​វិសមភាព​​​ខ្ពស់​បំផុត​ គឺ​មាន​សន្ទស្សន៍​ ១០០​ (ឧបមា​ថា​ ប្រជាជន​នៃ​ប្រទេស​នោះ​ម្នាក់​ទទួល​ប្រាក់​ចំណូល​របស់​ប្រទេស​នោះ​ទាំង​អស់)។ 

សំណុំ​ទិន្នន័យ​របស់​ធនាគារ​ពិភពលោក​ មាន​ចំនួន​ ១១២​ប្រទេស​​ ដែល​ទិន្នន័យ​​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ប្រចាំ​ឆ្នាំ​ និង​មាន​ជា​រៀង​រាល់​ឆ្នាំ​ចន្លោះ​ពី​ឆ្នាំ​២០០៨​ រហូត​ដល់​ឆ្នាំ​២០១៣។ ​ដោយ​ឡែក​ ​​ទិន្នន័យ​ខាង​ក្រោម​នេះ​ គឺ​ជា​ទិន្នន័យ​ចុង​ក្រោយ​របស់​ធនាគារ​ពិភពលោក។ 

​តាម​ការ​វិភាគ​លើ​សំណុំ​ទិន្នន័យ​ជា​រួម​ ប្រទេស​ដែល​មាន​​សន្ទស្សន៍​​ Gini ​ខ្ពស់​ គឺ​ភាគ​ច្រើន​ប្រទេស​ដែល​​​ស្ថិត​នៅ​ទ្វីប​អាហ្វ្រិក​ និង​​អាមេរិក​ឡាទីន។ ​ចំណែក​ ​ទ្វីប​អឺរ៉ុប​ខាង​កើត​ និង​​ខាង​ជើង​ គឺ​មាន​សន្ទស្សន៍​​ Gini ទាប​បំផុត។ 

​​១)​ ប្រទេស​អាហ្វ្រិកខាងត្បូង​ ​​សន្ទស្សន៍​ Gini ៦៥,០
២)​ ​ប្រទេស​​ណាមីប៊ី​ សន្ទស្សន៍​ Gini ៦១,៣
៣) ​ប្រទេស​​​បុតស្វាន់ណា​ សន្ទស្សន៍​ Gini ៦០,៥
៤) ​ប្រទេស​​ហ្សំប៊ី​ សន្ទស្សន៍​ Gini ៥៧,៥
៥) ​​ប្រទេស​ហុងឌុយរ៉ាស់​ សន្ទស្សន៍​ Gini ៥៧,៤
៦)​ សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​ សន្ទស្សន៍​ Gini ៥៦,៣​
៧) ​ប្រទេស​ឡេសូតូ​ សន្ទស្សន៍​ Gini ៥៤,២​
៨) ​ប្រទេស​កូឡុំប៊ី​ សន្ទស្សន៍​ Gini ៥៣,៥​
៩) ​​ប្រទេស​ប្រេស៊ីល​ សន្ទស្សន៍​ Gini ៥២,៧​
១០​) ​ប្រទេស​ហ្គាតេម៉ាឡា​ សន្ទស្សន៍​ Gini ៥២,៤៕​

No comments:

Post a Comment