ចិន និង ជប៉ុនត្រូវបានគេទទួលស្គាល់ថា ជាគូសត្រូវចាស់ឆ្នាំនៅអាស៊ីបូព៌ាដែលធ្លាប់មានសង្គ្រាមស៊ីសាច់ហុតឈាមរវាងគ្នានឹងគ្នានៅពេលកន្លងមក។ ការឈ្លានពានរបស់ជប៉ុនមកលើទឹកដីចិនជាលើកដំបូងនៅក្នុងឆ្នាំ ១៨៩៤ ដល់ឆ្នាំ ១៨៩៥ និង នៅក្នុងឆ្នាំ ១៩៣១ រហូតដល់បញ្ចប់សង្គ្រាមលោកទី២ បានបង្កើតអតីតកាលដ៏ជូរចត់បំផុតដក់ជាប់ក្នុងអារម្មណ៍ប្រជាជនរបស់មហាអំណាចសេដ្ឋកិច្ចលើលោកមួយនេះរហូតមកដល់បច្ចុប្បន្ន។
ទោះបីជាចិនតែងចាញ់ជប៉ុនរហូតមក និង ទទួលរងការធ្វើទុក្ខបុកម្នេញយ៉ាងធ្ងន់ធ្ងរយ៉ាងណាក៏ដោយ អ្វីដែលពិភពលោកមើលឃើញនៅពេលបច្ចុប្បន្ននោះគឺថា មហាយក្សចិនកំពុងបង្កើនថវិកាយោធារបស់ខ្លួនរហូតដល់ ១២,៣% នៅក្នុងឆ្នាំនេះដើម្បីពង្រឹងវិស័យយោធារបស់ខ្លួន។ នេះបានបង្ហាញសញ្ញាណមួយគួរឲ្យបារម្ភបំផុតដែលបង្កឲ្យមានភាពតានតឹងនៅក្នុងតំបន់ ជាពិសេសជាការពញ្ញាក់អារម្មណ៍មួយដល់ដល់រដ្ឋាភិបាលជប៉ុនតែម្តង។
ជាការប្រៀបធៀបរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ ជប៉ុនដែលជាអតីតមហាអំណាចយោធាដ៏ខ្លាំងក្លាមួយនៅក្នុងសង្គ្រាមលោកលើកទី២ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកមានថវិកាយោធាត្រឹមតែ ៤៩ ពាន់លានដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំៗ ខណៈដែលចិនវិញមានរហូតដល់ ១៨៨ ពាន់លានដុល្លារ។ នេះជាកំណើនដ៏ខ្ពស់មួយនៃការចំណាយក្នុងវិស័យយោធាចិន ទោះបីជាមិនដល់ថវិកាយោធាអាមេរិកដែលមានរហូតដល់ ៦៤០ ពាន់លានដុល្លារយ៉ាងណាក៏ដោយ។
...តើអាមេរិកចំណាយប្រាក់ប៉ុន្មានពាន់លានដុល្លារក្នុងមួយឆ្នាំៗលើសង្គ្រាមថ្នាំញៀន?...
ងាកមកមើលចំនួនយោធាវិញ មហាយក្សចិនដែលមានប្រជាជន ១៣ ពាន់លាននាក់មានកងទ័ពសកម្មសរុបប្រមាណ ២,៣ លាននាក់ ស្របពេលដែលជប៉ុនវិញមានត្រឹមតែ ៥៨ ០០០នាក់ប៉ុណ្ណោះ។ ប៉ុន្តែសំនួរដ៏សំខាន់នៅពេលនេះគឺថា តើចិនអាចយកឈ្នះជប៉ុនដែរឬទេបើមានសង្គ្រាមរវាងប្រទេសទាំងពីរបានកើតមានម្តងទៀត?
ជាការចាប់ផ្តើម យើងត្រូវពិនិត្យទៅលើភាពតានតឹងរវាងប្រទេសទាំងពីរនៅពេលកន្លងមក ដែលបានបង្ហាញចំណាប់អារម្មណ៍ និង ក្តីកង្វល់បំផុតដល់សម្ព័ន្ធមិត្តរបស់ជប៉ុន នោះគឺអាមេរិក។ អាមេរិកបានចុះសន្ធិសញ្ញាជាទ្វេភាគដើម្បីចេញមុខការពារដែនអធិបតេយ្យភាពជប៉ុនក្នុងករណីមានការឈ្លានពាន ឬ វាយប្រហារណាមួយពីបច្ចាមិត្ត។ ហេតុដូច្នេះហើយ បានជាចាប់ពីជប៉ុនចាញ់សង្គ្រាមលោកលើកទី២ មកគេឃើញមានមូលដ្ឋានយោធាសំខាន់របស់អាមេរិកនៅក្នុងប្រទេសនេះរហូតមកដល់សព្វថ្ងៃ។
ចុះបើគ្មានអាមេរិកវិញ តើជប៉ុននៅតែអាចយកឈ្នះចិនឬយ៉ាងណា?
តាមការពិតទោះបីជាចំនួនកងទ័ពជប៉ុនមានចំនួនតិចជាងកងទ័ពចិន តែគេមើលឃើញថា ជប៉ុននៅតែឈ្នះចិនទោះបីជាគ្មានអាមេរិកក៏ដោយ។ ភស្តុតាងជាក់ស្តែងបានបង្ហាញ ប្រព័ន្ធសព្វាវុធសំខាន់ៗរបស់ចិនភាគច្រើនបានខូចខាតដំណើរការមិនសូវមានប្រសិទ្ធភាពនោះឡើយ។ នេះបើយោងតាមការអះអាងរបស់លោក Kyle Mizokami អ្នកវិភាគជាន់ខ្ពស់ និង ជាអ្នកនិពន្ធសៀវភៅ (War On Boring)នៃមន្ទីរឃ្លាំមើលសន្តិសុខជប៉ុន (Japan Security Watch)។
អ្នកវិភាគរូបនេះបានលើកឡើងថា រថក្រោះកងទ័ពជើងគោកចិនប្រមាណ ៤៥០ គ្រឿងក្នុងចំណោមរថក្រោះ ៧ ៥៨០ គ្រឿងប៉ុណ្ណោះត្រូវបានអភិវឌ្ឍកាន់តែទំនើបជាងមុនដែលត្រូវបានផលិតឡើងតាំងពីអំឡុងសតវត្សទី ៧០មកម្ល៉េះដោយអតីតសហភាពសូវៀត។ ចំណែកយន្តហោះចម្បាំងវិញ មានប្រហែលត្រឹមតែ ៥០០គ្រឿងប៉ុណ្ណោះក្នុងចំណោមយន្តហោះចម្បាំងរបស់ខ្លួន ១ ៣២១ គ្រឿងអាចដំណើរការបាន។
ងាកមកមើលកងទ័ពជើងទឹកចិនវិញ នាវាមុជទឹករបស់ខ្លួនចំនួនពាក់កណ្តាលត្រូវបានលោកអះអាងថា បានផលិតឡើងអស់រយៈពេល ២ទសវត្សចុងក្រោយនេះ ខណៈចំនួនពាក់កណ្តាលទៀតគឺជានាវាចាស់ឆ្នាំតាំងពីសម័យសង្គ្រាមត្រជាក់មកម្ល៉េះ។ រីឯនាវាផ្ទុកយន្តហោះចម្បាំងមួយគ្រឿង (Liaoning) ដែលទើបនឹងផលិតបាននេះវិញ ក៏មិនមែនជានាវាទំនើបសហវត្តថ្មីនោះដែរ ពោលគឺត្រូវបានជួសជុលអភិវឌ្ឍឲ្យទំនើបបន្ថែមពីនាវាផ្ទុកយន្តហោះចាស់របស់អតីតសហភាពសូវៀតដែលផលិតឡើងកំឡុងទសវត្សទី ៨០តែប៉ុណ្ណោះ ហើយក៏មិនអាចផ្ទុកយន្តហោះច្រើន ឬ ធ្វើដំណើរក្នុងចម្ងាយឆ្ងាយដូចនាវាអាមេរិកនោះដែរ។
ក្រឡេកមកមើលជប៉ុនវិញ វិស័យយោធារបស់ខ្លួនត្រូវបានគេអះអាងថា បានអភិវឌ្ឍ និង បំពាក់ដោយសម្ភារៈយោធាទំនើបៗជាជំនួញពីសហរដ្ឋអាមេរិក។ នៅក្នុងពេលឆាប់ខាងមុខនេះ រដ្ឋាភិបាលជប៉ុនប្រកាសថា ខ្លួននឹងទិញមីស៊ីលប្រឆាំងមីស៊ីលបន្ថែមទៀត រួមទាំងនាវាមុជទឹកទំនើបៗ នាវាប្រតិបត្តិការលើទឹក យន្តហោះឈ្លបការណ៍ យន្តហោះចម្បាំង និង ឧទ្ធម្ភាគចក្រទំនើបៗជាច្រើនគ្រឿងបន្ថែមទៀតសម្រាប់បំពាក់នៅក្នុងកងទ័ពរបស់ខ្លួន។
...មានអ្វីកើតឡើងសម្រាប់ទីផ្សារហិរញ្ញវត្ថុចិន នៅក្នុងឆ្នាំ២០៣០?...
ទន្ទឹមនឹងនេះទៅទៀត នៅខែ មីនា ឆ្នាំ ២០១៧ ខាងមុខនេះគេរំពឹងថា ជប៉ុននឹងទទួលបានយន្តចម្បាំង (F-35) ដ៏មានសក្ដានុពលជាច្រើនគ្រឿងបន្ថែមទៀតផង។ បើពិនិត្យឲ្យជាក់ស្តែងទៅយន្តហោះចម្បាំងធុននេះ គឺជាក្តីសុបិន្ដដ៏អាក្រក់បំផុតរបស់នាវាផ្ទុកយន្តហោះចិន (Liaoning) ដែលទើបផលិតបាននេះតែម្តង ត្បិតអីយន្តហោះចម្បាំង (F-35) ដែលពេញនិយមបំផុតនៅក្នុងវិស័យយោធាអាមេរិក អាចវាយប្រហារនាវាផ្ទុកយន្តហោះមួយគ្រឿងនេះបានពីចម្ងាយយ៉ាងមានប្រសិទ្ធភាពបំផុតក្នុងចម្ងាយ ២៩០ គីឡូម៉ែត្រ។
អ្វីដែលអាក្រក់ជាងនេះទៅទៀត F-35 អាចវាយកម្ទេចមូលដ្ឋានយោធា និង យន្តហោះចម្បាំងដ៏ទំនើបៗចុងក្រោយរបស់ចិន J-15 ក្នុងមួយប៉ប្រិចភ្នែក។ មើលទៅដែនកោះសំខាន់ៗរបស់ជប៉ុនវិញ សុទ្ធតែបង្កប់ដោយប្រព័ន្ធខែលមីស៊ីល(Standard Missile-3) និង មីស៊ីលប៉ាទ្រីយ៉ូតកម្រិតខ្ពស់(Patriot Advanced Capability-3 interceptors) ទំនើបអាចបាញ់ស្ទាក់មីស៊ីលគ្រប់ប្រភេទនៅជុំវិញភពផែនដីនេះ។
បើយោងតាមការបញ្ជាក់របស់លោក Larry M. Wortzel ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ យុទ្ធសាស្ត្រនិង ហានិភ័យប្រចាំតំបន់អាស៊ី (Asia Strategies and Risks) វិញបានឲ្យអះអាងថា ជប៉ុនគឺជាប្រទេសដែលមានកងទ័ពជើងអាកាសខ្លាំងក្លាជាងគេបំផុតនៅអាស៊ី លើកលែងតែអាមេរិកប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ស្របពេលដែលកងទ័ពជប៉ុនកំពុងឈានមុខលើកងទ័ពចិន គេក៏មិនអាចមើលរំលងសមត្ថភាពកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់ និង ការធ្វើទំនើបកម្មលើវិស័យយោធារបស់ចិននៅក្នុងរយៈមួយទសវត្សចុងក្រោយនេះបានទេ ហើយអនាគតនឹងក្លាយជារឿងមួយមិនប្រកដប្រជា។
«គ្មានអ្នកណាម្នាក់អាចព្យាករណ៍បានពីជម្លោះរវាងចិន និង ជប៉ុននៅពេលអនាគតបាននោះឡើយ។ ប៉ុន្តែភាពតានតឹង និង ការប្រឈមមុខដាក់គ្នារវាងមហាអំណាចទាំងពីរនេះអាចត្រួសត្រាយនាំមកនូវសន្តិភាពនៅក្នុងតំបន់បាន តាមរយៈការពង្រឹងសហប្រតិបត្តិការសេដ្ឋកិច្ច ការវិនិយោគ និង ការធ្វើពាណិជ្ជកម្មទៅវិញទៅមក។ នេះជាប្រសាសន៍របស់លោក Joseph Quinlan នាយកគ្រប់គ្រងទូទៅនៃធនាគារវិនិយោគអាមេរិក Banc of America Securities៕
No comments:
Post a Comment