Thursday, November 13, 2014

ទៅ​ថ្ងៃ​មុខ មនុស្ស​អាច​​ទៅ​​រស់​នៅ​ភព​ផ្សេង​​ពឹង​លើ​អង្គការ​ណាហ្សា-តើ​ការ​ស្រាវជ្រាវ​អវកាស​របស់​អង្គការ​​នេះ​ និង​ស្ថានីយ​អវកាស​អន្តរជាតិ មាន​សារៈ​សំខាន់​អ្វី​ខ្លះ?


រូប​ពិពណ៌នា​អំពី​​ប្រព័ន្ធ​ព្រះអាទិត្យ (ផែនដី​ប្រៀបបាន​នឹង​ល្អង​ធូលី​ដែល​អណ្ដែត​ក្នុង​អាកាស ព្រោះ​ចក្កវាឡិ​មាន​ទំហំ​ធំ​ពេក)ប្រភព៖​ astrofiles
កម្មវត្ថុ​នៃ​ការ​បង្កើត​អង្គការ​ណាហ្សា 
មនុស្ស​ចង់​ដឹង​អំពី​ឋាន​លើ ឬ​ឋានសួគ៌។ មនុស្ស​ត្រូវ​ការ​ស្រាវជ្រាវ​រក​ពិភព​ដែល​ថ្មី​ដែល​មិន​ទាន់​មាន​អ្នក​ណា​អាច​រក​ឃើញ​នៅ​ឡើយ។ នៅ​ពេល​ដែល​អ្នក​ប្រាជ្ញ​ដ៏​ល្បីល្បាញ​របស់​អង់គ្លេស លោក​ញូតុន ពាល់​ត្រូវ​អាថ៌កំបាំង​នៃ​ធម្មជាតិ​ដែល​ថា​ផែនដី​នេះ​អណ្ដែត​កណ្ដាល​លំហ​អាកាស ​ស្រាប់​តែ​មនុស្ស​ទូទាំង​ពិភពលោក​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ​ព្រោះ​គេ​ជឿ​ថា​ផែនដី​ធ្ងន់​ម្លឹងៗ​មិន​អាច​អណ្ដែត​កណ្ដាល​អាកាស​ទៅ​រួច​ទេ។

​កាល​ពី​ថ្ងៃទី០៤ ខែតុលា ឆ្នាំ១៩៥៧ កាំជ្រួច​អន្តរទ្វីប​របស់​សូវៀត​ម៉ាក R-7 បាន​នាំ​យក​ផ្កាយ​រណប​ស្ប៉ាត់នីក (Sputnik) ទៅ​កាន់​ទី​អវកាស​ ហើយ​ជា​ផ្កាយ​រណប​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ពិភពលោក​ ដែល​បាន​ហោះ​ចូល​ក្នុង​តារាវិថី និង​វិល​តាម​គន្លង​គោចរ​របស់​ផែនដី។ ​បន្ទាប់​ពី​ព្រឹត្តិការណ៍​បាញ់​បង្ហោះ​ផ្កាយរណប​ស្ប៉ាត់នីក និង​យាន​អវកាស​ជា​បន្ត​បន្ទាប់​មក​ទៀត រហូត​ដល់​បញ្ជូន​អវកាស​យានិក​ទៅ​ឋាន​ព្រះចន្ទ្រ​កាន់​តែ​បញ្ជាក់​ច្បាស់​តែ​ម្ដង​ថា​ផែនដី​នេះ​គឺ​ពិត​ជា​អណ្ដែត​កណ្ដាល​អាកាស​មែន។ ការ​ស្រាវជ្រាវ​អវកាស​ (space exploration) ​គឺ​ជា​កម្មវត្ថុ​ដ៏​គួរ​ឲ្យ​ជក់​ចិត្ត​បំផុត ហើយ​បាន​បកស្រាយ​ចម្ងល់​ជា​ច្រើន​របស់​មនុស្ស (ទោះ​បី​មាន​ភស្តុតាង​ថា​ផែនដី​រាង​មូល និង​អណ្ដែត​កណ្ដាល​អាកាស ក៏​នៅ​តែ​មាន​អ្នក​មិន​ជឿ ឬ​ជឿ​ខ្លះ ហើយ​នៅ​សង្ស័យ​ខ្លះ)។

នៅ​ពេល​ដែល​ត្រូវ​បាន​ចោទសួរ ថា​តើ​ពិភព​ចក្កវាឡិ ឬ​លំហ នេះ​មាន​ជញ្ជាំង ឬ​មាន​ទី​បញ្ចប់​ដែរ​ឬ​ទេ? អ្នក​វិទ្យាសាស្ត្រ​មិន​អាច​ផ្ដល់​ចម្លើយ​ប្រាកដ​ប្រជា​បាន​ឡើយ។ ដោយ​សារ​មូល​ហេតុ​នេះ​ហើយ ទើប​មាន​ទស្សនៈ​ពីរ​សំខាន់ៗ​ដែល​មិន​ចុះ​សម្រុង​គ្នា ហើយ​ត្រូវ​មនុស្ស​យ៉ាង​ច្រើន​គាំទ្រ គឺ​ទី​មួយ​ទស្សនៈ​អរូបី​ជំនឿ ដែល​អះអាង​ថា​មាន​ឋាន​សួគ៌ និង​ឋាន​នរក និង​ជាតិ​មុន ជាតិ​ក្រោយ ចំណែក​ទស្សនៈ​ម្ខាងទៀត​បដិសេធ​ទស្សនៈ​អរូបី​ជំនឿ​នេះ។

អ្វី​ដែល​អ្នក​អរូបី​ជំនឿ​ប្រកាន់​ខ្ជាប់​នោះ គឺ​ដរាប​ណា​អ្នក​វិទ្យាសាស្ត្រ​មិន​អាច​បង្ហាញ​ទឡ្ហីករណ៍ ឬ​ភស្តុតាង​រឹង​មាំ ដែល​បញ្ជាក់​ថា​ទស្សនៈ​អរូបី​ខុស នោះ​គេ​មិន​អាច​បដិសេធ​ទស្សនៈ​អរូបី​ជា​ដាច់​ខាត ព្រោះ​បដិសេធ​ក៏​មិន​ត្រឹម​ត្រូវ​ទាំង​ស្រុង បាន​ត្រឹម​បង្កើត​បដិ​មតិ ឬ​មតិផ្ទុយ (antithesis)។ តាមពិត កម្មវត្ថុ​នៃ​វិទ្យាសាស្ត្រ​គឺ​មួយ​ផ្នែក​ដើម្បី​ស្រាយ​ចម្ងល់​ និង​វិវាទកម្ម​ទាំង​នេះ​ឯង។ 

ណាហ្សា​មក​ពី​ពាក្យ​ NASA (National Aeronautics and Space Administration = គណៈកម្មការ​ជាតិ​​ស្រាវជ្រាវ​អាកាសចរណ៍​និង​អវកាស)។ អង្គការ​នេះ​​ស្ថិត​ក្រោម​ឱវាទ​របស់​រដ្ឋាភិបាល​អាមេរិក​ និង​ត្រូវ​បាន​បង្កើត​ឡើង​ទៅ​តាម​គំនិត​ផ្ដួចផ្ដើម​របស់​អតីត​ប្រធានាធិបតី​អាមេរិក លោក​អៃសឹនហាវវើ (Eisenhover) ដើម្បី​ស្រាវជ្រាវ​អំពី​ដែន​លំហ​អាកាស និង​អវកាស។ វត្ថុបំណង​សំខាន់​បំផុត​នៃ​ការ​បង្កើត​អង្គការ​ណាហ្សា​ គឺ​ដើម្បី​អភិវឌ្ឍ​មធ្យោបាយ​ធ្វើ​ដំណើរ (vehicles) និង​បំពេញ​បេសកកម្ម​ស្រាវជ្រាវ​នៅ​ក្នុង​លំហអាកាស នៅ​ក្នុង​គន្លង​គោចរ​របស់​ភព​ផែនដី និង​ក្រៅ​គន្លង​ភព​ផែនដី។

អង្គការ​ណាហ្សា​មាន​ការិយាល័យ​ប្រាំ​ផ្នែក​សំខាន់ៗ​គឺ 
១- កម្មវិធី​អភិវឌ្ឍ​បច្ចេកវិទ្យា​ក្នុង​វិស័យ​អាកាសចរណ៍ និង​អវកាស (ផលិត​គ្រឿង​បរិក្ខារ​សម្រាប់​ប្រើប្រាស់​និង​សម្រួល​ការងារ​នៅ​ក្នុង​វិស័យ​ស្រាវជ្រាវ​អវកាស)។ 
២- កម្មវិធី​វិភាគ​និង​ស្រាវជ្រាវ​អំពី​លំហ​អាកាស (សិក្សា​ស៊ី​ជំរៅ​អំពី​ដើម​កំណើត – រចនាសម្ព័ន្ធ និង​វិវត្តន៍​នៃ​ពិភព​ចក្កវាឡ និង​ប្រព័ន្ធ​ព្រះអាទិត្យ)។
៣- ​ការ​បញ្ជូន​យាន​ ឲ្យ​ធ្វើ​ដំណើរ​គោចរ​ក្នុង​តារាវិថី​ (យាន​មាន​មនុស្ស​ជិះ ឬ​គ្មាន​មនុស្ស​ជិះ​)
៤- កម្មវិធី​សង្កេត​អវកាស និង​ប្រមូល​ទិន្នន័យ​ផ្សេងៗ (ជា​កំណត់​ហេតុ ឬ​ជា​វីដេអូ)
៥- កម្មវិធី​អភិវឌ្ឍ​ស្ថានីយ​អវកាស (Space Station)

ក្រៅ​ពី​នោះ ស្ថាប័ន​មួយ​ចំនួន​ទៀត​បាន និង​កំពុង​​សហការ​យ៉ាង​ពេញ​ទំហឹង​ជា​មួយ​អង្គការ​ណាហ្សា​។ (ដក​ស្រង់​ពី​សព្វវចនាធិប្បាយ Britannica)

អំពី​ដំណើរ​ដើម​ទង​នៃ​ការ​បង្កើត​ស្ថានីយ​អវកាស​អន្តរជាតិ (International Space Station)
ស្ថានីយ​អវកាស​អន្តរជាតិ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អង្គការ​ណាហ្សា។ សហរដ្ឋអាមេរិក​ជា​អ្នក​ផ្ដួច​ផ្ដើម​គំនិត​ស្ថាបនា​ស្ថានីយ​អវកាស​អន្តរជាតិ​ដំបូង​គេ​កាល​ពី​ឆ្នាំ១៩៨៤ ប្រធានាធិបតី​អាមេរិក​កាល​ជំនាន់​នោះ លោក​រ៉ូណលរេហ្គឹន (Ronald Reagan) បាន​ប្រកាស​ឧបត្ថម្ភ​គាំទ្រ​ចំពោះ​ការ​ស្ថាបនា​ស្ថានីយ​នេះ​ឡើង និង​បើក​ទូលាយ​ឲ្យ​ប្រទេស​ដទៃ​ទៀត​ចូល​រួម​សហការ។ 

ប្រទេស​ដែល​កំពុង​សហការ​ជា​មួយ​អង្គការ​ណាហ្សា : កាណាដា - ជប៉ុន - រុស្ស៊ី - អង់គ្លេស - បារាំង - អាល្លឺម៉ង់ - អ៊ីតាលី - ស្វីស - អេស្ប៉ាញ - ហូឡង់ - បែលហ្សិក - ដាណឺម៉ាក - ស៊ុយអែត …។ សព្វថ្ងៃ ពិភពលោក​ចាប់​អារម្មណ៍​លើ​ការ​ស្រាវជ្រាវ​ស្ថានភាព​នៅ​ភព​អង្គារ (Mars) ដើម្បី​ចង់​ដឹង​តើ​ភព​នេះ​មាន​លក្ខខណ្ឌ​ប្រកប អាច​ឲ្យ​មនុស្ស​រស់​នៅ​បាន​ឬ​យ៉ាង​ណា? ព្រោះ​ភព​នេះ​ល្បី​ថា​ធ្លាប់​មាន​ទឹក។ បើ​ធ្លាប់​មាន​ទឹក​ប្រាកដ​ជា​មាន​ឧស្ម័ន​អុកស៊ីហ្សែន។ អ្នក​វិទ្យាសាស្ត្រ​បាន​សន្និដ្ឋាន​បឋម​ថា​ ភព​អង្គារ​មាន​ខ្យល់​អុកស៊ីហ្សែន ប៉ុន្តែ​អុកស៊ីហ្សែន​មិន​ព្រម​ធ្លាក់​មក​ក្រោម​ដូច​នៅ​ផែន​ដី​សោះ ហើយ​អណ្ដែត​ខ្ពស់​ទៅ​លើ​អាកាស។ អ្វី​ដែល​សំខាន់​លុះ​ត្រា​មនុស្ស​រក​វិធី​ឲ្យ​ឧស្ម័ន​អុកស៊ីហ្សែន​ធ្លាក់​ចុះ​មក​ក្រោម​ ពុំ​នោះ​ទេ ប្រសិនបើ​មនុស្ស​ទៅ​រស់​នៅ​ទី​នោះ​ក៏​គ្មាន​អ្វី​ដក​ដង្ហើម​តែ​ដដែល។ នេះ​ជា​កិច្ចការ​ដ៏​ធំ​លើស​លប់ ហើយ​កំពុង​នៅ​ជា​ក្ដី​ស្រមៃ​នៅ​ឡើយ មិន​ដឹង​ថា​អាច​ក្លាយ​ជា​ការ​ពិត​ឬ​យ៉ាងណា ហើយ​បើ​ក្លាយ​ជា​ការពិត ក៏​មិន​មែន​ឆាប់ៗ​នេះ​ដែរ៕

No comments:

Post a Comment